សហរដ្ឋអាមេរិកផ្ដល់កិត្ដិយសដល់ការសរសេរអត្ថបទស៊ើបអង្កេតឆ្នើមៗ នៅកម្ពុជា
សណ្ឋាគារកាំបូឌីយ៉ាណា ភ្នំពេញ
ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០០៨
 |
| លោកឯកអគ្គរដ្ឋទូត Mussomeli (ទី ៣ រាប់ពីខាងស្ដាំ) ថតរូបជាមួយអ្នកទទួលជ័យលាភីលើគេទាំង ៥ នាក់ ក្នុងការប្រលងសរសេរអត្ថបទស៊ើបអង្កេត ។ រូបពង្រីក |
ក្លឹបអ្នកសារព័ត៌មានកម្ពុជា (CCJ) បានប្រកាសជ័យលាភីក្នុង "ការប្រលងដណ្ដើមយករង្វាន់ផ្នែកសារព័ត៌មានស៊ើបអង្កេត" នៅក្នុងពិធីប្រគល់រង្វាន់ដ៏អធិកអធមមួយ នៅក្រុងភ្នំពេញ ។ ការប្រលងនេះត្រូវបានរៀបចំឡើងក្រោមការឧបត្ថម្ភរបស់ស្ថានទូតសហរដ្ឋអាមេរិក ដើម្បីលើកទឹកចិត្ដអោយផ្នែកសារព័ត៌មាននៅប្រទេសកម្ពុជាដើរតួនាទីជាអ្នកតាមឃ្លាំមើលកាន់តែខ្លាំងក្លាឡើង នៅក្នុងលទ្ធិប្រជាធិបតេយ្យដ៏ក្មេងខ្ចីនៃប្រទេសនេះ និងដើម្បីគាំទ្រអោយមានតំលាភាពកាន់តែច្រើនឡើង ។ អ្នកឈ្នះរង្វាន់ក្នុងការប្រលងនេះមានៈ
លេខ ១ បានទៅលើអត្ថបទមានចំណងជើងថា "ជំលោះដីធ្លី និងភាពមិន ប្រក្រតីក្នុងការគ្រប់គ្រងដីធ្លី នៅអូជ្រៅ " របស់លោក អោម ឡាយុំ អ្នកយកព័ត៌មានអោយកាសែតរស្មីកម្ពុជា (រង្វាន់មានពាន និងប្រាក់ ១១០០ ដុល្លាអាមេរិក)
រង្វាន់លេខ ២ បានទៅលើអត្ថបទមានចំណងជើងថា "ហេតុអ្វីក៏សេវាសាធារណៈមិនមានប្រសិទ្ធិភាព?" របស់លោក លាង ដឺលុច អ្នកយកព័ត៌មានអោយកាសែតកាំបូដស័រ និងវិទ្យុ Radio France International (រង្វាន់ពាន និងប្រាក់ ៨០០ ដុល្លាអាមេរិក) ។
រង្វាន់លេខ ៣ បានទៅលើអត្ថបទមានចំណងជើងថា " វាសនាខុសៗគ្នានៃអ្នកសំណង់អាណាធិបតេយ្យ ដែលត្រូវគេបណ្ដេញចេញពីទីក្រុងភ្នំពេញ" របស់កញ្ញា អ៊ុង ចាន់សុភា អ្នកយកព័ត៌មានអោយកាសែតកាំបូដស័រ (រង្វាន់មានពាន និងប្រាក់ ៦០០ ដុល្លាអាមេរិក)
រង្វាន់លេខ ៤ បានទៅលើអត្ថបទមានចំណងជើងថា "ជនរងគ្រោះប្រកាន់ ពេទ្យប្រកែក រឿងមនុស្សស្លាប់ " របស់លោក ហង្ស សុមុនី អ្នកយកព័ត៌មានអោយទស្សនាវដ្ដីសង្គម (រង្វាន់មានប្រាក់ ៣០០ ដុល្លាអាមេរិក)
រង្វាន់លេខ ៥ បានទៅលើអត្ថបទមានចំណងជើងថា "ការផ្ដល់កំរ៉ៃជើងសារខ្ពស់កំពុងធ្វើអោយប៉ះពាល់ដល់វិស័យទេសចរណ៍នៅកម្ពុជា" របស់លោកនេត្រ ភក្ដ្រា អ្នកយកព័ត៌មានអោយកាសែតសំណេរថ្មី និងជាចាងហ្វាងកាសែត The Mekong Times (រង្វាន់មានប្រាក់ ៣០០ ដុល្លាអាមេរិក)
ក្នុងសុន្ទរកថារបស់លោក នៅឯពិធីផ្ដល់រង្វាន់ លោកឯកអគ្គរដ្ឋទូតអាមេរិក Joseph A. Mussomeli បានមានប្រសាសន៍ថា "តាមរយៈការធ្វើអោយសាធារណៈជនខ្មែរដឹងពីបញ្ហា ដែលលោកអ្នកបានសរសេរ លោក អ្នកកំពុងតែជួយប្រទេសកម្ពុជាអោយសំរេចបាននូវក្ដឹសង្ឃឹមនៃលទ្ធិប្រជាធិបតេយ្យ ។ ចូរចាំថា លោកអ្នកគឺ ជាអ្នកថែរក្សាមនសិការសំរាប់ប្រទេសរបស់លោកអ្នក ។"
គំនិតនៃការរៀបចំការប្រលងនេះមានឡើងក្នុងពេលទស្សនកិច្ច កាលពីឆ្នាំ ២០០៦ នៅភ្នំពេញ របស់លោក Jerry Kammer អ្នកទទួលជ័យលាភីរង្វាន់ធំ Pulitzer ផ្នែកសារព័ត៌មាន ដើម្បីបើកសិក្ខាសាលាមួយស្ដីពី វិជ្ជាជីវៈផ្នែកសារព័ត៌មានស៊ើបអង្កេត សំរាប់អ្នកសារព័ត៌មានកម្ពុជាមួយក្រុមតូច ។ ក្នុងពេលនោះ លោក Kammer បានប្រើប្រាស់ថវិការបស់លោកផ្ទាល់ ដើម្បីជួយឧបត្ថម្ភកម្មវិធីផ្ដល់រង្វាន់ដល់អ្នកសារព័ត៌មាន ក្នុងសិក្ខាសាលានោះ ។ កម្មវិធីនោះមានជោគជ័យច្រើនក្នុងការលើកទឹកចិត្ដអោយអ្នកសារព័ត៌មានសរសេរព័ត៌មានស៊ើបអង្កេត ហើយស្ថានទូតអាមេរិកក៏បានសំរេចចិត្ដធ្វើការជាមួយក្លឹបអ្នកសារព័ត៌មានកម្ពុជា ដើម្បីរៀបចំកម្មវិធី ដែលបើកអោយមានការចូលរួមពីអ្នកសារព័ត៌មានកម្ពុជាទាំងអស់ ។
អត្ថបទជំរើសល្អជាងគេចំនួន ១០ ត្រូវបានជ្រើសរើសដោយអ្នកសារព័ត៌មានកម្ពុជាឆ្នើមៗមួយក្រុម ដោយ អ្នកឈ្នះរង្វាន់លើគេចំនួន ៥ នាក់ ត្រូវបានសំរេចដោយសហមេប្រយោគ គឺលោកកែ មុនទិត (AP) និងលោក Jerry Kammer ។ ក្នុងការជ្រើសរើសអ្នកឈ្នះជុំចុងក្រោយទាំងអស់ មេប្រយោគមិនត្រូវបានប្រាប់ពីឈ្មោះ ឬ សារព័ត៌មាន ឬវិទ្យុ របស់បេក្ខជនឡើយ ។
ក្លឹមអ្នកសារព័ត៌មានកម្ពុជាគឺជាអង្គការអព្យាក្រិត្យ ឯករាជ្យ និងមិនស្វែងរកផលចំណេញទេ ដោយមានបេសកកម្មជំរុញសេរីភាពផ្នែកសារព័ត៌មាន ការពារអ្នកសារព័ត៌មាន និងធ្វើអោយប្រព័ន្ធផ្ដល់ព័ត៌មាននៅកម្ពុជាប្រកបដោយលក្ខណៈវិជ្ជាជីវៈត្រឹមត្រូវ ។