អ្នកនិពន្ធក្មេងៗ ១១ នាក់ត្រូវបានទទួលស្គាល់ស្នាដៃ ក្នុងពិធីប្រគល់រង្វាន់ក្នុងការប្រលងសរសេរអត្ថបទប្រឌិត Mark Twain
ស្ថានទូតអាមេរិក នៅភ្នំពេញ
ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០០៩
|
លោកស្រី ឯកអគ្គរដ្ឋទូត Rodley (ជួរក្រោយ ទី ៤ រាប់ពីខាងឆ្វេង) និង ឯកឧត្តម ម៉ក់ វ៉ាន់រដ្ឋ លេខាធិការក្រសួងអប់រំ (ជួរក្រោយ ទី៥ រាប់ពីឆ្វេង) ថតរូបជាមួយអ្នកទទួលជ័យលាភី ទាំងអស់។ រូបពង្រីក |
នៅថ្ងៃទី ៦ ខែមិថុនា ឯកអគ្គរដ្ឋទូត Carol A. Rodley បានផ្តល់រង្វាន់ដល់អ្នកនិពន្ធរឿងវ័យក្មេងចំនួន ១១ នាក់ ក្នុងពិធីប្រគល់រង្វាន់ក្នុងការប្រលងសរសេរអត្ថបទប្រឌិត Mark Twain នៅស្ថានទូតអាមេរិក ក្នុងក្រុងភ្នំពេញ។ ពិធីនេះមានការចូលរួមរបស់ឯកឧត្តម ម៉ក់ វ៉ាន់ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ ឳពុកម្តាយ ព្រមទាំងសិស្សជាង ១៤០ នាក់ មកពីវិទ្យាល័យរដ្ឋចំនួន ៥។ ពិធីនេះមានឡើងបន្ទាប់ពីដំណើរការប្រលងសរសេរអត្ថបទរឿងជាលើកដំបូង ដែលរៀបចំដោយស្ថានទូត និងបានចាប់ផ្តើមនៅខែមិនា ឆ្នាំ ២០០៩។
អ្នកចូលរួមប្រលងត្រូវសរសេរដោយផ្ទាល់ដៃនូវរឿងប្រឌិតខ្លីៗ ដែលមានប្រវែងពី ៣ ទៅ ៧ ទំព័រ ជាភាសាខ្មែរ ដោយមានខ្លឹមសារអប់រំសីលធម៌ផង។ ពិន្ទុត្រូវបានផ្តល់ដោយយោលទៅលើវេយ្យាករណ៍ គំនិតច្នៃប្រឌិត និងលំហូរនៃសាច់រឿង។ មកដល់ត្រឹមកាលបរិច្ឆេទផុតកំណត់នៃការប្រលង ក្នុងខែមេសា ឆ្នាំ ២០០៩ ស្ថានទូតបានទទួលរឿងផ្ញើមក ចំនួន ១៣០ ។
ទាំងលោកស្រីឯកអគ្គរដ្ឋទូត ទាំងឯកឧត្តមរដ្ឋលេខាធិការ បានសរសើរសិស្សយ៉ាងអស់ពីចិត្ត ដោយលោកបានសំដែងមោទនភាពចំពោះការខិតខំនិងការសំរេចបានរបស់សិស្ស។
ក្នុងសុន្ទរកថារបស់លោកស្រី លោកស្រីឯកអគ្គរដ្ឋទូត Rodley បានសង្កត់ធ្ងន់លើសារៈសំខាន់នៃពាក្យសរសេរ និងបានសង្កត់ធ្ងន់ថា “វាជាមធ្យោបាយមួយដ៏ខ្លាំង ដែលអាចបង្កើតនិងផ្លាស់ប្តូរមតិ។” លោកស្រីក៏បានធ្វើការកត់សំគាល់ផងដែរថា លោកស្រីជឿថា “អ្នកនិពន្ធខ្មែរមានតួនាទីសំខាន់ណាស់ក្នុងការដែលពិភពលោកប្រម៉ើលមើលមកប្រទេសរបស់អ្នក នៅពេលអនាគត និងថា អ្នកនិពន្ធក្មេងៗខ្លះនៅទីនេះ នឹងមានចំណែកក្នុងដំណើរនេះ។”
ក្នុងសុន្ទរកថារបស់លោក ឯកឧត្តមរដ្ឋលេខាធិការ ម៉ក់ វ៉ាន់ បានដកស្រង់សំដីរបស់លោក Charles Garles ពីសៀវភៅរបស់លោក ថា “អ្នកធ្វើកំពូល។ អ្នកខ្លះធ្វើអោយអ្វីៗកើតឡើង អ្នកខ្លះមើលអ្វីៗកើតឡើង ហើយអ្នកខ្លះទៀតឆ្ងល់ពីអ្វីៗដែលបានកើតឡើង។” តែក្មួយទាំងអស់គ្នាជាសិស្សទាំង ១៣០ នាក់បានធ្វើអោយការសរសេរកើតឡើង។ តាមរយៈការប្រឹងប្រែងរបស់ក្មួយក្នុងអំឡុងពេលនៃកម្មវិធីប្រលងនេះ ក្មួយពិតជាបានកំណត់ខ្លួនឯងច្បាស់ថា ក្មួយគឺជាផ្នែកមួយនៃក្រុម ដែលធ្វើអោយអ្វីៗកើតឡើង។ ខ្ញុំសូមដកស្រង់ពាក្យអ្នកគិតម្នាក់ទៀតថា “មានហេតុផលក្នុងការនិពន្ធទាំងអស់ តែហេតុផលស្ថិតនៅត្រង់អ្នកសរសេរតែម្តង។”
អ្នកទទួលជ័យលាភីវ័យក្មេងក្នុងការសរសេរនេះ មកពីសាលាចំនួន ៤ ក្នុងចំនោមវិទ្យាល័យចំនួន ៥ ក្នុងរាជធានីភ្នំពេញ។ លេខមួយបានទៅកញ្ញា ឡៃ ឈឹង សិស្សវិទ្យាល័យទួលទំពូង ដែលបានសរសេររឿង “ជីវិតឥតន័យ”។ នាងបានទទួលស្លាកចំលាក់អក្សរ រង្វាន់ទឹកប្រាក់ចំនួន ១៥០ ដុល្លា ចំពោះរឿងរបស់នាង ដែលឆ្លុះបញ្ចាំងពីស្ថានភាពពិបាក ដែលគ្រួសារខ្មែរជួបប្រទះរាល់ថ្ងៃ នៅភ្នំពេញ និងនៅទូទាំងប្រទេស។ លេខពីរស្ទួនបានទៅលើកញ្ញា ម៉ន កែវពេជ្រចិន្តា និងលោក ហ៊ុយ ដារា សិស្សវិទ្យាល័យទួលទំពូងដូចគ្នា ចំពោះរឿងរបស់គេដែលមានចំណងជើងថា “បក្សីស និង ទ្រុងមាស” និង រឿង “សង្រ្គាមបរិយាកាស”។ សិស្សទាំងពីរនាក់ទទួលបានប័ណ្ណសរសើរ និងប្រាក់ម្នាក់ៗចំនួន ៧៥ ដុល្លា។
រង្វាន់លេខ ៣ ចំនួន ៣ ត្រូវបានផ្តល់ទៅអោយកញ្ញា យង់ សុគន្ធី មកពីវិទ្យាល័យប៊ុន រ៉ានី ហ៊ុន សែន វត្តភ្នំ កញ្ញា សេង ច័ន្ទសុម៉ាលី និងកញ្ញា ឃិន លីដា ដែលមកពីវិទ្យាល័យស៊ីសុវត្ថិ។ ពួកគេម្នាក់ៗបានទទួលលិខិតសរសើរនិងប្រាក់រង្វាន់ ២៥ ដុល្លា។
ក្រៅពីអ្នកជាប់លេខ ១ លេខ ២ និងលេខ ៣ ស្ថានទូតថែមទាំងបានផ្តល់លិខិតនិទ្ទេសកិត្តិយសដល់សិស្ស ៥ នាក់ដែលបានសរសេររឿង ។ អ្នកទាំង ៥ គឺកញ្ញា លី លីណា និងកញ្ញា ដារុម ធារី មកពីវិទ្យាល័យទួលទំពូង កញ្ញា ងួន បញ្ញានាត និងលោក ប្រាក់ សិលា មកពីវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន វត្តភ្នំ និងលោក សារិន សិរីវុឌ្ឍ មកពីវិទ្យាល័យបាក់ទូក។
ផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកបានបង្កើតការប្រលងសរសេរអត្ថបទ Mark Twain ប្រចាំឆ្នាំលើកដំបូង ដើម្បីលើកទឹកចិត្តអោយយុវវ័យចូលរួមក្នុងផ្នែកសិល្បៈ។ ការប្រលងនេះក៏មានបំណងផងដែរក្នុងការបង្ហាញពីស្នាដៃរបស់អ្នកនិពន្ធដ៏ល្បីល្បាញជនជាតិអាមេរិក ឈ្មោះ Samuel Longhorn Clements ដែលមានឈ្មោះក្នុងស្នាដៃនិពន្ធរបស់លោកថា Mark Twain ។ សំណេររបស់លោកមានឥទ្ធិពលលើ នយោបាយ វប្បធម៌ និងការថ្លែងសេចក្តីរាល់ថ្ងៃរបស់ជនជាតិអាមេរិក។