Skip Global Navigation to Main Content
Skip Breadcrumb Navigation
កម្មវិធី​ផ្សេង​ៗ ក្នុង​ឆ្នាំ​២០១២

បេសកកម្មភាព​ជា​ដៃគូ នៅ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២ មក​ដល់​ប្រទេស​កម្ពុជា

ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១២

         នាវា​មន្ទីរពេទ្យ​ឈ្មោះ USNS Mercy (T-AH 19) របស់​បញ្ជាការដ្ឋាន​ផ្នែក​ផ្តល់​សេវា​កងទ័ព​អាមេរិក បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​នេះ ដើម្បី​ចាប់ផ្តើម​ដំណាក់កាល​ចុង​ក្រោយ​នៃ​បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២ (ឬ PP12) ។ នេះ​គឺជា​បេសកកម្ម​ផ្តល់​ជំនួយ​មនុស្សធម៌ និង​ជំនួយ​សំរាប់​ជន​ស៊ីវិល​ប្រចាំ​ឆ្នាំ នៃ​បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក របស់​កង​នាវា​ជើងទឹក​សហរដ្ឋ​អាមេរិក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​។

         មុន​ពេល​មក​ដល់​ប្រទេស​កម្ពុជា បុគ្គលិក​របស់​នាវា Mercy និង​បេសកកម្ម PP12 បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្តូនេស៊ី ហ្វីលីពីន និង​វៀតណាម​។ បេសកកម្ម​រយៈពេល ៤ ខែ​កន្លះ​នេះ​ជួយ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​តំបន់ និង​លើក​កំពស់​ការ​ខិតខំ​ក្នុង​ការ​សំរបសំរួល​គ្នា​ក្នុង​ចំណោម​អង្គការ​នានា ដែល​មាន​ផលប្រយោជន៍​រួម​ក្នុង​ការ​រក្សា​ស្ថេរភាព និង​សន្តិសុខ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។

         លោក​វរនាវីឯក James Morgan មេ​បញ្ជាការ​បេសកកម្ម បាន​មាន​ប្រសាសន៍​ថា “​បុគ្គលិក​របស់​យើង​មាន​គ្នា​ចំនួន​ជាង ១១០០ នាក់ ប្រកប​ដោយ​ជំនាញ​ច្បាស់លាស់ មក​ពី​ផ្នែក​យោធា រដ្ឋាភិបាល និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល ដែល​តំណាង​អោយ​ប្រទេស​ដៃគូ​ចំនួន ៨ មាន​ការ​រំភើប​ដោយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​។ បេសកកម្ម​របស់​យើង​នៅ​ទី​នេះ​ផ្តល់​ឱកាស​មួយ​ទៀត​ក្នុង​ការ​ធ្វើការ​ជាមួយ​សមភាគី​កម្ពុជា​ របស់​យើង ដើម្បី​រៀបចំ​ខ្លួន​អោយ​បាន​ល្អ​សំរាប់​ឆ្លើយ​តប​រួម គ្នា​ទៅ​នឹង​គ្រោះ​មហន្តរាយ​ធម្មជាតិ និង​គ្រា​អាសន្ន ដែល​តំរូវ​អោយ​មាន​ការ​ឆ្លើយ​តប​ភ្លាម​ៗ​ផ្នែក​មនុស្សធម៌ នៅ​ពេល​វា​កើត​មាន​ឡើង​នៅ​ពេល​ណា​មួយ​ដោយ​ជៀស​មិន​រួច​”​។

        លោក Morgan បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​យើង​ពិត​ជា​រីករាយ​ចំពោះ​ការ​អញ្ជើញ​អោយ​មក​បំពេញ​បេសកកម្ម​នៅ​ទីនេះ ដែល​ជា​បេសកកម្ម​លើក​ទី​២ របស់​បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក នៅ​ប្រទេស​កម្ពុជា​”​។

         បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២ ត្រូវ​បាន​ដឹកនាំ​ដោយ​មេបញ្ជាការ​បី​រូប​តាម​ផ្នែក​ខុស​គ្នា គឺ​លោក​វរនាវីឯក James Morgan មេបញ្ជាការ​បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២  និង​ជា​មេបញ្ជាការ​កង​នាវា​ពិឃាត​លេខ ៧ ដែល​មាន​មូលដ្ឋាន​នៅ San Diego លោក​វរនាវីឯក Jonathan Olmsted មេ​បញ្ជាការ​ផ្នែក​សេវា​កងទ័ព​ជើង​ទឹក និង​ជា​ប្រធាន​ផ្នែក​សេវា​បំរើ​កិច្ចការ​ស៊ីវិល​នៅ​លើ​នាវា Mercy និង​លោក​វរនាវីឯក Timothy Hinman គឺ​ជា​មេ​បញ្ជាការ​នៅ​កន្លែង​ព្យាបាល​ជំងឺ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​មន្ទីរពេទ្យ និង​ផ្តល់​ការ​ថែទាំ​នៅ​លើ​នាវា Mercy និង​នៅ​លើ​ដី​។

         លោក​វរនាវីឯក Hinman បាន​មាន​ប្រសាសន៍​ថា “​បណ្តាញ​និង​ការ​ផ្លាស់ប្តូរ​គ្នា​ផ្នែក​ជំនាញ​អាជីព ដែល​យើង​បាន​ឃើញ​ក្នុង​បេសកកម្ម​នេះ រវាង​ប្រទេស​ម្ចាស់​ផ្ទះ និង បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក គឺ​មាន​ភាព​ប្រសើរ​ណាស់​នៅ​ឆ្នាំ​នេះ​។ វា​ពិត​ជា​បាន​ជំរុញ​ទឹក​ចិត្ត​ដល់​យើង ហើយ​យើង​រីករាយ​ធ្វើ​ការ​ផ្លាស់ប្តូរ​គ្នា​ផ្នែក​ពេទ្យ​ដូច​នេះ នៅ​ប្រទេស​កម្ពុជា​”​។

         បុគ្គលិក​ក្នុង​បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ឆ្នាំ​២០១២ នឹង​ដំណើរការ​គំរោង​ផ្តល់​ជំនួយ​សំរាប់​ជន​ស៊ីវិល ដែល​នឹង​ពង្រឹង​ទំនាក់ទំនង និង​សមត្ថភាព​ក្នុង​ផ្នែក​ជំងឺ​ទូទៅ ទន្តពេទ្យ បសុពេទ្យ និង​សំណង់​ស៊ីវិល​។ ក្រៅ​ពី​នេះ បេសកកម្ម​នេះ​នឹង​ចុះ​ជួយ​តាម​សហគមន៍ និង​ធ្វើ​ការ​ផ្លាស់ប្តូរ​ជំនាញ​គ្នា ដែល​ជា​ការ​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ជួយ​គ្នា និង​រៀន​សូត្រ​ពី​គ្នា​នូវ​វប្បធម៌ សមត្ថភាព និង​ការ​អនុវត្ត​។

        បុគ្គលិក​រួម​គ្នា​នៃ​ទាហាន​ម៉ារីន​បំរើ​កិច្ចការ​ស៊ីវិល បុគ្គលិក​អន្តរទីភ្នាក់ងារ និង​បុគ្គលិក​យោធា​របស់​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ចូលរួម​ជាមួយ នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ ដោយ​ប្រទេស​ដៃគូ ដែល​មាន​ប្រទេស​អូស្ត្រាលី កាណាដា សាធារណរដ្ឋ​កូរេ ម៉ាឡេស៊ី ហូឡង់ ប៉េរូ និង​ប្រទេស​ហ្វីលីពីន​។

        អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ទីភ្នាក់ងារ​អន្តរជាតិ​ក៏​ជា​ផ្នែក​សំខាន់​មួយ​ផង​ដែរ​នៃ​ការ​អោយ​មាន​ជា​បន្ត​នូវ​បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដែល​ខិតខំ​កសាង​សមត្ថភាព​របស់​មនុស្ស​ក្នុង​មូលដ្ឋាន​។ នៅ​ឆ្នាំ​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ចូលរួម​នៅ​ប្រទេស​កម្ពុជា​រួម​មាន​អង្គការ Cambodian Children’s Painting Project, Global Grins, Help for Orphans, Hope Worldwide, Latter Day Saint (LDS) Charities, M'lop Tapang, Project Handclasp, Project Hope, Reproductive Health, The Starfish Project, UCSD Pre-Dental Society, Univ. of Hawaii Engineers, Univ. of Hawaii Nursing, និង​អង្គការ World Vets។

         លោក​ឧត្តមនាវី​ទោ Russell Penniman មេ​បញ្ជាការ​​រង​បំរុង និង​នាយ​សេនាធិការ​នៃ​កងនាវាសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក មកទស្សនានាវា Mercy ដើម្បី​សង្កេត​មើល​បេសកកម្ម​នេះ ហើយ​លោក​នឹង​ធ្វើ​ជា​តំណាង​អោយ​បុគ្គលិក​នៃ​កង​នាវា​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក នៅ​ក្នុង​ពិធី​បើក នៅ​ថ្ងៃ​ទី​២៩ កក្កដា នៅ​កំពង់ផែ ខេត្ត​កំពង់​សោម​។

         លោក Penniman បាន​មាន​ប្រសាសន៍​ថា “​បេសកកម្ម​នេះ​គឺ​ជា​បេសកកម្មភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដូច្នេះ​វា​គឺជា​ដៃគូ​ជាមួយ​ប្រទេស​ដៃគូ អង្គការ​មិន​មែន​រដ្ឋាភិបាល និង​វេជ្ជបណ្ឌិត ដែល​ធ្វើការ​ក្នុង​វិស័យ​ជាមួយ​គ្នា មិន​ថា​វេជ្ជបណ្ឌិត​យោធា ឬ​វេជ្ជបណ្ឌិត​ស៊ីវិល​ទេ​។ យើង​ស្វាគមន៍​ការ​សហការ​គ្នា ពី​ព្រោះ​អ្វី​ដែល​រួម​គ្នា​ប្រសើរ​ជាង​ការ​ដែល​វា​ស្ថិត​នៅ​ដាច់​ពី​គ្នា… ពិសេស​នៅ​ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​”​។