វគ្គបណ្តុះបណ្តាលស្តីពីគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពពិភពលោក និងការចូលរួមក្នុងការថែរក្សាសន្តិភាពរបស់សហប្រជាជាតិនៅពេលអនាគត
វិទ្យាស្ថានថែរក្សាសន្តិភាព ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
នៅឯវិទ្យាស្ថានថែរក្សាសន្តិភាព ដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកឧត្តុង្គ កងយោធពលខេមរភូមិន្ទកំពុងតែចូលរួមក្នុងការហ្វឹកហ្វឺនលើកទី ២ ក្រោមគំនិតផ្តួចផ្តើមប្រតិបត្តិការសន្តិភាពពិភពលោក (GPOI) ។ ការហ្វឹកហ្វឺន GPOI លើកដំបូង ដែលមានឈ្មោះថា កម្មវិធីបណ្តុះបណ្តាលគ្រូបង្គោល ត្រូវបានធ្វើឡើងនៅខែធ្នូ ហើយត្រូវបានដឹកនាំដោយគ្រូមកពីកងទ័ពអាមេរិក ដោយបានបណ្តុះបណ្តាលទាហានកម្ពុជាចំនួន ១៨៦ នាក់អោយធ្វើជាគ្រូសំរាប់អនាគត។ ពេលនេះ គ្រូទាំងនេះកំពុងតែបង្រៀនយុទ្ធជនរបស់គេ សំរាប់បំពេញបេសកកម្មថែរក្សាសន្តិភាពអន្តរជាតិនិងក្នុងតំបន់ នាពេលអនាគត។ ការហ្វឹកហ្វឺននៅពេលនេះដំណើរការដោយកងយោធពលខេមរភូមិន្ទសុទ្ធសាត ដោយមានការជួយតិចតួចបំផុតពីអ្នកសង្កេតការយោធាអាមេរិក។
ការរៀនសូត្រនៅឧត្តុង្គមានការរៀននៅក្នុងថ្នាក់ផង ការហ្វឹកហាត់នៅលើទីលានផង។ នៅខែមិថុនា ឆ្នាំ ២០០៩ ទាហានដែលកំពុងហ្វឹកហាត់នៅពេលនេះ នឹងចូលរួមក្នុងការហ្វឹកហ្វឺនថែរក្សាសន្តិភាពរួមគ្នាមួយ នៅប្រទេសឥណ្តូនេស៊ី។ ទាហានទាំងនេះនឹងត្រូវបានអញ្ជើញអោយចូលរួមក្នុងការហ្វឹកហ្វឺន GPOI រួមគ្នាមួយនៅប្រទេសម៉ុងហ្គោលី នៅខែសីហាក្រោយ។ នៅពេលត្រូវបានសួរពីភាពត្រៀមជាស្រេចរបស់ទាហាន គ្រូបង្វឹកម្នាក់បានឆ្លើយថា “គ្រូបង្វឹកនិងសិស្សកម្ពុជាមានទំនុកចិត្តលើសមត្ថភាពរបស់ខ្លួនឯង និងមានសោមនស្សជាខ្លាំង។ ពួកគេស្ថិតក្នុងចំណោមអ្នកមានសមត្ថភាពខ្ពស់ៗ ហើយត្រូវបានជ្រើសចេញពីអង្គភាពនានា ដោយផ្អែកលើការធ្វើតេស្តលើចំណេះដឹងទូទៅ និងជំនាញភាសាបរទេស។”
លោកវរសេនីយឯក កែ សាវឿន នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា “ពីមុន យើងពឹងផ្អែកលើគ្រូអាមេរិកនិងគ្រូរបស់សហប្រជាជាតិ ក្នុងការបង្រៀនទាហានថែរក្សាសន្តិភាពរបស់យើង។ នៅពេលនេះ យើងធ្វើដោយខ្លួនឯង។ គ្រូអាមេរិកនិងគ្រូមកពីសហប្រជាជាតិចាំតែវាយតំលៃគ្រូរបស់យើងតែប៉ុណ្ណោះ។ គ្រូជនជាតិខ្មែរអាចបង្រៀនបានល្អដល់ទាហានខ្មែរ។ កម្ពុជាអាចបញ្ជូនកំលាំងថែរក្សាសន្តិភាពទៅបរទេសបាន តាមការស្នើសុំរបស់អង្គការសហប្រជាជាតិនិងប្រទេសជាមិត្ត នៅក្នុងតំបន់។”