jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពីស្ថានទូត ដំណឹងថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

ប្រវត្តិនាវា Essex

នាវា USS Essex


     នាវា​ចំបាំង USS Essex ជា​ប្រភេទ​នាវា​ទី​២ ដែល​ចេញ​ប្រតិបត្ដិការ​នៅក្នុង​កំរិត  WASP-Class ក្នុង​ចំណោម​នាវា​ចំបាំង​នានា​របស់​សហរដ្ឋ​អាមេរិក​ដែល​អាច​ធ្វើការ​វាយប្រហារ​លើ​ផ្ទៃ​ទឹក និង​លើ​គោក​ផង​ដែរ។ បេសកកម្ម​សំខាន់​របស់​នាវា​នេះ​គឺ​ធ្វើ​ប្រតិបត្ដិការ​បន្ទាន់​និង​ជាប់លាប់​នៅ​លើ​ផ្ទៃ​សមុទ្រ ជា​ពិសេស​ធ្វើ​ជា​នាវា​បញ្ជាការ​កណ្ដាល ក្នុង​ចំណោម​ក្រុម​នាវា​ដែល​ត្រៀម​ធ្វើ​ប្រតិបត្ដិការ​លើ​ផ្ទៃទឹក​ផង លើ​គោក​ផង (Amphibious Ready Group) ។  នាវា USS Essex នេះ​មាន​សមត្ថភាព​អាច​ដឹក​ជញ្ជូន ពង្រាយ​ទ័ព បញ្ជា​ទ័ព​និង​អាច​ធ្វើ​ប្រតិបត្ដិការ​គាំទ្រ​គ្រប់​កាលទេសៈ សំរាប់​ការ​ឡើង​គោក​ប្រយុទ្ធ​របស់​ក្រុម​កងទ័ព​ម៉ារីន​ចំនួន​ជាង ២០០០​នាក់ ក្នុង​ប្រតិបត្ដិការ​វាយ​ប្រហារ​តាម​អាកាស​និង​លើ​ផ្ទៃ​ដី​។
    ដោយ​ត្រូវ​បាន​ធ្វើ​ឡើង​សំរាប់​បំរើ​មុខងារ​ច្រើន​យ៉ាង នាវា​នេះ​អាច​អោយ​គេ​ប្រើ​ក្នុង​ពេល​ជាមួយ​គ្នា​នូវ​ឧទ្ធម្ភាចក្រ យន្ដហោះ​ប្រតិកម្ម Harrier ពោង​ឡើង​គោក​ដែល​ផ្លុំ​ខ្យល់ (Landing Craft Air Cushioned) រួមទាំង​ទូក​ធម្មតា​សំរាប់​ឡើង​គោក​ពី​នាវា​និង​យាន្ដ​ផ្សេង​ៗ​សំរាប់​ធ្វើ​ការ​វាយ​ប្រហារ​រួមគ្នា​ដោយ​នៅ​ពេល​ទន្ទឹម​គ្នា​នោះ នាវា​នេះ​ធ្វើ​ប្រតិបត្ដិការ​ជាមួយ​ក្រុម​នានា​ផ្ទុក​យន្ដហោះ ។ ទីកន្លែង​ធំ​ទូលាយ​ផ្នែក​ពេទ្យ​របស់​នាវា​នេះ​មាន​បន្ទប់​វះកាត់​ចំនួន ៦ បន្ទប់​ព្យាបាល​ធ្មេញ​ចំនួន ៤ មន្ទីរ​ពិសោធន៍​និង​កន្លែង​ដែល​មាន​លក្ខណៈ​ជា​មន្ទីរពេទ្យ​ដែល​អាច​ព្យាបាល​អ្នក​ជំងឺ​បាន ៦០០ នាក់ ។
    ក្នុង​ការ​បំពេញ​បេសកកម្ម​ទី ១ របស់​ខ្លួន នាវា USS Essex នេះ ដែល​មាន​បណ្ដោយ​ប្រវែង ៨៤៤ ហ្វុត ឬ ២៥៧ ម៉ែត្រ និង​មាន​ទំងន់​៤៤ ០០០តោន និង​មាន​សមត្ថភាព​អាច​ដឹក​ជញ្ជូន​ឡើង​គោក​នូវ កងទ័ព​រថគ្រោះ ឡាន​ធំ កាំភ្លើង​ធំ និង​គ្រឿង​ផ្គត់ផ្គង់​ផ្សេង​ៗ​ដែល​ចាំបាច់​សំរាប់​គាំទ្រ​ដល់​ការ​វាយ​ប្រហារ ។ 

 ចំណុច​សំខាន់​ៗ​របស់​នាវា Essex៖

  • ដាក់​ប្រើ​នៅ​ឆ្នាំ ១៩៩២ នៅ San Diego
  • នាវា​ទីបញ្ជាការ​របស់​ក្រុម​នាវា​ផ្ទុក​យន្ដហោះ
  • ដឹក​ជញ្ជូន ពង្រាយ​ទ័ព បញ្ជាទ័ព​និង​អាច​ធ្វើ​ប្រតិបត្ដិការ​គាំទ្រ​គ្រប់​កាលៈទេសៈ​សំរាប់​ការ​ឡើង​គោក​ប្រយុទ្ធ​របស់​ក្រុម​កងទ័ព​ម៉ារីន
  • អាច​ធ្វើ​ប្រតិបត្ដិការ​ដោយ​ឯករាជ្យ​និង​ពី​ចំងាយ
  • បេសកកម្ម​បន្ទាប់​គឺ​ធ្វើ​ជា​មន្ទីរពេទ្យ​នៅ​លើ​ទឹក
  • អាច​ធ្វើ​ដំណើរ​ចំងាយ ១១ ០០០ ម៉ៃល៍ (ជិត ១៨ ០០០​គម) ដោយ​មិន​បាច់​ចាក់​ប្រេង​ឡើង​វិញ​។
  • ទំងន់: ៤០ ៥០០ តោន (ទទេរ)
  • បណ្ដោយ ២៥៧ ម៉ែត្រ
  • កំពស់​ពី​ដង​ក្ដោង​ដល់​ផ្ទៃ​ទឹក: ៥៦,៦ ម៉ែត្រ
  • កំពស់​ពី​ផ្លូវ​យន្ដហោះ​រត់​ទៅ​ផ្ទៃ​ទឹក (១៩,៥ ម៉ែត្រ)
  • ល្បៀង: 24+knots
  • កន្លែង​សំរាប់​ទុក​យានយន្ដ​មាន ២២ ០០០ ហ្វីត​ការេ (៦៧០៥ ម៉ែត្រ​ការេ) និង​កន្លែង​ផ្ទុក​ទំនិញ​មាន ១០០ ០០០ ហ្វីត​គូប (៣០ ៤៨០ ម៉ែត្រ​គូប)
  • យន្ដហោះ (មាន​រហូត​ដល់ ៣៦ គ្រឿង)
  • ចំនួន​អ្នក​បំរើ​ការ​ក្នុង​នានា: ១ ២០០ នាក់
  • ទាហាន​ម៉ារីន​ដែល​អាច​ដឹក​បាន: ១ ៨០០ នាក់

 

នាវា​ដទៃ​ទៀត​ដែល​មាន​ឈ្មោះ​ថា "USS Essex"

​​​​នាវា USS Essex លើក​ដំបូង​គឺ​ជា​នាវា​ដែល​មាន​កាណុង​កាំភ្លើង​ធំ​ចំនួន ៣២ និង​មាន​មនុស្ស​ចំនួន​២៣ នាក់​មកពី​ស្រុក Essex នៃ​រដ្ឋ Massachusetts បំរើការ​នៅ​ក្នុង​នោះ ។ នាវា​នេះ​ត្រូវ​បាន​គេ​ចាប់​ប្រើ​នៅ​ខែ​កក្កកដា ឆ្នាំ ១៧៩៨ ។ ក្រុមហ៊ុន​ធ្វើ​នាវា​នេះ​បាន​ផ្សាយ​ពាណិជ្ជកម្ម​ពី​សំភារៈ​ធ្វើ​នាវា​នេះ ដោយ​ធ្វើ​អោយ​មាន​ការ​ចាប់អារម្មណ៍​ជា​ខ្លាំង ។ ការ​ផ្សាយ​ពាណិជ្ជកម្ម​នោះ​មាន​សេចក្ដី​ថា “ចូរ​ចំណាំ! បុត្រា​ដើម្បី​សេរីភាព! សូម​ជួយ​ដល់​ការ​កសាង​នាវា​ដើម្បី​ប្រឆាំង​នឹង​ភាព​គឃ្លើន​របស់​ពួក​បារាំង​និង​ចោរ​សមុទ្រ!”​។
          នាវា Essex ទី ២ ដែល​ជា​នាវា​ដុត​ធ្យូង ពាស​ដែក ត្រូវ​បាន​កសាង​នៅក្នុង​ឆ្នាំ ១៨៥៦ សំរាប់​ប្រើ​ធ្វើ​ជា​សាឡាង ។ ដើម​ឡើយ​នាវា​នេះ​មាន​ឈ្មោះ​ថា New Era (សករាជ​ថ្មី) តែ​បាន​ដូរ​ឈ្មោះ​ជា Essex វិញ​បន្ទាប់​ពី​ក្រសួង​ការពារ​ប្រទេស​បាន​ទិញ​នាវា​នេះ​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ១៨៦១ ។ នាវា​នេះ​បាន​ចូលរួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​កំលាំង​រដ្ឋ​ភាគ​ខាង​ត្បូង​នៅ​លើ​ទន្លេ Cumberland និង​ទន្លេ Tennessee ក្នុង​សង្គ្រាម​ស៊ីវិល​រវាង​រដ្ឋ​នៅ​ភាគ​ខាង​ត្បូង​និង​រដ្ឋ​នៅ​ភាគ​ខាង​ជើង​របស់​សហរដ្ឋ​អាមេរិក ។ នាវា​នេះ​ក៏​ត្រូវ​បាន​គេ​ឈប់​ប្រើ​ក្នុង​សកម្មភាព​ប្រយុទ្ធ នៅ​ថ្ងៃទី ២០ ខែ​កក្កដា ឆ្នាំ ១៨៦៥ ។
          នាវា​ទី ៤ ដែល​មាន​ឈ្មោះ​ថា Essex គឺជា​នាវា​ផ្ទុក​យន្ដហោះ ហើយ​ជា​នាវា​នាំមុខ​គេ​ក្នុង​ចំណោម​នាវា​ផ្ទុក​យន្ដហោះ​ដែល​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ។ ដោយ​ត្រូវ​បាន​ចាប់ផ្ដើម​ប្រើ​នៅ​ក្នុង​ខែ​ធ្នូ ឆ្នាំ ១៩៤២ នាវា​នេះ​បាន​ចូល​បំរើ​ក្នុង​កង​នាវា​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក បន្ទាប់​ពី​ការ​បើក​សាកល្បង​ហើយ ។ នាវា​នេះ​បាន​ទទួល​ជោគជ័យ​ជា​បន្ដបន្ទាប់​ក្នុង​ការ​ប្រយុទ្ធ ហើយ​នៅ​ពេល​ចប់​សង្គ្រាម​លោក​លើក​ទី ២ នាវា​នេះ​បាន​ទៅ​ដល់​ឆក​សមុទ្រ​ក្បែរ​ទីក្រុង​តុក្យូ ។ នាវា​នេះ​បាន​ឈប់​បំរើ​ក្នុង​កង​កំលាំង​ជើងទឹក​នៅ​ក្នុង​ឆ្នាំ ១៩៤៧ រួច​ហើយ​ត្រូវ​បាន​កែ​អោយ​មាន​ភាព​ទំនើប​និង​ចូលរួម​ក្នុង​កង​កំលាំង​ជើង​ទឹក​ឡើងវិញ​ក្នុង​ឆ្នាំ ១៩៥១ ដោយ​មាន​ផ្លូវ​ថ្មី​សំរាប់​យន្ដហោះ​រត់ ប្រកប​ដោយ​សមត្ថភាព​ខ្ពស់ ។ ក្នុង​នាម​ជា​នាវា​បញ្ជាការ​ក្នុង​កង​នាវា​ដែល​មាន​ឈ្មោះ​ថា Carrier Division 1 នេះ​គឺជា​នាវា​ផ្ទុក​យន្ដហោះ​ដំបូង​ដែល​មាន​យន្ដហោះ​ប្រតិកម្ម​ម៉ាស៊ីន​ពីរ F2H "Banshee" ។ នាវា​នេះ​បាន​គាំទ្រ​កងទ័ព​ប្រយុទ្ធ​ក្នុង​សង្គ្រាម​កូរេ ។
និមិត្ដ​សំគាល់​ដែល​ប្រើ​ក្នុង​នាវា USS Essex

​​​​ខែល - ខ្សែ​ពណ៌​ទឹកមាស​ជាប់​នឹង​ផ្ទៃ​ពណ៌​ខៀវ​របស់​ផ្នែក​ជើង​ទឹក​និង​ពណ៌​ក្រហម​ឆ្អាល​នៃ​កង​ម៉ារីន​បង្ហាញ​នូវ​ការ​ឯកភាព​គ្នា​នៃ​ផ្នែក​ទី​ពីរ​នេះ ។ គែម​ពណ៌​ទឹកមាស​បង្ហាញ​ពី​ការ​ឯកភាព​គ្នា​ដែល​ប្រតិបត្ដិការ​រួមគ្នា​ផ្នែក​ជើង​គោក​និង​ជើង​ទឹក​ចាំបាច់​ត្រូវ​មាន ។ លេខ ២ គឺ​លេខ​លំដាប់​របស់​នាវា (LHD 2) ។
          សិរ - សត្វ​ឥន្ទ្រី​ក្បាល​ត្រងោល​ដែល​មាន​ខែល​នៅ​លើ​ទ្រូង​តំណាង​អោយ​សត្វ​ឥន្ទ្រី​ដែល​គេ​ប្រើ​នៅ​លើ​និមិត្ដ​សំគាល់​របស់​នាវា​ទី ៤ ដែល​មាន​ឈ្មោះ​ថា USS Essex ។ ដាវ​របស់​ទាហាន​ម៉ារីន​នៅ​ក្នុង​ក្រញាំ​របស់​សត្វ​ឥន្ទ្រី​បង្ហាញ​ថា​អង្គភាព​ទាហាន​ម៉ារីន​នៅ​លើ​នាវា​គឺជា​កង​កាំភ្លើង​ធំ​សំខាន់​ជាង​គេ​របស់​នាវា USS Essex ។ ទង់​ពណ៌​ក្រហម​តំណាង​អោយ​ការ​លះបង់​និង​ភាព​ក្លាហាន ដែល​ចាំបាច់​ដើម្បី​ទទួល​បាន រង្វាន់​ផ្កាយ ១៣ ក្នុង​សមរភូមិ ក្នុង​សង្គ្រាម​លោក​លើក​ទី ២ និង​ផ្កាយ ៤ នៅ​ក្នុង​សង្គ្រាម​កូរេ ។ ពណ៌​ខ្មៅ សំរាប់​ផ្នែក​បាវចនា​គឺ​ដើម្បី​អោយ​គេ​ងាយ​អាន​និង​មើល​ឃើញ ។ គែម​ពណ៌​ស​នៅ​លើ​ទង់​និង​ផ្កាយ​ពណ៌​ស​គឺជា​និមិត្ដរូប​នៃ​ភាព​បរិសុទ្ធ​នៃ​បុព្វហេតុ​ដែល​នាវា​បំរើ​និង​ការ​ទទួល​បាន​រង្វាន់​សញ្ញា​ផ្កាយ ។
បាវេចនា - បាវចនា​សំដៅ​លើ​កំណត់​សំគាល់​សំរាប់​ប្រជាជន​នៅ​ក្នុង​ស្រុក Essex ក្នុង​រដ្ឋ Massachusetts អោយ​ធ្វើ​ការ​រៃ​អង្គាស​ប្រាក់​សំរាប់​កសាង​នាវា Essex ទី ១ ។
អ្នក​គាំទ្រ - អាំងស៊ីញ​នៃ​ប្រតិបត្ដិការ​ជើង​ទឹក​និង​ជើង​គោក​រួមគ្នា​នៅ​លើ​សមុទ្រ​ប៉ាស៊ីហ្វិក​គឺជា​និមិត្ដរូប​នៃ​ប្រតិបត្ដិការ​បែប​នេះ​នៅ​លើ​សមុទ្រ​នានា​ក្នុង​ពិភពលោក ។
ច្រវ៉ាក់ - និមិត្ដ​សំគាល់​ដែល​មាន ៥ ជ្រុង​ដែល​នៅ​ជុំវិញ​មាន​ច្រវ៉ាក់​មាស តំណាង​អោយ​នាវា​ចំបាំង​ទាំង ៥ ដែល​មាន​ឈ្មោះ​ថា Essex  ។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក