នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធសម្ពោធការិយាល័យច្បាប់ថ្មីនៅស្ថានទូត
ភ្នំពេញ
ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០០៨
 |
លោកឯកអគ្គរដ្ឋទូត Mussomeli (រូបឆ្វេង) និងលោកនាយក Mueller (រូបស្ដាំ) កាត់ខ្សែបូរ សម្ពោធការិយាល័យអនុព័ន្ធច្បាប់របស់ FBI នៅ ភ្នំពេញ ។ រូបពង្រីក |
ក្នុងអំឡុងពេលទស្សនកិច្ចរយៈពេល ២ ថ្ងៃ ពីថ្ងៃទី ៣០ ដល់ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០០៨ លោក Robert S. Mueller, III នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) របស់ប្រទេសអាមេរិកបានសម្ពោធការិយាល័យអនុព័ន្ធច្បាប់ទី ៦០ របស់សហរដ្ឋអាមេរិក ដែលមានទីតាំងស្ថិតនៅក្នុងស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ។ (ការិយាល័យអនុព័ន្ធច្បាប់គឺជាឈ្មោះផ្លូវការសំរាប់ការិយាល័យរបស់ FBI នៅតាមប្រទេសនានា ក្រៅសហរដ្ឋអាមេរិក) ។ ទស្សនកិច្ចនេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសនៅក្នុងតំបន់ ដែលក្នុងនោះលោកក៏បានទៅទស្សនកិច្ចនៅប្រទេសចិន និង ប្រទេសវៀតណាមផងដែរ។ ក្នុងអំឡុងពេលនៃដំណើរទស្សកិច្ចក្នុងប្រទេសកម្ពុជា លោកនាយក FBI Mueller បានជួបជាមួយមន្ដ្រីរាជរដ្ឋាភិបាលកម្ពុជា ដោយរួមទាំងសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងឯកឧត្ដម ស ខេង ឧបនាយករដ្ឋមន្ដ្រី និង ជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃផងដែរ ។
ដោយសារ FBI មិនមានសិទ្ធិធ្វើការស៊ើបអង្កេតនៅបរទេស FBI ធ្វើការជិតស្និទ្ធជាមួយមន្ដ្រីអនុវត្ដច្បាប់កម្ពុជា ក្នុងការតាមដានតំរុយព័ត៌មានទាក់ទងនឹងករណីដែលមានការទាក់ទងនឹងសហរដ្ឋអាមេរិក ។ រាជរដ្ឋាភិបាលកម្ពុជាបានសំដែងចំណាប់អារម្មណ៍ចង់អោយមានតំណាងអចិន្ដ្រៃយ៍របស់ FBI នៅកម្ពុជាកាលពីប៉ុន្មានឆ្នាំមុន តែរហូតទាល់តែស្ថានទូតដូរមកទីតាំងថ្មីក្នុងឆ្នាំ ២០០៦ ទើបស្ថានទូតមានកន្លែង សំរាប់ដាក់ការិយាល័យអនុព័ន្ធច្បាប់ ។ លោក John S. Pistole នាយករង FBI បានប្រកាសពីបំណងរបស់ FBI ក្នុងការបើកការិយាល័យអនុព័ន្ធច្បាប់ នៅទីក្រុងភ្នំពេញក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជាក្នុងខែមិនា ឆ្នាំ ២០០៦ ។ ការិយាល័យនេះធ្វើការជាមួយអាជ្ញាធរអនុវត្ដច្បាប់កម្ពុជាលើបញ្ហាផ្សេងៗដែលជាកង្វល់រួម រួមទាំងភេរវកម្ម ការជួញដូរគ្រឿងញៀនអន្ដរជាតិ ការរត់ពន្ធខុសច្បាប់ និងការជួញដូរមនុស្ស តាមដាននិងបញ្ឈប់ជនជាតិអាមេរិកដែលធ្វើដំណើរទៅបរទេសដើម្បីប្រព្រឹត្ដអំពើអាណាចារលើកុមារ។ ការិយាល័យនេះធ្វើការសំរបសំរួលការប្រឹងប្រែងរបស់សហរដ្ឋអាមេរិកជាមួយភាគីកម្ពុជា ព្រមទាំងផ្ដល់ការជួយដល់ភាគីកម្ពុជា ដូចជាការបណ្ដុះបណ្ដាល ។ ការិយាល័យអនុព័ន្ធច្បាប់នៅភ្នំពេញ ក្រោមការគ្រប់គ្រងរបស់លោក Laro Tan ដែលជាជនជាតិខ្មែរសញ្ជាតិអាមេរិកការទទួលខុសត្រូវលើការងារជាមួយប្រទេសវៀតណាមផងដែរ ។
នៅក្នុងពិធីសម្ពោធ លោកនាយក Mueller បានមានប្រសាសន៍ថា "កម្ពុជាគឺជាប្រទេសសំខាន់មួយសំរាប់យើង ដោយសារលទ្ធភាពនៃការឆ្លងកាត់របស់ជនអាក្រក់ដោយប្រើប្រទេសកម្ពុជាធ្វើជាកន្លែងប្រព្រឹត្ដភេរវកម្ម ។ ដោយឡែក ខ្ញុំអាចនិយាយបានថាទំនាក់ទំនងរបស់យើងក្នុងការដោះស្រាយបញ្ហាភេរវកម្មនិងប្រឈមនឹង ការគំរាមកំហែងភេរវកម្ម អាចយកធ្វើជាគំរូបាន ហើយការផ្លាស់ប្ដូរព័ត៌មានរវាងយើងទាំងពីរគឺល្អបំផុត"។
លោក Robert Mueller បានក្លាយជានាយក FBI ទី៦ របស់ប្រទេសអាមេរិក នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០១ ។ មុនពេលចូលកាន់ការងារក្នុង FBI លោកនាយក Mueller មានបទពិសោធន៍យ៉ាងច្រើនជាមេធាវីព្រមទាំងធ្លាប់ធ្វើជាអនុរដ្ឋមន្ដ្រីស្ដីទីនៃក្រសួងយុត្ដិធម៌សហរដ្ឋអាមេរិកផងដែរ ។ លោកបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យ Princeton ក្នុងឆ្នាំ ១៩៦៦ ហើយបានទទួលសញ្ញាប័ត្រអនុបណ្ឌិតខាងទំនាក់ទំនងអន្ដរជាតិពីសាកលវិទ្យាល័យក្រុងញូយ៉ក ក្នុងឆ្នាំ ១៩៦៧ និងបានទទួលសញ្ញាប័ត្រច្បាប់ពីមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Virginia ក្នុងឆ្នាំ ១៩៧៣ ។