បុណ្យទិវាឯករាជ្យលើកដំបូងបង្អស់រៀបចំដោយសហគមន៍ជនជាតិអាមេរិកនៅភ្នំពេញ
ស្ថានទូតអាមេរិក នៅភ្នំពេញ
ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៧
 |
ស្ថានទូតអាមេរិកគឺជាទីកនែ្លងដែលសហគមន៍ ជនជាតិអាមេរិករៀបចំបុណ្យទិវា ឯករាជ្យជាលើកដំបូងបង្អស់ ។ រូបពង្រីក |
ដើម្បីអបអរខួបលើកទី ២៣១ នៃការចុះហត្ថលេខាលើសេចក្តីប្រកាសឯករាជ្យ ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញបានរៀបចំបុណ្យទិវាឯករាជ្យសំរាប់សហគមន៍ជនជាតិអាមេរិកនៅកម្ពុជា។អ្នករៀបចំពិធីនោះគឺក្រុមប្រឹក្សាជំនួញកម្ពុជា អាមេរិក និងសាខាក្នុងស្រុកនៃអង្គការអតីតយុទ្ធជនក្នុងសង្រ្គាមនៅបរទេស ។មនុស្សជាង៨០០នាក់បានចូលរួមក្នុងពិធីនោះ ដែលមានការសំដែងរហ័សសកម្ម ថ្លុក ការសំដែងកាយសម្ព័ន្ធ ការដើរលើជើងឈើ ការគូរមុខ ល្បែងគប់ទឹក ការប្រឡងហូបសាច់ក្រកអាមេរិក និងហូបនំប្រៃ និងតន្រី្តប្រគុំដោយក្រុមតុកកែខៀវ ។ផ្នែកសំខាន់មួយនៃពិធីនោះគឺការដើរបង្ហាញពណ៌ដោយកងសនិ្តសុខម៉ារីនអាមេរិកនៅភ្នំពេញ និងការច្រៀងចំរៀងជាតិអាមេរិកដោយអ្នកស្ម័គ្រចិត្តអង្គការ Peace Corps ដែលមានឈ្មោះ Autumn West, Kara Snyder និង Sam Snyder ។
ក្រុមបុគ្គលិកស្ថានទូតនិងសមាជិកគ្រួសារចំនួន ៨ នាក់បានច្រៀងនិងរាំរបាំរយៈពេលកន្លះម៉ោង ប្រាប់ពីប្រវតិ្តតន្រី្តអាមេរិក តាំងពីការចាប់កំណើតនៃប្រជាជាតិរហូតមកទល់នឹងពេលសព្វថ្ងៃនេះ ។អ្នកសំដែងមាន Gary Brazeau (ផ្នែកទំនាក់ទំនងសហគមន៍) Greg Buford (សមាជិកគ្រួសារ) Piper Campbell (អនុប្រធានបេសកកម្មការទូត) Jeff Daigle (កិច្ចការសាធារណៈ) Janet Deutsch (នយោបាយ) អៀសោភ័ណ្ឌ (គ្រប់គ្រងថវិកា/ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ) Sook Fan Simpson (កិច្ចការសាធារណៈ) និង Dana Williams (សេវាទូទៅ) ។ ចំណុចគួរអោយចាប់អារម្មណ៍ជាងគេក្នុងការសំដែងនោះគឺមានការធ្វើត្រាប់តាម Andrew Sisters, Elvis និង the Beatles ។ តែមានការទះដៃច្រើនជាងគេចំពោះការរាំតាមចង្វាក់ rap របស់អនុប្រធានបេសកកម្មទូត Campbell តាមបទដែលមានចំណងជើងថា “Gonna Make You Sweat”។ ក្រុមនេះទទួលបានការសរសើរចំពោះការសំដែងរបស់គេ ហើយតូ្រវបានស្នើសុំអោយសំដែងម្តងទៀត ក្នុងពិធីផ្សេងទៀតនៅក្នុងស្រុក ។
អ្នកឈ្នះការប្រកួតហូបសាច់ក្រកអាមេរិកាំងដែលឧបត្ថម្ភដោយហាង Sharky Bar គឺលោក Mike Krutsch ដែលបានបរិភោគអស់សាច់ក្រកចំនួន ៨ ក្នុងពេល ១២ នាទី។ លោកបានទទួលប្រាក់ចំនួន ២៥ ដុល្លា ពី Dan Meats ហើយអ្នកចូលរួមប្រកួតម្នាក់ៗទទួលបានអាវយឺតពិសេសទាក់ទងនឹងការប្រកួតបរិភោគសាច់ក្រកអាមេរិកាំងថ្ងៃ ៤ កក្កដា ពីហាង Sharky ។អ្នកឈ្នះការប្រកួតហូបនំប្រៃគឺលោកសុខ សុភ័កិ្ត ដែលបានបរិភោគអស់ ៥ដុំ ក្នុងពេល ៥ នាទី (ដោយមិនមានផឹកទឹក) ហើយបានទទួលរង្វាន់ហូបបាយល្ងាចម្តងសំរាប់មនុស្សពីរនាក់នៅហាង Tony Bar ដែលបានធ្វើការឧបត្ថម្ភក្នុងកម្មវិធីនេះ ។
ស្ថានទូតអាមេរិកនិងសហអ្នករៀបចំកម្មវិធីមានសេចកី្តរីករាយនឹងការប្រព្រឹត្តទៅរបស់ពិធីនោះ ។នេះជាទិវាបុណ្យឯករាជ្យលើកទី ១ ហើយដែលត្រូវបានរៀបចំសំរាប់សហគមន៌អាមេរិកនៅស្ថានទូតអាមេរិកថី្ម ហើយយើងបានទទួលប្រតិកម្មតបជាវិជ្ជមាន ។ យើងបានគ្រោងរួចហើយថានឹងរៀបចំពិធីនេះអោយបានធំនិងល្អជាងនេះនៅឆ្នាំក្រោយ ។
ក្រុមប្រឹក្សាជំនួញកម្ពុជា អាមេរិក (“AmCam”) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩៦ បំរើអោយផ្នែកជំនួញរបស់អាមេរិកនៅកម្ពុជា ។ បើនៅក្នុងស្រុកវិញ គេអាចហៅថាជាសភាពាណិជ្ជកម្មអាមេរិក ។ ក្រុមប្រឹក្សានេះរៀបចំពិធីប្រជុំពេលបាយថ្ងៃត្រង់ ជាមួយវាគ្មិនល្បីៗ ការជួបជុំគ្នានៅថ្ងៃបុណ្យប្រពៃណីរបស់អាមេរិក និងចូលរួមក្នុងវេទិកាផ្សេងៗរបស់រាជរដ្ឋាភិបាលនិងសហគមន៏អន្តរជាតិ ។ដោយរួមជាមួយស្ថានទូតអាមេរិក ក្រុមប្រឹក្សានេះថែមទាំងបានឧបត្ថម្ភសាខាមួយនៃក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកសនិ្តសុខក្រៅប្រទេស (OSAC) ។AmCam មានទំនាក់ទំនងសាខាជាមួយក្រុមប្រឹក្សាសភាពាណិជ្ជកម្មអាមេរិកប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក ហើយចូលរួមក្នុងសកម្មភាពរបស់ក្រុមប្រឹក្សានេះ ។ ក្នុងខែតុលាឆ្នាំ ២០០៦ AmCam រៀបចំកម្មវិធីប្រចាំឆ្នាំនៃនាយកប្រតិបតិ្ត APCAC នៅសៀមរាប ។
អង្គការអតីតយុទ្ធជនក្នុងសង្រ្គាមនៅបរទេសរបស់សហរដ្ឋអាមេរិក រួមជាមួយនឹងសាខារបស់ខ្លួន មានសមាជិកចំនួន 2,4 លាននាក់នៅតាមស្ថានបេសកកម្មចំនួន 9 000 នៅទូទាំងសាកលលោក ។ បេសកកម្មរបស់អង្គការនេះគឺដើម្បី “ផ្តល់កិតិ្តយសដល់អ្នកដែលបានស្លាប់ ដោយជួយអ្នករស់” តាមរយៈសេវាអតីតយុទ្ធជន សេវាសហគមន៍ សនិ្តសុខជាតិនិងការការពារជាតិដ៏រឹងមាំ ។ ស្ថានបេសកកម្មរបស់អង្គការអតីតយុទ្ជជន Mayaguez Memorial លេខ11575 នៅភ្នំពេញឧទ្ទិសដល់យុទ្ធជនយុទ្ធនារីអាមេរិកដែលបានជួយឬចូលប្រយុទ្ធក្នុង “ សមរភូមិចុងក្រោយ” ។ នេះជាស្ថានបេសកកម្មលើកទីមួយនិងដែលមានតែមួយរបស់អង្គការនេះក្នុងអតីតប្រទេសកុំម្មុយនិស្ត ។ ស្ថានបេសកកម្មនេះមានលក្ខណៈពិសេសត្រង់ទីតាំង សមាជិកភាព និង បេសកកម្ម ។ អាទិភាពមួយក្នុងចំណោមអាទិភាពកំពូលៗរបស់ខ្លួនគឺដើម្បីធានាដល់ការស្វែងរកបានដិតដល់នូវយុទ្ធជនដែលបាត់ខ្លួននៅកម្ពុជា ។