អាជ្ញាធរកម្ពុជាទទួលការហ្វឹកហ្វឺនស្ដីពីការគ្រប់គ្រងករណី
ភ្នំពេញ
ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០០៧
 |
ការថតរួមគ្នារបស់គណៈអធិបតី គ្រូ និង សិក្ខាកាម នៅពេលបើកវគ្គ រូបពង្រីក |
ការិយាល័យអនុព័ន្ធច្បាប់របស់ស្ថានទូតអាមេរិក ដែលជាតំណាងនៅក្នុងស្រុកនៃការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)របស់សហរដ្ឋអាមេរិក បានបញ្ចប់សិក្ខាសាលារយៈពេលប្រាំថ្ងៃនៅក្នុងថ្ងៃនេះ ស្ដីពី “ការគ្រប់គ្រងករណីធំៗ” ។ ការហ្វឹកហ្វឺននេះត្រូវបានធ្វើនៅគណៈកម្មាធិការប្រឆាំងភេរវកម្មជាតិកម្ពុជាក្នុងក្រុងភ្នំពេញ ដោយមានការចូលរួមរបស់មន្ដ្រីយោធានិងមន្ដ្រីនរគបាលថ្នាក់ខ្ពស់ចំនួនប្រហែល ៥០ នាក់ ។ ទោះបីជានេះមិនមែនជាវគ្គហ្វឹកហ្វឺនលើកទីមួយនៅកម្ពុជាដែលឧបត្ថម្ភដោយ FBI ក្ដី តែវាជាការហ្វឹកហ្វឺនលើកដំបូងហើយចាប់តាំងពីការិយាល័យអនុព័ន្ធច្បាប់របស់ស្ថានទូតបានបើកនៅដើមឆ្នាំនេះ ។
លោកស្រី Piper Campbell អនុប្រធានបេសកកម្មទូតសហរដ្ឋអាមេរិក បានចូលរួមបើកសិក្ខាសាលានេះនៅថ្ងៃទី ១៧ ខែកញ្ញា ។ ឯកឧត្ដមឱម យិនទៀង ប្រធានមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិកម្ពុជា បានធ្វើជាតំណាងអោយរាជរដ្ឋាភិបាលកម្ពុជាក្នុងពីធីបើកនោះ ។
ការហ្វឹកហ្វឺនផ្ដោតលើជំនាញបីដែលចាំបាច់សំរាប់រៀបចំនិងគ្រប់គ្រងការស៊ើបអង្កេតធំៗ នោះគឺការសំរេចចិត្ដ បច្ចេកទេសក្នុងការធ្វើទំនាក់ទំនងគ្នា និងការអនុវត្ដទ្រឹស្ដីគ្រប់គ្រងចំពោះស្ថានភាពមានវិបត្ដិនិងករណីធំៗ។ សិក្ខាកាមបានរៀនសូត្រពីការប្រមូលភស្ដុតាង និន្នាការភេរវកម្ម បទឧក្រិដ្ឋកម្មឆ្លងដែន និងទស្សនៈស្ដីពីក្រុមពិសេស (Task Force) ។ បំណងរបស់សិក្ខាសាលាគឺដើម្បីជួយអាជ្ញាធរកម្ពុជាក្នុងការប្រើវិធីសាស្ដ្រដែលត្រូវបានណែនាំមក សំរាប់ប្រមូល គ្រប់គ្រងនិងផ្សព្វផ្សាយព័ត៌មានច្រើនៗទាក់ទងនឹងករណី ដើម្បីជួយក្នុងការរកដំណោះស្រាយអោយឃើញចំពោះករណីធំៗ ។
នៅពេលចប់វគ្គ សិក្ខាកាមត្រូវបានគេរំពឹងថានឹងៈ
- ដឹងពីគោលការណ៍ជាមូលដ្ឋាននៃការគ្រប់គ្រងវិបត្ដិ ហើយដឹងពីប្រព័ន្ធបញ្ជាទាក់ទងនឹងឧបទ្ទវហេតុហើយនិងប្រព័ន្ធគ្រប់គ្រងឧបទ្ទវហេតុថ្នាក់ជាតិ ។
- បានរៀនសូត្រពីគោលការណ៍នៃការគ្រប់គ្រងទីកន្លែងនៃបទឧក្រិដ្ឋ ដែលរួមមានការរកមើលភស្ដុតាងរូបវ័ន្ដដែលងាយនឹងខូចឬបាត់ទៅវិញដូចជាក្រយ៉ៅដៃនិងស្នាមដិតនៅលើកង់ឡានឬឧបករណ៍ ដឹងពីវិធីប្រើប្រភពបំភ្លឺផ្សេងនៅកន្លែងមានប្រព្រឹត្ដបទល្មើសដឹងពីប្រការទាក់ទងនឹងសុវត្ថិភាពក្នុងអំឡុងពេលធ្វើការឆែកឆេរនិងដឹងពីវិធីរកភស្ដុតាងជាឈាមឬវត្ថុរាវនៅក្នុងខ្លួនបានសមស្រប ។
- យល់ពីតួនាទីដ៏មានសារៈសំខាន់នៃគោលនយោបាយស្ដីពីប្រព័ន្ធឃោសនា របស់ទីភ្នាក់ងារអនុវត្ដច្បាប់ ។
- យល់ពីបញ្ហាប្រឈមនឹងនិន្នាការនៃភេរវកម្ម នៅក្នុងតំបន់ ប្រៀបធៀបនឹងសកម្មភាពភេរវកម្មនៅជុំវិញពិភពលោក ។
- យល់ហើយអាចធ្វើការស៊ើបអង្កេតប្រឆាំងភេរវកម្មនានាបានប្រកបដោយប្រសិទ្ធិភាព ។