កម្មវិធីរៀនធ្វើតេស្តប្រលងភាសាអង់គ្លេស (TOEFL) នៅខេត្តបាត់ដំបង និងខេត្តកំពង់ចាម
ខេត្តបាត់ដំបង
ថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៩
|
សិស្សធ្វើតេស្តប្រលងTOEFL សាកល្បង នៅបណ្ណាល័យអាមេរិកនៅសាកលវិទ្យាល័យ គ្រប់គ្រងនិងសេដ្ឋកិច្ចក្នុងខេត្តកំពង់ ចាម។ រូបពង្រីក |
នៅក្នុងខែសីហា មាននិស្សិតថ្នាក់បរិញ្ញាចំនួនជាង ៣០០ នាក់ នៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង បានចូលរួមជាមួយបុគ្គលិកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិក នៅភ្នំពេញ ដើម្បីធ្វើតេស្ត TOEFL សាកល្បង។ ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរផ្នែកសិក្សាអប់រំរបស់ខ្លួន ស្ថានទូតអាមេរិក តាមរយៈផ្នែកកិច្ចការសាធារណៈ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនិស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ Fulbright ដើម្បីបង្កើនពិន្ទុលើជំនាញភាសាអង់គ្លេស នៅព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី ១ និងទី ១៥ ខែសីហា បុគ្គលិកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូត និងលោកចៅ សម្ផស្ស អតីតនិស្សិតអាហារូបករណ៍ Fulbright ដែលបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកបង្រៀនភាសាអង់គ្លេសជាភាសាទី ២ ពីសកលវិទ្យាល័យ University of Illinois Urbana Champaign កាលពីឆ្នាំ ២០០៥ បានដំណើរការ “កម្មវិធីរៀនធ្វើតេស្តប្រលងភាសាអង់គ្លេស” នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំបង និងកំពង់ចាម។ លោកផាត ពេជ្រ ដែលទើបតែជាប់សញ្ញាប័ត្របរិញ្ញាផ្នែកគ្រប់គ្រងពាណិជ្ជកម្ម នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចខេត្តបាត់ដំបង បានមានប្រសាសន៍ថា “នេះគឺជាលើកដំបូងហើយដែលខ្ញុំធ្វើតេស្តនេះ ហើយវាមានសារៈសំខាន់ខ្លាំងណាស់សំរាប់ខ្ញុំ។ ដោយសារមានបទពិសោធន៍នេះ ខ្ញុំអាចរៀបចំគំរោងសិក្សារបស់ខ្ញុំ ដើម្បីបង្កើនជំនាញផ្នែកភាសាអង់គ្លេសរបស់ខ្ញុំ។” លោកផាន់ សុផុន សាកលវិទ្យាធិការរង នៅខេត្តបាត់ដំបង បានមានប្រសាសន៍ថា លោកទទួលស្គាល់តំលៃនៃកម្មវិធីរៀនធ្វើតេស្ត (TOEFL) ដែលរៀបចំដោយផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូត។ លោកមានប្រសាសន៍បន្តថា “ការធ្វើតេស្តនេះគឺជាមធ្យោបាយមួយដ៏សំខាន់សំរាប់កែលំអកម្មវិធីរៀនសូត្រ និងបង្រៀនភាសាអង់គ្លេស នៅក្នុងសាលារបស់ខ្ញុំ។” ដោយធ្វើការជាមួយអតីតនិស្សិតអាហារូបករណ៍ Fulbright នៅទូទាំងប្រទេសកម្ពុជា ស្ថានទូតអាមេរិកយកចិត្តទុកដាក់ខ្លាំងលើការលើកកំពស់កម្មវិធីបង្រៀនភាសាអង់គ្លេស នៅតាមមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យភូមិភាគ និងមហាវិទ្យាល័យទូទាំងប្រទេស។ នៅពេលនេះ ផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតកំពុងគ្រោងរៀបចំការធ្វើតេស្តសាកល្បង ដូចតេស្តនៅបាត់ដំបង និងកំពង់ចាម សំរាប់ធ្វើនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ នៅដើមខែកញ្ញា ឆ្នាំ ២០០៩។