កងទ័ពរដ្ឋអាមេរិកផ្ដល់ថវិកាចំនួន ២,៣៨ លានដុល្លាសហអាមេរិកដល់កម្ពុជាតាមរយៈគំរោងជំនួយមនុស្សធម៌
វិទ្យាល័យកំពត
ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០០៧
|
| ឯកឧត្ដម ភូ តៃកុក ប្រធានមន្ទីរអប់រំខេត្ដកំពត ចង្អុលប្រាប់ពីការងារដែលត្រូវធ្វើទៅលើសាលារៀន ។ រូបពង្រីក |
លោក Joseph A. Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា បានប្រកាស ក្នុងពេលថ្មីៗនេះថា ក្រសួងការពារប្រទេសអាមេរិក តាមរយៈបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានសន្យាផ្ដល់ប្រាក់ចំនួន ២ ៣៨០ ០០០ ដុល្លាសំរាប់ឆ្នាំសារពើពន្ធ ២០០៧ អោយដល់ប្រទេសកម្ពុជា តាមរយៈគំរោងជំនួយមនុស្សធម៌ ។ កម្មវិធីទាំងនេះនឹងត្រូវគ្រប់គ្រងដោយការិយាល័យសហប្រតិបត្ដិការយោធារបស់ស្ថានទូតនិងកងវិស្វកម្មយោធាអាមេរិក ។ ចំណែកការងារសាងសង់ជាក់ស្ដែងរបស់គំរោងត្រូវធ្វើដោយក្រុមហ៊ុនក្នុងស្រុកដែលជាអ្នកទទួលម៉ៅការ ។ ថវិកាសំរាប់កម្មវិធីទាំងនេះគឺជាផ្នែកមួយនៃសកម្មភាពបំរើពលរដ្ឋនិងការអភិវឌ្ឍន៍ក្រៅប្រទេស សំរាប់ជំនួយមនុស្សធម៌ របស់ក្រសួងការពារប្រទេសអាមេរិក ។ ពិតមែនតែគំរោងទទួលបានការយល់ព្រម និងទទួលបានថវិកាហើយក្ដី តែគំរោងទាំងនេះកំពុងស្ថិតក្នុងដំណាក់កាលធ្វើផែនការនិងរៀបចំកុងត្រានៅឡើយទេ ។ សកម្មភាពសាងសង់ ពិតប្រាកដនឹងចាប់ផ្ដើម ប្រហែលក្នុងខែធ្នូ ឆ្នាំ ២០០៧ ។
សេចក្ដីប្រកាសនេះត្រូវបានធ្វើក្នុងពេលទស្សនកិច្ចទៅកាន់វិទ្យាល័យកំពត ដែលជាកន្លែងមួយក្នុង ចំណោមកន្លែងដែលត្រូវទទួលជំនួយពីគំរោងជំនួយនេះ ។ វិទ្យាល័យកំពតត្រូវបានកសាងឡើងដោយរដ្ឋាភិ បាលសហរដ្ឋអាមេរិក នៅចុងទសវត្សទី ១៩៥០ ។ ក្រោយមក ពួកខ្មែរក្រហមបានដាក់កាំភ្លើងធំនៅលើ ដំបូលសាលា ហើយសាលារៀននេះបានទទួលរងការខូចខាតយ៉ាងខ្លាំងដោយសារគ្រាប់កាំភ្លើង ។ នៅពេល នេះ ភាគច្រើននៃជាន់ទី ២ មិនអាចប្រើប្រាស់បាន ដោយសារមានការខូចខាតយ៉ាងខ្លាំង ។ ការជួសជុលនឹង ត្រូវធ្វើលើផ្នែកដំបូលស៊ីម៉ង់ ហើយការកែលំអនឹងមានធ្វើត្រង់ជណ្ដើរ ទ្វារ និងគ្រោងបង្អួច ។
ក្នុងពេលប្រកាសពីគំរោង លោកឯកអគ្គរដ្ឋទូត Mussomeli បានមានប្រសាសន៍ថា "រដ្ឋាភិបាល សហរដ្ឋអាមេរិកបានកសាងសាលានេះឡើងជាសញ្ញាបញ្ជាក់ពីមិត្ដភាពរវាងប្រទេសយើងទាំងពីរ កាលពីជាង ៥០ ឆ្នាំមុន ដូច្នេះ ការដែលយើងជួសជុលសាលារៀននេះឡើងវិញគឺជានិមិត្ដរូបនៃការមានទំនាក់ទំនងជាថ្មីឡើងវិញរវាងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក" ។
ខាងក្រោមនេះគឺជាបញ្ជីរួមនៃបណ្ដាគំរោងដែលត្រូវដំណើរការតាមរយៈកញ្ចប់ជំនួយនេះ ៖
១. មណ្ឌលសុខភាពកំពង់ចាម ២៧៥ ០០០ ដុល្លា
គំរោងនេះនឹងសង់មណ្ឌលសុខភាពមួយដែលមានកំពស់មួយជាន់ តាមប្លង់ដែលមានការយល់ព្រមពី ក្រសួងសុខាភិបាល ។ ក្រសួងសង្ឃឹមថានឹងយកប្លង់នេះធ្វើជាប្លង់គំរូសំរាប់គ្រប់មណ្ឌលសុខភាពទៅអនាគត ដើម្បីបំពេញបានតាមបទដ្ឋាននិងសមត្ថភាពជាមូលដ្ឋាន ។ មណ្ឌលសុខភាពនេះស្ថិតនៅស្រុកអូរាំងឪ ខេត្ដ កំពង់ចាម ។ អាគារនេះនឹងត្រូវបានប្រើសំរាប់ផ្ដល់ការថែទាំសុខភាពថ្នាក់បឋម ហើយមានប្រព័ន្ធភ្លើងក្នុង បន្ទប់សំរាលកូន សំរាប់ធានាសុវត្ថិភាពក្នុងការសំរាលកូននៅពេលយប់ ។
២. សាលាបឋមសិក្សារកាពរប្រាំ ២៥០ ០០០ ដុល្លា
នៅពេលនេះ សាលាបឋមសិក្សានៅឃុំរកាពរប្រាំ ក្នុងខេត្ដកំពង់ចាមមានបង្រៀនតែត្រឹមថ្នាក់ទី ៣ ទេ ។ គំរោងនេះនឹងជួយបន្ថែមលើកម្មវិធីអប់រំនិងអភិបាលកិច្ចល្អដែលកំពុងមានរបស់ទីភ្នាក់ងារសហរដ្ឋអា មេរិកដើម្បីការអភិវឌ្ឍន៍អន្ដរជាតិ (USAID) ដោយធ្វើអោយកុមារក្រីក្រនៅក្នុងឃុំមានឱកាសរៀនសូត្រ ដល់ថ្នាក់ខ្ពស់ ។
៣. វិទ្យាល័យកំពត ៤៧៥ ០០០ ដុល្លា
គំរោងនេះនឹងអនុញ្ញាតិអោយមានការជួសជុលច្រើនលើសំណង់ ក្នុងវិទ្យាល័យកំពត ដែលត្រូវបាន កសាងឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅចុងទសវត្សទី ១៩៥០ ។ ពេលនេះ មានតែជាន់ដីទេដែល អាចប្រើប្រាស់បាន ដោយសារជាន់ទីពីរមានភាពទ្រុឌទ្រោមខ្លាំង ។ ការជួសជុលនឹងត្រូវធ្វើលើផ្នែកដំបូលស៊ី ម៉ង់ ហើយការកែលំអនឹងមានធ្វើត្រង់ជណ្ដើរ ទ្វារ និងគ្រោងបង្អួច ។
៤. មណ្ឌលសុខភាពប៉ោយប៉ែត ៤០០ ០០០ ដុល្លា
គំរោងនឹងកសាងអាគារមួយទៀតដែលមានពីរជាន់ នៅមណ្ឌលសុខភាពប៉ោយប៉ែត ១ ដែលមានរូច ហើយនូវអាគារដែលមាន ៦ បន្ទប់ ដែលមានបន្ទប់សំរាលកូន និង ម៉ាស៊ីនថតកាំរស្មីអ៊ិច ជាអំណោយរបស់ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺរបស់ក្រសួងសុខាភិបាលនិងសុខមាលភាពសហរដ្ឋអាមេរិក (CDC)។ រដ្ឋាភិបាលសហរដ្ឋអាមេរិកធ្វើការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលសុខភាពប៉ោយប៉ែត ១ ដើម្បីផ្ដល់សេវាសុខភាពដល់ប្រជាជននៅតំបន់ប៉ោយប៉ែតចំនួន ៥០០ ០០០ នាក់ ដែលកំពុងមានកំណើន ។ CDC ផ្ដល់ថវិកាដល់ មន្ទីរពិសោធន៍និងការព្យាបាលជំងឺរបេង ហើយនិងកាមរោគ ចំណែកទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិជួយកម្មវិធីសុខភាពបន្ថែមទៀតនៅក្នុងមជ្ឈមណ្ឌលនេះ ។
៥. វិទ្យាល័យពោធិសាត់ ៤០០ ០០០ ដុល្លា
គំរោងនឹងធ្វើការជួសជុលច្រើនលើសំណង់អាគារក្នុងវិទ្យាល័យពោធិសាត់ ដែលត្រូវបានកសាងឡើងដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកនៅដើមទសវត្សទី ១៩៦០ ។ ពេលនេះ មានតែជាន់ដីទេដែល អាចប្រើ ប្រាស់បាន ដោយសារជាន់ទីពីរមានភាពទ្រុឌទ្រោមខ្លាំង ។ ការជួសជុលនឹងត្រូវធ្វើលើផ្នែកដំបូលស៊ីម៉ង់ ហើយ ការកែលំអនឹងមានធ្វើត្រង់ជណ្ដើរ ទ្វារ និងគ្រោងបង្អួច ។
៦. សាលាបឋមសិក្សាសូភី ២០០ ០០០ ដុល្លា
គំរោងនេះនឹងធ្វើការសាងសង់អាគារសិក្សាបន្ថែមមួយដែលមាន ៦ បន្ទប់ នៅក្នុងសាលាដែលមាន សិស្សលើសចំណុះ ក្នុងភូមិដប់បាត ក្នុងខេត្ដពោធិសាត់ ។
៧. អនុវិទ្យាល័យកែវ សុវណ្ណ ២៥០ ០០០ ដុល្លា
គំរោងនេះនឹងកសាងអនុវិទ្យាល័យមួយសំរាប់សិស្សប្រមាណ ៤០០ នាក់ ពីថ្នាក់ទី ៦ ដល់ទី ៨ នៅ ឃុំបន្ទាយដី ស្រុកកណ្ដៀង ។ នេះជាអនុវិទ្យាល័យដែលមានតែមួយគត់នៅក្នុងស្រុកនេះ ។ សាលានេះមាន អាគារមួយខ្នងដែលមានមួយជាន់ ហើយមាន ៦ បន្ទប់ ប្រព័ន្ធស្ដុកទឹកមួយសំរាប់បង្ការពេលគ្មានទឹកមកពី ក្រុង អណ្ដូងទឹកមួយសំរាប់បង្ការ បង្គន់ក្រៅអាគារចំនួន ៤ ដោយមានកន្លែងសំរាប់លាងដៃផង កន្លែងសំរាប់ តបណ្ដាញខ្សែភ្លើងនៅពេលមានភ្លើងពីក្រុង មានកន្លែងក្មេងលេង និងជញ្ជាំងឬរបង ។
៨. មុង ១៣០ ០០០ ដុល្លា
គំរោងនេះគឺជាការបន្ដកម្មវិធីចែកមុងនៅកម្ពុជាដែលកំពុងមានជាបន្ដរបស់បញ្ជាការដ្ឋាននៃកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ។ ថវិកានេះធ្វើអោយគេអាចទិញមុងជ្រលក់ថ្នាំសំលាប់ សត្វល្អិតបានចំនួន ៣៤ ០០០ មុង ។ មុងទាំងនេះនឹងត្រូវបានចែកអោយក្នុងឆ្នាំទាំងមូល ទន្ទឹមគ្នានឹងគំរោង ដទៃទៀតផ្នែកសកម្មភាពបំរើពលរដ្ឋ និងមនុស្សធម៌របស់ក្រសួងការពារប្រទេសអាមេរិក ។ គ្រាន់តែក្នុង ពេល មួយឆ្នាំកន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានធ្វើអំណាយមុងប្រហែល ៣០ ០០០ មុងទៅ អោយមជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ និងចំនួន ១០ ០០០ មុងទៀត ទៅអោយអង្គការមិនមែនរដ្ឋា ភិបាលនានា ។
ថវិកាសរុប ២ ៣៨០ ០០០ ដុល្លាអាមេរិក