ពត៌មានមិនត្រឹមត្រូវ
ការខ្វាយខ្វល់ជ្រុលអំពីថ្នាំប្រឆាំងមេរោគអេដស៍ឈ្មោះ Nevirapine
ការចោទប្រកាន់របស់ប្រព័ន្ធឃោសនាថាឱសថប្រឆាំងនឹងមេរោគអេដស៍បណ្ដាលអោយមានប្រតិកម្មធ្ងន់ធ្ងរ ត្រូវបានបង្ហាញភស្ដុតាងអោយឃើញថាខុសទេ
ចាប់ផ្ដើមនៅក្នុងខែធ្នូ ឆ្នាំ ២០០៤ អត្ថបទតាមប្រព័ន្ធឃោសនាដែលត្រូវបានផ្សព្វផ្សាយជាទូទៅមានពាក្យចោទប្រកាន់ដោយគ្មានភស្ដុតាងដែលនាំអោយគេមានការខ្វាយខ្វល់ជ្រុលអំពីថ្នាំប្រឆាំងនឹងជំងឺអេដស៍ Nevirapine ។ ដោយត្រូវផ្ដល់អោយតែមួយដូសសំរាប់ទាំងម្ដាយទាំងកូនដែលទើបនឹងកើតមកថ្នាំ Nevirapine ត្រូវបានគេប្រើជាទូទៅ ដើម្បីការពារកុំអោយឆ្លងជំងឺអេដស៍ពីម្ដាយទៅកូន ។
អត្ថបទទាំងនោះបានធ្វើការចោទប្រកាន់ថាៈ
- ការស្រាវជ្រាវដែលមានចំណុចខ្ចោះនៅក្នុងការសាកល្បងប្រើថ្នាំ Nevirapine នៅប្រទេសអ៊ូហ្កិនដា
- (ដោយត្រូវបានស្គាល់ថាជាថ្នាំ HIVNET 012) បាននាំទៅដល់ការរាយការណ៍មិនអស់ “ស្ដីពីមនុស្សរាប់ពាន់អ្នកដែលមានប្រតិកម្មធ្ងន់ធ្ងរ ដោយថែមទាំងមានមនុស្សស្លាប់ផង“ ។
- វិទ្យាស្ថានសុខាភិបាលជាតិ (NIH) “បានសំរេចចិត្ដមិនជំរាបសេតវិមានអោយដឹង ដោយវិទ្យាស្ថានខំប្រឹងធ្វើកុំអោយកង្វល់របស់អ្នកឯកទេសរបស់ខ្លួននាំអោយមានការខ្លាចរអាក្នុងការប្រើប្រាស់ថ្នាំ Nevirapine នៅទ្វីបអាហ្វ្រិក“ ។
- ប្រធានផ្នែកជំងឺអេដស៍របស់វិទ្យាស្ថាន NIH “បានកែក្រឡៃ“ របាយការណ៍សំខាន់មួយស្ដីពីបញ្ហានេះ ។
ក្រៅពីនេះ ក្រុមនិងបុគ្គលខ្លះបានបកស្រាយអត្ថបទទាំងនោះថាជាការបង្ហាញថាថ្នាំ Nevirapine គ្មានសុវត្ថិភាពទេ ហើយថាជនជាតិអាហ្វ្រិកនិងអ្នកឯទៀតគឺជា“មនុស្សដែលត្រូវបានគេប្រើសំរាប់ធ្វើការសាកពិសោធន៍“ ។
ស្ដីពីសុវត្ថិភាពនិងប្រសិទ្ធិភាពនៃដូសទោលនៃថ្នាំ Nevirapine ក្នុងការការពារការឆ្លងមេរោគអេដស៍ពីម្ដាយទៅកូនការពិតគឺថាៈ
- វិទ្យាស្ថាន NIH បាននិយាយថា “ថ្នាំ Nevirapine ដែលគេប្រើតែមួយដូសគឺជាថ្នាំដែលមានសុវត្ថិភាពនិងប្រសិទ្ធិភាពសំរាប់ការពារការឆ្លងមេរោគអេដស៍ពីម្ដាយទៅកូន ។ ការសិក្សាជាច្រើនបានបញ្ជាក់លើចំណុចនេះ ។
- អង្គការសុខភាពពិភពលោកបាននិយាយថា “អង្គការសុខភាពពិភពលោកនឹងបន្ដគាំទ្រការប្រើថ្នាំ Nevirapine នៅក្នុងកម្មវិធីការពារការឆ្លងមេរោគអេដស៍ពីម្ដាយទៅកូន“ ។ អង្គការនេះបាននិយាយបន្ថែមទៀតថា “ថ្នាំ Nevirapine ស្ថិតនៅក្នុងចំណោមថ្នាំដែលឃើញថាប្រសិទ្ធិភាពនិងមានសុវត្ថិភាព តែភាពងាយប្រើនិងតំលៃថោករបស់វាធ្វើអោយគេមានការចាប់អារម្មណ៍ជាពិសេស“ ។
- ថ្នាំ Nevirapine ដែលគេប្រើតែមួយដូស ឬមួយប្រើតែឯង ឬមួយប្រើជាមួយនឹងថ្នាំប្រឆាំងនឹងជំងឺអេដស៍ផ្សេងទៀតត្រូវបានកំណត់អោយប្រើដោយទីភ្នាក់ងារសុខាភិបាលអន្ដរជាតិនិងរដ្ឋាភិបាលទាំងអស់ដែលអនុវត្ដកម្មវិធីការពារការឆ្លងមេរោគអេដស៍ពីម្ដាយទៅកូន ។
ពិតមែនតែថ្នាំ Nevirapine មិនមែនជាការព្យាបាលជំរើសទី ១ នៅពេលគេអាចធ្វើការព្យាបាលតាមបែបផ្សំថ្នាំចូលគ្នាច្រើនមុខក្ដី វាគ្រាន់បើជាងការគ្មានធ្វើអ្វីសោះដែរ ។
ស្ដីពី “ប្រតិកម្មធ្ងន់ធ្ងរចំនួនរាប់ពាន់“ ដែលត្រូវបានគេចោទថាមាននៅក្នុងការសាកល្បងប្រើថ្នាំ 012HIVNET ការពិតគឺថាៈ
- “ប្រតិកម្ម“ទាំងនេះស្ទើរតែទាំងអស់បណ្ដាលមកពីស្ថានភាពជំងឺទេ ដោយរួមទាំងជំងឺអេដស៍ផងមិនមែនជាឥទ្ធិពលនៃថ្នាំ Nevirapine ទេ ។
- ម្ដាយចំនួន ៣០៦ នាក់នៅក្នុងការសាកល្បងមួយនៅប្រទេសអ៊ូហ្កង់ដាបានទទួលថ្នាំ Nevirapine16 នាក់មានបញ្ហាធ្ងន់ធ្ងរ (មិនមែនប្រតិកម្មទេ) ដោយមានតែម្នាក់ទេដែលត្រូវបានគេគិតថាអាចបណ្ដាលមកពីថ្នាំ Nevirapine ។ កុមារចំនួន ៣២០ នាក់បានទទួលថ្នាំ Nevirapine ហើយមាន ៣៥ នាក់មានបញ្ហាធ្ងន់ធ្ងរ តែករណីតែ ២ ទេដែលត្រូវបានគេគិតថាបណ្ដាលមកពីថ្នាំ Nevirapine
ស្ដីពីការដែលវិទ្យាស្ថានមិនបានជូនដំណឹងទៅសេតវិមាន ការពិតគឺថាៈ
- បញ្ហាជាមួយនឹងការសាកល្បងនៅប្រទេសអ៊ូហ្កង់ដាគឺទាក់ទងនឹងបញ្ហាទុកដាក់កំណត់ហេតុនិងបញ្ហាទាក់ទងនឹងទំរង់ការមិនមែនជាបញ្ហាស្ដីពីសុវត្ថិភាពឬប្រសិទ្ធិភាពនៃថ្នាំ Nevirapine ដែលត្រូវបានប្រើក្នុងដូសទោលនោះទេ ។ គេមិនចាំបាច់ប្រាប់សេតវិមានពីបញ្ហានេះទេ ពីព្រោះវាគ្មានប៉ះពាល់ដល់ការសំរេចចិត្ដក្នុងការប្រើថ្នាំ Nevirapine ក្នុងដូសទោលសំរាប់ការពារការឆ្លងមេរោគអេដស៍ពីម្ដាយទៅកូននោះទេ ។
ស្ដីពី “ការក្រឡៃ“ ឬ “កែ“ របាយការណ៍ ការពិតគឺថាៈ
- ប្រធានផ្នែកជំងឺអេដស៍របស់វិទ្យាស្ថាន NIH គឺវេជ្ជបណ្ឌិត Edmund Tramont បានធ្វើការកែសំរួលពង្រាង “អនុរបាយការណ៍“ ជាច្រើនដែលត្រូវបានដាក់ជូនគាត់នៅក្នុងដំណើរការនៃការចេញរបាយការណ៍ “តាមដានសារជាថ្មី“ ចុងក្រោយ ។ របាយការណ៍នេះមិនត្រូវបានគេ“ក្រឡៃ“ទេ ។ លោកវេជ្ជបណ្ឌិត Tramont មានការទទួលខុសត្រូវក្នុងការផ្ដល់របាយការណ៍ពេញលេញមួយដែលឆ្លុះបញ្ចាំងបានត្រឹមត្រូវពីពត៌មានទាំងអស់ដែលមានស្ដីពីការសាកល្បងថ្នាំ HIVNET 012 ។
អ្នកជំនាញផ្នែកសុខាភិបាលបានសំដែងកង្វល់ថាពត៌មានមិនត្រឹមត្រូវស្ដីពីថ្នាំ Nevirapine អាចជាឧបសគ្គមិនអោយគេប្រើថ្នាំនេះដើម្បីជួយជីវិតរបស់កុមារប្រហែល ១ ៩០០ នាក់ដែលកើតមករាល់ថ្ងៃដោយមានឆ្លងមេរោគអេដស៍ ។ វិទ្យាស្ថាន NIH បានលើកឡើងថា “អាចមានលទ្ធភាពថាវេជ្ជបណ្ឌិតនិងអ្នកផ្ដល់សេវាសុខាភិបាលនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍មិនព្រមប្រើថ្នាំ Nevirapine ក្នុងដូសទោលដើម្បីកុំអោយឆ្លងមេរោគអេដស៍ពីម្ដាយទៅកូនក្នុងស្ថានភាពដែលមិនមានផ្លូវជ្រើសរើសណាផ្សេងទៀតទេ ដូចជាការព្យាបាលដោយប្រើថ្នាំប្រឆាំងនឹងជំងឺអេដស៍ដែលគេលាយចំរុះគ្នា...គេអាចនិយាយបានថាមានទារករាប់ពាន់នាក់ឆ្លងមេរោគអេដស៍ហើយស្លាប់ បើថ្នាំ Nevirapine ក្នុងដូសទោលមិនត្រូវបានផ្ដល់អោយដើម្បីការពារកុំអោយឆ្លងពីម្ដាយទៅកូនដោយសារតែពត៌មានមិនត្រឹមត្រូវ ។
អត្ថបទមួយនៅក្នុងលេខចុះថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៤ របស់ទស្សនាវដ្ដី New York Times បានដកស្រង់សំដីរបស់វេជ្ជបណ្ឌិត Rachel Cohen ដែលធ្វើការនៅក្នុងអង្គការគ្រូពេទ្យគ្មានព្រំដែន ដោយធ្វើការកត់សំគាល់ថាភាគច្រើននៃមនុស្សចំនួន ៣៨ លាននាក់ដែលមានមេរោគអេដស៍នៅទូទាំងពិភពលោករស់នៅតាមប្រទេសក្រីក្រខ្លាំង ។ ជាងពាក់កណ្ដាលគឺជានារី ដែលភាគច្រើនស្ថិតនៅក្នុងអាយុអាចមានផ្ទៃពោះ ។
- នៅទ្វីបអាហ្វ្រិក លោកស្រី Cohen បានកត់សំគាល់ថាស្ដ្រីច្រើនតែទៅរកពេទ្យតែនៅមុនពេលសំរាលកូនតែប៉ុណ្ណោះហើយគេច្រើនមានជំងឺអេដស៍ដែលចូលដល់ដំណាក់កាលចុងក្រោយ ។ ក្នុងករណីបែបនេះវាហួសពេលនឹងធ្វើអ្វីបានហើយ ក្រៅតែពីអោយថ្នាំ Nevirapine មួយដូសទៅម្ដាយនិងមួយដូសទៅទារក ។ ការធ្វើដូច្នេះអាចកាត់បន្ថយលទ្ធភាពនៃការឆ្លងបានពាក់កណ្ដាល ។ ២ ដូសនេះមានតំលៃតែ ៥ ដុល្លាទេ ។
- អង្គការសុខភាពពិភពលោកចង់អោយមានការបើកវគ្គរយៈពេល ៦ សប្ដាហ៍ស្ដីពីថ្នាំ Nevirapine “នៅពេលណាអាចធ្វើបាន“ តែគេត្រូវចំណាយប្រហែល ៤០ ដុល្លា ដូច្នេះគេនៅតែប្រើដូសទោលនៅពេលដែលវាជាឱកាសតែមួយគត់ដើម្បីជួយជីវិតទារកពីការឆ្លងមេរោគអេដស៍ ។
ឯកសារទាក់ទង