ការសហការរបស់សហរដ្ឋអាមេរិកជាមួយបណ្តាប្រទេសនៅអនុតំបន់ទន្លេមេគង្គ
លើបរិស្ថាន សុខាភិបាល និងការសិក្សាអប់រំ
២៤ ខែកក្កដា ឆ្នាំ ២០០៩
|
រដ្ឋមន្រ្តីការបរទេសអាមេរិកClinton ឆ្លើយ សំណួររបស់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ច ប្រជុំទ្វេភាគី ក្នុងទីក្រុងបាងកក កាលពីថ្ងៃទី ២១ កក្កដា ឆ្នាំ ២០០៩។ រូបពង្រីក |
នៅថ្ងៃទី ២៣ ខែកក្កដា ការប្រជុំជាក្រុមលើកដំបូងបង្អស់រវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ត្រូវបានធ្វើឡើងនៅភូខេត ប្រទេសថៃ ដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបតិ្តការគ្នា រវាងសហរដ្ឋអាមេរិក និងបណ្តាប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ ក្នុងវិស័យបរិស្ថាន សុខាភិបាល និងការសិក្សាអប់រំ។ សកម្មភាពដែលកំពុងមាននាបច្ចុប្បន្នរួមមាន៖
បរិស្ថាន៖ សហរដ្ឋអាមេរិកនឹងចំណាយថវិកាជាង ៧ លានដុល្លាអាមេរិក ទៅលើកម្មវិធីបរិស្ថាន នៅក្នុងតំបន់ទន្លេមេគង្គ។ កម្មវិធីនៅក្នុងវិស័យនេះរួមមាន៖
ការរៀបចំបង្កើត “ព្យាករណ៍មេគង្គ” ដែលជាមធ្យោបាយគំរូក្នុងការព្យាករណ៍ សំរាប់បង្ហាញពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ហើយនិងបញ្ហាដទៃទៀតចំពោះការអភិវឌ្ឍន៍តំបន់អាងទន្លេមេគង្គ។
កិច្ចព្រមព្រៀងរវាងគណកម្មាការទន្លេមេគង្គ និងគណកម្មាការទន្លេ Mississippi ដើម្បីចងសម្ព័ន្ធភាព “ទន្លេមេត្រី” ដើម្បីកែលំអការគ្រប់គ្រងធនធានទឹកឆ្លងកាត់ព្រំដែន។
ជួយគំរោងដែលជំរុញដល់ការប្រើប្រាស់ប្រកបដោយនិរន្តភាពនៃធនធានទឺកនិងព្រៃឈើ ធ្វើការអភិរក្សជីវសាស្រ្តចំរុះដ៏ច្រើនសម្បើម នៃតំបន់អាងទន្លេមេគង្គ និងបង្កើនការទទួលបានទឹកស្អាត ដែលមានសុវត្ថិភាពសំរាប់ប្រើប្រាស់។
សហរដ្ឋអាមេរិកកំពុងតែសុំការយល់ព្រមរបស់សភា លើទឹកប្រាក់ចំនួន ១៥ លានដុល្លា ក្នុងឆ្នាំ ២០១០ ជាជំនួយសំរាប់លើកកំពស់សន្តិសុខស្បៀង នៅតាមប្រទេសក្នុងតំបន់ទន្លេមេគង្គ។
សុខាភិបាល៖ ជំនួយរបស់សហរដ្ឋអាមេរិកដល់ប្រទេសក្នុងតំបន់ទន្លេមេគង្គ ក្នុងវិស័យសុខាភិបាលនឹងមានទឹកប្រាក់ឡើងដល់ជាង ១៣០ លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០០៩ ហើយផ្តោតលើផ្នែកដូចខាងក្រោមនេះ៖
ជំងឺអេដស៍ - ដោយធ្វើការក្នុងភាពជាដៃគូជាមួយប្រទេសក្នុងតំបន់ទន្លេមេគង្គ ជំនួយជាបន្តរបស់សហរដ្ឋអាមេរិកបានរួមចំណែកដល់ការកាត់បន្ថយអត្រាឆ្លងនៃជំងឺអេដស៍បានពាក់កណ្តាល នៅប្រទេសកម្ពុជា ហើយបានផ្តល់សេវាព្យាបាលនិងការពារដល់មនុស្សជាង ២ លាននាក់ នៅទូទាំងតំបន់។
ជំងឺផ្តាសាយរាតត្បាត - តាំងពីឆ្នាំ ២០០៦ មក សហរដ្ឋអាមេរិកបានផ្តល់ប្រាក់ចំនួន ៩៥ លានដុល្លា សំរាប់ទ្រទ្រង់កម្មវិធីជាបន្ត នៅតាមប្រទេសក្នុងតំបន់ទន្លេមេគង្គ សំរាប់ត្រៀមទប់ទល់ និងឆ្លើយតបនឹងការគំរាមកំហែងពីការផ្ទុះឡើងនៃជំងឺផ្តាសាយមហារាតត្បាត
ជំងឺគ្រុនចាញ់ និងជំងឺរបេង - ជំនួយរបស់សហរដ្ឋអាមេរិកជួយក្នុងការតាមដាន កំណត់ និងព្យាបាលប្រឆាំងនឹងមេរោគរបេងនិងមេរោគគ្រុនចាញ់ដែលស៊ាំទៅនឹងថ្នាំចំរុះ នៅក្នុងតំបន់ទន្លេមេគង្គ។
គ្រោងរៀបចំ “សន្និសីទអាមេរិក-តំបន់ទន្លេមេគង្គ ស្តីពីយុទ្ធសាស្រ្តចំរុះលើជំងឺឆ្លង” ក្នុងអំឡុងពេលពី ៦ ទៅ ៩ ខែខាងមុខនេះ។
ការសិក្សាអប់រំ៖ ជំនួយរបស់សហរដ្ឋអាមេរិកចំពោះវិស័យអប់រំ សំរាប់ឆ្នាំ ២០០៩ មានទឹកប្រាក់សរុប ១៦ លានដុល្លាអាមេរិក ហើយរួមមាន៖
ជួយដល់ការផ្លាស់ប្តូរនិស្សិត និងអ្នកជំនាញចំនួន ៥០០ ជាមួយប្រទេសក្នុងតំបន់ទន្លេមេគង្គ ក្នុងមួយឆ្នាំៗ តាមរយៈកម្មវិធី Fulbright និងកម្មវិធីអប់រំដទៃទៀត។
ជួយក្នុងការបង្កើនចំនួនអ្នកចុះឈ្មោះចូលរៀនក្នុងកំរិតសិក្សាជាមូលដ្ឋាន ហើយពង្រីកការភ្ជាប់បណ្តាញអ៊ិនធ័រណែន Broadband នៅតាមសហគមន៍ជនបទ។
គ្រោងរៀបចំ “វេទិកាមេគង្គ - អាមេរិក ស្តីពីអ៊ិនធ័រណែត ការសិក្សាអប់រំ និងការអភិវឌ្ឍន៍” ដើម្បីជំរុញការអនុវត្តន៍ល្អ និងការសហការគ្នាក្នុងតំបន់លើការប្រើប្រាស់បណ្តាញអ៊ិនធ័រណែតដើម្បីការអភិវឌ្ឍន៍។