លោកឯកអគ្គរដ្ឋទូត Charles Salmon ថ្លែងពីគោលនយោបាយការបរទេសទៅកាន់និស្សិតថ្នាក់បណ្ឌិត នៅរាជបណ្ឌិតសភា
រាជបណ្ឌិតសភា ភ្នំពេញ
ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០០៩
|
ឯកអគ្គរដ្ឋទូត Salmon (កណ្តាល)ថតរូប ជាមួយបុគ្គលិកវិទ្យាស្ថានទំនាក់ទំនង អន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា។ រូបពង្រីក |
នៅថ្ងៃទី ១៩ ឧសភា លោកឯកអគ្គរដ្ឋទូត Charles Salmon បានធ្វើបឋកថាមួយស្តីពីគោលនយោបាយការបរទេសថ្មីរបស់រដ្ឋការលោកប្រធានាធិបតីអូបាម៉ា នៅរាជបណ្ឌិតសភាកម្ពុជា ក្នុងក្រុងភ្នំពេញ។ លោកឯកអគ្គរដ្ឋទូតបានថ្លែងទៅកាន់សាស្រ្តាចារ្យនិងបេក្ខជនថ្នាក់បណ្ឌិតរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ។
ក្នុងពេលធ្វើបទបង្ហាញស្តីពី “គោលនយោបាយការបរទេសរបស់រដ្ឋការលោកប្រធានាធិបតីអូបាម៉ា” លោកឯកអគ្គរដ្ឋទូត Salmon បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពឹងពាក់គ្នាទៅវិញទៅមក។ ក្នុងការពិភាក្សាពីបញ្ហាប្រឈមនានា ដូចជាការប្រែប្រួលនៃអាកាសធាតុពិភពលោក ធនធានខ្សត់ខ្សោយ ជំងឺឆ្លង ការរីកសាយ(នៃអាវុធប្រល័យលោក) និងប្រជាសាស្រ្ត លោកបានសង្កត់ធ្ងន់លើសេចក្តីត្រូវការអោយមានកិច្ចសហការពហុភាគី ដោយលោកបានមានប្រសាសន៍ថា “នៅក្នុងសម័យបច្ចុប្បន្ននេះ គ្មានប្រទេសណាមួយអាចទៅមុខស្លុយតែម្នាក់ឯងបានទេ ។ គេត្រូវមានការពឹងផ្អែកលើគ្នាទៅវិញទៅមក។”
ដោយដកស្រង់សំដីរបស់លោកអនុរដ្ឋមន្រ្តីការបរទេសអាមេរិក James B. Steinberg លោកឯកអគ្គរដ្ឋទូត Salmon បានពន្យល់ពីវិធីដែលយុទ្ធសាស្រ្តនៃគោលនយោបាយការបរទេសអាមេរិកក្នុងការ “ធ្វើអោយមាននិរន្តភាពដល់សន្តិភាព និងវិបុលសុខសំរាប់ជំនាន់មនុស្សទៅអនាគត” ដោយកសាងទំនាក់ទំនងសហប្រតិបត្តិការជាមួយមហាអំណាចថ្មីៗក្នុងពិភពលោក។
នៅក្នុងបទបង្ហាញទាំងមូលរបស់លោក លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើអត្ថន័យនៃការពឹងផ្អែកគ្នាទៅវិញទៅមក ដោយបន្ទរតាមជំនឿរបស់លោកអនុប្រធានាធិបតី Joe Biden ថា “អង្គការនិងសម្ព័ន្ធភាពអន្តរជាតិមិនធ្វើអោយអំណាចរបស់ប្រទេសអាមេរិកមានការថមថយទេ ។ វាជួយជំរុញដល់សន្តិសុខ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងគុណតំលៃជារួមរបស់សហរដ្ឋអាមេរិក។”
លោកបានធ្វើបទបង្ហាញម្តងទៀត នៅថ្ងៃទី ២០ ឧសភា ដល់និស្សិតចំនួន ១០០ នាក់ មកពីសាលាសារគមនាគមន៍ និងវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ លោកឯកអគ្គដ្ឋទូតមានចិត្តរីករាយក្នុងការឆ្លើយសំណួររបស់និស្សិតទាំងនោះ ដូចជាថា “តើគោលនយោបាយរបស់រដ្ឋការលោកប្រធានាធិបតីអូបាម៉ាមានន័យយ៉ាងដូចម្តេចចំពោះប្រទេសកម្ពុជា?” និងថា “តើពាក្យថាសុបិនអាមេរិក (American Dream) មាននិយមន័យបែបណា?”
លោកឯកអគ្គរដ្ឋទូត Salmon បានចាប់ផ្តើមអាជីពរបស់លោកនៅក្នុងក្រសួងការបរទេសអាមេរិក ក្នុងឆ្នាំ ១៩៦៤ ដោយនៅពេលនោះ លោកបានធ្វើជាមន្រ្តីក្នុងការិយាល័យកិច្ចការសាធារណៈ ផ្នែកការងារបរទេស។ ក្នុងអាជីពរបស់លោក លោកបានធ្វើការក្នុងស្ថានទូតប្រចាំនៅប្រទេសនានា ដូចជានៅទីក្រុងវីយែន ទីក្រុងឡាអេ និងចុងក្រោយ ជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសឡាវ ពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣។ ក្រោយពីបានចូលនិវត្តន៍ពីការងារក្នុងក្រសួងការបរទេសអាមេរិក ក្នុងឆ្នាំ ១៩៩៦ លោកឯកអគ្គដ្ឋទូត Salmon បានបំរើការងារក្នុងមជ្ឈមណ្ឌលអាស៊ីប៉ាស៊ីហ្វិកសំរាប់ការសិក្សាផ្នែកសន្តិសុខ។