ពត៌មានមិនត្រឹមត្រូវ
ជំងឺអេដស៍ជាអាវុធជីវសាស្ដ្រ (AIDS as a Biological Weapon)
មានការចោទប្រកាន់ដោយគ្មានភស្ដុតាងថាមេរោគអេដស៍ត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក
នៅពេលគេដឹងថាមានជំងឺអេដស៍ជាលើកដំបូងនៅដើមទសវត្សទី ៨០ គេមិនដឹងថាជំងឺនេះមានប្រភពដើមមកពីណាទេ ។ ជំងឺកាចសាហាវនេះស្រាប់តែលេចឡើង ដោយគេមិនដឹងមូលហេតុថាតើវាបណ្ដាលមកពីអ្វីទេ ។ នៅក្នុងស្ថានភាពបែបនេះ តែងតែមានលេចឡើងនូវពាក្យចចាមអារាមនិងពត៌មានមិនពិតហើយអ្នកឯកទេសខាងផ្សព្វផ្សាយពត៌មានមិនពិតរបស់សូវៀតឆ្លៀតកេងយកប្រយោជន៍ពីរឿងនេះ និងបានលើកឡើងនូវសំដីមិនពិតដែលគេបាននាំគ្នាប្រឌិតឡើង ដើម្បីជំរុញដល់យុទ្ធនាការខ្លី តែមានប្រសិទ្ធិភាពខ្លាំងក្នុងការផ្សព្វផ្សាយពត៌មានមិនពិតស្ដីពីបញ្ហានេះ ។
ការចាប់ផ្ដើមនៃពត៌មានមិនពិតដែលត្រូវបានផ្សព្វផ្សាយដោយចេតនានិងដោយអចេតនា (The Beginning of Misinformation and Disinformation)
នៅខែមិនា ឆ្នាំ ១៩៩២ លោក Yevgeni Primakov ដែលនៅពេលនោះជានាយកពត៌មានសំងាត់របស់រុស្ស៊ី និងក្រោយមកបានក្លាយជានាយករដ្ឋមន្ដ្រីរុស្ស៊ី បានសារភាពថាផ្នែកដែលទទួលបន្ទុកផ្សព្វផ្សាយពត៌មានមិនពិតរបស់ទីភ្នាក់ងារស៊ើបការសំងាត់ KGB របស់សូវៀតបានប្រឌិតរឿងមិនពិតថាមេរោគអេដស៍ត្រូវបានបង្កើតឡើងនៅក្នុងបន្ទប់ពិសោធន៍ផ្នែកយោធារបស់សហរដ្ឋអាមេរិកដើម្បីធ្វើអាវុធជីវសាស្ដ្រ ។ កាសែតរបស់រុស្ស៊ីឈ្មោះ Izvestiya បានចេញផ្សាយនៅថ្ងៃទី ១៩ ខែមិនា ឆ្នាំ ១៩៩២ ថាៈ
“Primakov បាននិយាយពីអត្ថបទល្បីមួយដែលត្រូវបានបោះពុម្ពកាលពីប៉ុន្មានឆ្នាំមុននៅក្នុងកាសែតធំៗរបស់យើងស្ដីពីជំងឺអេដស៍ដែលគេបាននិយាយថាចេញមកពីបន្ទប់ពិសោធន៍របស់មន្ទីរបញ្ចកោណ ។ បើយោលទៅតាម Primakov អត្ថបទដែលបកអាក្រាតពី “កលល្បិច“របស់អ្នកវិទ្យាសាស្ដ្រអាមេរិកគឺត្រូវបានប្រឌិតឡើងនៅក្នុងការិយាល័យរបស់ទីភ្នាក់ងារសំងាត់ KGB សូវៀត ។
សូវៀតនៅទីបំផុតបានបោះបង់ចោលយុទ្ធនាការផ្សព្វផ្សាយពត៌មានប្រឌិតនៅខែសីហា ឆ្នាំ ១៩៨៩ ក្រោមការគាបសង្កត់របស់សហរដ្ឋអាមេរិក ។
ប្រភពដើមពិតប្រាកដនៃជំងឺអេដស៍
នៅពាក់កណ្ដាលទសវត្សទី ៨០ នៅមានការយល់ច្រឡំច្រើននៅឡើយស្ដីពីរឿងថាតើជំងឺអេដស៍កើតចេញពីអ្វី ទោះបីជាអ្នកវិទ្យាសាស្ដ្រយល់ស្របគ្នាជាសាកលថាវាជាជំងឺដែលកើតឡើងដោយឯកឯងពីធម្មជាតិក្ដី ។ នៅក្នុងឆ្នាំក្រោយៗមក វិទ្យាសាស្ដ្របានជួយច្រើនក្នុងការទំលាយអាថ៌កំបាំងនេះ ។ ឥឡូវនេះមានភស្ដុតាងច្បាស់លាស់ផ្នែកវិទ្យាសាស្ដ្រថាមេរោគអេដស៍កើតចេញពីវីរុសដែលច្រើនមាននៅក្នុងខ្លួននៃសត្វស្វាម្យ៉ាងនៅទ្វីបអាហ្វ្រិកភាគនិរតី នៅជិតតំបន់អេក្វាទ័រ ។ ក្នុងអត្ថបទមួយចុះថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ១៩៩៩របស់ទស្សនាវដ្ដីធម្មជាតិ (Nature Magazine) បានពន្យល់ថាមេរោគអេដស៍ដែលមាននៅក្នុងខ្លួនមនុស្សត្រូវ បានគេឃើញថាដូចគ្នានឹងមេរោគដែលមាននៅក្នុងខ្លួនស្វានោះ បន្ទាប់ពីមានការវិភាគឌីអិនអេ ។ ………(មានអត្ថបទភ្ជាប់បន្ដជាភាសាអង់គ្លេស)។
គេអាចមើលឃើញច្បាស់ថា:
- មេរោគអេដស៍ (HIV-1) ដែលបណ្ដាលអោយមានជំងឺអេដស៍រាតត្បាតមិនអាចបង្កើតឡើងដោយមនុស្សបានទេ ពីព្រោះភស្ដុតាងដោយផ្ទាល់បង្ហាញថាមេរោគអេដស៍មាននៅក្នុងខ្លួនមនុស្សតាំងពីឆ្នាំ១៩៥៩ ហើយការវិភាគផ្នែកវិទ្យាសាស្ដ្របង្ហាញថាមេរោគនេះមានប្រហែល៧៥ ឆ្នាំមុននេះ ដែលកាលនោះ មនុស្សមិនទាន់ចេះបង្កើតមេរោគនៅឡើយទេ ។
- មេរោគអេដស៍ HIV-1 នេះដូចគ្នានឹងវីរុសដែលគេបានឃើញនៅក្នុងខ្លួនសត្វស្វានៅទ្វីបអាហ្វ្រិក ភាគខាងលិច ។
- ភស្ដុតាងផ្នែកវិទ្យាសាស្ដ្របានបង្ហាញថាវីរុស HIV-1 បណ្ដាលមកពីការឆ្លងពីអំបូរមួយទៅអំបូរមួយដែលគេដឹងថាបានកើតមានក្នុងជំងឺដទៃទៀតរបស់មនុស្ស ដូចជាផ្ដាសាយ របេង និងជំងឺដទៃទៀតជាច្រើនពិសេសដោយសារវីរុសប្រភេទនេះមានទំនោរខ្លាំងក្នុងការបំលែងខ្លួនជាញឹកញាប់ដែលជាការធ្វើអោយការនៅជាប់លាប់ក្នុងខ្លួនមនុស្សមានភាពងាយស្រួលសំរាប់វា ។
- ស្ថានភាពផ្នែកសង្គមនិងសេដ្ឋកិច្ចនៅក្នុងទ្វីបអាហ្វ្រិកភាគនិរតី ជិតខ្សែអេក្វាទ័រមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងសតវត្សទី ២០ដែលអាចពន្យល់បានថាហេតុអ្វីក៏ជំងឺអេដស៎៍រាតត្បាតនៅក្នុងពេលនេះ ហើយមិនរាតត្បាតនៅពេលមុនៗ ។