សុន្ទរកថារបស់លោកប្រធានាធិបតីអូបាម៉ាស្តីពីការចាប់ផ្តើមថ្មីមួយ
សាកលវិទ្យាល័យគែរ ទីក្រុងគែរ ប្រទេសអេហ្ស៊ីប
ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០០៩
 |
| លោកប្រធានាធិបតី Obama ថ្លែងសុន្ទរកថានៅទីក្រុង គែរ ប្រទេសអេហ្ស៊ីប (រូបថតផ្លូវការរបស់សេតវិមាន ថតដោយ Chuck Kennedyរូបពង្រីក |
លោកប្រធានាធិបតីអូបាម៉ា៖ សូមអរគុណច្រើន។ សូមជំរាបសួរ ។ ខ្ញុំមានកិត្តិយសដែលមានវត្តមានក្នុងទីក្រុងគែរដែលជាទីក្រុងប្រកបដោយភាពនិរន្ត ហើយដែលត្រូវបានទទួលដោយស្ថានប័នពីរគួរជាទីចាប់អារម្មណ៍។ អស់រយៈពេលជាង ១០០០ ឆ្នាំ ស្ថាប័នឧត្តមសិក្សារបស់អេហ្ស៊ីបនេះបានធ្វើជាពន្លឺនាំផ្លូវក្នុងការសិក្សារបស់ឥស្លាម ហើយអស់រយៈពេលជាងមួយសតវត្សហើយ ដែលសាកលវិទ្យាល័យគែរគឺជាប្រភពនៃដំណើរជឿនលឿនរបស់ប្រទេសអេហ្ស៊ីប។ ជារួម លោកអ្នកតំណាងអោយភាពស៊ីគ្នារវាងប្រពៃណីបូរាណនិងភាពជឿនលឿននៃសម័យទំនើប។ ខ្ញុំសូមអរគុណចំពោះបដិសណ្ឋារកិច្ចរបស់លោកអ្នក និងបដិសណ្ឋារកិច្ចរបស់ប្រជាជនអេហ្ស៊ីប។ ខ្ញុំក៏មានមោទនភាពផងដែរក្នុងការពាំនាំសុឆន្ទៈរបស់ប្រជាជនអាមេរិកមកជាមួយ និងការអបអរសន្តិភាពពីសហគមន៍ឥស្លាមនៅក្នុងប្រទេសរបស់ខ្ញុំ គឺ Assalaamu alaykum (ស្នូរទះដៃ)។
យើងជួបគ្នាចំពេលមានភាពតានតឹងដ៏ធំមួយរវាងសហរដ្ឋអាមេរិក និងសហគមន៍ឥស្លាមនៅជុំវិញពិភពលោក ដែលជាភាពតានតឹងមានឬសគល់ក្នុងកំលាំងប្រវត្តិសាស្រ្ត ដែលមានហួសពីការពិភាក្សានយោបាយណាមួយ នៅសម័យបច្ចុប្បន្ន។ ទំនាក់ទំនងរវាងឥស្លាមនិងលោកខាងលិចរួមមានកិច្ចសហប្រតិបត្តិការនិងការរស់នៅជាមួយគ្នាអស់រយៈពេលរាប់សតវត្សមកហើយ តែក៏មានផងដែរនូវការវិវាទនិងសង្រ្គាមសាសនា។ ក្នុងពេលថ្មីៗនេះ ភាពតានតឹងត្រូវបានបញ្ឆេះបន្ថែមដោយការធ្វើអាណានិគមនិយម ដែលបានធ្វើអោយជនមូស្លីមជាច្រើនបាត់បង់សិទិ្ធនិងឱកាស ហើយសង្គ្រាមត្រជាក់ ដែលក្នុងនោះ ប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើនត្រូវបានចាត់ទុកថាជាអ្នកតំណាង ដោយមិនគិតដល់សេចក្តីប្រាថ្នាចង់បានរបស់គេទេ។ លើសពីនេះទៀត ការផ្លាស់ប្តូរទូទៅដោយសារភាពទំនើបនិងសាកលភាវូបនីយកម្មបាននាំអោយជនមូស្លីមជាច្រើនចាត់ទុកលោកខាងលិចថាមានអរិភាពចំពោះប្រពៃណីឥស្លាម។
ជនជ្រុលនិយមដែលប្រើហឹង្សាបានឆ្លៀតកេងប្រយោជន៍ពីភាពតានតឹងទាំងនេះ នៅក្នុងចំណោមជនមូស្លីមភាគតិចតែខ្លាំង។ ការវាយប្រហារនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ និងការខិតខំជាបន្តរបស់ជនជ្រុលនិយមទាំងនេះ ក្នុងការប្រព្រឹត្តហឹង្សាមកលើជនស៊ីវិលបាននាំអោយអ្នកខ្លះក្នុងប្រទេសរបស់ខ្ញុំចាត់ទុកឥស្លាមថាមានអរិភាព មិនមែនចំពោះប្រទេសអាមេរិកនិងបណ្តាប្រទេសលោកខាងលិចតែប៉ុណ្ណោះទេ តែថែមទាំងចំពោះសិទ្ធិមនុស្សផងដែរ។ទាំងអស់នេះបានបណ្តុះអោយមានការភ័យខ្លាចនិងការមិនទុកចិត្តគ្នាកាន់តែច្រើន។
ដរាបណាទំនាក់ទំនងរបស់យើងប្រកបដោយការខ្វែងគំនិតគ្នា ដរាបនោះ យើងនឹងផ្តល់កំលាំងដល់អ្នកដែលសាបព្រួសការស្អប់ខ្ពើមជាជាងសន្តិភាព អ្នកដែលជំរុញអោយមានជំលោះជាជាងការសហប្រតិបត្តិការ ដែលអាចជួយមនុស្សទាំងអស់អោយទទួលបានយុត្តិធម៌និងវិបុលភាព។ ការចេះតែមានការមន្ទិល និងការខ្វែងគំនិតគ្នានេះត្រូវតែបញ្ចប់។
ខ្ញុំមកកាន់ទីក្រុងគែរនៅពេលនេះដើម្បីស្វែងរកការចាប់ផ្តើមថ្មីមួយ រវាងសហរដ្ឋអាមេរិកនិងឥស្លាមនៅជុំវិញពិភពលោក ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ និងការគោរពគ្នាទៅវិញទៅមក និងការចាប់ផ្តើមមួយឈរនៅលើការពិតដែលថាប្រទេសអាមេរិកនិងឥស្លាមមិនមែនមិនចុះសំរុងគ្នានោះទេ ហើយមិនត្រូវការប្រកួតប្រជែងគ្នាទេ។ ផ្ទុយទៅវិញ ប្រទេសអាមេរិកនិងឥស្លាមមានលក្ខណៈដូចគ្នាច្រើន ហើយមានគោលការណ៍រួម ពោលគឺគោលការណ៍យុត្តិធម៌ និងភាពជឿនលឿន ភាពអត់ឱននិងភាពថ្លៃថ្នូរនៃមនុស្សជាតិទាំងអស់។
ខ្ញុំធ្វើដូច្នេះ ដោយទទួលស្គាល់ថា ការផ្លាស់ប្តូរមិនអាចកើតមានភ្លាមៗបានទេ។ ខ្ញុំដឹងថា មានការផ្សព្វផ្សាយច្រើនពីសុន្ទរកថានេះ តែគ្មានសុន្ទរកថាណាមួយតែឯកឯងអាចបំបាត់ចោលការមិនទុកចិត្តគ្នាដែលមានរាប់ឆ្នាំមកហើយនោះទេ ហើយខ្ញុំក៏មិនអាចឆ្លើយបានក្នុងពេលមួយរសៀលនេះ ដល់សំណួរស្មុគស្មាញទាំងអស់ ដែលបាននាំយើងមកដល់ចំណុចនេះ។ តែខ្ញុំមានជំនឿជឿជាក់ថា ដើម្បីឈានទៅមុខយើងត្រូវនិយាយដោយចំហទៅរកគ្នានូវអ្វីៗដែលយើងមាននៅក្នុងចិត្ត និងដែលយើងច្រើនតែនិយាយដោយលាក់កំបាំង។ យើងត្រូវតែបន្តស្តាប់គ្នា រៀនសូត្រពីគ្នាគោរពគ្នា និងខិតខំឈានដល់ការយល់ស្របគ្នា។ ដូចដែលគម្ពីរកូរ៉ានបង្រៀនយើងថា “ចូរគិតទៅដល់ព្រះជាម្ចាស់ ហើយនិយាយតែការពិត។” (ស្នូរទះដៃ)។ នេះគឺជាអ្វីដែលខ្ញុំធ្វើនៅថ្ងៃនេះ ពោលគឺនិយាយពិតតាមដែលខ្ញុំអាចធ្វើទៅបាន បន្ទាបខ្លួនចំពោះភារកិច្ចចំពោះមុខ និងមានជំនឿមុតមាំថា ផលប្រយោជន៍ដែលយើងមានរួមគ្នាក្នុងនាមជាមនុស្សជាតិគឺខ្លាំងជាងកំលាំងដែលបំបែកបំបាក់យើងឆ្ងាយណាស់។
មួយផ្នែកនៃជំនឿនេះមានឬសគល់ក្នុងបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ។ ខ្ញុំជាអ្នកកាន់សាសនាគ្រឹះ តែឳពុករបស់ខ្ញុំចេញពីគ្រួសារជនជាតិកេនយ៉ា ដែលកាន់សាសនាឥស្លាមរាប់ជំនាន់មនុស្សមកហើយ។ ពេលខ្ញុំនៅវ័យកុមារ ខ្ញុំបានរស់នៅក្នុងប្រទេសឥណ្ដូនេស៊ី ហើយខ្ញុំបានលឺសំលេងហៅជនមូស្លីមមកថ្វាយបង្គុំព្រះនៅពេលព្រលឹមស្រាងៗ និងនៅពេលព្រលប់។ ក្នុងវ័យជំទង់ ខ្ញុំបានធ្វើការក្នុងសហគមន៍នៅទីក្រុង Chicago ដែលក្នុងនោះមានមនុស្សជាច្រើនមានកិត្តិយសនិងភាពស្ងប់អារម្មណ៍ក្នុងជំនឿរបស់គេលើសាសនាឥស្លាម។
ជានិស្សិតប្រវត្តិសាស្រ្តម្នាក់ ខ្ញុំក៏ដឹងផងដែរថាសាសនាឥស្លាមបានរួមចំណែកដល់អារ្យធម៌។ សាសនាឥស្លាម នៅកន្លែងដូចជាស្ថានប័នឧត្តមសិក្សាឥស្លាមនេះ ដែលបាននាំភ្លើងពន្លឺនៃចំណេះដឹងឆ្លងកាត់រយៈពេលរាប់សតវត្ស និងទ្រួសត្រាយផ្លូវដល់ការរស់ឡើងវិញនិងភាពភ្លឺស្វាងនៃទ្វីបអឺរ៉ុប។ វាជាការរកឃើញប្រកបដោយភាពច្នៃប្រឌិតរបស់សហគមន៍ឥស្លាម (ស្នូរទះដៃ)។ វាជាការរកឃើញប្រកបដោយភាពច្នៃប្រឌិតរបស់សហគមន៍ឥស្លាម ដែលបានបង្កើតច្បាប់គណិតវិទ្យា ត្រីវិស័យ និងឧបករណ៍សំរាប់ផ្នែកនាវាចរ ចំណេះដឹងរបស់យើងទៅលើការប្រើប៊ិចនិងការបោះពុម្ព ការយល់ដឹងរបស់យើងទៅលើការរាលដាលនៃជំងឺ និងវិធីព្យាបាលជំងឺ។ វប្បធម៌ឥស្លាមបានផ្តល់អោយយើងនូវការចេះបង្កើតសំណង់ដំបូលកោងដែលមើលទៅមានភាពអស្ចារ្យ និងដំបូងស្រួចៗខ្ពស់ត្រដឹម កំណាព្យដែលមានតំលៃជានិរន្ត និងតន្រ្តីគួរជាទីចូលចិត្ត អក្ខរវិចិត្រសាស្រ្តដ៏ស្អាត និងទីកន្លែងសមាធិដ៏ស្ងប់ស្ងាត់។ ក្នុងប្រវត្តិសាស្រ្តកន្លងមក ឥស្លាមបានស្តែងអោយឃើញ តាមរយៈពាក្យសំដីនិងសកម្មភាព នូវលទ្ធភាពនៃការអត់ឱនផ្នែកសាសនា និងសមភាពផ្នែកជាតិសាសន៍ (ស្នូរទះដៃ)។
ខ្ញុំដឹងផងដែរថា ឥស្លាមតែងតែមានចំណែកក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាមេរិក។ ប្រជាជាតិទីមួយដែលទទួលស្គាល់ប្រទេសរបស់ខ្ញុំគឺម៉ូរ៉ូកូ។ ក្នុងការចុះហត្ថលេខាលើសន្ធិសញ្ញា Treaty of Tripoli ក្នុងឆ្នាំ ១៧៩៦ ប្រធានាធិបតីទី ២ របស់យើង គឺលោក John Adams បានសរសេរថា “សហរដ្ឋអាមេរិកមិនមានចរិកអមិត្តប្រឆាំងនឹងច្បាប់ សាសនា និងភាពសុខសាន្តរបស់ជនមូស្លីមទេ។” តាំងពីយើងករកើតមក ជនមូស្លីមសញ្ជាតិអាមេរិកបានជួយអោយមានការចំរុងចំរើនដល់សហរដ្ឋអាមេរិក។ ពួកគេបានចូលប្រយុទ្ធក្នុងសង្រ្គាមរបស់យើង គេចូលបំរើក្នុងជួរដ្ឋាភិបាលរបស់យើង គេបានការពារសិទ្ធិពលរដ្ឋ គេចាប់ផ្តើមមុខជំនួញ គេបង្រៀនតាមសាកលវិទ្យាល័យរបស់យើង គេមានស្នាដៃឆ្នើមផ្នែកកីឡារបស់យើង គេបានទទួលរង្វាន់ណូបែល កសាងអាគារខ្ពស់បំផុតរបស់យើង និងបានដុតភ្លើងទានកីឡាអូឡាំពិក។ នៅពេលជនជាតិអាមេរិកកាន់សាសនាឥស្លាមដំបូងបានជាប់ឆ្នោតជាសមាជិកសភាអាមេរិក លោកបានស្បថការពាររដ្ឋធម្មនុញ្ញរបស់យើង ដោយប្រើគម្ពីរកូរ៉ាន ដែលស្ថាបនិកម្នាក់របស់យើង គឺលោកប្រធានាធិបតី Thomas Jefferson បានរក្សាទុកនៅក្នុងបណ្ណាល័យផ្ទាល់ខ្លួនរបស់លោក។ (សំលេងទះដៃ)
ដូច្នេះ ខ្ញុំបានដឹងពីសាសនាឥស្លាមនៅលើទី្វបចំនួន ៣ មុនពេលមកកាន់តំបន់នេះ ដែលសាសនានេះត្រូវបានលាតត្រដាងជាលើកដំបូង។ បទពិសោធន៍នេះតំរង់ជំនឿជឿជាក់របស់ខ្ញុំថា ភាពជាដៃគូរវាងប្រទេសអាមេរិកនិងឥស្លាមត្រូវតែផ្អែកលើអ្វីដែលជាឥស្លាម មិនមែនអ្វីដែលមិនមែនជាឥស្លាមនោះទេ។ ក្នុងនាមប្រធានាធិបតីសហរដ្ឋអាមេរិក ខ្ញុំចាត់ទុកថា វាជាផ្នែកមួយនៃការទទួលខុសត្រូវរបស់ខ្ញុំក្នុងការប្រឆាំងនៅគ្រប់កន្លែង នឹងការដែលគេចេះតែនាំគ្នានិយាយមិនពិតនិងមិនល្អពីឥស្លាម។ (ស្នូរទះដៃ)
តែគោលការណ៍ដដែលនេះត្រូវប្រើផងដែរទាក់ទងនឹងការយល់ឃើញរបស់ជនមូស្លីមទៅលើប្រទេសអាមេរិក (ស្នូរទះដៃ)។ ដូចគ្នានឹងការដែលជនមូស្លីមមិនមានភាពត្រូវតាមការចេះតែនាំគ្នានិយាយមិនពិតមកលើពួកគេ ប្រទេសអាមេរិកមិនមែនជាអាណាចក្រដែលគិតតែពីប្រយោជន៍ខ្លួនឯង ដូចដែលគេចេះតែនាំគ្នានិយាយនោះទេ។ សហរដ្ឋអាមេរិកគឺជាប្រភពមួយក្នុងចំណោមប្រភពធំៗបំផុតនៃភាពជឿនលឿនសំរាប់ពិភពលោក។ យើងមានកំណើតចេញមកពីការធ្វើបដិវត្តន៍ប្រឆាំងនឹងអាណាចក្រមួយ។ យើងឈរនៅលើមូលដ្ឋាននៃឧត្តមគតិថា មនុស្សទាំងអស់កើតមកត្រូវមានភាពស្មើគ្នា ហើយយើងបានបង្ហូរឈាមនិងបានតស៊ូអស់រយៈពេលរាប់សតវត្ស ដើម្បីផ្តល់អត្ថន័យដល់ពាក្យទាំងនេះ នៅក្នុងរង្វង់ព្រំដែនរបស់យើង និងនៅជុំវិញពិភពលោក។ ខ្លួនយើងមានសភាពទៅតាមវប្បធម៌មួយៗ ចេញមកពីគ្រប់ជ្រុងនៃផែនដីហើយឧទ្ទិសដល់ទស្សនៈដ៏សាមញ្ញមួយគឺ E pluribus unum (ចេញពីច្រើន គឺមួយ៖Out of many, one)។
ឥឡូវនេះ មានការចាប់អារម្មណ៍ខ្លាំងទៅលើការដែលថា ជនជាតិអាមេរិកស្បែកខ្មៅម្នាក់ ដែលមានឈ្មោះថា Barack Hussein Obama បានជាប់ឆ្នោតជាប្រធានាធិបតី (ស្នូរទះដៃ)។ តែប្រវត្តិផ្ទាល់ខ្លួនរបស់ខ្ញុំមិនជាប្លែកគេប៉ុន្មានទេ។ សុបិននៃការមានឱកាសសំរាប់គ្រប់គ្នាមិនបានក្លាយជាការពិតសំរាប់មនុស្សគ្រប់គ្នាទេ នៅសហរដ្ឋអាមេរិក តែក្តីសង្ឃឹមរបស់វាគឺមានសំរាប់អ្នកទាំងឡាយណាដែលមកដល់ឆ្នេរសមុទ្ររបស់យើង ហើយអ្នកទាំងនោះរួមមានទាំងជនជាតិអាមេរិកកាន់សាសនាឥស្លាមចំនួនជិត ៧ លាននាក់ ដែលរស់ក្នុងសហរដ្ឋអាមេរិកសព្វថ្ងៃនេះ ហើយមានប្រាក់ចំណូលនិងកំរិតវប្បធម៌ខ្ពស់ជាងកំរិតមធ្យមរបស់ជនជាតិអាមេរិក (ស្នូរទះដៃ)។
លើសពីនេះទៀត សេរីភាពនៅប្រទេសអាមេរិកមិនអាចកាត់ផ្តាច់ចេញពីសេរីភាពក្នុងការប្រតិបត្តិសាសនាទេ។ ហេតុដូច្នេះហើយទើបមានវិហារឥស្លាម នៅគ្រប់រដ្ឋក្នុងប្រទេសរបស់យើង ហើយមានវិហារឥស្លាមជាង ១ ២០០ ក្នុងរង្វង់ព្រំដែនទឹកដីរបស់យើង។ ហេតុដូច្នេះហើយទើបរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសុំអោយតុលាការការពារសិទ្ធិរបស់ស្រ្តីនិងកុមារីក្នុងការពាក់កន្សែងរុំក្បាលសំរាប់ស្រ្តីនិងកុមារមូស្លីមហើយដាក់ទោសចំពោះអ្នកដែលមិនព្រមអោយមានការពាក់ដូច្នេះ (ស្នូរទះដៃ)។
សូមកុំមានការសង្ស័យឡើយថា ឥស្លាមគឺជាផ្នែកមួយនៃប្រទេសអាមេរិក។ ខ្ញុំជឿថា ប្រទេសអាមេរិករក្សាការពិតថា ទោះបីមានពូជសាសន៍ សាសនា និងឋានៈជីវភាពរស់នៅអ្វីក៏ដោយ ក៏យើងទាំងអស់គ្នាសុទ្ធតែមានសេចក្តីប្រាថ្នាចង់បានដូចគ្នា នោះគឺការរស់នៅក្នុងសន្តិភាពនិងសន្តិសុខ មានការសិក្សាអប់រំ និងមានការងារធ្វើប្រកបដោយកិត្តិយស ស្រឡាញ់គ្រួសាររបស់យើង សហគមន៍យើង និងព្រះរបស់យើង។ នេះជាប្រការដែលយើងមានដូចគ្នា។ នេះជាសេចក្តីសង្ឃឹមរបស់មនុស្សជាតិទាំងមូល។
ពិតមែនហើយថា ការទទួលស្គាល់លក្ខណៈជាមនុស្សដូចគ្នារបស់យើងគ្រាន់តែជាការចាប់ផ្តើមនៃភារកិច្ចរបស់យើងតែប៉ុណ្ណោះ។ ការគ្រាន់តែនិយាយមិនអាចបំពេញសេចក្តីត្រូវការរបស់មនុស្សយើងបានទេ។ សេចក្តីត្រូវការទាំងនេះអាចបំពេញបានទាល់តែយើងហ៊ានធ្វើដោយក្លាហាន នៅក្នុងឆ្នាំខាងមុខៗ ហើយយើងយល់ថា បញ្ហាដែលយើងកំពុងតែប្រឈមជាមួយគឺយើងមានដូចគ្នា ហើយការដែលយើងខកខានមិនបានដោះស្រាយវានឹងមានផលមិនល្អមកលើយើងទាំងអស់គ្នា។
ពីព្រោះយើងបានដឹងពីបទពិសោធន៍ក្នុងពេលថ្មីៗនេះថា នៅពេលប្រព័ន្ធហិរញ្ញវត្ថុមួយធ្លាក់ចុះនៅក្នុងប្រទេសមួយ វិបុលភាពរងការប៉ះពាល់នៅគ្រប់កន្លែង។ នៅពេលជំងឺគ្រុនផ្តាសាយមួយថ្មីកើតមានលើមនុស្សម្នាក់ មនុស្សទាំងអស់ត្រូវប្រឈមនឹងការឆ្លង។ នៅពេលប្រទេសមួយស្វែងរកអាវុធនុយក្លេអ៊ែរ ប្រទេសទាំងអស់ក្នុងពិភពលោកប្រឈមនឹងលទ្ធភាពកាន់តែច្រើននៃការរងការវាយប្រហារដោយអាវុធនេះ។ នៅពេលជនជ្រុលនិយមដែលប្រើហឹង្សាធ្វើសកម្មភាពនៅតំបន់ភ្នំត្រង់ម្តុំណាមួយ មនុស្សនៅឯនាយសមុទ្រអាចប្រឈមនឹងគ្រោះថ្នាក់។ នៅពេលជនស្លូតត្រង់នៅបូស្នីនិងដាហ្វ័រត្រូវបានរងការសំលាប់ វាគឺជាស្នាមប្រឡាក់នៅលើមនសិការរួមរបស់យើង (ស្នូរទះដៃ)។ ត្រង់នេះហើយដែលយើងត្រូវចូលរួមចំណែកក្នុងពិភពលោកយើងនេះ នៅក្នុងសតវត្សទី ២១។ នេះគឺជាការទទួលខុសត្រូវរបស់យើងចំពោះគ្នាទៅវិញទៅមកក្នុងនាមជាមនុស្សជាតិ។
នេះគឺជាការទទួលខុសត្រូវដ៏ពិបាកទទួលយក ពីព្រោះប្រវត្តិសាស្រ្តរបស់មនុស្សច្រើនទាក់ទងនឹងប្រជាជាតិ កុលសម្ព័ន្ធ និងសាសនា ដែលគាបសង្កត់លើគ្នា ដើម្បីប្រយោជន៍ខ្លួនឯង។ តែក្នុងសម័យទំនើបយើងនេះ ឥរិយាបទបែបនេះធ្វើអោយខ្លួនឯងបរាជ័យទៅវិញទេ។ ដោយសារយើងមានការពឹងផ្អែកលើគ្នាទៅវិញទៅមក របៀបរបបណាមួយក្នុងពិភពលោកដែលលើកប្រទេសមួយឬមនុស្សក្រុមណាមួយជាងប្រទេសឬក្រុមមនុស្សណាមួយផ្សេងទៀត នៅទីបំផុតនឹងជួបបរាជ័យ។ ដូច្នេះ ទោះបីជាយើងគិតយ៉ាងដូចម្តេចក្តីចំពោះអតីតកាល យើងមិនត្រូវបណ្តោយខ្លួនអោយទៅជាអ្នកទោសរបស់វាទេ។ យើងត្រូវដោះស្រាយបញ្ហារបស់យើងតាមរយៈចងគ្នាជាដៃគូ ហើយយើងត្រូវមានចំណែកជាមួយគ្នាក្នុងការសំរេចបាន (ស្នូរទះដៃ)។
និយាយយ៉ាងដូច្នេះមិនមែនមានន័យថា យើងគួរប្រងើយកន្តើយនឹងប្រភពនៃភាពតានតឹងទេ។ វាផ្ទុយទៅវិញទេ។ យើងត្រូវប្រឈមអោយចំនឹងភាពតានតឹងទាំងនេះ ហើយក្នុងន័យនេះ ខ្ញុំសូមនិយាយអោយច្បាស់និងដោយសាមញ្ញបំផុត អំពីបញ្ហាខ្លះៗ ដែលខ្ញុំជឿថា យើងត្រូវតែប្រឈមមុខរួមគ្នា នៅទីបំផុត។
កាលនៅទីក្រុងអង់ការ៉ា ខ្ញុំបានបញ្ចាក់ច្បាស់ថា ប្រទេសអាមេរិកមិនធ្វើសង្រ្គាមជាមួយសាសនាឥស្លាមទេ (ស្នូរទះដៃ)។ តែយើងនឹងប្រឈមមុខដោយមិនរារែកចំពោះពួកជ្រុលនិយមដែលប្រើហឹង្សាហើយដែលចោទជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសន្តិសុខរបស់យើង ពីព្រោះយើងបដិសេធអ្វីដែលប្រជាជនមកពីគ្រប់សាសនាទាំងអស់បដិសេធ នោះគឺការសំលាប់មនុស្សប្រុស ស្រីនិងកុមារស្លូតត្រង់។ ហេតុដូច្នេះហើយបានជាកាតព្វកិច្ចទី ១ របស់ខ្ញុំគឺការពារប្រជាជនអាមេរិក។
ស្ថានភាពនៅប្រទេសអាហ្កានីស្ថានបង្ហាញអោយឃើញពីគោលបំណងរបស់ប្រទេសអាមេរិក និងការដែលយើងត្រូវធ្វើការរួមគ្នា។ កាលពីជាង ៧ ឆ្នាំមុន សហរដ្ឋអាមេរិកបានតាមរក al Qaeda និងពួកតាលីបាន ដោយមានការគាំទ្រទូលំទូលាយពីអន្តរជាតិ។ យើងមិនបានធ្វើសង្រ្គាមនេះដោយការជ្រើសរើសទេ។ យើងធ្វើសង្រ្គាមពីព្រោះវាចាំបាច់ត្រូវតែធ្វើ។ ខ្ញុំដឹងថា នៅមានមនុស្សខ្លះដែលនៅតែមានការសង្ស័យ ឬលើកហេតុផលការពារព្រឹត្តិការណ៍ថ្ងៃទី ១១ កញ្ញា នៅឡើយ។ តែខ្ញុំសូមបញ្ចាក់អោយច្បាស់ថា ពួក al Qaeda បានសំលាប់មនុស្សជិត ៣ ០០០ នាក់នៅថ្ងៃនោះ។ ជនរងគ្រោះគឺជាមនុស្សប្រុស ស្រីនិងកុមារ ដែលមកពីប្រទេសអាមេរិក និងប្រទេសដទៃជាច្រើនទៀត ដែលមិនបានធ្វើអ្វីអោយប៉ះពាល់នរណាសោះ។ តែពួក al Qaeda បែរជាសំលាប់ពួកគេដោយគ្មានត្រាប្រណី ប្រកាសជោគជ័យពីការវាយប្រហារនេះ ហើយនៅពេលនេះ ថែមទាំងប្រកាសពីការប្តេជ្ញាចិត្តរបស់គេថានឹងសំលាប់មនុស្សយ៉ាងច្រើន។ ពួកគេមានសាខានៅតាមប្រទេសជាច្រើន ហើយកំពុងតែខំពង្រីករង្វង់ប្រតិបតិ្តការរបស់ពួកគេ។ ទាំងនេះគឺជាមតិដែលត្រូវធ្វើការពិភាក្សាដេញដោល ។ ទាំងនេះគឺជាការពិតដែលគេត្រូវធ្វើសកម្មភាពឆ្លើយតប។
សូមកុំច្រឡំ៖ យើងមិនចង់រក្សាកងទ័ពរបស់យើងនៅប្រទេសអាហ្កានីស្ថានទេ។ យើងមិនចង់មានមូលដ្ឋានយោធានៅទីនោះទេ។ ការបាត់បង់យុវជន និងយុវនារីគឺជាការឈឺចាប់សំរាប់ប្រទេសអាមេរិក។ វាជាការចាយវាយថវិកាច្រើនហើយមានការពិបាកផ្នែកនយោបាយក្នុងការបន្តសង្គ្រាមនេះតទៅទៀត។ យើងរីករាយនឹងនាំយកកងទ័ពទាំងអស់របស់យើងមកមាតុភូមិវិញ បើយើងប្រាកដថា មិនមានពួកជ្រុលនិយមប្រើហឹង្សានៅប្រទេសអាហ្កានីស្ថាន និងឥឡូវនេះ នៅប្រទេសប៉ាគីស្ថាន ដែលនៅតែចងចិត្តចង់សំលាប់ជនជាតិអាមេរិកអោយបានច្រើន តាមដែលគេអាចធ្វើទៅបាន។ តែវាមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។
ដូច្នេះហើយបានជាយើងធ្វើជាដៃគូជាមួយសម្ព័ន្ធមិត្ត ៤៦ ប្រទេស។ ទោះបីមានការចំណាយច្រើនក្តី ក៏ការប្តេជ្ញាចិត្តរបស់អាមេរិកនឹងមិនថមថយឡើយ។ យើងមិនគួរអត់ឱនអោយពួកជ្រុលនិយមទាំងអស់នេះទេ។ពួកគេបានសំលាប់មនុស្សនៅក្នុងប្រទេសជាច្រើន។ ពួកគេបានសំលាប់មនុស្សដែលមានជំនឿសាសនាផ្សេងៗគ្នា តែលើសអ្វីទាំងអស់នោះ គឺពួកគេបានសំលាប់ជនមូស្លីម។ សកម្មភាពរបស់ពួកគេមិនអាចផ្សះផ្សាបានជាមួយនឹងសិទ្ធិមនុស្សទូទៅ ដំណើរជឿនលឿនទៅមុខរបស់ប្រជាជាតិនានា និងសាសនាឥស្លាម។ គម្ពីរកូរ៉ានបង្រៀនថា ជនណាដែលសំលាប់ជនស្លូតត្រង់ចាត់ទុកដូចជាជននោះសំលាប់មនុស្សជាតិទាំងមូល (ស្នូរទះដៃ) ហើយគម្ពីរនេះក៏និយាយផងដែរថា ជនណាដែលជួយមនុស្សម្នាក់ចាត់ទុកដូចជាជួយមនុស្សជាតិទាំងមូល (ស្នូរទះដៃ)។ ជំនឿដ៏យូរអង្វែងរបស់មនុស្សជាងមួយពាន់លាននាក់ធំជាងការស្អប់ប្រកបដោយចិត្តចង្អៀតចង្អល់របស់មនុស្សមួយក្តាប់តូចឆ្ងាយណាស់។ ឥស្លាមមិនមែនជាផ្នែកមួយនៃបញ្ហាទេក្នុងការប្រយុទ្ធប្រឆាំងនឹងគំនិតជ្រុលនិយមប្រើហឹង្សានោះ តែជាផ្នែកសំខាន់មួយក្នុងការលើកកំពស់សន្តិភាព។
យើងក៏ដឹងផងដែរថា អំណាចយោធាតែឯកឯងនឹងមិនអាចដោះស្រាយបញ្ហានៅប្រទេសអាហ្កានីស្ថាន និងប៉ាគីស្ថានបានទេ។ ហេតុដូច្នេះហើយបានជាយើងមានផែនការចំណាយលុយចំនួន ១,៥ ពាន់លានដុល្លាក្នុងមួយឆ្នាំៗសំរាប់រយៈពេល ៥ ឆ្នាំខាងមុខនេះ ដើម្បីធ្វើជាដៃគូជាមួយភាគីប៉ាគីស្ថានក្នុងការកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ មុខជំនួញ និងចំណាយលុយរាប់រយលានដុល្លា ដើម្បីជួយអ្នកដែលបានផ្លាស់ទីលំនៅ។ ហេតុដូច្នេះហើយបានជាយើងផ្តល់លុយចំនួន ២,៨ ពាន់លានដុល្លាដើម្បីជួយភាគីអាហ្កានីស្ថានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់គេ និងផ្តល់សេវាដែលប្រជាជនពឹងអាស្រ័យមកលើ។
ខ្ញុំសូមនិយាយពីរឿងប្រទេសអ៊ីរ៉ាក់។ មិនដូចប្រទេសអាហ្កានីស្ថានទេ សង្រ្គាមនៅអ៊ីរ៉ាក់គឺជាសង្គ្រាមដែលធ្វើឡើងដោយការជ្រើសរើស ដែលបណ្តាលអោយមានការខ្វែងគំនិតគ្នាខ្លាំងនៅក្នុងប្រទេសរបស់ខ្ញុំ និងនៅជុំវិញពិភពលោក។ ថ្វីត្បិតតែខ្ញុំជឿថា ប្រជាជនអ៊ីរ៉ាក់ទទួលបានផលល្អនៅទីបំផុត ពីការដួលរលំនៃរបបផ្តាច់ការរបស់សាដាម ហូសេនក្តី តែខ្ញុំក៏ជឿផងដែរថា អ្វីដែលកើតឡើងនៅប្រទេសអ៊ីរ៉ាក់បានរំលឹកប្រទេសអាមេរិកពីសេចក្តីត្រូវការក្នុងការប្រើផ្លូវការទូត និងប្រមូលការព្រមព្រៀងជាអន្តរជាតិ ដើម្បីដោះស្រាយបញ្ហារបស់យើង តាមលទ្ធភាពដែលអាចធ្វើទៅបាន (ស្នូរទះដៃ)។ យើងអាចរំលឹកដល់សំដីរបស់លោកប្រធានាធិបតីThomas Jefferson ដែលបានមានប្រសាសន៍ថា “យើងសង្ឃឹមថាបញ្ញាញាណរបស់យើងនឹងចំរើនឡើងជាមួយនឹងអំណាចរបស់យើង ហើយបង្រៀនយើងថា កាលណាយើងប្រើអំណាចរបស់យើងតិចកាលណា អំណាចរបស់យើងនឹងរីកធំកាលនោះ។”
ពេលនេះសហរដ្ឋអាមេរិកមានការទទួលខុសត្រូវពីរ៖ ទីមួយ ជួយប្រទេសអ៊ីរ៉ាក់ក្នុងការកសាងអនាគតមួយប្រសើរ និងទី ២ អោយប្រជាជនអ៊ីរ៉ាក់គ្រប់គ្រងនិងចាត់ចែងប្រទេសរបស់គេដោយខ្លួនគេ។ ខ្ញុំបានបញ្ជាក់ច្បាស់ចំពោះប្រជាជនអ៊ីរ៉ាក់ថា យើងមិនចង់មានមូលដ្ឋាន និងការចង់បានទឹកដីឬធនធានរបស់គេទេ។ អធិបតេយ្យភាពរបស់អ៊ីរ៉ាក់គឺពិតជារបស់អ៊ីរ៉ាក់។ ហេតុដូច្នេះហើយបានជាខ្ញុំបានបញ្ជាអោយដកកងពលតូចប្រយុទ្ធរបស់យើងមិនអោយហួសខែសីហាក្រោយ។ ហេតុដូច្នេះហើយបានជាយើងនឹងគោរពតាមកិច្ចព្រមព្រៀងរបស់យើងជាមួយនឹងរដ្ឋាភិបាលអ៊ីរ៉ាក់ដែលជាប់ឆ្នោតតាមការបោះឆ្នោតដោយប្រជាធិបតេយ្យ ក្នុងការដកកងទ័ពប្រយុទ្ធចេញពីទីក្រុងនៅត្រឹមខែកក្កដា និងដកកងទ័ពទាំងអស់របស់យើងចេញពីប្រទេសអ៊ីរ៉ាក់នៅត្រឹមឆ្នាំ ២០១២ (ស្នូរទះដៃ)។ យើងនឹងជួយប្រទេសអ៊ីរ៉ាក់ក្នុងការហ្វឹកហ្វឺនកំលាំងសន្តិសុខរបស់ខ្លួន និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនេះ។ តែយើងនឹងគាំទ្រប្រទេសអ៊ីរ៉ាក់មួយដែលមានការឯកភាពនិងសន្តិសុខ ក្នុងនាមជាដៃគូ មិនមែនជាចៅហ្វាយនាយទេ។
នៅទីបំផុត ដូចការដែលប្រទេសអាមេរិកមិនអាចអត់ឱនអោយអំពើហឹង្សារបស់ពួកជ្រុលនិយមបានដែរ យើងមិនត្រូវកែប្រែឬភ្លេចគោលការណ៍របស់យើងទេ។ ព្រឹត្តិការណ៍នៅថ្ងៃទី ១១ កញ្ញាមានការប៉ះទង្គិចយ៉ាងខ្លាំងមកលើប្រទេសរបស់យើង។ ព្រឹត្តិការណ៍នោះបានបង្ករអោយមានការភ័យខ្លាចនិងកំហឹងយ៉ាងច្បាស់ តែក្នុងករណីខ្លះ វានាំអោយយើងប្រព្រឹត្តផ្ទុយពីប្រពៃណីនិងឧត្តមគតិរបស់យើង។ យើងកំពុងតែចាត់វិធានការជាក់ស្តែងដើម្បីកែតំរូវ។ ខ្ញុំបានហាមប្រាមយ៉ាងច្បាស់មិនអោយមានការធ្វើទារុណកម្មដោយប្រទេសអាមេរិក ហើយខ្ញុំបានបញ្ជាអោយបិទគុកនៅច្រកសមុទ្រ Guantanamo Bay នៅត្រឹមដើមឆ្នាំក្រោយ (ស្នូរទះដៃ)។
ដូច្នេះ ប្រទេសអាមេរិកនឹងការពារខ្លួនឯង ដោយគោរពអធិបតេយ្យភាពនៃប្រទេសដទៃ និងនិតិរដ្ឋ។ យើងនឹងធ្វើដូច្នេះក្នុងភាពជាដៃគូជាមួយនឹងសហគមន៍ឥស្លាម ដែលរងការគំរាមកំហែងផងដែរ។ដរាបណា ពួកជ្រុលនិយមត្រូវបានដាក់អោយឯកកោនិងលែងទទួលយកបានឆាប់កាលណា នៅក្នុងសហគមន៍ឥស្លាម យើងនឹងមានសុវតិ្ថភាពកាន់តែឆាប់កាលនោះ។
ប្រភពសំខាន់ទី ២ នៃភាពតានតឹង ដែលយើងត្រូវនិយាយគឺស្ថានភាពរវាងអ៊ីស្រាអែល ប៉ាលេស្ទីន និងពិភពអារ៉ាប់។
ចំណងទាក់ទងដ៏រឹងមាំរបស់ប្រទេសអាមេរិកជាមួយប្រទេសអ៊ីស្រាអែលត្រូវបានគេដឹងច្បាស់។ ទំនាក់ទំនងនេះមិនអាចបំបែកបំបាក់បានទេ។ វាផ្អែកលើទំនាក់ទំនងវប្បធម៌និងជាប្រវត្តិសាស្រ្ត និងការទទួលស្គាល់ថា សេចក្តីប៉ងប្រាថ្នាចង់បានទឹកដីមួយរបស់អ៊ីស្រាអែល មានឬសគល់ក្នុងប្រវត្តិសាស្រ្តប្រកបដោយសោកនាដកម្ម ដែលគេមិនអាចបដិសេធបាន។
នៅជុំវិញពិភពលោក ប្រជាជនអ៊ីស្រាអែលរងការធ្វើបាបអស់ពេលរាប់សតវត្សមក ហើយគំនិតប្រឆាំងនឹងពួកគេ នៅទីបំផុតនាំដល់ហាយនភាព (Holocaust) ។ ថ្ងៃស្អែក ខ្ញុំនឹងទៅជំរុំប្រមូលផ្តុំ Buchenwald ដែលជាផ្នែកមួយនៃបណ្តាញជំរុំ ដែលក្នុងនោះ ជនជាតិអ៊ីស្រាអែលត្រូវបានគេធ្វើទារុណកម្ម បាញ់សំលាប់ និងបាញ់ផ្សែងពុលអោយស្លាប់ ដោយពួកហ៊ីត្លែរ។ ប្រជាជនអ៊ីស្រាអែលចំនួនជាង ៦ លាននាក់ត្រូវបានសំលាប់ ដែលជាចំនួនច្រើនជាងប្រជាជនអ៊ីស្រាអែលទាំងមូលនៅពេលបច្ចុប្បន្ននេះទៅទៀត។ ការបដិសេធថាការនេះមិនពិតគឺគ្មានមូលដ្ឋានទេ វាជាការឆោតល្ងង់ និងគួរអោយស្អប់ខ្ពើម។ ការគំរាមកំទេចប្រទេសអ៊ីស្រាអែល ឬការនិយាយដដែលៗពីរឿងមិនពិតនិងអាក្រក់ស្តីពីជនជាតិអ៊ីស្រាអែលគឺជាការខុសខ្លាំង ហើយគ្រាន់តែធ្វើអោយប្រជាជនអ៊ីស្រាអែលនឹកឃើញដល់ការចងចាំប្រកបដោយការឈឺចាប់បំផុតនេះ ដោយទន្ទឹមនឹងនោះ រារាំងមិនអោយមានសន្តិភាពដែលប្រជាជននៅក្នុងតំបន់នេះសមតែនឹងទទួលបាន។
ផ្ទុយទៅវិញ វាក៏ជាការមិនអាចប្រកែកបានផងដែរថា ប្រជាជនប៉ាលេស្ទីន ទាំងអ្នកកាន់សាសនាឥស្លាម ទាំងអ្នកកាន់សាសនាគ្រឹះ បានទទួលរងការឈឺចាប់ក្នុងការតស៊ូចង់បានទឹកដីរបស់គេ។ អស់រយៈពេលជាង ៦០ ឆ្នាំហើយ ដែលពួកគេបានរងការឈឺចាប់ដោយការត្រូវប្តូរទីលំនៅ។ មានច្រើនរង់ចាំក្នុងជំរុំជនភៀសខ្លូននៅ West Bank, Gaza និងទឹកដីជិតខាង ដើម្បីជីវិតមួយមានសន្តិភាព និងសន្តិសុខ ដែលពួកគេមិនដែលមាន។ ការស៊ូទ្រាំនឹងការអាម៉ាស់រាល់ថ្ងៃ ដោយសារការចូលកាន់កាប់ទឹកដី។ ដូច្នេះត្រូវយល់អោយច្បាស់ថា ស្ថានភាពសំរាប់ប្រជាជនប៉ាលេស្ទីនគឺមិនអាចអត់ឱនបានទេហើយប្រទេសអាមេរិកនឹងមិនបែរខ្នងដាក់ការប្រាថ្នាចង់បានដោយត្រឹមត្រូវរបស់ប្រជាជនប៉ាលេស្ទីនលើភាពថ្លៃថ្នូរ ឱកាស និងរដ្ឋមួយរបស់ខ្លួនគេផ្ទាល់ទេ (ស្នូរទះដៃ)។
រាប់ទសវត្សបន្ទាប់មកទៀត មានភាពទាល់ច្រក ដែលក្នុងនោះ ប្រជាជនពីរមានបំណងប្រាថ្នាត្រឹមត្រូវ ហើយមួយៗមានប្រវត្តិសាស្រ្តប្រកបដោយការឈឺចាប់ ដែលធ្វើអោយមានការពិបាកក្នុងការឈានទៅរកការសំរបសំរួលគ្នា។ វាងាយទេបើគ្រាន់តែចង្អុលដាក់គ្នា ។ សំរាប់ប្រជាជនប៉ាលេស្ទីន គេចង្អុលទៅលើការត្រូវប្តូរទីលំនៅ ដោយសារមានអ៊ីស្រាអែល ហើយចំណែកខាងអ៊ីស្រាអែលវិញ គេចង្អុលទៅលើភាពប្រទូសរាយនិងការវាយប្រហារ នៅក្នុងប្រវត្តិសាស្រ្តទាំងមូលរបស់ខ្លួន នៅក្នុងរង្វង់ទឹកដីនិងក្រៅទឹកដីដែលខ្លួនរស់នៅ។ បើយើងមើលជំលោះនេះតែពីជ្រុងម្ខាងៗ នោះយើងនឹងមិនមើលឃើញការពិតទេ។ ដំណោះស្រាយតែម្យ៉ាងចំពោះសេចក្តីប្រាថ្នានៃភាគីទាំងពីរគឺការមានរដ្ឋពីរ ដោយក្នុងនោះប្រជាជនប៉ាលេស្ទីននិង អ៊ីស្រាអែលរស់នៅក្នុងសន្តិភាពនិងសន្តិសុខ (ស្នូរទះដៃ)។
ការធ្វើបែបនេះបំរើផលប្រយោជន៍របស់អ៊ីស្រាអែល ប៉ាលេស្ទីន ប្រទេសអាមេរិកនិងផលប្រយោជន៍ពិភពលោក។ ហេតុដូច្នេះហើយបានជាខ្ញុំខិតខំធ្វើអោយមានយ៉ាងដូច្នេះ ប្រកបដោយការអត់ធ្មត់និងការប្តេជ្ញាចិត្តដែលភារកិច្ចតំរូវ (ស្នូរទះដៃ)។ កាតព្វកិច្ចដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា នៅក្រោមផែនទីចង្អុលផ្លូវ គឺច្បាស់។ ដើម្បីអោយមានសន្តិភាព វាដល់ពេលហើយដែលពួកគេនិងពួកយើងទាំងអស់គ្នាត្រូវបំពេញការទទួលខុសត្រូវរបស់យើង។
ប៉ាលេស្ទីនត្រូវបោះបង់ការប្រើហឹង្សាចោល។ ការតស៊ូតាមរយៈហឹង្សានិងការសំលាប់គឺជាការខុស ហើយវាមិននាំដល់ជោគជ័យឡើយ។ អស់រយៈពេលរាប់សតវត្សមកហើយ ជនស្បែកខ្មៅនៅប្រទេសអាមេរិកបានរងនឹងការវាយនឹងរំពាត់ក្នុងនាមជាទាសករ និងរងនឹងការអាម៉ាសនៃការបែងចែក។ តែមិនមែនហឹង្សាទេដែលនាំដល់ការមានសេរីភាពពេញលេញនិងស្មើគ្នានោះ។ មានរឿងដូចគ្នានេះដែរសំរាប់ប្រជាជន រាប់ពីអាហ្វ្រិកខាងត្បូងដល់អាស៊ីខាងត្បូង ពីអឺរ៉ុបខាងកើតដល់ប្រទេសឥណ្តូនេស៊ី។ វាជារឿងមួយដែលមានការពិតសាមញ្ញមួយ នោះគឺថា ហឹង្សាគ្មានផ្តល់ផលអ្វីទេ។ វាមិនមែនជាសញ្ញានៃភាពក្លាហានឬអំណាចទេ ដែលគេបាញ់គ្រាប់រ៉ុកកែតដាក់ទៅលើកុមារដែលកំពុងដេក ឬបំផ្ទុះសំលាប់ស្រ្តីនៅលើឡានក្រុងនោះ។ នេះមិនមែនជាវិធីដែលគេអាចប្រកាសថាខ្លួនគេមានសីលធម៌ត្រឹមត្រូវនោះទេ ។ នេះជាវិធីនៃការបង្ហាញពីភាពបាត់បង់សីលធម៌ត្រឹមត្រូវ។
ឥឡូវនេះជាពេលដែលប្រជាជនប៉ាលេស្ទីនត្រូវផ្តោតការយកចិត្តទុកដាក់ទៅលើអ្វីដែលគេអាចកសាងបាន។ អាជ្ញាធរប៉ាលេស្ទីនត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រង ដោយមានស្ថានប័ន ដែលបំរើសេចក្តីត្រូវការរបស់ប្រជាជនខ្លួន។ ហាម៉ាសពិតជាមានការគាំទ្រក្នុងចំណោមប្រជាជនប៉ាលេស្ទីនខ្លះ តែគេក៏ត្រូវទទួលស្គាល់ថា គេមានការទទួលខុសត្រូវ។ ដើម្បីដើរតួនាទីក្នុងការបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនប៉ាលេស្ទីន ដើម្បីឯកភាពរបស់ប្រជាជនប៉ាលេស្ទីន ហាម៉ាសត្រូវបញ្ចប់ហឹង្សា ទទួលស្គាល់កិច្ចព្រមព្រៀងកន្លងមក និងទទួលស្គាល់សិទិ្ធរបស់អ៊ីស្រាអែលក្នុងការរស់នៅ។
ក្នុងនោះផងដែរ អ៊ីស្រាអែលត្រូវទទួលស្គាល់ថា ដូចសិទិ្ធក្នុងការរស់នៅរបស់ខ្លួនដែលមិនអាចបដិសេធចោលបាន សិទ្ធិរបស់ប្រជាជនប៉ាលេស្ទីនក៏មិនអាចបដិសេធចោលបានដែរ។ សហរដ្ឋអាមេរិកមិនទទួលយកភាពស្របច្បាប់នៃការបន្តតាំងទីលំនៅរបស់អ៊ីស្រាអែលឡើយ (ស្នូរទះដៃ)។ ការសាងសង់ទីលំនៅនេះរំលោភលើកិច្ចព្រមព្រៀងកន្លងមក ហើយធ្វើអោយខូចដល់ការខិតខំដើម្បីសំរេចបានសន្តិភាព។ វាដល់ពេលត្រូវបញ្ឈប់ការតាំងទីលំនៅទាំងនេះហើយ (ស្នូរទះដៃ)។
ប្រទេសអ៊ីស្រាអែលក៏ត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួនផងដែរ ដើម្បីអោយប្រជាជនប៉ាលេស្ទីនអាចរស់ ធ្វើការនិងអភិវឌ្ឍសង្គមរបស់គេ។ ក្នុងពេលដែលខ្លួនបំផ្លាញគ្រួសារប្រជាជនប៉ាលេស្ទីន វិបត្តិមនុស្សធម៌ដែលនៅតែមានជាបន្តនៅGaza មិនល្អសំរាប់សន្តិសុខរបស់អ៊ីស្រាអែលទេ ហើយការនៅតែខ្វះឱកាសជាបន្តនៅតំបន់ West Bank ក៏យ៉ាងដូច្នេះដែរ។ ភាពជឿនលឿនក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនប៉ាលេស្ទីនត្រូវតែជាផ្នែកសំខាន់មួយនៃផ្លូវទៅកាន់សន្តិភាព ហើយអ៊ីស្រាអែលត្រូវតែប្រកាន់ជំហានច្បាស់លាស់ ដើម្បីធ្វើអោយមានភាពជឿនលឿននេះឡើង។
ចំនុចចុងក្រោយ រដ្ឋអារ៉ាប់ត្រូវតែទទួលស្គាល់ថា គំនិតផ្តួចផ្តើមសន្តិភាពរបស់អារ៉ាប់គឺជាជំហានដំបូងសំខាន់មួយ តែការទទួលខុសត្រូវរបស់គេមិនមែនចប់ត្រឹមនេះទេ។ ជំលោះគ្នារវាងអារ៉ាប់និងអ៊ីស្រាអែលមិនគួរយកមកប្រើដើម្បីទាញអារម្មណ៍យកចិត្តទុកដាក់របស់ប្រជាជាតិអារ៉ាប់ពីបញ្ហាដទៃឡើយ។ ផ្ទុយទៅវិញ វាត្រូវតែជាបុព្វហេតុនៃការធ្វើសកម្មភាព ដើម្បីជួយប្រជាជនប៉ាលេស្ទីនក្នុងការពង្រឹងស្ថានប័នសំរាប់ទ្រទ្រង់រដ្ឋរបស់គេ ទទួលស្គាល់ភាពស្របច្បាប់របស់អ៊ីស្រាអែល និងជ្រើសយកភាពជឿនលឿនជាជាងការផ្តោតការយកចិត្តទុកដាក់លើអតីតកាលដែលនាំអោយបរាជ័យខ្លួនឯង។
ប្រទេសអាមេរិកនឹងរៀបចំគោលនយោបាយរបស់យើងស្របតាមគោលនយោបាយរបស់អ្នកស្វែងរកសន្តិភាព ហើយយើងនឹងនិយាយជាសាធារណៈនូវអ្វីដែលយើងនិយាយតែជាមួយប៉ាលេស្ទីន អ៊ីស្រាអែលនិងអារ៉ាប់ (ស្នូរទះដៃ)។ យើងមិនអាចចាប់បង្ខំអោយគេទទួលយកសន្តិភាពបានទេ។ តែក្នុងចិត្តរបស់គេ ជនមូស្លីមជាច្រើនទទួលស្គាល់ថា អ៊ីស្រាអែលនឹងមិនទៅណាឆ្ងាយទេ។ ដូចគ្នានេះដែរ ជនជាតិអ៊ីស្រាអែលជាច្រើនទទួលស្គាល់សេចក្តីត្រូវការអោយមានរដ្ឋប៉ាលេស្ទីន ។ វាដល់ពេលហើយសំរាប់យើងធ្វើអ្វីដែលមនុស្សគ្រប់គ្នាដឹងថាពិត។
ទឹកភ្នែកច្រើនពេកហើយដែលត្រូវបានស្រក់។ ឈាមច្រើនពេកហើយដែលត្រូវបានបង្ហូរ។ យើងទាំងអស់គ្នាមានការទទួលខុសត្រូវត្រូវធ្វើការដើម្បីអោយមានថ្ងៃណាមួយដែលម្តាយជាជាតិអ៊ីស្រាអែលនិងម្តាយជនជាតិប៉ាលេស្ទីនអាចឃើញកូនរបស់គេធំឡើងដោយមិនមានការភ័យខ្លាច នៅពេលទឹកដីពិសិដ្ឋនៃសាសនាធំៗទាំងបី គឺជាកន្លែងមានសន្តិភាព ដែលព្រះចង់អោយមានយ៉ាងដូច្នេះ នៅពេល Jerusalem គឺជាផ្ទះសុខសាន្ត និងយូរអង្វែងសំរាប់ជនជាតិអ៊ីស្រាអែល អ្នកកាន់សាសនាគ្រឹះនិងអ្នកកាន់សាសនាឥស្លាម និងជាកន្លែងដែលកូនចៅរបស់Abraham អាចរស់នៅជាមួយគ្នាដោយសន្តិភាព ដូចក្នុងរឿង Isra (ស្នូរទះដៃ) នៅពេល Moses, Jesus និង Mohammed ដោយមានសន្តិភាព រួមគ្នាថ្វាយបង្គំព្រះ (ស្នូរទះដៃ)។
ប្រភពទី ៣ នៃភាពតានតឹងគឺផលប្រយោជន៍រួមរបស់យើងក្នុងសិទ្ធិនិងការទទួលខុសត្រូវរបស់ប្រទេសនានាស្តីពីអាវុធនុយក្លែអ៊ែរ។
បញ្ហានេះគឺជាប្រភពនៃភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប្រទេសអ៊ីរ៉ង់បានចាត់ទុកការប្រឆាំងនឹងប្រទេសរបស់ខ្ញុំថាជារឿងសំខាន់មួយសំរាប់ខ្លួន ហើយតាមពិតទៅ យើងមានប្រវត្តិសាស្រ្តប្រកបដោយការបោកបក់ខ្លាំង។ នៅពាក់កណ្តាលសង្គ្រាមត្រជាក់ សហរដ្ឋអាមេរិកបានដើរតួនាទីមួយក្នុងការផ្តួលរំលំរដ្ឋាភិបាលអ៊ីរ៉ង់ដែលបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ។ តាំងពីបដិវត្តន៍ឥស្លាមមក ប្រទេសអ៊ីរ៉ង់បានដើរតួនាទីមួយក្នុងការចាប់ចំណាប់ខ្មាំងនិងអំពើហឹង្សាប្រឆាំងនឹងកងទ័ពនិងជនស៊ីវិលអាមេរិក។ ប្រវត្តិសាស្រ្តនេះត្រូវបានគេដឹងច្បាស់។ ជាជាងនៅជាប់គាំងតែក្នុងរឿងអតីតកាល ខ្ញុំបានបញ្ជាក់ច្បាស់ចំពោះមេដឹកនាំនិងប្រជាជននៃប្រទេសអ៊ីរង់ថា ប្រទេសរបស់ខ្ញុំត្រៀមខ្លួនជាស្រេចក្នុងការបំភ្លេចរឿងនេះចោលហើយដើរទៅមុខ។ នៅពេលនេះរឿងមិនមែនស្ថិតនៅត្រង់ថាអ្វីទៅដែលប្រទេសអ៊ីរ៉ង់ប្រឆាំង តែផ្ទុយទៅវិញ វាស្ថិតនៅត្រង់ថា តើប្រទេសអ៊ីរ៉ង់ចង់កសាងអនាគតមួយបែបណា។
ខ្ញុំទទួលស្គាល់ថា វាមានការពិបាកក្នុងការលុបបំបាត់ចោលការមិនទុកចិត្តគ្នាដែលមានរាប់ទសវត្សមកហើយនោះ តែយើងនឹងចេញដំណើរទៅដោយភាពក្លាហាន ភាពស្អាតស្អំនិងការប្តេជ្ញាចិត្ត។ មានបញ្ហាជាច្រើនដែលត្រូវពិភាក្សាគ្នារវាងប្រទេសយើងទាំងពីរ ហើយយើងមានឆន្ទៈដើរទៅមុខ ដោយគ្មានលក្ខខ័ណ្ឌ ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក។ តែសំរាប់មនុស្សទាំងអស់គ្នាដែលមានការពាក់ព័ន្ធ គេដឹងច្បាស់ណាស់ថា ស្តីពីអាវុធនុយក្លែអ៊ែរ យើងបានឈានដល់ចំណុចផ្តាច់ព្រាត់មួយ។ រឿងនេះមិនមែនគ្រាន់តែទាក់ទងនឹងផលប្រយោជន៍ប្រទេសអាមេរិកតែប៉ុណ្ណោះទេ។ វាជារឿងស្តីពីការការពារការរត់ប្រណាំងអាវុធនុយក្លេអ៊ែរ នៅមជ្ឈឹមបូព៌ា ដែលអាចនាំតំបន់នេះ និងពិភពលោកអោយចូលទៅក្នុងផ្លូវប្រកបដោយគ្រោះថ្នាក់បំផុត។
ខ្ញុំយល់បានពីអ្នកដែលតវ៉ាថា ប្រទេសខ្លះមានអាវុធហើយប្រទេសខ្លះទៀតមិនមានអាវុធ។ គ្មានប្រទេសណាមួយគួរកំណត់ថាប្រទេសណាមួយគួរមានឬមិនមានអាវុធនុយក្លេអ៊ែរទេ។ ហេតុដូចនេះហើយបានជាខ្ញុំសូមបញ្ចាក់សារជាថ្មីយ៉ាងខ្លាំងក្លានូវការប្តេជ្ញាចិត្តរបស់ប្រទេសអាមេរិក ក្នុងការធ្វើអោយមានពិភពលោកមួយដែលក្នុងនោះ មិនមានប្រទេសណាមួយមានអាវុធនុយក្លេអ៊ែរ (ស្នូរទះដៃ)។ ប្រទេសណាក៏ដោយ រួមទាំងប្រទេសអ៊ីរ៉ង់ផង គួរមានសិទ្ធិប្រើប្រាស់ថាមពលនុយក្លេអ៊ែរតាមផ្លូវសន្តិភាព បើសិនជាប្រទេសនោះគោរពតាមការទទួលខុសត្រូវរបស់ខ្លួន នៅក្រោមសន្ធិសញ្ញាហាមប្រាមការរីកសាយអាវុធនុយក្លេអ៊ែរ។ ការប្តេជ្ញាចិត្តនេះគឺជាស្នូលនៃសន្ធិសញ្ញានេះ ហើយប្រទេសទាំងអស់ដែលគោរពតាមសន្ធិសញ្ញានេះ ត្រូវតែមានការប្តេជ្ញាចិត្តនេះ។ ខ្ញុំសង្ឃឹមថា ប្រទេសទាំងអស់នៅក្នុងតំបន់មានគោលដៅនេះដូចគ្នា។
បញ្ហាទី ៤ ដែលខ្ញុំចង់និយាយគឺលទ្ធិប្រជាធិបតេយ្យ (ស្នូរទះដៃ)។
ខ្ញុំដឹងហើយថា មានភាពចំរូងចំរាស់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗទាក់ទងនឹងការជំរុញលទ្ធិប្រជាធិបតេយ្យ ហើយភាពចំរូងចំរាស់ជាច្រើនមានការទាក់ទងនឹងសង្គ្រាមនៅប្រទេសអ៊ីរ៉ាក់។ ដូច្នេះ ខ្ញុំសូមបញ្ចាក់ច្បាស់ថាគ្មានប្រទេសណាមួយអាចឬគួរបង្ខំអោយប្រទេសមួយទៀតទទួលយកប្រព័ន្ធរដ្ឋាភិបាលណាមួយឡើយ។
តែនេះមិនមែនធ្វើអោយថមថយដល់ការប្តេជ្ញាចិត្តរបស់ខ្ញុំដើម្បីរដ្ឋាភិបាលដែលឆ្លុះបញ្ចាំងពីឆន្ទៈរបស់ប្រជាជនឡើយ។ ប្រទេសមួយៗទ្រទ្រង់គោលការណ៍ តាមរបៀបរបស់គេរៀងៗខ្លួន ដោយឈរលើមូលដ្ឋាននៃប្រពៃណីរបស់ប្រជាជនខ្លួន។ ប្រទេសអាមេរិកមិនហ៊ាននិយាយថាតើមួយណាដែលល្អបំផុតសំរាប់គ្រប់គ្នានោះទេ គឺដូចការដែលយើងមិនហ៊ាននិយាយមុនពីលទ្ធផលនៃការបោះឆ្នោតដោយសន្តិវិធីយ៉ាងដូច្នោះដែរ។ តែខ្ញុំនៅតែមានការជឿជាក់ច្បាស់ថា មនុស្សគ្រប់គ្នាសុទ្ធតែចង់បានលើរឿងខ្លះ ដូចជា លទ្ធភាពអាចនិយាយចេញអោយអស់ពីក្នុងចិត្ត និងនិយាយស្តីពីវិធីគ្រប់គ្រង ទំនុកចិត្តលើនិតិរដ្ឋ និងការមានយុត្តិធម៌ស្មើគ្នា រដ្ឋាភិបាលដែលមានតំលាភាព ហើយមិនកេងប្រវ័ញ្ចពីប្រជាជន និងសេរីភាពក្នុងការរស់នៅតាមការជ្រើសរើសរបស់គេ។ ទាំងនេះមិនមែនគ្រាន់តែជាគំនិតរបស់ជនជាតិអាមេរិកតែប៉ុណ្ណោះទេ ពោលគឺវាជាសិទ្ធិមនុស្ស។ ហេតុដូច្នេះហើយបានជាយើងផ្តល់ការគាំទ្រលើវានៅគ្រប់ទីកន្លែង (ស្នូរទះដៃ)។
មិនមានផ្លូវត្រង់សំរាប់ឈានទៅសំរេចការសន្យានេះទេ។ វាច្បាស់ហើយថា រដ្ឋាភិបាលដែលការពារសិទ្ធិទាំងនេះ នៅទីបំផុត មានស្ថេរភាព មានជោគជ័យនិងមានសន្តិសុខច្រើន។ ការបង្ក្រាបទៅលើគំនិតមិនដែលទទួលជោគជ័យក្នុងការបំបាត់គំនិតនោះចោលទេ។ ប្រទេសអាមេរិកគោរពសិទ្ធិនៃសំលេងទាំងអស់ដែលគោរពច្បាប់និងប្រកាន់តាមផ្លូវសន្តិភាព ក្នុងការទទួលបានការស្តាប់ នៅជុំវិញពិភពលោក បើទោះបីជាយើងមិនយល់ស្របជាមួយគេក្តី។ យើងនឹងស្វាគមន៍រដ្ឋាភិបាលជាប់ឆ្នោតទាំងអស់ ដែលប្រកាន់តាមផ្លូវសន្តិភាព ដរាបណាគេគ្រប់គ្រងដោយមានការគោរពចំពោះប្រជាជនទាំងអស់របស់គេ។
ចំណុចចុងក្រោយមានសារៈសំខាន់ ពីព្រោះមានអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ តែនៅពេលណាដែលគេមិនមានអំណាច ។ ពេលណាមានអំណាចហើយ គេគ្មានត្រាប្រណីក្នុងការបង្ក្រាបទៅលើសិទ្ធិរបស់អ្នកដទៃឡើយ (ស្នូរទះដៃ) ។ ដូច្នេះ ទោះបីវាស្ថិតនៅត្រង់ណាក៏ដោយ ក៏រដ្ឋាភិបាលរបស់ប្រជាជននិងចេញមកពីប្រជាជនមានបទដ្ឋានតែមួយសំរាប់អ្នកកាន់អំណាចទាំងអស់ នោះគឺថា គេត្រូវកាន់អំណាចតាមរយៈការយល់ព្រម មិនមែនការបង្ខិតបង្ខំ។ គេត្រូវគោរពសិទ្ធិរបស់ក្រុមភាគតិច ហើយចូលរួមក្នុងស្មារតីអត់ឱននិងសំរបសំរួល។ គេត្រូវតែដាក់ផលប្រយោជន៍របស់ប្រជាជនរបស់គេ និងដំណើរការស្របច្បាប់ផ្នែកនយោបាយនៅលើគណបក្សរបស់គេ។ បើមិនមានប្រការទាំងនេះទេ ការមានតែការបោះឆ្នោតមិនអាចនាំដល់លទ្ធិប្រជាធិបតេយ្យពិតប្រាកដបានទេ។
អ្នកស្តាប់ម្នាក់ស្រែក៖ Barack Obama យើងស្រឡាញ់លោក!
ប្រធានាធិបតី អូបាម៉ាឆ្លើយ៖ អរគុណ (ស្នូរទះដៃ)។ បញ្ហាទី ៥ ដែលយើងត្រូវដោះស្រាយរួមគ្នាគឺសេរីភាពសាសនា។
សាសនាឥស្លាមមានប្រវត្តិផ្តល់ការអត់ឱនគួរជាទីមោទនៈ។ ត្រង់នេះយើងឃើញនៅក្នុងរឿង Andalusia និង Cordoba នៅត្រង់ការស៊ើបអង្កេតដោយរំលោភលើសិទ្ធិរបស់បុគ្គល។ ខ្ញុំបានឃើញរឿងនេះដោយផ្ទាល់ នៅពេលខ្ញុំនៅជាកុមារនៅប្រទេសឥណ្តូនេស៊ី ដែលនៅទីនោះ អ្នកកាន់សាសនាគ្រឹះអាចប្រតិបតិ្តសាសនារបស់គេដោយសេរី នៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមលើសលុប។ នេះគឺជាស្មារតីដែលយើងត្រូវការនៅពេលបច្ចុប្បន្ននេះ។ ប្រជាជននៅគ្រប់បណ្តាប្រទេសទាំងអស់គួរតែមានសេរីភាពក្នុងការជ្រើសរើសនិងរស់នៅប្រតិបតិ្តសាសនារបស់គេដោយឈរលើមូលដ្ឋាននៃជំនឿចិត្តរបស់គេ។ ការអត់ឱននេះមានសារៈសំខាន់ណាស់សំរាប់អោយសាសនាមានការដុះដាល តែវារងការប្រឆាំងតាមរូបភាពផ្សេងៗជាច្រើន។
ក្នុងចំណោមជនមូស្លីមខ្លះ គេច្រើនមាននិន្នាការវាស់វែងជំនឿរបស់គេទៅតាមការបដិសេធជំនឿរបស់អ្នកដទៃ។ គេត្រូវតែលើកស្ទួយភាពចំរុះនៃសាសនា មិនថាអ្នកកាន់សាសនាគ្រឹះនៅប្រទេសលីបង់ ឬនៅប្រទេសអេហ្ស៊ីបទេ (ស្នូរទះដៃ)។ បើយើងមានភាពស្មោះត្រង់ គំលាតខ្សែបន្ទាត់ត្រូវតែផ្ជិតក្នុងចំណោមជនមូស្លីម ព្រមជាមួយនឹងការបែងចែករវាងក្រុមស៊ីអានិងស៊ុននី ដែលនាំអោយមានហឹង្សាប្រកបដោយសោកនាដកម្ម ជាពិសេសនៅប្រទេសអ៊ីរ៉ាក់។
សេរីភាពសាសនាមានសារៈសំខាន់ជាពិសេសធ្វើអោយគេអាចរស់នៅជាមួយគ្នាបាន។ ជានិច្ចជាកាល យើងត្រូវតែពិនិត្យមើលវិធីដែលយើងការពារសេរីភាពនេះ។ ឧទាហរណ៍ នៅសហរដ្ឋអាមេរិក ច្បាប់ស្តីពីការធ្វើអំណោយទានបានធ្វើអោយជនមូស្លីមមានការពិបាកក្នុងការបំពេញកាតព្វកិច្ចសាសនារបស់គេ។ ហេតុដូច្នេះហើយបានជាខ្ញុំយកចិត្តទុកដាក់ធ្វើការជាមួយជនមូស្លីមអាមេរិក ដើម្បីអោយគេអាចបំពេញការធ្វើទានតាមសាសនារបស់គេ។
ដូចគ្នានេះដែរ ប្រទេសលោកខាងលិចត្រូវជៀសវាងការបង្អាក់ពលរដ្ឋកាន់សាសនាឥស្លាមពីការប្រតិបតិ្តសាសនារបស់គេ តាមការយល់ឃើញថាត្រឹមត្រូវរបស់គេ ឧទាហរណ៍ ការកំណត់អោយស្ត្រីមូស្លីមស្លៀកពាក់តាមបែបណាមួយ។ យើងមិនអាចលាក់កំបាំងអរិភាពចំពោះសាសនាណាមួយក្រោមលេសសេរីនិយមនោះទេ។
តាមពិតទៅ ជំនឿសាសនាគួរតែធ្វើអោយយើងមានការរួបរួមគ្នា។ ហេតុដូច្នេះហើយបានជាយើងផ្តួចផ្តើមឡើងនូវគំរោងនៅប្រទេសអាមេរិក ដើម្បីប្រមូលមកជុំគ្នានូវអ្នកកាន់សាសនាគ្រឹះ អ្នកកាន់សាសនាឥស្លាមនិងអ្នកកាន់ជី្វហ្វ។ ហេតុដូច្នេះហើយបានជាយើងស្វាគមន៍ការខិតខំ ដូចជាកិច្ចពិភាក្សាជាអន្តរសាសនារបស់ព្រះមហាក្សត្រ Abdullah នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងមេដឹកនាំប្រទេសទួគីក្នុងសម្ព័ន្ធអារ្យធម៌។ នៅជុំវិញពិភពលោក យើងអាចប្រែក្លាយការពិភាក្សាអោយទៅជាពិធីអន្តរសាសនា ដូច្នេះស្ពានរវាងប្រជាជននាំទៅដល់ការធ្វើសកម្មភាព មិនថាការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់នៅទ្វីបអាហ្រ្វិក ឬការផ្តល់ជំនួយសង្គ្រោះក្នុងគ្រោះមហន្តរាយធម្មជាតិទេ។
បញ្ហាទី ៦ ដែលខ្ញុំចង់និយាយគឺសិទ្ធិរបស់ស្រ្តី (ស្នូរទះដៃ)។ ខ្ញុំដឹង តាមរយៈអ្នកទាំងអស់គ្នាថា មានការពិភាក្សាគ្នាល្អលើរឿងនេះ។ ខ្ញុំសូមបដិសេធទស្សនៈរបស់អ្នកខ្លះនៅប្រទេសលោកខាងលិចដែលថា ស្រ្តីដែលគ្របសក់មិនមានភាពស្មើជាមួយគេទេ តែខ្ញុំជឿថា ស្រី្តម្នាក់ដែលមិនត្រូវបានគេផ្តល់អោយនូវការសិក្សាអប់រំ ត្រូវបានគេបដិសេធមិនអោយសមភាព (ស្នូរទះដៃ)។ វាមិនមែនជាការចៃដន្យទេថា ប្រទេសដែលមានស្រ្តីមានការសិក្សាបានខ្ពស់ ច្រើនតែមានការលូតលាស់ល្អ។
ឥឡូវខ្ញុំសូមបញ្ជាក់អោយច្បាស់ថា បញ្ហាសមភាពរបស់ស្រ្តីមិនមែនគ្រាន់តែជាបញ្ហាសំរាប់ឥស្លាមតែប៉ុណ្ណោះទេ។ នៅប្រទេសទួគី ប៉ាគីស្ថាន បង់ក្លាដែស និងឥណ្តូនេស៊ី យើងបានឃើញប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមលើសលុបបានជ្រើសរើសស្រ្តីអោយធ្វើជាអ្នកដឹកនាំ។ ទន្ទឹមនឹងនោះ ការតស៊ូដើម្បីសមភាពរបស់ស្រ្តីនៅបន្តមានក្នុងទិដ្ឋភាពជាច្រើននៃជីវិតរស់នៅរបស់ជនជាតិអាមេរិក និងនៅតាមប្រទេសនៅជុំវិញពិភពលោក។
ខ្ញុំមានការជឿជាក់ថា កូនស្រីរបស់យើងអាចរួមចំណែកបានច្រើនចំពោះសង្គមដូចកូនប្រុសរបស់យើងដែរ (ស្នូរទះដៃ)។ យើងអាចលើកកំពស់វិបុលភាពរបស់យើងបានដោយធ្វើអោយមនុស្សជាតិទាំងមូល ទាំងមនុស្សប្រុស ទាំងមនុស្សស្រី ឈានដល់កំរិតសក្តានុពលរបស់គេ។ ខ្ញុំមិនជឿថា នារីត្រូវតែធ្វើការជ្រើសរើសដូចបុរស ដើម្បីបានស្មើភាពគ្នានោះទេ ហើយខ្ញុំគោរពនារីដែលព្រមរស់នៅតាមតួនាទីជាប្រពៃណីរបស់គេ។ តែការធ្វើដូចនេះគួរតែជាការជ្រើសរើសរបស់គេ។ ដូច្នេះហើយបានជាសហរដ្ឋអាមេរិកធ្វើជាដៃគូជាមួយប្រទេសទាំងអស់ដែលមានអ្នកកាន់សាសនាឥស្លាមលើសលុប ដើម្បីបង្កើនការរៀនលេខអក្សរសំរាប់កុមារី និងជួយស្រ្តីវ័យក្មេងស្វែងរកការងារធ្វើ តាមរយៈហិរញ្ញវត្ថុខ្នាតតូច ដែលជួយមនុស្សអោយសំរេចបានការស្រម៉ៃចង់បានរបស់គេ (ស្នូរទះដៃ)។
ជាចុងក្រោយ ខ្ញុំចង់និយាយពីឱកាសនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច
ខ្ញុំដឹងថា សំរាប់មនុស្សជាច្រើន រូបភាពនៃសាកលភាវូបនីយកម្មគឺមានលក្ខណៈផ្ទុយគ្នា។ អ៊ិនធ័រនែតនិងទូរទស្សន៍អាចផ្តល់ចំណោះដឹងនិងព័ត៌មាន តែក៏ផ្តល់ផងដែរនូវរូបភាពស៊ិចនិងហឹង្សាអគតិចូលក្នុងផ្ទះផងដែរ។ ពាណិជ្ជកម្មអាចផ្តល់ឱកាសនិងទ្រព្យធនថ្មី តែក៏ផ្តល់ផងដែរនូវការខូចខាតនិងការប្រែប្រួលដល់សហ គមន៍។ ក្នុងគ្រប់ប្រទេសទាំងអស់ រួមទាំងប្រទេសអាមេរិកផង ការផ្លាស់ប្តូរនេះអាចនាំអោយមានការភ័យខ្លាច។ ការភ័យខ្លាចថា ដោយសារភាពទំនើប យើងបាត់បង់ការគ្រប់គ្រងបានទៅលើការជ្រើសរើសផ្នែក
សេដ្ឋកិច្ច នយោបាយ និងសំខាន់បំផុតគឺអត្តសញ្ញាណរបស់យើង ។ យើងត្រូវរក្សាប្រការទាំងនេះស្តីពីសហគមន៍របស់យើង គ្រួសារយើង ប្រពៃណីរបស់យើង និងជំនឿរបស់យើង។
ខ្ញុំក៏ដឹងផងដែរថា គេមិនអាចបដិសេធភាពជឿនលឿនទៅមុខរបស់មនុស្សបានទេ។ មិនត្រូវមានលក្ខណៈបញ្ច្រាស់គ្នាទេរវាងការអភិវឌ្ឍន៍ និងប្រពៃណីទេ។ ប្រទេសនានា ដូចជាប្រទេសជប៉ុននិងប្រទេសកូរ៉េខាងត្បូង បានពង្រីកសេដ្ឋកិច្ចរបស់គេយ៉ាងខ្លាំង តែនៅរក្សាបានវប្បធម៌ដោយឡែករបស់គេបានដដែល។ ភាពជឿនលឿនគួរអោយកត់សំគាល់យ៉ាងខ្លាំងនៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមលើសលុបរាប់ពី Kuala Lumpur ដល់ Dubai ក៏មានលក្ខណៈយ៉ាងដូច្នេះដែរ។ នៅក្នុងសម័យបូរាណនិងក្នុងសម័យយើងសព្វថ្ងៃនេះ សហគមន៍ឥស្លាមបានឈានមុខគេក្នុងការរុករក ច្នៃប្រឌិត និងការសិក្សាអប់រំ។
ចំណុចនេះមានសារៈសំខាន់ ពីព្រោះមិនមានយុទ្ធសាស្រ្តអភិវឌ្ឍន៍ណាមួយអាចផ្អែកតែលើអ្វីដែលចេញមកពីក្នុងដីបានទេ ហើយក៏វាមិនអាចនៅស្ថិតស្ថេរបានទេ នៅពេលដែលមនុស្សវ័យក្មេងៗមិនមានការងារធ្វើ។ រដ្ឋជាច្រើននៅតំបន់ឈូងសមុទ្រមានធនធានយ៉ាងច្រើនដោយសារប្រេង ហើយមានខ្លះកំពុងចាប់ផ្តើមផ្តោតលើវាសំរាប់ការអភិវឌ្ឍន៍ទូទៅ។ តែយើងទាំងអស់គ្នាត្រូវតែដឹងថា ការសិក្សាអប់រំនិងការបង្ករបង្កើតថ្មីៗគឺជាចរន្តនៃសតវត្សទី ២១ (ស្នូរទះដៃ) ហើយនៅតាមសហគមន៍ឥស្លាមជាច្រើន នៅមានការវិនិយោគតិចនៅក្នុងផ្នែកទាំងនេះ។ ខ្ញុំក៏សង្កត់ធ្ងន់ទៅលើការវិនិយោគបែបនេះដែរនៅក្នុងប្រទេសរបស់ខ្ញុំ។ ថ្វីបើក្នុងអតីតកាល ប្រទេសអាមេរិកបានផ្តោតទៅលើប្រេងនិងឧស្ម័ន ក្នុងការទាក់ទងជាមួយតំបន់នេះនៃពិភពលោកក្តី តែនៅពេលនេះ យើងស្វែងរកការទាក់ទងទូលំទូលាយជាងនេះ។
ស្តីពីការសិក្សាអប់រំ យើងនឹងពង្រីកកម្មវិធីផ្លាស់ប្តូររបស់យើង និងបង្កើនអាហារូបករណ៍ ដូចអាហារូបករណ៍ដែលនាំឳពុកខ្ញុំមកកាន់សហរដ្ឋអាមេរិកអញ្ចឹង (ស្នូរទះដៃ)។ ទន្ទឹមនឹងនោះដែរ យើងនឹងលើកទឹកចិត្តអោយជនជាតិអាមេរិកសិក្សានៅក្នុងសហគមន៍ឥស្លាម។ យើងនឹងផ្គូរផ្គងនិស្សិតមូស្លីមពូកែៗ ក្នុងការហាត់ការនៅប្រទេសអាមេរិក វិនិយោគលើការរៀនសូត្រតាមអ៊ិនធ័រនែតសំរាប់គ្រូនិងកុមារនៅជុំវិញពិភពលោក បង្កើតបណ្តាញថ្មីតាមអ៊ិនធ័រនែត ដូច្នេះយុវវ័យម្នាក់នៅ Kansas អាចឆ្លើយឆ្លងជាមួយយុវវ័យម្នាក់នៅទីក្រុងគែរ។
ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច យើងនឹងបង្កើតក្រុមអ្នកស្ម័គ្រចិត្តផ្នែកមុខជំនួញ ដើម្បីអោយធ្វើជាដៃគូជាមួយសមភាគី នៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើន។ ក្នុងឆ្នាំនេះយើងនឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្តីពីសហគ្រិន ដើម្បីរកមើលថាតើយើងអាចធ្វើយ៉ាងដូចមេ្តចបានដើម្បីធ្វើអោយទំនាក់ទំនងកាន់តែជ្រាលជ្រៅ រវាងអ្នកដឹកនាំផ្នែកជំនួញ មូលនិធិ និងសហគ្រិនសង្គមកិច្ច នៅសហរដ្ឋអាមេរិក និងសហគមន៍ឥស្លាម នៅជុំវិញពិភពលោក។
ស្តីពីវិទ្យាសាស្រ្តនិងបច្ចេកវិជ្ជា យើងនឹងផ្តើមអោយមានមូលនិធិថ្មីមួយសំរាប់ទ្រទ្រង់ការអភិវឌ្ឍបច្ចេកវិជ្ជានៅតាមប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនលើសលុប និងជួយផ្ទេរគំនិតទៅកាន់ទីផ្សា ដើម្បីអោយគេអាចបង្កើតការងារច្រើនថែមទៀត។ យើងនឹងបង្កើតមជ្ឈមណ្ឌលនៃភាពចំណានផ្នែកវិទ្យាសាស្រ្ត នៅទ្វីបអាហ្រ្វិក មជ្ឈឹមបូព៌ា និងអាស៊ីអាគ្នេយ៍ ហើយតែងតាំងបេសកជនថ្មីផ្នែកវិទ្យាសាស្រ្តអោយសហការលើកម្មវិធីនានា ដែលបង្កើតប្រភពថាមពលថ្មីៗ បង្កើតការងារការពារបរិស្ថាន រៀបចំកំណត់ត្រាតាមប្រព័ន្ធឌីយីថុល សំអាតទឹក និងដាំដំណាំថ្មីៗ។ ថ្ងៃនេះ ខ្ញុំសូមប្រកាសការខិតខំថ្មីជាសាកលជាមួយនឹងអង្គការសនិ្នសីទឥស្លាម ដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង។ យើងនឹងពង្រីកផងដែរនូវភាពជាដៃគូជាមួយសហគមន៍ឥស្លាម ដើម្បីលើកកំពស់សុខភាពមាតានិងកុមារ។
ទាំងអស់នេះត្រូវតែធ្វើទៅជាដៃគូ។ ពលរដ្ឋអាមេរិកត្រៀមជាស្រេចនឹងចូលរួមជាមួយពលរដ្ឋនិងរដ្ឋាភិបាលនានា អង្គការសហគមន៍ មេដឹកនាំសាសនា និងក្រុមហ៊ុននានាក្នុងសហគមន៍ឥស្លាមនៅជុំវិញសាកលលោក ដើម្បីជួយប្រជាជនយើងអោយមានជីវិតរស់នៅមួយប្រសើរ។
បញ្ហាទាំងនេះដែលខ្ញុំបានរៀបរាប់មកនេះ មិនងាយនឹងដោះស្រាយទេ។ តែយើងមានការទទួលខុសត្រូវក្នុងការរួបរួមគ្នា តាងនាមអោយពិភពលោកដែលយើងចង់បាន គឺពិភពលោកមួយដែលជនជ្រុលនិយមលែងគំរាមកំហែងដល់ប្រជាជនរបស់យើង ហើយកងទ័ពអាមេរិកវិលត្រលប់មកមាតុភូមិវិញ ពិភពលោកមួយដែលក្នុងនោះប្រជាជនអ៊ីស្រាអែលនិងប្រជាជនប៉ាលេស្ទីនមានសន្តិសុខក្នុងរដ្ឋរបស់គេផ្ទាល់ ហើយថាមពលនុយក្លេអ៊ែរត្រូវបានប្រើដើម្បីបំណងសន្តិភាព ពិភពលោកមួយដែលរដ្ឋាភិបាលបំរើប្រជាពលរដ្ឋរបស់ខ្លួន ហើយសិទ្ធិរបស់កូនព្រះទាំងអស់ត្រូវបានគោរព។ ទាំងនេះគឺជាផលប្រយោជន៍ទៅវិញទៅមក។ នេះជាពិភពលោកដែលយើងចង់បាន។ តែវាមានទៅបាន ទាល់តែយើងរួមគ្នា។
ខ្ញុំដឹងថាមានមនុស្សជាច្រើន ទាំងអ្នកកាន់សាសនាឥស្លាម ទាំងអ្នកមិនកាន់សាសនាឥស្លាម ដែលនៅមានការសង្ស័យថាតើយើងអាចធ្វើការចាប់ផ្តើមថ្មីនេះបានទេ។ អ្នកខ្លះនៅតែចង់បំពួកភ្លើងបំបែកបំបាក់ និងបង្ករការរាំងស្ទះដល់ភាពជឿនលឿន។ អ្នកខ្លះលើកឡើងថា មិនបាច់ទៅខំប្រឹងធ្វើទេ យើងចាំតែមានការខ្វែងគំនិតគ្នា ហើយអារ្យធម៌ជៀសមិនផុតពីការប៉ះទង្គិចគ្នាទេ។ មានមនុស្សជាច្រើនទៀតមានការសង្ស័យថា តើការផ្លាស់ប្តូរពិតប្រាកដអាចកើតមានទៅបានដែរឬទេ។ មានការភ័យខ្លាចនិងការមិនទុកចិត្តគ្នាច្រើនដែលបានពូនផ្តុំមករាប់ឆ្នាំហើយ។ តែបើយើងលង់តែនឹងអតីតកាល យើងមិនអាចដើរទៅមុខបានទេ។ ខ្ញុំចង់និយាយពីចំណុចនេះ ពិសេសចំពោះយុវវ័យដែលមានជំនឿលើគ្រប់សាសនានិងមកពីគ្រប់ប្រទេសទាំងអស់ថា ពួកគេ ជាងអ្នកណាទាំងអស់ មានលទ្ធភាពស្រម៉ើស្រម៉ៃឡើងវិញមកលើពិភពលោក និងបង្កើតពិភពលោកនេះជាថ្មី។
យើងទាំងអស់គ្នាមានចំណែកក្នុងពិភពលោកនេះក្នុងរយៈពេលខ្លី។ សំណួរគឺនៅត្រង់ថា តើយើងចំណាយពេលនេះផ្តោតលើអ្វីដែលរុញយើងអោយឃ្លាតឆ្ងាយពីគ្នា ឬតើយើងប្តេជ្ញាធ្វើការប្រឹងប្រែងមួយ ដែលជាការប្រឹងប្រែងជាប់លាប់ ដើម្បីស្វែងរកចំណុចរួម ផ្តោតលើអនាគត ដែលយើងចង់បានសំរាប់កូនចៅរបស់យើង និងគោរពដល់ភាពថ្លៃថ្នូររបស់មនុស្សជាតិទាំងអស់។
ការចាប់ផ្តើមសង្រ្គាមងាយជាងការបញ្ចប់សង្រ្គាម។ ការស្តីបន្ទោសអោយគេងាយជាងការសំលឹងមកលើខ្លួនឯង។ វាងាយនឹងមើលឃើញប្រការខុសគ្នាលើអ្នកណាម្នាក់ ជាជាងមើលឃើញអ្វីដែលដូចខ្លួនយើង។ តែយើងត្រូវជ្រើសរើសផ្លូវត្រូវ មិនមែនចាំតែផ្លូវស្រួលទេ។ ក្នុងគ្រប់សាសនាទាំងអស់ មានច្បាប់មួយសំខាន់ នោះគឺថា យើងត្រូវធ្វើចំពោះអ្នកដទៃអោយដូចនឹងការដែលយើងធ្វើចំពោះខ្លួនឯង (ស្នូរទះដៃ)។ ការពិតនេះសំខាន់ជាងប្រទេសនិងប្រជាជន ។ វាមិនមែនជាជំនឿថ្មីទេ ។ វាមិនមែនពណ៌ខ្មៅ ស ឬត្នោតទេ។ វាមិនមែនគ្រឹះ ឥស្លាម ឬជី្វហ្វទេ។ វាជាជំនឿដែលមានជីពចរតាំងពីការករកើតអារ្យធម៌មកម្ល៉េះ ហើយសព្វថ្ងៃនៅតែបន្តរដើរនៅក្នុងបេះដូងរបស់មនុស្សរាប់ពាន់លាននាក់ ជុំវិញពិភពលោក។ វាជាការមានជំនឿទៅលើអ្នកដទៃ ហើយវាជាអ្វីដែលនាំខ្ញុំមកកាន់ទីនេះ នៅថ្ងៃនេះ។
យើងអាចបង្កើតពិភពលោកដែលយើងចង់បាន តែទាល់តែយើងមានភាពក្លាហានក្នុងការធ្វើអោយមានការចាប់ផ្តើមថ្មីមួយ ដោយចងចាំនូវអ្វីដែលត្រូវបានសរសេរមក។
គម្ពីរកូរ៉ានប្រាប់យើងថា “ឱ មនុស្សលោក! យើងបានបង្កើតអ្នកមកជាមនុស្សប្រុស ស្រី ហើយយើងបានផ្តុំអ្នកជាប្រជាជាតិនិងជាកុលសម្ព័ន្ធ ដើម្បីអោយអ្នកស្គាល់គ្នាទៅវិញទៅមក។”
ច្បាប់សាសនាជី្វហ្វ (Talmud) ប្រាប់យើងថា “ខ្លឹមសារច្បាប់សាសនាទាំងមូលរបស់ជី្វហ្វគឺមានបំណងជំរុញអោយមានសន្តិភាព។”
គម្គីរសាសនាគ្រឹះប្រាប់យើងថា “ចូរប្រកបទៅដោយអ្នកបង្កើតសន្តិភាព ពីព្រោះគេនឹងមានឈ្មោះថា កូនរបស់ព្រះ។”
(ស្នូរទះដៃ)
ប្រជាជនក្នុងពិភពលោកអាចរស់នៅជាមួយគ្នាដោយសន្តិភាព។ យើងដឹងថា នេះជាចក្ខុវិស័យរបស់ព្រះ។ ឥឡូវ វាត្រូវតែជាការងាររបស់យើងនៅលើផែនដីនេះ។
សូមអរគុណ។ សូមអោយសន្តិភាពរបស់ព្រះបានដល់អ្នក។ សូមអរគុណច្រើន។ សូមអរគុណ (ស្នូរទះដៃ)
ចប់នៅម៉ោង 2:05 រសៀល (ម៉ោងក្នុងស្រុក)