ក្រសួងសុខាភិបាល និងសេវាមនុស្សជាតិសហរដ្ឋអាមេរិក
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជម្ងឺឆ្លងសហរដ្ឋអាមេរិក នៅកម្ពុជា
បុគ្គលិករបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជម្ងឺឆ្លងក្នុងប្រទេសកម្ពុជា
វេជ្ជបណ្ឌិត Carol A. Ciesielski
ប្រធាន
ទូរស័ព្ទ: (៨៥៥-២៣) ៧២៨-១៦៦
ទូរសាររ: (៨៥៥-២៣) ៧២៨ - ០៥០
លោក David B. Nelson
អនុប្រធាន ផ្នែកប្រតិបត្តិ
ទូរស័ព្ទ: (៨៥៥-២៣) ៧២៨-១៦៧
ទូរសារ: (៨៥៥-២៣) ៧២៨-០៥០
បណ្ឌិត Joyce J. Neal
អ្នកឯកទេសខាងផ្នែកអេពីដេមីសាស្ដ្រ
ទូរស័ព្ទ: (៨៥៥-២៣) ៨៨៥-១២៦
ទូរសារ: (៨៥៥-២៣) ៨៨៥- ៤៣៥
វេជ្ជបណ្ឌិត Paul Kitsutani
ទីប្រឹក្សាបច្ចេកទេសផ្នែកជំងឺគ្រុនផ្តាសាយ
ទូរស័ព្ទ: (៨៥៥-២៣) ៨៨៥-១២៦
ទូរសារ: (៨៥៥-២៣) ៨៨៥ -៤៣៥
លោកស្រី Marie Downer
ទីប្រឹក្សាផ្នែកមន្ទីរពិសោធន៍
ទូរស័ព្ទ: (៨៥៥-២៣) ៨៨៥-១២៦
ទូរសារ: (៨៥៥-២៣) ៨៨៥ -៤៣៥
មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្កាជម្ងឺឆ្លងសហរដ្ឋអាមេរិក (CDC) នៅកម្ពុជាមានកម្មវិធីពីរ៖
១. កម្មវិធីជំងឺអេដស៍សាកល
២. កម្មវិធីជំងឺគ្រុនផ្តាសាយ
កម្មវិធីជំងឺអេដស៍សាកល
ការិយាល័យនៃកម្មវិធីជំងឺអេដស៍សាកល (GAP) របស់ CDC នៅកម្ពុជាធ្វើការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងដៃគូដទៃទៀត ដើម្បីអនុវត្តផែនការបន្ទាន់សំរាប់ការបន្ធូរបន្ថយផ្នែកជំងឺអេដស៍របស់ប្រធានាធិបតីអាមេរិក (PEPFAR) ។ ដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០២ ការិយាល័យនេះមានបុគ្គលិកនៅពេលនេះចំនួន ២០ នាក់ ៦ នាក់ជាជនជាតិអាមេរិក និង ១៤ នាក់ជាបុគ្គលិកខ្មែរនៅក្នុងស្រុក។
លក្ខណៈទូទៅ
នៅប្រទេសកម្ពុជា GAPរបស់ CDC សហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទីភ្នាក់ងារអន្តរជាតិ និងដៃគូ PEPFAR ដទៃទៀត ដើម្បីជួយ៖
ការការពារការឆ្លងមេរោគពីម្តាយទៅកូន
សុវត្ថិភាពឈាម
ការផ្តល់ប្រឹក្សាយោបល់ និងការធ្វើតេស្តឈាមតាមការស្ម័គ្រចិត្ត ដោយរក្សាការសំងាត់
ការថែទាំនិងការព្យាបាល
ការបញ្ចូលគ្នានូវកម្មវិធីជំងឺអេដស៍និងជំងឺរបេង
គំរូនៃបណ្តាញថែទាំជាបន្ត
ប្រព័ន្ធបញ្ជូនអ្នកជំងឺ
កម្មវិធីធានាគុណភាព និងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍
ការអង្កេតតាមដាន និងវាយតំលៃ
ប្រព័ន្ធគ្រប់គ្រងព័ត៌មានជាយុទ្ធសាស្រ្ត
ការកសាងសមត្ថភាព
ការតាក់តែងគោលនយោបាយ
GAP របស់ CDC នៅកម្ពុជាផ្តល់ជំនាញបច្ចេកទេស និងជំនួយថវិកា ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលការណ៍យុទ្ធសាស្រ្ត និងគោលនយោបាយ ដែលមានលក្ខណៈត្រឹមត្រូវតាមវិទ្យាសាស្រ្តនិងសមស្របតាមលក្ខណៈនៅនឹងមូលដ្ឋាន ហើយនិងទំលាប់ល្អក្នុងការអង្កេត ការពារ ទប់ទល់ និងព្យាបាលមេរោគអេដស៍។
សូចនាករសុខាភិបាល និងព័ត៌មានទូទៅស្តីពីប្រជាជន នៅកម្ពុជា
ប្រទេសកម្ពុជាមានប្រជាជនចំនួន ១៣,៤ លាននាក់ ដោយ ៨០ ភាគរយរស់នៅតាមតំបន់ជនបទ (1)។ នៅឆ្នាំ ២០០៧ ផលិតផលសរុបគិតជាមធ្យមសំរាប់មនុស្សម្នាក់ៗមាន ៥៩៧ ដុល្លា ដោយជាប់ចំណាត់ថ្នាក់ទាបជាងគេទី ៣ នៅអាស៊ី (2)ហើយធនាគារពិភពលោកបានធ្វើការប្រមាណថា មានប្រជាជនចំនួន ៣០% រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។ អត្រាអ្នកចេះអក្សរនៅទាប គឺនៅឆ្នាំ ២០០៦ មាន៨៦% ក្នុងចំណោមបុរស និង ៦៧% ក្នុងចំណោមនារី (3)។
នៅឆ្នាំ ២០០៦ អាយុគិតជាមធ្យមគឺ២០ឆ្នាំ ដោយក្នុងនោះមានប្រជាជនចំនួន ៣៦%ស្ថិតក្នុងអាយុក្រោម ១៥ ឆ្នាំ ហើយ ៦៨% ស្ថិតក្នុងអាយុក្រោម ៣០ ឆ្នាំ (5)។ អាយុកាលរស់នៅជាមធ្យមរបស់មនុស្សប្រុសគឺ ៥៩ ឆ្នាំ និង ៦៥ ឆ្នាំចំពោះមនុស្សស្រី (4)។
អត្រាស្លាប់របស់កុមារនិងទារកស្ថិតក្នុងចំណោមអត្រាខ្ពស់ជាងគេនៅអាស៊ី។ តាមការអង្កេតផ្នែកសុខាភិបាលនិងប្រជាសាស្រ្តនៅកម្ពុជាកាលពីឆ្នាំ ២០០៥ (6) បានរកឃើញថា៖
អត្រាស្លាប់របស់ទារក មាន ៦៦ នាក់ក្នុងចំណោមទារកដែលកើតរស់មកចំនួន ១០០០ នាក់។
អត្រាស្លាប់របស់ម្តាយដែលឆ្លងទន្លេ មាន ៤៧២ នាក់ក្នុងចំណោម ១០០ ០០០ នាក់។
៤៤% នៃការសំរាលកូនបានទទួលជំនួយពីបុគ្គលិកជំនាញសុខាភិបាល។
ការសំរាលកូននៅតាមមណ្ឌលសុខភាពមាន២២%។
អត្រាស្លាប់របស់កុមារស្ថិតក្នុងអាយុក្រោម ៥ ឆ្នាំ មាន៨៣ នាក់ក្នុងចំណោម ១ ០០០ នាក់។
៣៦%នៃកុមារដែលស្ថិតក្នុងអាយុក្រោម ៥ ឆ្នាំ មានបញ្ហាកង្វះអាហាររូបត្ថម្ភ។
ជំងឺអេដស៍
អត្រាអ្នកផ្ទុកជំងឺអេដស៍នៅប្រទេសកម្ពុជាស្ថិតក្នុងចំណោមអត្រាខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍។ មជ្ឈមណ្ឌលជាតិជំងឺអេដស៍ រោគសើសែ្បក និងកាមរោគ នៃក្រសួងសុខាភិបាលបានធ្វើការប៉ាន់ប្រមាណថា មនុស្សពេញវ័យនៅកម្ពុជាចំនួន ០,៩% ដែលស្ថិតក្នុងអាយុពី ១៥ ដល់ ៤៩ឆ្នាំ មានផ្ទុកមេរោគអេដស៍ ក្នុងឆ្នាំ ២០០៦(7)។ អត្រានេះបង្ហាញអោយឃើញថាមានការធ្លាក់ចុះបើប្រៀបធៀបនឹងអត្រា ២% ក្នុងឆ្នាំ ១៩៩៨។ ការថយចុះនេះ ដែលសមាមាត្រទៅនឹងចំនួនអ្នកផ្ទុកមេរោគអេដស៍គឺអាចបណ្តាលមកពីការថយចុះនៃការឆ្លងថី្មៗ និងកំណើននៃអ្នកស្លាប់ ដែលបានឆ្លងមេរោគនេះ នៅក្នុងឆ្នាំដំបូងៗនៃការផ្ទុះមេរោគនេះ។ ការរាលដាលនៃជំងឺនេះ ជាពិសេសនៅកម្ពុជាបណ្តាលមកពីការឆ្លងតាមការរួមភេទរវាងបុរសនិងស្រ្តីក្នុងចំណោមអ្នកដែលប្រឈមនឹងការឆ្លងមេរោគនេះខ្ពស់ ពិសេសអ្នករកស៊ីផ្លូវភេទ ភ្ញៀវនិងដៃគូរបស់គេ ។ នៅពេលការរាតត្បាតនៃមេរោគនេះបានឡើងដល់កំរិតហើយសមាមាត្រនៃស្រ្តី ក្នុងចំណោមអ្នកដែលផ្ទុកមេរោគនេះមានកំណើនពី ២៨% ក្នុងឆ្នាំ ១៩៩២(8) ទៅ៥២% ក្នុងឆ្នាំ ២០០៦ (7)។
លទ្ធផល (7)នៃការអង្កេតអ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ដែលត្រូវបានធ្វើកាលពីពេលថ្មីៗនេះតាមខេត្តក្រុងចំនួន ២២ ក្នុងចំណោមខេត្តក្រុងទាំង ២៤ បានបង្ហាញថា ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០៦ អត្រាអ្នកផ្ទុកមេរោគអេដស៍មានការថយចុះពី៖
២% មក ០,៩% ក្នុងចំណោមមនុស្សពេញវ័យទាំងអស់
២,១% មក ១,១% ក្នុងចំណោមនារីមានផ្ទៃពោះ
៣៩,៩% មក ១៤,៧% ក្នុងចំណោមស្រ្តីរកស៊ីផ្លូវភេទនៅតាមផ្ទះបន
ការអង្កេតថែមទាំងបានវាស់ស្ទង់សមាមាត្រនៃការឆ្លងមេរោគអេដស៍ថ្មីៗ ហើយបានរកឃើញថាអត្រាប៉ាន់ប្រមាណនៃការឆ្លងថ្មីៗ ក្នុងចំណោមស្រ្តីមានផ្ទៃពោះ និងស្រ្តីរកស៊ីផ្លូវភេទ (9) ក៏មានការធ្លាក់ចុះដែរ បើប្រៀបធៀបនឹងចំនួនប៉ាន់ប្រមាណនៃឆ្នាំ ១៩៩៩ ២០០០ និងឆ្នាំ ២០០២ ។ (សូមមើលតារាង)
នៅឆ្នាំ ២០០៦ ប្រមាណ៖
០,០៧% នៃស្រ្តីមានផ្ទៃពោះនៅកម្ពុជាបានឆ្លងមេរោគអេដស៍ថ្មីៗ ពោលគឺ៧០ នាក់ក្នុងចំណោមពួកគេចំនួន ១០០ ០០០ នាក់។
១,៧% នៃនារីរកស៊ីផ្លូវភេទនៅកម្ពុជាបានឆ្លងមេរោគអេដស៍ថ្មីៗ ពោលគឺមាន ១៧ នាក់ក្នុងចំណោមពួកគេចំនួន ១០០០ នាក់បានឆ្លង នៅឆ្នាំ ២០០៦។
ការទស្សន៍ទាយដោយផ្អែកតាមស្ថិតិ (7) បង្ហាញថា ការឆ្លងមេរោគអេដស៍មានការធ្លាក់ចុះគួរអោយកត់សំគាល់ ក្នុងចំណោមមនុស្សពេញវ័យទូទៅនៅប្រទេសកម្ពុជាគឺធ្លាក់ចុះពីចំណុចកំពូលនៃចំនួនឆ្លងថី្ម ២៨ ០០០ ក្នុងឆ្នាំ ១៩៩៤ មក ១៣៣០ ក្នុងឆ្នាំ ២០០៦ ។ បើនិយាយម្យ៉ាងទៀត ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០០៦ អត្រាអាំងស៊ីដង់នៃការឆ្លងមេរោគអេដស៍ (ចំនួនឆ្លងថ្មីក្នុងចំណោមមនុស្ស ១០០ ០០០ នាក់) មានការធ្លាក់ចុះពី ៤៨៦ មកត្រឹម ១៥។
ទោះបីមានការធ្លាក់ចុះគួរអោយកត់សំគាល់នៃអត្រាឆ្លងអាំងស៊ីដង់និងប្រេវ៉ាឡង់នៃការឆ្លងមេរោគអេដស៍ក្តី ក៏អត្រាឆ្លងនៃមេរោគអេដស៍នៅកម្ពុជា នៅតែខ្ពស់ដដែល បើប្រៀបធៀបនឹងប្រទេសដទៃនៅក្នុងតំបន់។ បើយោងតាមរបាយការណ៍ ឆ្នាំ ២០០៨របស់អង្គការផ្នែកជំងឺអេដស៍របស់សហប្រជាជាតិ (UNAIDS) ស្តីពីជំងឺអេដស៍រាតត្បាតក្នុងសាកលលោក (10) ប្រទេសកម្ពុជាមានអត្រាប្រេវ៉ាឡង់អ្នកផ្ទុកជំងឺអេដស៍ខ្ពស់ជាងគេទី ២ ក្នុងចំណោមប្រទេសទាំងអស់នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ មានតែប្រទេសថៃទេដែលមានអត្រាខ្ពស់ជាងកម្ពុជាអត្រាប្រេវ៉ាឡង់នៃការឆ្លងក្នុងចំណោមមនុស្សពេញវ័យត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ១,៤% នៅក្នុងឆ្នាំ ២០០៧ ។
ទោះបីប្រទេសកម្ពុជាបានទទួលជោគជ័យគួរអោយកត់សំគាល់ក្នុងការបន្ថយអត្រាប្រេវ៉ាឡង់និងអាំស៊ីដង់មេរោគអេដស៍ និងអ្នកកើតអេដស៍ក្តី តែគេមិនត្រូវមានការព្រងើយឡើយ។ ការការពារ ការទប់ស្កាត់ និងការព្យាបាលត្រូវតែធ្វើជាបន្ត។
ជំងឺរបេង
បន្ទុកនៃជំងឺរបេងនៅកម្ពុជាមានច្រើនណាស់។ ប្រទេសកម្ពុជាស្ថិតក្នុងបញ្ជីនៃប្រទេសចំនួន ២២ របស់អង្គការសុខភាពពិភពលោក ដែលមានបន្ទុកធ្ងន់ ដែលប្រទេសទាំងនេះមានចំណែកប្រហែល ៨០% នៃករណីឆ្លងរបេងថ្មីៗសរុបក្នុងមួយឆ្នាំៗ(11)។ ក្នុងឆ្នាំ ២០០៦ គេបានប៉ាន់ប្រមាណថាមានអ្នកកើតជំងឺរបេងគ្រប់ទំរង់ចំនួន ៥០០ នាក់ក្នុងចំណោមមនុស្សចំនួន ១០០ ០០០ នាក់។ អត្រានេះខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំង ៣៦ ក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងលិច តាមការកំណត់របស់អង្គការសុខភាពពិភពលោក។ កម្ពុជាជាប់លេខ ២ បន្ទាប់ពីប្រទេសទីម័រខាងកើតក្នុងចំណោមប្រទេសចំនួន ៤៧ នៅអាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិកភាគខាងលិច (12)។ អត្រាប្រេវ៉ាឡង់មានមេរោគរបេងមាន ៦៦៥ នាក់ក្នុងចំណោមមនុស្ស ១០០ ០០០ នាក់ ដែលជាអត្រាខ្ពស់ជាងគេទី ៩ ក្នុងចំណោមប្រទេសចំនួន ១៩៣ (11) ។
ការមានផ្ទុកមេរោគអេដស៍ផង មេរោគរបេងផងគឺជាកង្វល់មួយយ៉ាងធំ។ ជំងឺរបេងគឺជាបុព្វហេតុចំបងនៃការស្លាប់ ក្នុងចំណោមអ្នកដែលមានផ្ទុកមេរោគរបេងផង មេរោគអេដស៍ផង នៅទូទាំងពិភពលោក(13)។ ការអង្កេតឈាមថ្នាក់ជាតិ ដែលត្រូវបានធ្វើដោយក្រសួងសុខាភិបាលនៅកម្ពុជា នៅឆ្នាំ ២០០៧ បានរកឃើញថា អ្នកជំងឺចំនួន ៧,៨% ដែលទើបនឹងឆ្លងមេរោគរបេងថ្មីៗ ក៏មានផ្ទុកមេរោគអេដស៍ដែរ (14)។ អត្រាស្លាប់របស់អ្នកផ្ទុកមេរោគទាំងពីរជាមួយគ្នា មានខ្ពស់ណាស់។ ការសិក្សាមួយ (15)ដែលត្រូវបានធ្វើនៅទីក្រុងបាងកក ប្រទេសថៃ បានរកឃើញថា អ្នកផ្ទុកមេរោគទាំងពីរជាមួយគ្នា ដែលមិនបានទទួលថ្នាំពន្យាជំងឺអេដស៍ ងាយនឹងស្លាប់ច្រើនជាងអ្នកទទួលថ្នាំពន្យា (ART)នេះដល់ទៅ ២០ ដង។ ក្នុងរយៈពេល ១១ ខែបន្ទាប់ពីចេញរោគសញ្ញាជំងឺរបេង អ្នកជំងឺចំនួន ៥០% ដែលមិនបានទទួលថ្នាំពន្យាជំងឺអេដស៍ ស្លាប់ ចំណែកអ្នកដែលបានប្រើថ្នាំពន្យា ស្លាប់តែចំនួន ៥% ប៉ុណ្ណោះ។ អ្នកជំងឺដែលចាប់ប្រើថ្នាំពន្យាជំងឺអេដស៍ បន្ទាប់មានរោគសញ្ញាជំងឺរបេងងាយស្លាប់ជាងអ្នកជំងឺដែលចាប់ប្រើថ្នាំពន្យាជំងឺអេដស៍ក្នុងអំឡុងពេល ៦ ខែនៃការមានរោគសញ្ញាជំងឺរបេង ចំនួន ២,៦ ដង។ ពិតហើយ ការរកឃើញនិងការព្យាបាលអោយបានឆាប់រហ័សត្រឹមត្រូវ នៃមេរោគអេដស៍ ក្នុងចំណោមអ្នកជំងឺរបេង និងការរកឃើញ និងការព្យាបាលបានឆាប់នៃមេរោគរបេងក្នុងចំណោមអ្នកជំងឺអេដស៍ មានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយការស្លាប់ ក្នុងចំណោមអ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ផង មេរោគរបេងផង។
ការព្យាបាលដោយប្រើថ្នាំពន្យា
ការព្យាបាលដោយប្រើថ្នាំពន្យា និងការព្យាបាលជំងឺឱកាសនិយមចាប់មាននៅប្រទេសកម្ពុជា នៅឆ្នាំ ២០០១ តែមានតែនៅតាមគ្លីនិកមួយចំនួនតូចនៅភ្នំពេញ ខេត្តតាកែវ និងសៀមរាប តែប៉ុណ្ណោះ។ តាំងពីពេលនោះមក ប្រទេសកម្ពុជាបានបង្កើនការផ្តល់ថ្នាំពន្យាដល់អ្នកផ្ទុកនិងអ្នកជំងឺអេដស៍។ នៅដំណាច់ឆ្នាំ ២០០២ មានតែអ្នកជំងឺចំនួន ៣៩២ នាក់តែប៉ុណ្ណោះដែលបានទទួលការព្យាបាល។ ភាពជឿនលឿនដែលមានតាំងពីពេលនោះមកគឺគួរអោយកត់សំគាល់ ដោយនៅត្រឹមខែកក្កដា ឆ្នាំ ២០០៨ មនុស្សពេញវ័យដែលមានផ្ទុកមេរោគអេដស៍ជិត ២៧ ០០០ នាក់ក្នុងចំណោម ៣០ ៥០០ នាក់ ដែលត្រូវជា ៨៨% ដែលត្រូវបានគិតថាត្រូវការថ្នាំពន្យាបានទទួលថ្នាំនេះ(7, 16)។
តួនាទីរបស់ CDC
ចក្ខុវិស័យជាយុទ្ធសាស្រ្តនៃកម្មវិធីជំងឺអេដស៍សាកលរបស់ CDC ផ្តោតលើចំណុចបី គឺការថែទាំ និងព្យាបាលអ្នកមានមេរោគអេដស៍ ការពង្រឹងផ្នែកមន្ទីរពិសោធន៍ ហើយនិងព័ត៌មានជាយុទ្ធសាស្រ្តនិងស្តីពីអេពីដេមីសាស្រ្ត ក្នុងបរិបទទាំងមូលនៃជំងឺអេដស៍។ សកម្មភាពដែលទទួលថវិកាពីកម្មវិធីនេះមាននៅតាមគ្រប់លំដាប់ថ្នាក់ទាំងអស់ ដើម្បីជួយក្នុងការរៀបចំគោលនយោបាយ កសាងសមត្ថភាពប្រកបដោយនិរន្តភាព ដើម្បីការពារ កាត់បន្ថយ និងតាមដានផលប៉ះពាល់នៃជំងឺអេដស៍។
យុទ្ធសាស្រ្តនៃកម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជាផ្តោតជាពិសេសលើការការពារការឆ្លងរោគពីម្តាយទៅកូន ធ្វើការដើម្បីជំរុញការធ្វើតេស្តជាប្រចាំដើម្បីរកមេរោគអេដស៍ ក្នុងចំណោមស្រ្តីមានផ្ទៃពោះ និងលើកកំពស់បណ្តាញទាក់ទងរវាងកម្មវិធីការពារការឆ្លងមេរោគពីម្តាយទៅកូន និងសេវាព្យាបាលដោយប្រើថ្នាំពន្យា។ បណ្តាញទាក់ទងនេះមានភាពចាំបាច់ដើម្បីធានាអោយមានការព្យាបាល សំរាប់ម្តាយដែលមានផ្ទុកមេរោគអេដស៍ ហើយកូនរបស់គេដែលប្រឈមមុខនឹងការឆ្លងមេរោគអេដស៍ បានទទួលការថែទាំ និងការតាមដានច្បាស់លាស់។ កម្មវិធីនេះកំពុងធ្វើការជាមួយវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈកម្ពុជា និងមូលនិធិគ្លីនតុន ដើម្បីពង្រីកសមត្ថភាពផ្នែកមន្ទីរពិសោធន៍ ក្នុងការផ្តល់រោគវិនិច្ឆ័យអោយបានទាន់ពេលចំពោះជំងឺអេដស៍ ក្នុងចំណោមទារក ហើយដោយរួមជាមួយនឹងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក និងមជ្ឈមណ្ឌលជាតិកំចាត់ជំងឺសើស្បែក ជំងឺអេដស៍និងកាមរោគ បង្កើនលទ្ធភាពអោយស្រ្តីមានផ្ទៃពោះទាំងអស់ទទួលបានសេវាធ្វើតេស្តរកមើលមេរោគអេដស៍ និងការពារការឆ្លងមេរោគពីម្តាយទៅកូន។
កម្មវិធីជំងឺអេដស៍សាកលរបស់ CDC គាំទ្រការពង្រឹងនិងការពង្រីកសេវាធ្វើតេស្តរកមើលមេរោគអេដស៍ ដែលមានគុណភាពខ្ពស់ នៅតាមវិស័យសាធារណៈជាពិសេសនៅតាមតំបន់ជនបទ និងដាច់ស្រយ៉ាល ហើយនិងការបង្កើតកម្មវិធីធានាគុណភាពដែលមាននិរន្តភាព ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងសេវាគាំពារបន្តនៅតាមផ្ទះ និងតាមមណ្ឌលសុខភាព។ កម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជាកំពុងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីជំរុញគោលនយោបាយរបស់ប្រទេសកម្ពុជា ស្តីពីការធ្វើតេស្តឈាមនិងផ្តល់ប្រឹក្សាដែលផ្តួចផ្តើមដោយអ្នកផ្តល់សេវា ដើម្បីអោយស្រ្តីមានផ្ទៃពោះ និងអ្នកជំងឺ ដែលស្ថិតក្នុងស្ថានភាពជំងឺទាក់ទងនឹងមេរោគអេដស៍ (ឧទាហរណ៍ រោគរបេង កាមរោគ រោគឆ្លងនិងរោគសើស្បែក) បានទទួលការពិនិត្យរកមើលមេរោគអេដស៍។ ជាចំណុចស្នូលនៃយុទ្ធសាស្រ្តរបស់ខ្លួនដើម្បីកាត់បន្ថយផលប៉ះពាល់នៃជំងឺអេដស៍ កម្មវិធីជំងឺអេដស៍សាកលរបស់ CDC យកចិត្តទុកដាក់ជាពិសេសលើការកំណត់រោគវិនិច្ឆ័យបានត្រឹមត្រូវនៃជំងឺរបេង ក្នុងចំណោមអ្នកមានផ្ទុកមេរោគអេដស៍ ហើយកំពុងខិតខំពង្រឹងសមត្ថភាពក្នុងការកំណត់រោគវិនិច្ឆ័យរបស់មន្ទីរពិសោធន៍ផ្នែកជំងឺរបេងរបស់កម្ពុជា ហើយរៀបចំសេចក្តីណែនាំផ្អែកលើភស្តុតាងនិងជាក់លាក់សំរាប់តំបន់នេះស្តីពីការធ្វើរោគវិនិច្ឆ័យជំងឺរបេង ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ និងរៀបចំវិធីកំណត់រោគវិនិច្ឆ័យដែលត្រូវប្រើប្រាស់ដើម្បីជ្រើសរើសរកអ្នកជំងឺដើម្បីទទួលថ្នាំ និងព្យាបាលរបេងដោយសេវាផ្តល់ថ្នាំពន្យានៅប្រទេសកម្ពុជាមានកំណើនលឿន យន្តការសំរាប់តាមដានគុណភាពនៃសេវានេះ និងសំរាប់ធានាអោយសេវានេះនៅតែមានគុណភាពខ្ពស់ដដែលត្រូវតែយកមកអនុវតុ្ត។ កម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជាកំពុងតែធ្វើការជាមួយមជ្ឈមណ្ឌលជាតិកំចាត់ជំងឺអេដស៍ ជំងឺសើស្បែក និងកាមរោគ ដើម្បីរៀបចំប្រព័ន្ធធានាគុណភាព និងដើម្បីជួយគ្លីនិកផ្តល់ថ្នាំពន្យា ក្នុងសកម្មភាពកែលំអគុណភាព។
នៅពេលបច្ចុប្បន្ននេះ មានមន្ទីរពិសោធន៍នៅតាមគ្លីនិកតិចតួចទេដែលមានជំនាញនិងសំភារៈ ឧបករណ៍គ្រប់គ្រាន់ សំរាប់ធ្វើតេស្ត ដើម្បីតាមដានអ្នកជំងឺដែលទទួលការព្យាបាលជាមួយនឹងថ្នាំពន្យា។ ដូច្នេះ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍ ជាមួយនឹងការសង្កត់ធ្ងន់លើការធានាគុណភាពគឺជាផ្នែកមួយនៃផ្នែកសំខាន់ៗនៃកម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជា។ លើសពីនេះទៀត កម្មវិធីផ្តល់ជំនួយបច្ចេកទេស និងការណែនាំស្តីពីបញ្ហាគោលនយោបាយ និងការពង្រឹងប្រព័ន្ធ។
កម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជាផ្តល់ជំនួយបច្ចេកទេស និងធនធាន ដើម្បីពង្រីកនិងពង្រឹងការអង្កេតតាមដានមេរោគអេដស៍ និងកាមរោគ និងប្រព័ន្ធព័ត៌មានជាយុទ្ធសាស្រ្តផ្សេងៗទៀត សំរាប់តាមដានផលប៉ះពាល់នៃជំងឺរាតត្បាត ហើយវាយតំលៃប្រសិទ្ធិភាពនៃកម្មវិធី និងការឆ្លើយតបរបស់ប្រទេសកម្ពុជាចំពោះជំងឺរាតត្បាត។
ក្រៅពីផ្តល់ជំនួយនៅថ្នាក់ជាតិ កម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជាថែមទាំងផ្តល់ដល់ក្រសួងសុខាភិបាល នូវជំនួយដោយផ្ទាល់សំរាប់សកម្មភាពនៅតាមខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ និងក្រុងប៉ៃលិន។
កម្មវិធីរបស់កម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជាទទួលបានជំនួយពីទីស្នាក់ការធំនៃកម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅរដ្ឋ Atlanta មូលនិធិជំងឺអេដស៍សាកល និងមូលនិធិ PEPFAR (មូលនិធិផ្នែកជំងឺអេដស៍របស់ប្រធានាធិបតីអាមេរិក)។ កម្មវិធីជំងឺអេដស៍សាកលរបស់ CDC នៅកម្ពុជាគឺជាដៃគូមួយក្នុងការឆ្លើយតបរួមរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលដឹកនាំដោយការិយាល័យអ្នកសំរបសំរួលផ្នែកជំងឺអេដស៍សាកលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
កម្មវិធីជំងឺគ្រុនផ្តាសាយ
ការិយាល័យនៃកម្មវិធីផ្នែកជំងឺគ្រុនផ្តាសាយបក្សីរបស់ CDC នៅកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៦ មានបុគ្គលិក ៣ នាក់ គឺជនជាតិអាមេរិកម្នាក់ជាប្រធាន និងបុគ្គលិកខ្មែរក្នុងស្រុកពីរនាក់ គឺអ្នកឯកទេសមន្ទីរពិសោធន៍ម្នាក់ និងអ្នកវិភាគថវិកាម្នាក់។
កញ្ចប់ជំនួយថវិកាផ្នែកជំងឺរាតត្បាតគ្រុនផ្តាសាយបក្សី ដល់រាជរដ្ឋាភិបាលកម្ពុជា
កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានបញ្ហាធ្ងន់ធ្ងរនៃជំងឺគ្រុនផ្តាសាយបក្សី ។ដំបូងគឺវាប៉ះពាល់ដល់ឧស្សាហកម្មបសុសត្វក្នុងស្រុក ដែលបន្ទាប់មកគឺប៉ះពាល់ដល់មនុស្ស។ មេរោគគ្រុនផ្តាសាយបក្សីបណ្តាលអោយមានមនុស្សឈឺចំនួន ៤ នាក់នៅឆ្នាំ ២០០៤ ២ នាក់នៅឆ្នាំ ២០០៦ និងម្នាក់ នៅឆ្នាំ ២០០៧ ។ អ្នកជំងឺទាំង ៧ នាក់នេះសុទ្ធតែបានស្លាប់ទាំងអស់(1)។ មានករណីរាតត្បាតគ្រុនផ្តាសាយបក្សីចំនួនជាង ២១ ករណី ត្រូវបានរាយការណ៍មក ក្នុងចំណោមបក្សី (ពិសេសមាន់ និងទា) នៅប្រទេសកម្ពុជាគិតចាប់តាំងពីឆ្នាំ ២០០៤ មក។
នៅខែតុលា ឆ្នាំ ២០០៥ លោក Michael Leavitt រដ្ឋមន្រ្តីផ្នែកសេវាមនុស្ស និងសុខភាពសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍ជាមួយមន្ត្រីជាន់ខ្ពស់ផ្នែកសុខភាពសាធារណៈសហរដ្ឋអាមេរិក ដើម្បីវាយតំលៃស្ថានភាព និងកំណត់ជំនួយរបស់សហរដ្ឋអាមេរិក ដល់ប្រទេសដែលទទួលរងខ្លាំងក្លាជាងគេពីជំងឺរាតត្បាតគ្រុនផ្តាសាយបក្សី។ ជំនួយដល់រដ្ឋាភិបាលកម្ពុជាមានជាថវិកា សំភារៈ និង បច្ចេកទេស។
គោលបំណងសំរាប់រយៈពេលយូរ និងខ្លី នៃជំនួយនេះរួមមាន៖
- ពង្រឹងសមត្ថភាពរួមផ្នែកសុខភាពសាធារណៈរបស់ក្រសួងសុខាភិបាល ក្នុងការកំចាត់ជំងឺរាតត្បាតគ្រុនផ្តាសាយបក្សី និងជំងឺឆ្លងថ្មីៗដទៃទៀតដែលនឹងអាចកើតមានឡើង។
- រួមចំណែកដល់ការអនុវត្តប្រកបដោយជោគជ័យនៃផែនការថ្នាក់ជាតិសំរាប់ត្រៀមរៀបចំបំរុងទប់ទល់នឹងជំងឺរាតត្បាតគ្រុនបក្សី។
ជំនួយរបស់ CDC និងទីភ្នាក់ងារដទៃទៀតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹង ដើរតាមគោលស្តីពីផែនការជំងឺរាតត្បាតគ្រុនផ្តាសាយបក្សីថ្នាក់ជាតិ។ គោលបីសំខាន់នៃផែនការនេះមាន៖
ការត្រៀមរៀបចំបំរុងជាស្រេច និងការទំនាក់ទំនងគ្នា
ការអង្កេតតាមដាននិងការរកអោយឃើញ
ការឆ្លើយតប និងការទប់កុំអោយរាលដាល
ជំនួយរបស់ CDC ជាទូទៅ ផ្តោតលើ៖
ការបង្កើនសមត្ថភាពមនុស្សក្នុងការអង្កេតតាមដាន និងឆ្លើយតបនឹងរោគរាតត្បាតគ្រុនផ្តាសាយបក្សី
ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអង្កេតតាមដាន
ធានាសន្តិសុខជីវសាស្រ្ត តាមរយៈការកែលំអហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍
កសាងសមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការចូលរួមយ៉ាងសកម្មជាមជ្ឈមណ្ឌលជាតិប្រឆាំងជំងឺគ្រុនផ្តាសាយបក្សី នៅក្នុងបណ្តាញនៃមជ្ឈមណ្ឌលសហការគ្នានៅទូទាំងពិភពលោកប្រឆាំងនឹងរោគរាតត្បាតផ្តាសាយបក្សីរបស់បណ្តាញនៃអង្គការសុខភាពពិភពលោក។
CDC កំពុងតែផ្តោតជំនួយដោយផ្ទាល់របស់ខ្លួនទៅលើគោលដូចតទៅនេះ៖
I.) ការអង្កេតតាមដាននិងការរកអោយឃើញ
លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពផ្នែកមន្ទីរពិសោធន៍
លើកកំពស់សមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធផ្នែកអង្កេតតាមដាន និងអេពីដេមីសាស្រ្ត
ជួយក្រសួងសុខាភិបាលក្នុងការបង្កើតប្រព័ន្ធមន្ទីរពិសោធន៍ សំរាប់ការរកអោយឃើញនិងតាមដានគ្រុនផ្តាសាយបក្សី ដូចជាការតាមដានលើជំងឺដែលមានលក្ខណៈដូចជំងឺគ្រុនផ្តាសាយជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរខាងក្រោមនិងជំងឺគ្រុនផ្តាសាយបក្សី។
បង្កើនសមត្ថភាពអេពីដេមីសាស្រ្តសំរាប់អង្កេតតាមដាន និងឆ្លើយតបនឹងការផ្ទុះនៃជំងឺគ្រុនផ្តាសាយបក្សី និងជំងឺថ្មីៗទៀត។
II.) ការឆ្លើយតប និងការទប់ទល់
បង្កើតនិងជួយក្រុមឆ្លើយតបរហ័ស កែសំរួលកម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល និងនិតិវិធីប្រតិបត្តិតាមបទដ្ឋាន។
បង្កើតនិងកែសំរួលពិធីសារកំចាត់ជំងឺឆ្លង ក្នុងមន្ទីរពេទ្យបង្អែក មន្ទីរពេទ្យថ្នាក់ស្រុក និងថ្នាក់ខេត្ត។
រៀបចំនិតិវិធីប្រតិបត្តិជាបទដ្ឋានក្នុងការគ្រប់គ្រងការងារព្យាបាល នៅតាមមន្ទីរពេទ្យបង្អែក។
សមភាគី និងដៃគូអនុវត្ត
ដៃគូសំខាន់ដែល CDC ធ្វើការជាមួយគឺក្រសួងសុខាភិបាលកម្ពុជាតាមរយៈវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈនិងនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) កម្ពុជា។
CDC របស់សហរដ្ឋអាមេរិកនឹងជួយដល់មជ្ឈមណ្ឌលប្រឆាំងនឹងជំងឺរាតត្បាតគ្រុនផ្តាសាយបក្សីរបស់អង្គការសុខភាពពិភពលោក ហើយនឹងធ្វើការតាមគោលការណ៍ណែនាំនៃបទបញ្ជាផ្នែកសុខាភិបាលអន្តរជាតិ (International Health Regulations) ។
ដើម្បីបំពេញការងារគាំទ្រនេះ កិច្ចព្រមព្រៀងធ្វើសហប្រតិបត្តិការគ្នារវាង ក្រសួងសុខាភិបាល និងសេវាមនុស្សជាតិសហរដ្ឋអាមេរិក និង CDC អាមេរិកមានចែងពី៖
ជំនួយដោយផ្ទាល់រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល - ជាមួយក្រសួងសុខាភិបាល/វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសាធារណៈ/ នាយកដ្ឋានកំចាត់ជំងឺឆ្លងកម្ពុជា (រយៈពេល ៥ ឆ្នាំ)
ជំនួយនិងការគាំទ្រដោយមិនផ្ទាល់ដល់រដ្ឋាភិបាលកម្ពុជា តាមរយៈទីភ្នាក់ងារជាដៃគូ ដូចជា៖
- អង្គការសុខភាពពិភពលោក
- វិទ្យាស្ថានប៉ាស្ទ័រ និង
- អង្គការ CARE International
ឯកសារយោង
National Institute of Statistics, General Population Census of Cambodia 2008. Provisional Population Totals. 2008, Cambodian Ministry of Planning: Phnom Penh.
World Bank.
Global Development Indicators Online. 2008 [cited 03 October 2008]; Available from:
http://www.worldbank.org.
National Institute of Statistics Data User's Service Center, Cambodia Population Estimates and Projections, 1998-2020 (CD-ROM). 2004, Cambodian Ministry of Planning: Phnom Penh.
National Institute of Public Health, National Institute of Statistics, and and ORC Macro, Cambodia Demographic and Health Survey 2005. 2006, Cambodian National Institute of Public Health, National Institute of Statistics, and ORC Macro: Phnom Penh, Cambodia and Calverton, Maryland, USA.
National Center for HIV/AIDS, Dermatology, and and STDs, Report of a Consensus Workshop. HIV Estimates and Projections for Cambodia, 2006-2012. 2007, Cambodian Ministry of Health: Phnom Penh.
National Center for HIV/AIDS, Dermatology, and and STDs, Asian Epidemic Model (unpublished data). 2007, Cambodian Ministry of Health: Phnom Penh.
National Center for HIV/AIDS, Dermatology, and and STDs, HIV Sentinel Surveillance 2006: Dissemination Workshop, Cambodian Ministry of Health: Phnom Penh.
Joint United Nations Programme on HIV/AIDS, 2008 Report on the Global AIDS Epidemic. 2008, UNAIDS: Geneva.
World Health Organization, Global tuberculosis control: surveillance, planning, financing. WHO report 2008. 2008, World Health Organization: Geneva.
World Health Organization, Global Tuberculosis Control in the Western Pacific Region: 2007 Report. 2007, World Health Organization , Western Pacific Region: Manila.
Ministry of Health, Tuberculosis Report 2007. 2007, Cambodian Ministry of Health: Phnom Penh.
Manosuthi W, et al., Survival rate and risk factors of mortality among HIV/tuberculosis-coinfected patients with and without antiretroviral therapy. J Acquir Immune Defic Syndr, 2006. 43: p. 42-46.