ឯកអគ្គរដ្ឋទូត Williamson ធ្វើសេចក្តីថ្លែងចុងក្រោយ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា
ភ្នំពេញ
ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០០៩
|
| ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិក Clint Williamson |
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ លោក Clint Williamson ឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការឧកិ្រដ្ឋកម្មសង្រ្គាម បានធ្វើសេចក្តីថ្លែងចុងក្រោយរបស់លោក បន្ទាប់ពីបំពេញទស្សនកិច្ចលើកទី ២ របស់លោក នៅប្រទេសកម្ពុជា។ ថ្លែងនៅក្នុងសន្និសីទកាសែតមួយ នៅស្ថានទូតសហរដ្ឋអាមេរិក ក្នុងទីក្រុងភ្នំពេញ លោកឯកអគ្គរដ្ឋទូតបានសរសើរដំណើរជឿនលឿនដែលកម្ពុជាទទួលបាន ចាប់តាំងពីទស្សនកិច្ចលើកមុនរបស់លោក កាលពីខែធ្នូ ឆ្នាំ ២០០៧ ។
នៅក្នុងសុន្ទរកថារបស់លោក លោកឯកអគ្គរដ្ឋទូតបានថ្លែងពីភាពជឿនលឿនទៅមុខ និងការផ្លាស់ប្តូរនៅក្នុងស្រុកនិងផ្នែកច្បាប់ នៅកម្ពុជា។ បន្ទាប់ពីរំលឹកពីទស្សនកិច្ចលើកដំបូងរបស់លោកនៅប្រទេសកម្ពុជា លោកឯកអគ្គរដ្ឋទូត Williamson បានមានប្រសាសន៍ថា “ទិដ្ឋភាពនៃទីក្រុងភ្នំពេញមានការប្រែប្រួលតាំងពីពេលនោះ ហើយតុលាការក៏មានការវិវត្តដូចគ្នានេះដែរ។ តុលាការដែលត្រូវបានបង្កើតឡើងដើម្បីស្វែងរកយុត្តិធម៌ចំពោះអំពើយង់ឃ្នងរបស់ពួកខ្មែរក្រហម ក៏កំពុងតែបញ្ចប់ដំណាក់កាលធ្វើផែនការរបស់ខ្លួនផងដែរ នៅចុងឆ្នាំ ២០០៧ (ដោយនៅពេលនោះ ខ្ញុំនៅទីនេះ) ហើយវិធានផ្ទៃក្នុងរបស់តុលាការទើបតែមានអាយុប៉ុន្មានខែតែប៉ុណ្ណោះ។”
សព្វថ្ងៃនេះ អង្គជំនុំជំរះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) កំពុងមានដំណើរការពេញលេញ ក្នុងការកាត់ទោសពួកខ្មែរក្រហម។ ក្នុងដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃនៅកម្ពុជារបស់លោក ឯកអគ្គរដ្ឋទូត Williamson បានជួបជាមួយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សុខ អាន តំណាងម្ចាស់ជំនួយដល់ ECCC និងអង្គការមិនមែនរដ្ឋាភិបាលដែលមានការពាក់ព័ន្ធ។ លោកឯកអគ្គរដ្ឋទូតក៏បានទស្សនា ECCC ផងដែរ ហើយបានមើលសវនាការករណីទី ១ ទៅលើ ឌុច អតីតប្រធានមជ្ឈមណ្ឌលទារុណកម្មដ៏មានឈ្មោះអាសោច ដែលត្រូវបានគេស្គាល់ថាជាគុកទួលស្លែង ឬ ស ២១ ។ លោកបានជួបជាមួយមន្រ្តីក្រសួងមួយចំនួន។
លោកឯកអគ្គរដ្ឋ Williamson បានមានប្រសាសន៍ថា “ក្នុងពេល ៤ ថ្ងៃកន្លងទៅនេះ ខ្ញុំបានទៅមើល ECCC។ ខ្ញុំមានការស្ញប់ស្ញែងនឹងបន្ទប់កាត់ក្តីទំនើប ដែលចង់ធ្វើអោយប្រជាជនខ្មែរជាច្រើនអាចចូលរួមក្នុងសវនាការ ជាមួយបន្ទប់ធំទូលាយ និងចូលរួមស្តាប់តាមរយៈប្រព័ន្ធឃោសនា។ សំខាន់ជាងនេះទៅទៀត ខ្ញុំជឿថា ដំណើរការសវនាការនៅ ECCC កំពុងមានភាពជឿនលឿនពិតប្រាកដ។”
លោកឯកអគ្គរដ្ឋទូតបានធ្វើការកត់សំគាល់ថាថ្វីត្បិតតែដំណើរការសាលាក្តីបន្តមានភាពជឿនលឿនទៅមុខក្តី តែមិនមែនមានន័យថាវាមិនមានបញ្ហានោះទេ។ លោកបានសង្កត់ធ្ងន់ថា “បន្ថែមទៅលើឧបសគ្គរាល់ថ្ងៃផ្នែករដ្ឋបាល ECCC ត្រូវយកចិត្តទុកដាក់ច្រើនថែមទៀតទៅលើបញ្ហាទំនាក់ទំនងជាមួយនឹងសាធារណជន ការចូលរួមរបស់ជនស៊ីវិលនិងជនរងគ្រោះ ហើយនិងតួនាទីរបស់មេធាវីក្នុងតុលាការ។”
ក្នុងពេលថ្មីៗនេះ ECCC បានប្រឈមនឹងការចោទប្រកាន់ថាមិនមានការគ្រប់គ្រងបានត្រឹមត្រូវនិងមានការប្រព្រឹត្តមិនសមរម្យ ក្នុងការិយាល័យរដ្ឋបាលរបស់ខ្លួន។ រដ្ឋាភិបាលសហរដ្ឋអាមេរិកយកចិត្តទុកដាក់លើការចោទប្រកាន់ទាំងនេះយ៉ាងខ្លាំង។ លោកឯកអគ្គរដ្ឋទូតបានធ្វើការកត់សំគាល់ថា ក្នុងឆ្នាំនេះ មានការសិក្សាវាយតំលៃយ៉ាងច្រើនទៅលើការគ្រប់គ្រងរដ្ឋបាលរបស់ ECCC ។ ការវាយតំលៃទាំងនេះមានសារៈសំខាន់ហើយអាចកែលំអចំណុចខ្សោយ ក្នុងការងាររបស់ ECCC ។ ពេលឆ្លើយសំណួរទាក់ទងនឹងរឿងនេះរបស់អ្នកសារព័ត៌មាន ដែលមានវត្តមាននៅក្នុងសន្និសីទកាសែតនោះ លោកឯកអគ្គរដ្ឋទូត Williamson បាននិយាយសង្កត់ធ្ងន់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក “កំពុងតែខិតខំធ្វើការដើម្បីអោយតុលាការកែលំអការគ្រប់គ្រងរបស់ខ្លួន និងដោះស្រាយបញ្ហាពុករលួយ។” លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា លោកមានសង្ឃឹមថា រចនាសម្ព័ន្ធនិតិរដ្ឋនៅក្នុងប្រទេសនឹងត្រូវបានពង្រឹង។ “យើងសង្ឃឹមថានឹងបន្តការខិតខំរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនថែមទៀតនូវជោគជ័យដែលសំរេចបានកន្លងមក។”
ប្រវត្តិរបស់លោកឯកអគ្គរដ្ឋទូត Clint Williamson
លោកឯកអគ្គរដ្ឋទូត Williamson ដែលមានអាជីពជាព្រះរាជអាជ្ញាសហព័ន្ធ បានទទួលការយល់ព្រមអោយចូលកាន់តំណែងបច្ចុប្បន្ននេះ ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០០៦។ មុនចូលបំរើការងារនេះ លោកបានបំរើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ (ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦) ដោយក្នុងនោះ លោកបានធ្វើជាអ្នកជំនួយការពិសេសស្តីទីរបស់ប្រធានាធិបតី និងជានាយកទទួលបន្ទុកផ្នែកសង្រ្គោះបន្ទាន់ ធ្វើអោយស្ថានភាពមានលំនឹងនិងផ្នែកអភិវឌ្ឍន៍។ ពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០២ លោកបានបំរើការក្នុងផ្នែកប្រតិបត្តិការថែរក្សាសន្តិភាពរបស់សហប្រជាជាតិ ដោយធ្វើជាប្រធានផ្នែកយុត្តិធម៌ក្នុងបេសកកម្មរបស់សហប្រជាជាតិនៅកូសូវ៉ូ ដោយត្រួតមើលប្រព័ន្ធយុត្តិធម៌និងពន្ធនាគារ សំរាប់ខេត្តនេះគ្រប់គ្រងដោយសហប្រជាជាតិ។ អស់រយៈពេល ៧ ឆ្នាំមុននោះទៀត គឺពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០១ លោកបានធ្វើជាមេធាវីក្នុងសវនាការក្នុងតុលាការឧក្រិដ្ឋកម្មសង្រ្គាមអន្តរជាតិសំរាប់ប្រទេសយូហ្គោស្លាវី នៅទីក្រុងឡាអេ ប្រទេសហូឡង់។ មុនពេលចូលធ្វើការក្នុងតុលាការនេះ លោកឯកអគ្គរដ្ឋទូត Williamson បានធ្វើជាមេធាវីក្នុងសវនាការ ក្នុងផ្នែកឧក្រិដ្ឋកម្មដែលមានការចាត់តាំង ក្នុងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និងជាជំនួយការមេធាវីប្រចាំតំបន់ នៅក្រុង New Orleans ។