jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

និស្សិត​កម្ពុជា​ចំនួន​១៨​នាក់​បាន​ទទួល​អាហាររូបករណ៍​ក្រោម​កម្មវិធី Fulbright ដើម្បី​បន្ដ​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក

ភ្នំពេញ
ថ្ងៃទី ១២ ខែ​មិថុនា ឆ្នាំ ២០០៨

 Fulbright Predeparture 08
 លោក​ឯកអគ្គរដ្ឋទូត Mussomeli (​ជួរ​មុខ​ទី​៣ រាប់​ពី​ស្ដាំ​) និង​ឯកឧត្ដម​បណ្ឌិត កុល ផេង (​ជួរ​មុខ​ទី​៣​រាប់​ពី​ឆ្វេង​) និង​និស្សិត​កម្ពុជា​ចំនួន ១០ នាក់​ថ្មី​ដែល​ទទួល​បាន​អាហារូបករណ៍ Fulbright​។ រូប​ពង្រីក
​          ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​រៀបចំ​ពិធី​ណែនាំ​សំណេះ​សំណាល​មុន​ពេល​ចេញ​ដំណើរ​របស់​និស្សិត​កម្ពុជាចំនួន ១០ នាក់ ដែល​នឹង​ត្រូវ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ថ្នាក់​ក្រោយ​ឧត្ដមសិក្សា ក្នុង​នាម​ជា​និស្សិត​ថ្មី​ដែល​ទទួល​អាហាររូបករណ៍រ​ពី​កម្មវិធី Fullbright។ ពួកគេ​នឹង​ចូលរួម​ជាមួយ​និស្សិត​កម្ពុជា​ចំនួន​ ៨​នាក់​ទៀត​ដែល​កំពុង​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​ក្រោម​ការ​ឧបត្ថម្ភ​របស់​កម្មវិធី​អាហាររូបករណ៍ Fulbright ដូច្នេះ​សំរាប់​ឆ្នាំ​សិក្សា ២០០៨-២០០៩ នេះ​មាន​និស្សិត​កម្ពុជា​សរុប​ចំនួន​១៨​នាក់​ដែល​ទទួល​បាន​អាហាររូបករណ៍ Fulbright​។ នេះ​ជា​លើក​ដំបូង​ហើយ​ដែល​មាន​និស្សិត​កម្ពុជា​ទៅ​បន្ដ​ការ​សិក្សា​ថ្នាក់​បណ្ឌិត​ក្រោម​ថវិការ​អាហារូបករណ៍ Fullbright ។ 

​          លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក Joseph A. Mussomeli និង ឯកឧត្ដម កុល ផេង ទេសរដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ធ្វើ​ជា​គណៈអធិបតី​ក្នុង​ពិធី​នោះ ។ បន្ទាប់​ពី​ពិធី​បើក​ចប់​និស្សិត​ថ្មី​ទាំង​នោះ និង​ឪពុក​ម្ដាយ​របស់​គេ​មាន​ឱកាស​ពិភាក្សា​ពី​ការ​រស់នៅ និង​ការ​សិក្សា​ក្នុង​សហរដ្ឋ​អាមេរិក​ជាមួយ​អតីត​និស្សិត​អាហារូបករណ៍ Fulbright ពីរ​នាក់​ដែល​ទើបតែ​ត្រឡប់​មក​វិញ​គឺ​លោក ចាន់ វីរៈ ដែល​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​ផ្នែក​បង្រៀន​ភាសា​អង់គ្លេស​ជា​ភាសា​ទី ២ ពី​សាកលវិទ្យាល័យ San Jose State University និង​កញ្ញា នួន មុន្នី​សោភ័ណ ដែល​បាន​ទទួល​សញ្ញាប័ត្រ​ផ្នែក​គ្រប់គ្រង​កិច្ចការ​ក្រុមហ៊ុន ពី​សាកលវិទ្យាល័យ Brandeis University ។

​          កម្មវិធី​អាហារូបករណ៍ Fulbright ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភា​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ ១៩៤៥ ដើម្បី​បង្កើន​ការ​យល់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ប្រជាជន​អាមេរិក​និង​ប្រជាជន​ក្នុង​បណ្ដា​ប្រទេស​ដទៃ​ទៀត ។ កម្មវិធី​អាហាររូបករណ៍​នេះ​ត្រូវ​បាន​បង្កើត​អោយ​មាន​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ១៩៩៤ ។ ចាប់​តាំងពី​ពេល​នោះ​មក និស្សិត​កម្ពុជា​ចំនួន ៩៤​នាក់ តាមរយៈ​កម្មវិធី​នេះ បាន​ទៅ​សិក្សា​ថ្នាក់​ក្រោយ​ឧត្ដមសិក្សា​ក្នុង​សហរដ្ឋ​អាមេរិក ហើយ​មាន​និស្សិត​អាហារូបករណ៍​និង​អ្នក​ឯកទេស​ជាន់​ខ្ពស់​អាមេរិក ៤៤ នាក់ បាន​មក​បង្រៀន​តាម​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជួយ​ក្នុង​ការ​រៀបចំ​កម្មវិធី​សិក្សា ។

​          ក្នុង​សុន្ទរកថា​របស់​លោក លោក​ឯកអគ្គរដ្ឋទូត Mussomeli បាន​មាន​ប្រសាសន៍​ថា "អ្នក​នឹង​ត្រូវ​ឈាន​ជើង​ចូល​ទៅ​ក្នុង​ការ​ផ្សងព្រេង​មួយ​ដែល​នឹង​ធ្វើ​អោយ​ជីវិត​របស់​អ្នក​មាន​ការ​ផ្លាស់ប្ដូរ ។ អ្នក​មិន​ត្រឹមតែ​នឹង​ចូលរួម​ក្នុង​កម្មវិធី​សិក្សា​ដែល​នឹង​ពង្រឹង​ជំនាញ​និង​ការ​អភិវឌ្ឍន៍​សំរាប់​ខ្លួន​អ្នក​តែ​ប៉ុណ្ណោះ​ទេ   តែ​អ្នក​ក៏​នឹង​ត្រូវ​ដើរតួ​ជា​ឯកអគ្គរដ្ឋទូត​វប្បធម៌​នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​ក្នុង​អំឡុង​ពេល​អ្នក​ស្នាក់​នៅ​ទីនោះ​ដោយ​ធ្វើ​អោយ​ជនជាតិ​អាមេរិក​មាន​កា​យល់ដឹង​កាន់តែ​ច្រើន​ស្ដីពី​ប្រទេស​កម្ពុជា ។

​          ប្រភព​ថវិកា​សំខាន់​សំរាប់​កម្មវិធី Fulbright គឺ​ថវិកា​កំណត់​ប្រចាំ​ឆ្នាំ​របស់​សភា សំរាប់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក ។ ថវិកា​កំណត់​សំរាប់​កម្មវិធី Fulbright នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០០៨ គឺ ៥០០ ០០០ ដុល្លា​អាមេរិក ។ ក្រៅពី​នេះ សាកលវិទ្យាល័យ​នានា​នៅ​សហរដ្ឋ​អាមេរិក ដែល​ទទួល​និស្សិត​អាហារូបករណ៍ Fulbright កម្ពុជា​សំរាប់​ឆ្នាំ​សិក្សា ២០០៨-២០០៩ នឹង​រួម​វិភាគទាន​បន្ថែម​ចំនួន ១៧០ ០០០ ដុល្លា​ថែម​ទៀត ជា​អាហារូបករណ៍ និង​ជា​ការ​ជួយ​រំលែក​សោហ៊ុយ​ចំណាយ ដែល​ជា​ការ​ធ្វើអោយ​ថវិកា​របស់​កម្មវិធី Fulbright នៅ​ឆ្នាំ​នេះ​ឡើង​ដល់ ៦៧០ ០០០ ដុល្លា​អាមេរិក ។

​          កម្មវិធី​អាហាររូបករណ៍ Fulbright  ឧបត្ថម្ភ លើ​ការ​ចំណាយ ក្នុង​ការ​ធ្វើ​ដំណើរ ទៅ​មក​សហរដ្ឋ​អាមេរិក ថ្លៃ​សិក្សា ថ្លៃ​បង់​ផ្សេង​ៗ និង​សោហ៊ុយ​ចំណាយ​លើ​ការ​រស់នៅ​សំរាប់​និស្សិត​ពេញ​ម៉ោង​ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា (​លើកលែង​ករណី​ត្រូវ​បាន​កត់សំគាល់​ដូច​ខាង​ក្រោម​)​។ ដំណើរការ​ដាក់​ពាក្យសុំ​អាហារូបករណ៍​ពី​កម្មវិធី​នេះ​សំរាប់​និស្សិត​កម្ពុជា​ចាប់ផ្ដើម​នៅ​ខែ​មីនា​រៀងរាល់​ឆ្នាំ​ដោយ​បុគ្គលិក​ស្ថានទូត​អាមេរិក​ដើរ​ជំរាប​ព័ត៌មាន​ស្ដីពី​ដំណើរការ​ដាក់​ពាក្យសុំ​នេះ​នៅ​តាម​សាកល វិទ្យាល័យ​នានា​ទូទាំង​ប្រទេស​កម្ពុជា​។

​          ដើម្បី​អាច​ដាក់​ពាក្យសុំ​អាហាររូបករណ៍​ក្នុង​កម្មវិធី Fullbright អ្នក ដាក់​ពាក្យសុំ​ត្រូវតែ​៖

  • មាន​ប្រវត្ដិ​នៃ​ការ​សិក្សា​ច្បាស់លាស់​និង ពិន្ទុ​ល្អ​ប្រពៃ​នៅ​ក្នុង​ការ​សិក្សា ពី​មុន​មក ។
  • មាន​សញ្ញាប័ត្រ​បរិញ្ញា​ពី​មហាវិទ្យាល័យ ឬ​សកលវិទ្យាល័យ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់ ។
  • មាន​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​គ្រប់គ្រាន់ (​ពិន្ទុ TOEFL យ៉ាង​តិច ៥៥០​) ។
  • អាច​សំរប​ខ្លួន​ទៅ​នឹង​បរិយាកាស​នៅ​ឯ​បរទេស​បាន ។
  • មាន​សុខភាព​ល្អ​ហើយ​អាច​ចូលរួម​ក្នុង​កម្មវិធី​សិក្សា ដែល​មាន​ការ​ពិបាក ។

​          ដោយសារ​ថា​កម្មវិធី​អាហារូបករណ៍ Fulbright គឺជា​កម្មវិធី​ធ្វើ​ការ​ផ្លាស់ប្ដូរ​គ្នា ដូច្នេះ​គេ​ក៏​គួរ​ធ្វើ​ការ​កត់សំគាល់​ផង​ដែរ​ថា​ក្នុង​ឆ្នាំ​សិក្សា​ក្រោយ​នេះ​យើង​ក៏​ នឹង​បញ្ជូន​ផង​ដែរ​នូវ​អ្នក​ទទួល​អាហារូបករណ៍ Fulbright ជា​ជនជាតិ​អាមេរិក​ចំនួន ២ នាក់​ដែល​នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​រៀបចំ​កម្មវិធី​សិក្សា​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​សិក្សា​អប់រំ​នៅ សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ និង​ផ្នែក មុខ​ជំនួញ​ទីផ្សា​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង ។ ក្រៅ​ពី​នេះ យើង​នឹង​បញ្ជូន​និស្សិត​អាមេរិក​ចំនួន ៤ នាក់ មក​កម្ពុជា​ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី Fubright ។ ស្ថាប័ន​អប់រំ​ថ្នាក់​ឧត្ដមសិក្សា​របស់​សហរដ្ឋ​អាមេរិក​រំពឹង​លើ​អ្នក​ទាំង​នេះ​ក្នុង​ការ​ផ្សព្វផ្សាយ​ការ​យល់ដឹង​ពី​ប្រទេស​កម្ពុជា​ទៅ​និស្សិត​អាមេរិក​ក្នុង​ឆ្នាំ​ខាង​មុខ​ៗ​ដូច្នេះ​យើង​រីករាយ​នឹង​ឧបត្ថម្ភ​ដល់​និស្សិត​ទាំង​នេះ​ផង​ដែរ ។

​          តាំងពី​ពេល​បង្កើត​ឡើង​មក​កម្មវិធី Fulbright បាន ផ្ដល់​អាហារូបករណ៍​ដល់​មនុស្ស​ជាង ២៨៦ ០០០ នាក់ ដែល​ត្រូវ​បាន​ជ្រើសរើស​ចំពោះ​សក្ដានុពល​របស់​គេ​ក្នុង​ការ​ដឹកនាំ​ដើម្បី​អោយ​ពួកគេ​មាន​ឱកាស​សង្កេត​មើល​ស្ថាប័ន​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​ពី​គ្នា ផ្លាស់ប្ដូរ​មតិ​យោបល់ និង ផ្ដើម​ការ​ផ្សងព្រេង​ជាមួយ​គ្នា ដែល​មាន​សារៈសំខាន់​ដល់​សុខមាលភាព​ទូទៅ​របស់​មនុស្ស​ដែល​រស់នៅ​ក្នុង​ពិភពលោក ។ អតីត​អ្នក​ទទួល​អាហាររូបករណ៍ Fulbright មាន​អាជីព​ផ្សេង​ៗ​គ្នា​ច្រើន​ដោយ​មាន​ទាំង​ប្រមុខរដ្ឋ រដ្ឋមន្ដ្រី ឯកអគ្គរដ្ឋទូត សមាជិក​សភា ចៅក្រម ប្រធាន​សារជីវកម្ម នាយក សាកលវិទ្យាល័យ  អ្នក​កាសែត សិល្បៈករ សាស្ដ្រាចារ្យ គ្រូ​បង្រៀន អ្នក​សំដែង​ភាពយន្ដ​ឈ្មោះ John Lithgow អ្នក​និពន្ធ ឈ្មោះ Philip Glass អ្នក​ចំរៀង​អូប៉េរ៉ា​ឈ្មោះ Renee Fleming និង​អ្នក សេដ្ឋកិច្ចវិទូ​ឈ្មោះ Joseph Stiglitz ដែល​សុទ្ធតែ​ស្ថិត​ក្នុង​ចំណោម​ជនជាតិ​អាមេរិក​ល្បី​ៗ​ធ្លាប់​ទទួល​អាហារូបករណ៍​ពី​កម្មវិធី​នេះ ។

​          នៅ​ប្រទេស​កម្ពុជា​មាន​អ្នក​ត្រឡប់​មកពី​សិក្សា​ក្នុង​កម្មវិធី Fullbright មួយ​ចំនួន​កំពុងតែ​ធ្វើការ​ក្នុង​មុខតំណែង​សំខាន់​ៗ​ក្នុង​ក្រសួង​ហិរញ្ញវត្ថុ ក្រសូង​កសិកម្ម ការ​អភិរក្ស​ធនធាន​ធម្មជាតិ និង​ក្រសួង​មហាផ្ទៃ​ជាដើម ។ មាន​ច្រើន​នាក់​ ផ្សេង​ទៀត​កំពុង​ធ្វើជា​សាស្ដ្រាចារ្យ​នៅ​តាម​សាកលវិទ្យាល័យ​នានា​ៗ និង​ជា​មន្ដ្រី​កម្មវិធី​ថ្នាក់​ជាតិ​ក្នុង​កម្មវិធី​ផ្សេង​ៗ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​អង្គការ​អន្ដរជាតិ​ផ្សេង​ៗ ។

និស្សិត​កម្ពុជា​ដែល​ទទួល​អាហារូបករណ៍ Fulbright ក្នុង​ឆ្នាំ​សិក្សា ២០០៨-២០០៩

​        និស្សិត​ថ្មី

  1. កញ្ញា ឃុន ចាន់ណារី  បណ្ឌិត​ផ្នែក​សេដ្ឋកិច្ច Southern Illinois University  Carbondale
  2. លោក ជា កញ្ញារិទ្ធិ  អនុបណ្ឌិត​ផ្នែក​គណិតវិទ្យា​អនុវត្ដន៍ Arizona State University
  3. កញ្ញា ប្រាក់ ឋបនវតី  អនុបណ្ឌិត​ផ្នែក​ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​ការ​អប់រំ និង​ការ​វិភាគ​គោលនយោបាយ Portland State University
  4. កញ្ញា ប៉ោ ស៊ីដូនី  អនុបណ្ឌិត​ផ្នែក​បច្ចេកវិជ្ជា​អប់រំ Columbia University
  5. លោក ស៊ីម ហូយឈុង  អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ក្រុមហ៊ុន Brandeis University
  6. កញ្ញា អ៊ូ ជូលី បណ្ឌិត​ផ្នែក​ការ​សិក្សា​ពី​បរិស្ថាន ការ​អភិរក្ស​ជីវសាស្ដ្រ​ចំរុះ Texas A & M University
  7. កញ្ញា ស សម្ពស្ស អនុបណ្ឌិត​ផ្នែក​ការ​អប់រំ​៖ ការ​តាក់តែង​កម្មវិធី​សិក្សា​សំរាប់​ថ្នាក់​មធ្យមសិក្សា University of Kansas
  8. កញ្ញា គឹម សូលីដា អនុបណ្ឌិត​ផ្នែក​វិទ្យាសាស្ដ្រ​កុំព្យូទ័រ Purdue University
  9. លោក ជូ ចំណាន អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ក្រុមហ៊ុន Worcester Technology        Institute
  10. លោក ហោ សុខណាក អនុបណ្ឌិត​ផ្នែក​គមនាគមន៍ និង​សារព័ត៌មាន American       University, School of Communication

​         និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ជា​បន្ដ

  1. កញ្ញា ឌី កែវគន្ធា  អនុបណ្ឌិត​ផ្នែក​សុខភាព​សាធារណៈ Indiana State University
  2. លោក ពៅ វ៉ាត់ថាណា  អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​សំណង់ Virginia Polytechnic
  3. លោក សៀង សូល័ក្ខ  អនុបណ្ឌិត​ផ្នែក​សារព័ត៌មាន University of Kansas
  4. លោក ហេង ពីផល  អនុបណ្ឌិត​ផ្នែក​បូរាណវិទ្យា University of Hawaii, Manao
  5. លោក ជូ ហួត  អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច Syracuse University
  6. កញ្ញា អ៊ុង បុប្ពា  អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​អប់រំ State  University of New York,       Buffalo
  7. កញ្ញា ពូ ពេជរចនា  អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ក្រុមហ៊ុន University of Akron
  8. លោក ធី ខេមរា  អនុបណ្ឌិត​ផ្នែក​សេដ្ឋកិច្ច New York Universit

* លោក ហោ​សុខណាក់ ទទួល​ថវិកា​មួយ​ផ្នែក

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ដុំរូបថត -
ដុំរូបថត

- ភាសា -

គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។




 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក