កម្មវិធីសុខភាពថ្មី ដើម្បីដោះ ស្រាយ បញ្ហា នៃការ ស្លាប់របស់ ម្តាយ និង បញ្ហា ដទៃ ទៀត
|
ឯកអគ្គរដ្ឋទូត Rodley (រូបទី ៣ រាប់ពីខាង ឆ្វេង) ជាមួយឯ.ឧត្តម ម៉ម ប៊ុនហេង រដ្ឋ មន្រ្តី ក្រសួងសុខា ភិបាល (រូបទី ២រាប់ពីខាងឆ្វេង ) នៅថ្ងៃបើក កម្មវិធី។ រូបពង្រីក |
សហរដ្ឋអាមេរិកបានបើកសម្ពោធកម្មវិធី ដែលមានរយៈពេល៥ឆ្នាំ ដោយមានថវិកាសរុប ៧៧លានដុល្លារអាមេរិក ស្តីពីសកម្មភាពសុខភាពរបស់សហរដ្ឋអាមេរិកនៅកម្ពុជា និងគាំទ្រដល់ផែនការ សុខាភិបាលជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា គឺផែនការឆ្នាំ ២០០៨-២០១៥ ក្នុងវិស័យសុខាភិបាល។
កម្មវិធីសុខាភិបាលថ្មីនេះនឹងបំពេញនិងពង្រីកបន្ថែមទៅលើកម្មវិធីរបស់សហរដ្ឋអាមេរិកដែលមានស្រាប់ផ្នែកជំងឺអេដស៍ ជំងឺរបេង និងជំងឺឆ្លងផ្សេងៗទៀត ដែលជាការធ្វើអោយជំនួយរបស់សហរដ្ឋអាមេរិកសំរាប់វិស័យសុខាភិបាល នៅកម្ពុជារំពឹងថានឹងកើនឡើងដល់ ១៧៥ លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ឆ្នាំខាងមុខនេះ។
នៅក្នុងពិធីបើកសម្ពោធកម្មវិធីថ្មីនេះនៅភ្នំពេញ កាលពីថ្ងៃ២៦ ខែមីនា លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “ កម្មវិធីនេះបំពេញបន្ថែមលើជោគជ័យនៃការងារជាង ១៥ ឆ្នាំកន្លងមកនេះនៅកម្ពុជា ហើយវាបញ្ជាក់សារជាថ្មីថា សហរដ្ឋអាមេរិកនៅតែបន្ដការប្ដេជ្ញារបស់ខ្លួនដើម្បីលើកកំពស់សុខភាពប្រជាជនកម្ពុជាទាំងមូល”។
កម្មវិធីថ្មីនេះត្រូវបានរៀបចំឡើងទន្ទឹមនឹងសូចនាករដែលបង្ហាញភាពប្រសើរឡើងក្នុងវិស័យសុខាភិបាលនៅកម្ពុជាក្នុងឆ្នាំកន្លងទៅថ្មីៗនេះ។ អត្រាប្រេវ៉ាឡង់មេរោគអេដស៍បានធ្លាក់ចុះជាងពាក់កណ្តាល គឺមកនៅត្រឹមតិចជាង១% តាំងពីឆ្នាំ១៩៩៨ មក ខណៈពេលដែលសូចនាករនៃសុខភាពរបស់កុមារបានប្រសើរឡើងប្រមាណ ១ ភាគ ៣ ។ ទាំងនេះគឺជាជោគជ័យក្នុងចំណោមជោគជ័យផ្សេងៗទៀតដែលទទួលបាន។ ទោះជាយ៉ាងណាក្ដី អត្រាមរណៈរបស់មាតានៅតែស្ថិតក្នុងចំណោមអត្រាខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ខណៈដែលជំងឺឆ្លងផ្សេង ទៀត ដូចជាជំងឺរបេងនៅតែបន្ដជាការប្រឈមមុខនៅឡើយ។
កម្មវិធីសុខភាពថ្មីនេះនឹងធ្វើការលើបញ្ហាទាំងនេះ ទន្ទឹមនឹងការងារដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា តាមរយៈការលើកកំពស់ការគ្រប់គ្រង និងបណ្តុះបណ្តាលបច្ចេកទេស ។ កម្មវិធីនេះក៏នឹងពង្រីកគំរោងមូលនិធិសមធម៌សុខភាពដែលកំពុងទទួលបានភាពជោគជ័យ និងដែលបានផ្ដល់ការថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រចំនួន ១,៣ លាននាក់ ទន្ទឹមនឹងការលើកកំពស់កំរិតសេវាកម្មសំរាប់ប្រជាជនកម្ពុជាទូទៅទាំងអស់។
ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) បានផ្ដល់ថវិកាសរុបជាង ៣៧០ លានដុល្លារ តាំងពីឆ្នាំ ១៩៩៣ មក ដើម្បីជួយផ្នែកអាទិភាពក្នុងវិស័យសុខាភិបាលសំរាប់ប្រជាជនកម្ពុជា ។