និស្សិតច្បាប់កម្ពុជាចូលរួមប្រលងជាអន្ដរជាតិក្រោមការជួយឧបត្ថម្ភពីសហរដ្ឋអាមេរិក
Bangalore ឥណ្ឌា
ពីថ្ងៃទី ៣ ដល់ទី ៦ ខែមេសា ឆ្នាំ ២០០៨
 |
កញ្ញា ឃុន សូនិតា និង កញ្ញា ស្រេង នារីរត្ន័ (រូបកណ្ដាល) សមាជិកក្រុមផ្ដល់ប្រឹក្សាអតិថិជន កម្ពុជា ថតរូបជាមួយសមាជិកក្រុមមកពីប្រទេស ស្កត់លែន ។ រូបពង្រីក |
នេះគឺជាលើកទី១ហើយដែលប្រទេសកម្ពុជាបានចូលរួមនៅក្នុងការប្រកួតជាអន្ដរជាតិស្ដីពីការពិគ្រោះយោបល់ច្បាប់ដល់អតិថិជនដែលជាការប្រកួតជំនាញច្បាប់ប្រកបដោយកិត្យានុភាពទាក់ទាញនិសិ្សតច្បាប់ពូកែៗចូលរួមមកពីបណ្ដាប្រទេសនានាលើសាកលលោក។ ការប្រកួតប្រជែងឆ្នាំនេះ បានប្រព្រឹត្ដទៅពីថ្ងៃទី ៣-៦ ខែមេសា នៅឯសាលាច្បាប់ជាតិនៃសាកលវិទ្យាល័យឥណ្ឌា ទីក្រុងបាងហ្គាឡូ។
USAID បានផ្ដល់មូនិធិដល់ក្រុមកម្ពុជាដែលរួមមាន កញ្ញា ឃុន សូនិតា និង កញ្ញា ស្រេង នារីរត្ន័ និស្សិតឆ្នាំទី៣ នៃសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច។ ទោះបីជាអ្នកទាំងពីរមិនបានឈ្នះការប្រកួតនេះក៏ដោយក៏អ្នកទាំងពីរបានទទួលនូវការកោតសរសើរពីសំណាក់ចៅក្រម និងទទួលបាននូវជំនាញដ៏មានតម្លៃនិងការយល់ដឹង។
“នេះគឺមានកិត្ដិយសណាស់ដែលនាងខ្ញុំបានចូលរួមនៅក្នុងការប្រកួតប្រជែងជាអន្ដរជាតិស្ដីពីការផ្ដល់ការពិគ្រោះយោបល់ច្បាប់ដល់អតិថិជននៅប្រទេសឥណ្ឌា។ នាងខ្ញុំមានអារម្មណ៍សប្បាយចិត្ដ និងមានមោទនភាពណាស់ ដែលបានតំណាងប្រទេសកម្ពុជានៅក្នុងការប្រកួតនេះ” ចំណាប់អារម្មណ៍របស់ឃុន សូនិតា។ “នាងខ្ញុំបានរៀនសូត្របានច្រើនពីការប្រកួតនេះ ជាពិសេសបទពិសោធន៍គំរូ និងពីដំណើរការប្រព័ន្ធច្បាប់របស់ប្រទេសផ្សេងៗទៀត។”
ការប្រកួតប្រជែងជាអន្ដរជាតិស្ដីពីការពិគ្រោះយោបល់ច្បាប់ដល់អតិថិជននេះធ្វើដូចជាកន្លែងការិយាល័យច្បាប់អញ្ចឹង ដែលក្នុងនោះក្រុមនិស្សិតធ្វើការសំដែងការពិគ្រោះយោបល់ច្បាប់ដល់អតិថិជន ដែលមានតួសំដែងម្នាក់ដើរតួរជាអតិថិជន។ ការសំដែងរបស់ពួកគេត្រូវបានដាក់ពិន្ទុដោយចៅក្រមអន្ដរជាតិ។ និស្សិតជាង ១០០ នាក់ មកពី១៨ប្រទេសបានចូលរួមនៅក្នុងការប្រកួតនេះ។ ប្រទេសអៀកឡង់ខាងជើងជាអ្នកឈ្នះការប្រកួតនៅឆ្នាំនេះ។
ក្រុមទាំងអស់បានធ្វើការប្រកួតជាពីរដំណាក់កាល ដំណាក់កាលទី១ ប្រកួតលើការសំដែងដោយដោះស្រាយករណីសិទ្ធិជ្រកកោន និង ដំណាក់កាលទី២ ដោះស្រាយករណីជួញដូរមនុស្ស។ នៅក្នុងដំណាក់កាលទី២ កម្ពុជាបានធ្វើការប្រកួតជាមួយក្រុមខ្លាំងៗពីរគឺក្រុមមកពីសហរដ្ឋអាមេរិក និង ក្រុមដែលឈ្នះការប្រកួតគឺអៀកឡង់ខាងជើង។ ទោះបីជាក្រុមកម្ពុជាបញ្ជប់ដោយជាប់ចំណាត់ថ្នាក់លេខ៣នៅក្នុងក្រុមក៏ដោយតែនេះគឺជាឱកាសដ៏ប្រសើរបំផុតដែលគេបានប្រកួតជាមួយនិស្សិតដ៏ពូកែបំផុតនៅក្នុងលោក។
ក្រុមកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា បន្ទាប់ពីបានឈ្នះការប្រកួតជាប់លេខ ១ ក្នុងការប្រកួតតផ្ដល់ប្រឹក្សាផ្នែកច្បាប់នៅកម្ពុជា ដែលឧបត្ថម្ភដោយ ទីភ្នាក់ងារ USAID កាលពីខែកុម្ភៈកន្លងទៅនេះ។ ការធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌា និង ការប្រកួតនៅកម្ខុជា គឺជាផ្នែកមួយនៃគំរោងអប់រំផ្នែកច្បាប់នៅកម្ពុជា USAID ដែលមានថវិកាចំនួន ១,២៦ លានដុល្លា ដែលជាកម្មវិធីបែបថ្មី ដើម្បីពង្រឹងប្រព័ន្ធច្បាប់របស់ប្រទេសដោយធ្វើឱ្យកាន់តែប្រសើរឡើងនូវជំនាញរបស់និស្សិតច្បាប់។