មន្ដ្រីកំពូលទទួលបន្ទុកកិច្ចការឈ្លើយសឹក/យុទ្ធជនបាត់ខ្លួនក្នុងសមរភូមិធ្វើទស្សនកិច្ចនៅកម្ពុជា
ស្ថានទូតអាមេរិក ក្រុងភ្នំពេញ
ថ្ងៃទី ៣ ដល់ ទី ៦ ខែវិច្ឆិការ ឆ្នាំ ២០០៧
 |
ឯកអគ្គរដ្ឋទូត Ray (ទីបួន រាប់ពីស្ដាំ) ថតជាមួយ មន្ដ្រីអាមេរិក និងកម្ពុជាទទួលបន្ទុកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនមុនពេលចេញដំណើរ តាមឧទ្ធម្ភាគចក្រពីកន្លែងជីកគាស់កកាយ នៅខេត្ដរតនៈគីរី ។ រូបពង្រីក |
មន្ដ្រីជាន់ខ្ពស់របស់រដ្ឋាភិបាលអាមេរិកទទួលខុសត្រូវលើគោលនយោបាយរុករកឈ្លើយសឹក និងយុទ្ធជនបាត់ខ្លួនក្នុងសង្គ្រាម បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែវិច្ឆិកា ជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ ។ ឯកអគ្គរដ្ឋទូត Charles A. Ray ឧបការីរងរដ្ឋមន្ដ្រីក្រសួងការពារប្រទេសទទួលបន្ទុកកិច្ចការឈ្លើយសឹកនិងបុគ្គលិកបាត់ខ្លួន បានជួបជាមួយមន្ដ្រីកម្ពុជានិងមន្ដ្រីអាមេរិក ដើម្បីបញ្ជាក់នូវការប្ដេជ្ញារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការរុករកយុទ្ធជនបាត់ខ្លួនក្នុងសកម្មភាពប្រយុទ្ធ ។ លោកឯកអគ្គរដ្ឋទូត Ray ក៏នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ និងប្រទេសវៀតណាមផងដែរ ក្នុងដំណើរទស្សនកិច្ចនេះ ។
ក្នុងពេលស្នាក់អាស្រ័យនៅកម្ពុជា ឯកអគ្គរដ្ឋទូត Ray បានជួបជាមួយសម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន ឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ដ្រីនិងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងឧត្ដមសេនីយ ប៉ុល សារឿន ប្រធានគណៈកម្មាធិការទទួលបន្ទុកឈ្លើយសឹកនិងយុទ្ធជនបាត់ខ្លួន ។ លោកឯកអគ្គរដ្ឋទូតថែមទាំងបានទៅមើលកន្លែងដែលគេកំពុងតែធ្វើការគាស់កកាយរកអដ្ឋិធាតុជនជាតិអាមេរិកដែលបានបាត់ខ្លួនក្នុងសង្គ្រាមនៅខេត្ដរតនៈគីរី ។
ឯកអគ្គរដ្ឋទូត Ray បានមានប្រសាសន៍ថា “ខ្ញុំមានការលើកទឹកចិត្ដដោយសារប្រជាជននិងរដ្ឋាភិបាលកម្ពុជាផ្ដល់កិច្ចសហប្រតិបត្ដិការល្អ ក្នុងការជួយយើងរកមើលចំលើយ ។ តាងនាមអោយប្រជាជននិងរដ្ឋាភិបាលអាមេរិក យើងសូមសំដែងអំណរគុណចំពោះប្រទេសកម្ពុជាដែលបានជួយយើងក្នុងការរុករកបុគ្គលិកបាត់ខ្លួនរបស់យើង ។ នេះជាបញ្ហាដែលមានលក្ខណៈមនុស្សធម៌តាំងពីដំបូងមក ហើយការគាំទ្រនេះមិនមានភាពវៀចវេរទេ” ។
ឯកអគ្គរដ្ឋទូត Ray មានការទាក់ទងយូរមកហើយជាមួយនឹងបេសកកម្មរុករកឈ្លើយសឹកនិងទាហានបាត់ខ្លួន និងជាមួយនឹងតំបន់នេះ តាមរយៈបទពិសោធន៍របស់លោកជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាពីឆ្នាំ ២០០២ ដល់ ២០០៥ និងការងាររបស់លោកជាអគ្គកុងស៊ុលសហរដ្ឋអាមេរិកនៅទីក្រុងហូជីម៉ិញ ក្នុងឆ្នាំ ១៩៩៨ និងការងារបំរើក្នុងកងទ័ពអាមេរិករបស់លោក ។ លោកបានមកធ្វើទស្សនកិច្ចក្នុងតំបន់នេះម្ដង ក្នុងខែមករា ឆ្នាំ ២០០៧ ចាប់តាំងពីលោកចូលកាន់មុខតំណែងបច្ចុប្បន្ននេះរបស់លោក ក្នុងខែកញ្ញា ឆ្នាំ ២០០៦។
មានអ្នកឯកទេសអាមេរិកជាង ៦០០ នាក់កំពុងតែធ្វើការរាល់ថ្ងៃនៅជុំវិញពិភពលោក ដើម្បីរុករកជនជាតិអាមេរិកចំនួនជាង ៨៨ ០០០ នាក់ដែលបានបាត់ខ្លួនក្នុងសង្គ្រាមលោកលើកទី ២ សង្គ្រាមកូរេ សង្គ្រាមត្រជាក់ សង្គ្រាមវៀតណាម និងសង្គ្រាមនៅឈូងសមុទ្រ ក្នុងឆ្នាំ ១៩៩១ ។ តាំងពីឆ្នាំ ១៩៧៣ មក ក្រុមអ្នករុករកអាមេរិកបានរកឃើញអដ្ឋិធាតុជនជាតិអាមេរិកជាង ៨៥០ នាក់ដែលបានបាត់ខ្លួនក្នុងសង្គ្រាមវៀតណាម ។ នៅកម្ពុជាជនជាតិអាមេរិកចំនួន ២៩ នាក់ត្រូវបានរកឃើញ ចំណែក ៥៥ នាក់ទៀតនៅបាត់ខ្លួននៅឡើយ ។