Skip Global Navigation to Main Content
Skip Breadcrumb Navigation
កម្មវិធី​ផ្សេង​ៗ ក្នុង​ឆ្នាំ​២០១៣

ដំណើរ​ទៅ​រក​សេរីភាព​៖ ការ​ពិភាក្សា​ពី​ទាសភាព​សម័យ​ទំនើប

ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៣

អ្នក​ចូលរួម​​ពិភាក្សា​ពី​ទាសភាព​សម័យ​ទំនើប។

         ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​រៀបចំ​ការ​ចាក់ផ្សាយ​តាម​អ៊ិនធ័រណែត​ស្តីពី​ការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ដែល​មាន​ចំណងជើង​ថា “​ដំណើរ​ទៅ​រក​សេរីភាព ការ​បកស្រាយ​អក្សរ​សំងាត់​សំរាប់​បើក​ភួយ​ពីរ​ជាន់​នាំ​ដល់​ការ​រំដោះ​មនុស្ស​អោយ​រួច​ជា​អ្នក​ជា​វិញ (Journey to Freedom – Decoding Quilts Lead to Emancipation) ដើម្បី​អោយ​សិស្ស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចូលរួម​ធ្វើការ​ពិភាក្សា​ពី​ទាសភាព​សម័យ​ទំនើប​។ ពិធី​ចាក់​ផ្សាយ​នោះ​ផ្តល់​ដល់​អ្នក​ចូលរួម នូវ​ឱកាស​បាន​ធ្វើ​ការ​ពិភាក្សា​ជាមួយ​អ្នក​ចូលរួម​មក​ពី​ប្រទេស​ឡាវ វៀតណាម រដ្ឋ Ohio និង​ទីក្រុង Washington, DC ។

          លោកស្រី Karen Stewart ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​ឡាវ ដែល​បាន​បង្ហាញ​ភួយ​ចំនួន ១២ នៅ​ផ្ទះ​របស់​លោកស្រី នៅ​ទីក្រុង​វៀងចន្ទ នៅ​ក្នុង​ពិធី​មួយ ដើម្បី​កត់​សំគាល់​ខួប​លើក​ទី ១៥០ ឆ្នាំ​នៃ​សេចក្តី​ប្រកាស​អោយ​ទាសករ​នៅ​សហរដ្ឋ​អាមេរិក​បាន​រួច​ជា​អ្នក​ជា​វិញ បាន​ផ្តល់​មតិ​ស្តីពី​ការ​ជួញដូរ​មនុស្ស​នៅ​សម័យ​ទំនើប ហើយ​និង​ការ​ទាក់ទង​របស់​វា​ទៅ​នឹង​ទាសភាព ហើយ​និង​ការ​រំដោះ​អោយ​រួច​ជា​អ្នក​ជា​វិញ​។ បន្ទាប់​ពី​ការ​ថ្លែង​របស់​លោកស្រី​ឯកអគ្គរដ្ឋទូត Karen Stewart លោកស្រី Nancy Walraven បាន​ធ្វើ​បទបង្ហាញ​មួយ​ស្តីពី​ភួយ​ពីរ​ជាន់​ចំនួន ១២ របស់​លោកស្រី ដែល​ជំរុញ​ទឹក​ចិត្ត​ដោយ​សៀវភៅ​មួយ​ស្តីពី​ភួយ​ពីរ​ជាន់​ពិសេស​មួយ ដែល​សមាជិក​នៃ​ក្រុម​អ្នក​ធ្វើការ​តាម​រថភ្លើង​ក្រោមដី​បាន​ប្រើ​ដើម្បី​ជួយ​អោយ​មនុស្ស​គេច​ចេញ​ពី​ទាសភាព នៅ​សហរដ្ឋ​អាមេរិក នៅ​ដើម​សតវត្ស​ទី​១៩​។

          ពិធី​នោះ​ក៏​មាន​ផង​ដែរ​នូវ​ឈុត​មួយ ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ ដែល​មាន​ចំណងជើង​ថា “​ដំណើរ​ទៅ​កាន់​សេរីភាព​” ដែល​រៀបរាប់​ពី​រឿង​ក្នុង​សតវត្ស​ទី ២១ របស់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ ព្រំ វណ្ណៈ និង​រឿង​ក្នុង​សតវត្ស​ទី ១៩ របស់​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ឈ្មោះ Solomon Northup ។ អ្នក​ទាំង​ពីរ​គឺជា​ជន​រងគ្រោះ ដោយ​ការ​ជួញដូរ​មនុស្ស ហើយ​រស់​នៅ​ក្នុង​អំឡុង​ពេល​ឆ្ងាយ​ពី​គ្នា​ចំនួន​ជាង ១៥០ ឆ្នាំ​។

         រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​គាំទ្រ​បេសកកម្ម​របស់​ប្រទេស​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ដើម្បី​ការពារ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​របស់​បុគ្គល ហើយ​នៅ​តែ​មាន​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​លុប​បំបាត់​បញ្ហា​អាក្រក់​នេះ ដែល​មាន​នៅ​ទូទាំង​ពិភពលោក​។