Skip Global Navigation to Main Content
Skip Breadcrumb Navigation
សុន្ទរកថា ក្នុងឆ្នាំ២០១៣

សុន្ទរកថា​​របស់​​លោក Michael Posner ឧបការី​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​ផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​ការងារ ក្នុង​ពិធី​​សនិ្នសីទ​​សារព័ត៌មាន

ស្ថានទូត​អាមេរិក ភ្នំពេញ | ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៣

(​ត្រូវ​បាន​រៀបចំ​សំរាប់​ថ្លែង​)

        នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣ របស់​ខ្ញុំ​មក​កាន់​ប្រទេស​កម្ពុជា ក្នុង​មុខ​តំណែង​របស់​ខ្ញុំ ក្នុង​ក្រសួង​ការបរទេស​អាមេរិក​។ ខ្ញុំ​មក​ដើម្បី​ជួប​ជាមួយ​មន្រ្តី​រដ្ឋាភិបាល ព្រម​ទាំង​មេ​ដឹកនាំ​នៃ​សង្គម​ស៊ីវិល ដែល​កំពុង​ដុះដាល​នៅ​កម្ពុជា តំណាង​គណបក្ស​នយោបាយ និង​តំណាង​ការិយាល័យ​នៃ​អគ្គស្នងការ​ជាន់​ខ្ពស់ របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​។ ប្រទេស​កម្ពុជា​មាន​ភាព​ជឿនលឿន​ច្រើន តាំង​ពី​សម័យ​ខ្មៅ​ងងឺត​នៃ​ពួក​ខ្មែរ​ក្រហម ដែល​ជា​ពេល​ដែល​ការ​ប្រព្រឹត្ត​អំពើ​យង់ឃ្នង​ទៅ​លើ​មនុស្ស​ទាំង​ហ្វូង​ៗ​គឺ​ជា​រឿង ដែល​កើត​មាន​ជា​ធម្មតា​។ ក្នុង​អំឡុង​ទស្សនកិច្ច​ម្តង​ៗ​របស់​ខ្ញុំ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍ និង​មាន​ការ​លើក​ទឹក​ចិត្ត ដោយ​ភាព​ខ្លាំង និង​ស្មារតី​រឹងប៉ឹង​របស់​ប្រជាជន​កម្ពុជា​។ ការ​ប្តេជ្ញាចិត្ត ភាព​ក្លាហាន និង​ការ​តាំងចិត្ត​របស់​គេ​នឹង​ជួយ​កសាង​អនាគត​ភ្លឺ​ស្វាង​ទៅ​អនាគត​។

         ក្នុង​ពេល​ប្រទេស​កម្ពុជា​បន្ត​ធ្វើ​សមាហរណកម្ម​ទៅ​ក្នុង​តំបន់ និង​សហគមន៍​អន្តរជាតិ ពិភពលោក​កំពុង​សំលឹង​រក​មើល​សញ្ញា​នៃ​ភាព​ជឿនលឿន ពិសេស​លើ​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​។ នេះ​ជា​ចំណុច​មួយ​ដែល​លោក​ប្រធានាធិបតី Obama និង​លោកស្រី Clinton អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​លើក​ឡើង នៅ​ពេល​លោក​ទាំង​ពីរ​មក​ធ្វើ​ទស្សនកិច្ច នៅ​កម្ពុជា កាល​ពី ៣ ខែ​កន្លង​ទៅ​។ ការ​បោះ​ឆ្នោត​សភា នៅ​ខែ​កក្កដា​គឺ​ជា​តេស្ត​ល្បង​មើល​ទៅ​លើ​ការ​ប្តេជ្ញាចិត្ត ដែល​រដ្ឋាភិបាល​បាន​ធ្វើ ក្នុង​ការ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុបក្ស​។  គណបក្ស​នយោបាយ និង​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា បាន​ផ្តល់​អនុសាសន៍ ដើម្បី​អោយ​មាន​ដំណើរការ ដែល​មាន​ភាព​បើក​ចំហ​​ច្រើន សំរាប់​គ្រប់គ្រង​ការ​បោះ​ឆ្នោត​ទាំង​នោះ​។ យើង​សុំ​អោយ​រដ្ឋាភិបាល​ពិចារណា​អោយ​បាន​ហ្មត់ចត់​លើ​សំណើ​ទាំង​នេះ​។ រដ្ឋាភិបាល​ត្រូវការ​ប្រកាន់​ជំហាន​ជាក់ស្តែង​ក្នុង​ការ​ធានា​អោយ​មាន​ភាព​ស្មើ​គ្នា ដើម្បី​អោយ​គ្រប់​អ្នក​ចូលរួម​នយោបាយ​ទាំងអស់ ដែល​តំណាង​អោយ​ទស្សនៈ​នានា​ជា​ច្រើន អាច​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌ នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ខែ​កក្កដា ដោយ​រួម​ទាំង​លោក​សម រង្ស៊ី​ផង​ដែរ​។ ភាព​អាច​អោយ​គេ​ទុក​ចិត្ត​បាន នៃ​ការ​បោះ​ឆ្នោត​ទាំង​នេះ​អាស្រ័យ​លើ​ថា តើ​គណបក្ស​នយោបាយ​ប្រឆាំង​ត្រូវ​បាន​គេ​អនុញ្ញាត​អោយ​ចូលរួម​ពេញលេញ និង​ដោយ​យុត្តិធម៌​ដែរ​ឬ​ទេ​។

          ក្នុង​អំឡុង​ទស្សនកិច្ច​របស់​ខ្ញុំ ខ្ញុំ​ថែម​ទាំង​បាន​សុំ​អោយ​មេ​ដឹកនាំ​កម្ពុជា​អនុញ្ញាត​អោយ​មាន​ការ​ពិភាក្សា​ដេញដោល ជា​សាធារណៈ​ដោយ​សន្តិភាព និង​ផលផុស អំពី​បញ្ហា​នានា​ជា​ច្រើន ដោយ​គ្មាន​ការ​គំរាម​កំហែង​សងសឹក​។ ការ​ពិភាក្សា​ដេញដោល​គ្នា​នេះ​គួរ​ប្រព្រឹត្ត​ទៅ​តាម​វិទ្យុ ទូរទស្សន៍ និង​អ៊ិនធ័រណែត ពិសេស​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​ដល់​ពេល​បោះ​ឆ្នោត​ខែ​កក្កដា​។ យើង​មាន​កង្វល់​យ៉ាង​ខ្លាំង​ដោយ​ការ​អោយ​លោក ម៉ម សូណង់ដូ ដែល​ជា​ឥស្សរជន​នាំ​មុខ​គេ​ផ្នែក​សារព័ត៌មាន ហើយ​ដែល​បាន​អំពាវនាវ​អោយ​មាន​ការ​កែ​ទំរង់​ផ្នែក​នយោបាយ បន្ត​ជាប់​ពន្ធនាគារ​។ យើង​សុំ​អោយ​មាន​ការ​ដោះលែង​រួប​លោក​។ វា​ជា​សញ្ញា​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ល្អ​មួយ​ដែល​ថា សូម្បី​តែ​អ្នក​ដែល​មិន​យល់ស្រប​តាម​អ្នក​កាន់​អំណាច ក៏​អាច​បញ្ចេញ​សំលេង រួម​ទាំង​មតិ​រិះគន់​របស់​គេ ដើម្បី​អោយ​អ្នក​ឯ​ទៀត​បាន​លឺ​ផង​ដែរ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ពី​ការ​បំបិទ​សំលេង​។

        តំណាង​សង្គម​ស៊ីវិល​ផ្តល់​សំលេង​ដ៏​សំខាន់​មួយ​ទៀត នៅ​ក្នុង​ការ​ពិភាក្សា​ជា​សាធារណៈ​នេះ​។ អង្គការ​ទាំង​នេះ​តស៊ូ​មតិ​ជួយ​ការពារ​សិទ្ធិ​មនុស្ស ទ្រទ្រង់​លទ្ធិ​ប្រជាធិបតេយ្យ ជំរុញ​អោយ​មាន​ឱកាស​ផ្នែក​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍​។ ខ្ញុំ​មាន​កង្វល់​យ៉ាង​ជ្រាលជ្រៅ​លើ​ការ​ធ្វើ​ទុក្ខ ដែល​សកម្មជន​ខ្លះ​បាន​ប្រឈម​មុខ​ជាមួយ​ក្នុង​ពេល​ថ្មី​ៗ​នេះ ដោយ​រួម​មាន​អ្នក​ដែល​ត្រូវ​បាន​កោះ​ហៅ​មក​សាកសួរ​ក្នុង​ករណី​ដោយ​ឡែក ដូចជា​ការ​ធ្វើ​ចំពោះ​អ្នក​ស៊ើប​អង្កេត របស់​អង្គការ​អាដហុក និង​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា (CCU)​។ ការ​ដាក់​សម្ពាធ​ដោយ​មិន​ត្រឹមត្រូវ​ប្រឆាំង​នឹង​អង្គការ​ទាំង​នេះ​គឹ​មិន​ស្រប​តាម​កាតព្វកិច្ច និង​ការ​ប្តេជ្ញាចិត្ត​ផ្នែក​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​ទេ​។ សមាជិក​សង្គម​ស៊ីវិល​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត ហើយ​លើក​ទឹក​ចិត្ត​អោយ​ដំណើរការ​ការ​ស្រាវជ្រាវ ការ​រៀបចំ​ចងក្រង និង​ការងារ​តស៊ូ​មតិ ដោយ​សេរី និង​ដោយ​គ្មាន​កំហិត​ឧបសគ្គ​ផ្លូវ​ច្បាប់ ឬ​ការ​រំខាន​ឡើយ​។ ក្នុង​ពេល​ស្នាក់​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផង​ដែរ​លើ​បញ្ហា​សិទ្ធិ​ដី​ធ្លី​។ ជំលោះ​ដី​ធ្លី​ត្រូវការ​ការ​ដោះស្រាយ​តាម​លក្ខណៈ​ប្រកប​ដោយ​តំលាភាព យុត្តិធម៌ និង​ត្រឹមត្រូវ​។ យើង​សូម​ស្វាគមន៍​ការ​ផ្អាក​ការ​ចេញ​សម្បទាន​ដី​សេដ្ឋកិច្ច​ថ្មី​ៗ​។ ឥឡូវ ដើម្បី​ចាក់​គ្រឹះ​នៃ​ប្រព័ន្ធ​កាន់កាប់​ដី​ធ្លី​គ្រប់គ្រង​ដោយ​និតិរដ្ឋ ដែល​ទ្រទ្រង់​អោយ​មាន​វិបុលភាព​ជា​ទូទៅ គោលនយោបាយ​ដី​ធ្លី​ត្រូវការ​មាន​តំលាភាព​ច្រើន​ជាង​នេះ​។ យើង​ក៏​មាន​កង្វល់​ផង​ដែរ​ពី​សេចក្តី​រាយការណ៍​ថា មាន​សកម្មជន​សិទ្ធិ​ដី​ធ្លី​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ​។ រដ្ឋាភិបាល​គួរ​ផ្តួចផ្តើម​អោយ​មាន​ការ​ពិភាក្សា​ដេញដោល​ជា​សាធារណៈ ដោយ​ស្មោះត្រង់ ដែល​ស្វែង​រក​មើល​គោលនយោបាយ​ឆ្លើយ​តប​សមស្រប ទៅ​នឹង​បញ្ហា​កាន់​កាប់​ដី​ធ្លី ហើយ​រក​មើល​វិធី​ប្រកប​ដោយ​តំលាភាព ប្រសិទ្ធភាព និង​សមធម៌​ច្រើន ក្នុង​ការ​ដោះស្រាយ​ជំលោះ​។

        ខ្ញុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​ពី​សេចក្តី​ត្រូវការ​អោយ​មាន​តុលាការ​មិន​លំអៀង និង​ពី​កង្វះ​ដំណើរ​ក្តី​ត្រឹមត្រូវ​។ ក្នុង​ឆ្នាំ​កន្លង​ទៅ​នេះ ខ្ញុំ​មាន​ការ​រំខាន​ចិត្ត​ដោយសារ​មាន​សេចក្តី​រាយការណ៍​អំពី​សវនាការ ដែល​គ្រាន់តែ​ជា​ការ​បង្រ្គប់​កិច្ច និង​ការ​ប្រតិបត្តិ របស់​តុលាការ​ដែល​គេ​អាច​ចោទ​ជា​សំណួរ​។ ការ​នេះ​លេច​ឡើង​ញឹកញាប់​បំផុត​ក្នុង​ករណី​ដែល​គេ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ ដូចជា​ករណី​ឈ្មោះ សុខ សំអឿន និង​ប៊ន សំណាង ដែល​ត្រូវ​បាន​ចោទ​ពី​បទ​ធ្វើ​ឃាត លើ​លោក ជា វិជ្ជា ដែល​ជា​សកម្មជន​ការងារ​។ ចុង​ចោទ​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​បាន​ការ​កាត់ក្តី​ដោយ​យុត្តិធម៌ ហើយ​ខ្ញុំ​សុំ​អោយ​រដ្ឋាភិបាល​ធ្វើ​អោយ​បាន​ប្រសើរ​ជាង​នេះ​។

        យើង​មាន​កង្វល់​ផង​ដែរ​ពី​ការ​ប្រើប្រាស់​កំលាំង​ជ្រុល និង​មិន​ចាំបាច់ ដោយ​មន្រ្តី​ពន្ធនាគារ និង​មន្រ្តី​សន្តិសុខ​។ បញ្ហា​នេះ​នាំ​អោយ​មាន​កង្វល់​ជា​ពិសេស​ទាក់ទង​នឹង​ជំលោះ​សិទ្ធិ​ដី​ធ្លី តែ​យើង​ក៏​មាន​កង្វល់​ផង​ដែរ ពី​ការ​ធ្វើ​បាប​លើ​រូបរាង​កាយ​របស់​អ្នក​ជាប់​ឃុំ និង​អ្នក​ទោស​ក្នុង​ពន្ធនាគារ​។ ការ​ប្រព្រឹត្ត​បែប​នេះ​មាន​ការ​ថយ​ចុះ តែ​ត្រូវតែ​បញ្ឈប់​ទាំង​ស្រុង និង​ជា​បន្ទាន់​។ យើង​សុំ​អោយ​រដ្ឋាភិបាល​ចាប់​អោយ​មន្រ្តី​នគរបាល និង​មន្រ្តី​សន្តិសុខ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន ហើយ​លុប​បំបាត់​និទណ្ឌភាព​បាន​ដែល​កើត​មាន​ដដែល​ៗ​។

        មួយ​ចំណែក​នៃ​អនាគត​នៃ​ប្រទេស​កម្ពុជា​ក៏​នឹង​ត្រូវ​កំណត់ ដោយ​លក្ខណៈ​នៃ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ​។ កំណើន​ដែល​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ទាំង​មូល​នៅ​ក្នុង​សង្គម កើត​មាន​ទៅ​បាន លុះ​ណា​តែ​មាន​ការ​ពង្រីក​ឱកាស​​សេដ្ឋកិច្ច​អោយបាន​ទូលំទូលាយ ការ​កែ​លំអ​កំរិត​ជីវភាព​រស់នៅ ហើយ​មាន​ប្រជាជន​ច្រើន ពិសេស​ស្រ្តី អាច​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ផ្លូវការ​។ ការ​អនុម័ត​ពង្រាង​ច្បាប់​សហជីព​អាច​ផ្តល់​ដល់​កម្មករ រួមទាំង​អ្នក​នៅ​ក្នុង​វិស័យ​ក្រៅ​ផ្លូវការ នូវ​អំណាច​ក្នុង​ការ​ចងក្រង​គ្នា ហើយ​ទទួល​បាន​ការ​ការពារ​ច្រើន​ផ្នែក​សង្គម​។

        ពេល​នេះ ប្រទេស​កម្ពុជា​មាន​បញ្ហា​ប្រឈម​ផ្នែក​សិទ្ធិ​មនុស្ស​ច្រើន​។ ក្នុង​នាម​ជា​ដៃគូ យើង​ចង់​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​ជំរុញ​ដល់​សេ្ថរភាព​តំបន់ វិបុលភាព និង​សេចក្តី​ប្រាថ្នា​របស់​ប្រជាជន​កម្ពុជា​។