ស្ថានទូតអាមេរិកចែកមុងចំនួន ១៥០ ដល់មជ្ឈមណ្ឌលកុមារកំព្រាឥស្លាម
ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៩
មជ្ឈមណ្ឌលកុមារកំព្រា The House of Emirates for Orphans ទីក្រុងភ្នំពេញ
 |
លោកស្រី Amy Canon (ទីពីររាប់ពីខាងខ្វេង) មន្រ្តីផ្នែកនយោបាយរបស់ស្ថានទូតអាមេរិក បានចែកមុងចំនួន ១៥០ ដែលផ្តល់ដោយ រដ្ឋាភិបាលអាមេរិក ដល់មជ្ឈមណ្ឌលកុមារ កំព្រា The House of Emirates for Orphans នៅទីក្រុងភ្នំពេញ។ រូបពង្រីក |
នៅថ្ងៃទី ៣០ ខែមិថុនា លោកស្រី Amy Canon មន្រ្តីផ្នែកនយោបាយរបស់ស្ថានទូតអាមេរិក បានចែកមុងចំនួន ១៥០ ដែលផ្តល់ដោយរដ្ឋាភិបាលអាមេរិក ដល់មជ្ឈមណ្ឌលកុមារកំព្រា The House of Emirates for Orphans នៅទីក្រុងភ្នំពេញ។ ការបន្លឺជាក្រុមនូវពាក្យថា “អរគុណ” បានមានឡើងនៅក្នុងបន្ទប់បន់ស្រន់ នៅពេលលោកស្រី Canon ចែកមុងអោយកុមារម្នាក់ៗ។
មជ្ឈមណ្ឌលកុមារកំព្រានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ហើយមានកុមារាចំនួនប្រហែល ១៥០ នាក់ ស្ថិតក្នុងអាយុពី ៦ ឆ្នាំដល់ ១៦ ឆ្នាំ មកពីខេត្តនិងសហគមន៍ឥស្លាមនានា នៅទូទាំងប្រទេសកម្ពុជា។ ក្នុងពេលចុះទៅមជ្ឈមណ្ឌលនេះ លោកស្រី Canon បាននិយាយជាមួយកុមារទាំងនោះ ដោយសួរពួកគេពីការសិក្សានិងសកម្មភាពដែលគេចូលចិត្តជាងគេ។ លោកស្រីក៏បាននិយាយផងដែរពីសារៈសំខាន់នៃអនាម័យ ការលាងដៃ និងការថែរក្សាសុខភាព ដោយដេកដាក់មុង។
ជំងឺគ្រុនចាញ់ ដែលជាជំងឺឆ្លងតាមមូសនិងបណ្តាលមកពីប៉ារ៉ាសិត សំលាប់មនុស្សជាងមួយលាននាក់ ក្នុងមួយឆ្នាំៗ ក្នុងសាកលលោក។ យោងតាមអង្គការសុខភាពពិភពលោក (WHO) ភ្នាក់ងារសុខាភិបាលក្នុងតំបន់ទន្លេមេគង្គ តាមបណ្តោយព្រំដែនកម្ពុជាថៃ “កំពុងតែមានការពិបាកក្នុងការទប់ទល់មេរោគគ្រុនចាញ់ម្យ៉ាង ដែលកាន់តែមានភាពស៊ាំនឹងថ្នាំ artemisinin ដែលជាថ្នាំមានប្រសិទ្ធិភាពបំផុតជាមួយនឹងជំងឺនេះ។ “បើការខិតខំទាំងនេះមិនមានជោគជ័យទេ នោះអង្គការសុខភាពពិភពលោកមានការបារម្ភថា ផែនការដើម្បីធ្វើកុំអោយមានការស្លាប់ដោយសារជំងឺគ្រុនចាញ់ ក៏នឹងទទួលបរាជ័យដែរ។”
បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់មជ្ឈមណ្ឌលជាតិកំចាត់ជំងឺគ្រុនចាញ់ ជំងឺគ្រុនចាញ់ជាជំងឺរាតត្បាតនៅប្រទេសកម្ពុជា តែការអប់រំសាធារណជន និងសកម្មភាពជួយនៅតាមមូលដ្ឋានបានជួយកាត់បន្ថយបានពាក់កណ្តាលនូវចំនួនសរុបនៃករណីជំងឺគ្រុនចាញ់ ក្នុងប្រទេសកម្ពុជា ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៨។ យោងតាមរបាយការណ៍នេះ កាលពីឆ្នាំទៅ មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចំនួន ២០៩ នាក់ ដែលជាចំនួនតិចជាងឆ្នាំ ២០០៧ បន្តិច ដែលមានចំនួនអ្នកស្លាប់ចំនួន ២៤១ នាក់។
លោក Moth Mostoeut នាយកមជ្ឈមណ្ឌលកុមារកំព្រានេះ បានសំដែងអំណរគុណដល់លោកស្រី Canon ចំពោះអំណោយទាំងនោះ ហើយបានមានប្រសាសន៍ថា ពីមុន កុមារខ្វះមុងសំរាប់ការពារជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ “យើងសូមអរគុណណាស់។ កុមារពិតជានឹងទទួលប្រយោជន៍ពីអំណោយទាំងនេះ។”