ឯកអគ្គរដ្ឋទូត Williamson ដឹកនាំទិវាចងចាំចំពោះពួកខ្មែរក្រហម
វិទ្យាល័យហ៊ុន សែន អង្គស្នួល
ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០០៩
|
| Ambassador Clint Williamson (first from right) distributes books to students with DC-Cam Director Youk Chhang (second from right) as a female journalist asks him about the project. រូបពង្រីក |
នៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០០៩ លោកឯកអគ្គរដ្ឋទូតគោចរសហរដ្ឋអាមេរិក Clint Williamson បានអញ្ជើញទៅដល់វិទ្យាល័យហ៊ុន សែនអង្គស្នួល ដើម្បីថ្លែងទៅកាន់សិស្ស គ្រូ និងនាយកសាលា ដែលមកពីសាលារៀនចំនួន ១៦ នៅខេត្តកណ្តាល។ សំរាប់ប្រជាជនកម្ពុជា ថ្ងៃទី ២០ ឧសភាគឺជាទិវាចងចាំ ដោយគេហៅម្យ៉ាងទៀតថា “ទិវាចងកំហឹង” ចំពោះអំពើប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម។
ដោយថ្លែងទៅកាន់សិស្សវិទ្យាល័យដែលមកកកកុញ លោកឯកអគ្គរដ្ឋទូត Williamson បានមានប្រសាសន៍ថា លោកមានការយល់ចិត្តប្រជាជនកម្ពុជាក្មេងៗ ។ លោកបានមានប្រសាសន៍បន្តថា “ក្នុងសម័យខ្មែរក្រហម ខ្ញុំមានអាយុស្មើអ្នកទាំងអស់គ្នា។ មនុស្សជាច្រើនចង់បំភ្លេចការឈឺចាប់ តែយើងមិនអាចបំភ្លេចបានទេ។ រដ្ឋាភិបាលអាមេរិកមានមោទនភាពនឹងជួយ។”
លោកឯកអគ្គរដ្ឋទូត Williamson រួមជាមួយឯកឧត្តម ទុន សាអ៊ីម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក ឆាង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា បានចែកសៀវភៅរាប់ពាន់ក្បាលស្តីពី “ប្រវត្តិសាស្រ្តនៃរបបកម្ពុជាប្រជាធិបតេយ្យ” ជូនដល់និស្សិតចំនួនជាង ៣ ០០០ នាក់ដែលមានវត្តមាន។ សៀវភៅដែលមានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា និយាយលំអិតពីការឡើងកាន់អំណាច ការដួលរលំ និងអំពើយង់ឃ្នងនៃរបបខ្មែរក្រហម ។ សៀវភៅនេះ ដែលសរសេរដោយលោក ឌី ខាំបូលី ត្រូវបានត្រួតពិនិត្យដោយអ្នកឯកទេសខ្មែរនិងបរទេស ដែលមានជំនាញខាងអំពើប្រល័យពូជសាសន៍។ សៀវភៅនេះត្រូវបានបកប្រែជា ៧ ភាសា។
ការចែកសៀវភៅនៅវិទ្យាល័យហ៊ុន សែន អង្គស្នួលគឺជាជំហានដំបូងក្នុងផែនការជាតិដើម្បីចែកសៀវភៅចំនួនមួយលានក្បាលនៅតាមសាលារៀនទាំងអស់នៅកម្ពុជា របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។ ម្ចាស់ជំនួយចំនួន ១១ បានជួយឧបត្ថម្ភសំរាប់ការចែកចាយនេះ។
សិស្សម្នាក់ឈ្មោះ សំអាត សុគា អាយុ ១៨ ឆ្នាំ មកពីវិទ្យាល័យបែកចាន បាននិយាយថា “ខ្ញុំបានដឹងប្រវត្តិខ្លះៗពីឳពុកម្តាយរបស់ខ្ញុំ។ ខ្ញុំដឹងថា របបនេះបានធ្វើអោយមានការឈឺចាប់ តែសៀវភៅនេះនឹងធ្វើអោយខ្ញុំមានការយល់ដឹងច្រើន។”
នៅពេលចែកសៀវភៅ លោក ឆាង យុ បានមានប្រសាសន៍ថា លោកមានមោទនភាពជាខ្លាំងចំពោះសិស្សដោយលោកមានប្រសាសន៍ថា “ពួកគេគឺជាក្តីសង្ឃឹមនិងជាភាពខ្លាំងរបស់យើងទៅអនាគត។ ខ្ញុំមានការរំភើបជាខ្លាំង ហើយសង្ឃឹមថា សិស្សកម្ពុជានិងស្រឡាញ់សៀវភៅនេះ ហើយចាប់យកការទទួលខុសត្រូវចំពោះប្រវត្តិសាស្រ្តរបស់គេផ្ទាល់។”