សេចក្តីប្រកាសពត៌មាន ក្នុងឆ្នាំ២០១២
- បកប្រែ:
- English
អង្គការមិនមែនរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក
ចេញថ្ងៃទី១២ ខែមករា ឆ្នាំ២០១២
សហរដ្ឋអាមេរិកមានជំនឿយ៉ាងមុតមាំថា សង្គមស៊ីវិលដែលរឹងមាំគឺចាំបាច់សំរាប់អោយលទ្ធិប្រជាធិបតេយ្យរីកចំរើន។ តាំងពីដើមដំបូងនៃប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក អង្គការសង្គមស៊ីវិលបានដើរតួនាទីជាគន្លឹះ ក្នុងការការពារសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូររបស់មនុស្ស និងដំណើរជឿនលឿនរបស់មនុស្ស។ ដូចលោកស្រីរដ្ឋមន្រ្តីការបរទេស Clinton បានមានប្រសាសន៍ថា “សង្គមស៊ីវិលមិនត្រឹមតែជួយបង្កើតប្រជាជាតិរបស់យើងតែប៉ុណ្ណោះទេ តែថែមទាំងបានជួយទ្រទ្រង់ និងផ្តល់កំលាំងដល់ប្រជាជាតិរបស់យើងទៅអនាគតថែមទៀតផង”។
សង្គមស៊ីវិលនៅសហរដ្ឋអាមេរិកមានអង្គការនានាជាច្រើន ដែលនាំអោយមនុស្សម្នាក់ៗអាចសំរេចសេចក្តីប៉ងប្រាថ្នាផ្នែកសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយរបស់គេ តាមរយៈការចងក្រងខ្លួនគេដោយគ្មានការរារាំង ស្របតាមផលប្រយោជន៍ សេចក្តីត្រូវការ និងអាទិភាពរបស់គេ។ យើងប្រកាន់ខ្ជាប់តាមគំនិតថា ផលប្រយោជន៍សាធារណៈទទួលបានការគិតគូរបានយ៉ាងល្អបំផុតនៅពេលពលរដ្ឋសាមញ្ញ និងសមាជិកសង្គមស៊ីវិលអាចធ្វើការជ្រើសរើសបំណង អង្គការ និងបុព្វហេតុដែលគេគាំទ្រ។
ដូច្នេះ ច្បាប់ទំលាប់នៅសហរដ្ឋអាមេរិកទាក់ទងនឹងអង្គការសង្គមស៊ីវិលត្រូវបានរៀបចំឡើងដើម្បីជួយសំរួល និងគាំទ្រការបង្កើតអង្គការមិនមែនរដ្ឋាភិបាល NGO មិនមែនដើម្បីបន្ទុចបង្អាក់ទេ។ ច្បាប់ទំលាប់នៅសហរដ្ឋអាមេរិកត្រូវបានរៀបចំឡើងដើម្បីជៀសវាងការវិនិច្ឆ័យទៅលើតំលៃឬការងាររបស់ NGO ណាមួយ។ NGO អាមេរិក និង NGO អន្តរជាតិតំណាងអោយស្ទើរតែគ្រប់មនោគមវិជ្ជា បុព្វហេតុនយោបាយ សាសនា បញ្ហាសង្គម និងក្រុមមនុស្សតំណាងអោយផលប្រយោជន៍ណាមួយ។ NGO ខ្លះមានការងារពាក់ព័ន្ធជ្រៅក្នុងដំណើរការនយោបាយ ខ្លះមិនកាន់ខាងណាមួយ ធ្វើសកម្មភាពឆ្ងាយពីដំណើរការនយោបាយ ហើយធ្វើការពាក់ព័ន្ធតែនឹងបញ្ហាសង្គម។
សេចក្តីខាងក្រោមនេះពន្យល់ពីការធ្វើសកម្មភាពរបស់ NGO នៅសហរដ្ឋអាមេរិក និងការគ្រប់គ្រងទៅលើអង្គការទាំងនេះ។
តើអ្វីជាសង្គមស៊ីវិល?
សង្គមស៊ីវិលរួមមានអង្គការសង្គមក្នុងទំរង់ជាច្រើន ដែលត្រូវបានបង្កើតឡើងតាមការស្ម័គ្រចិត្តដោយពលរដ្ឋ ដើម្បីជំរុញគោលដៅ ឬផលប្រយោជន៍រួម។ វាអាចមានអង្គការស្រាវជ្រាវនយោបាយសាធារណៈឯករាជ្យ អង្គការតស៊ូមតិ អង្គការដែលការពារសិទ្ធិមនុស្ស និងជំរុញលទ្ធិប្រជាធិបតេយ្យ អង្គការមនុស្សធម៌ មូលនិធិឯកជន មូលនិធិសប្បុរស សមាគម និងសាជីវកម្មមិនស្វែងរកកំរៃចំណេញ។ វាមិនបញ្ចូលគណបក្សនយោបាយទេ។
វិស័យដែលអង្គការមិនមែនរដ្ឋាភិបាលនៅសហរដ្ឋអាមេរិកធ្វើសកម្មភាព
មាន NGO ចំនួន ១,៥ លានកំពុងធ្វើសកម្មភាពក្នុងសហរដ្ឋអាមេរិក។ NGO ទាំងនេះធ្វើសកម្មភាពផ្សេងៗជាច្រើន រួមទាំងការតស៊ូមតិផ្នែកនយោបាយលើបញ្ហា ដូចជានយោបាយការបរទេស ការបោះឆ្នោត បរិស្ថាន ការថែទាំសុខភាព សិទ្ធិស្រ្តី ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងបញ្ហាដទៃជាច្រើនទៀត។ NGO ជាច្រើននៅសហរដ្ឋអាមេរិកក៏ធ្វើការផងដែរក្នុងវិស័យដែលមិនទាក់ទងនឹងនយោបាយ។ អង្គការទាំងនេះរួមមានអង្គការស្ម័គ្រចិត្តដែលមានជំនឿសាសនាដូចគ្នា សហជីពកម្មករ ក្រុមដែលជួយជនស្ថិតក្នុងស្ថានភាពងាយរងគ្រោះ ដូចជាអ្នកក្រ ឬអ្នកមានជំងឺផ្លូវចិត្ត និងក្រុមដែលមានបំណងផ្តល់សិទ្ធិអំណាចដល់យុវវ័យ ឬក្រុមមនុស្សដែលមិនសូវមានគេរាប់រក។ ពិតហើយ NGO មានឡើងដើម្បីតំណាងអោយស្ទើរតែគ្រប់បុព្វហេតុទាំងអស់។ ប្រភពថវិការបស់គេរួមមានអំណោយឯកជន (អាមេរិក ឬបរទេស) ក្រុមហ៊ុនស្វែងរកកំរៃក្នុងវិស័យឯកជន មូលនិធិមនុស្សធម៌ និងអំណោយថវិកាពីអាជ្ញាធរមូលដ្ឋាន រដ្ឋ ឬសហព័ន្ធ។ ប្រភពថវិកាក៏អាចមានរដ្ឋាភិបាលបរទេសផងដែរ។ ច្បាប់នៅសហរដ្ឋអាមេរិកគ្មានការហាមឃាត់លើការផ្តល់ថវិកាបរទេសដល់ NGO ឡើយ មិនថាចេញមកពីប្រភពរដ្ឋាភិបាល ឬមិនមែនរដ្ឋាភិបាលឡើយ។
ក្របខ័ណ្ឌច្បាប់សំរាប់អង្គការមិនមែនរដ្ឋាភិបាលនៅសហរដ្ឋអាមេរិក
ការចាប់ផ្តើមបង្កើត NGO
ជាទូទៅ ក្រុមមនុស្សណាក៏អាចរួមគ្នាបង្កើតអង្គការមិនផ្លូវការមួយបានដែរ ដើម្បីរួមគ្នាពិភាក្សាគំនិត ឬផលប្រយោជន៍រួម ហើយគេអាចធ្វើដូច្នេះ ដោយមិនចាំបាច់មានការយល់ព្រម ឬពាក់ព័ន្ធរបស់រដ្ឋាភិបាលឡើយ។ បើគេចង់ទទួលបានប្រយោជន៍ស្របច្បាប់ណាមួយ ដូចជាការលើកលែងលើការបង់ពន្ធរបស់រដ្ឋាភិបាលសហព័ន្ធ ឬរបស់រដ្ឋាភិបាលតាមរដ្ឋ នោះគេអាចសំរេចបញ្ចូលខ្លួន និងចុះបញ្ជីជា NGO មួយ ក្រោមច្បាប់នៃរដ្ឋណាមួយក្នុងចំណោមរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក។ មិនចាំបាច់ទាល់តែអ្នកនោះជាពលរដ្ឋអាមេរិក ទើបអាចបង្កើត NGO បាននោះទេ។
ចំណាំ៖ មិនមែនគ្រប់ NGO ទាំងអស់នៅសហរដ្ឋអាមេរិកត្រូវបានចុះបញ្ជីទេ។ នៅសហរដ្ឋអាមេរិក ការបង្កើតអង្គការមនុស្សធម៌គឺស្រួលណាស់។ មនុស្សម្នាក់អាចបង្កើតអង្គការមូលនិធិមនុស្សធម៌មួយ ដោយគ្រាន់តែរៀបចំនិងបញ្ជូនក្រដាសស្នាម បណ្តាំមរតក កុងត្រា ឬឯកសារដទៃទៀត ដែលបញ្ជាក់ការផ្ទេរទ្រព្យសម្បត្តិទៅអ្នកដទៃសំរាប់បំរើគោលបំណងមនុស្សធម៌។ មិនចាំបាច់មានការយល់ព្រមរបស់រដ្ឋាភិបាលក្នុងការបង្កើតអង្គការមូលនិធិមនុស្សធម៌ លើសពីការទាមទារធម្មតាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬបណ្តាំផ្ទេរមរតកឡើយ។ តែរដ្ឋជាច្រើននៅសហរដ្ឋអាមេរិកតំរូវអោយ NGO ទាំងអស់ដែលចុះបញ្ជីដើម្បីបំណងសាសនា អប់រំ ឬបំណងសប្បុរសដទៃទៀត ចុះបញ្ជីជាមួយមន្រ្តីផ្នែកការងារសប្បុរសរបស់រដ្ឋ ពិសេសបើអង្គការនោះដើរសុំថវិកាពីសាធារណៈ។
លក្ខខ័ណ្ឌទាមទារក្នុងការចុះបញ្ជីការ និងទំរង់នៃអង្គការខុសគ្នាពីរដ្ឋមួយទៅរដ្ឋមួយ តែជាទូទៅមិនស្មុគស្មាញទេ ដូច្នេះមនុស្សម្នាក់ៗអាចចុះបញ្ជីអោយ NGO មួយ តែក្នុងរយៈពេលពីរបីថ្ងៃប៉ុណ្ណោះនៅថ្នាក់រដ្ឋ។ តាមធម្មតា ដំណើរការចុះបញ្ជីមានការផ្តល់ការរៀបរាប់ខ្លីមួយស្តីពីអង្គការ បេសកកម្មអង្គការ ឈ្មោះ និងអាស្រ័យដ្ឋានរបស់ភ្នាក់ងារម្នាក់នៅក្នុងរដ្ឋ ហើយបង់ថ្លៃបនិ្តចបន្តួច។ រដ្ឋភាគច្រើនមានលក្ខន្តិកៈទូទៅសំរាប់ការចុះបញ្ជីការ ដែលធ្វើអោយដំណើរការនេះជារឿងធម្មតា ដោយមិនចាំបាច់មានការយល់ព្រមរបស់អ្នកធ្វើច្បាប់ ឬមន្រ្តីណាមួយរបស់រដ្ឋាភិបាលឡើយ។ ការធ្វើបែបនេះលុបបំបាត់ចោលលទ្ធភាពនៃការប្រើអំណាចខុសរបស់មន្រ្តីរដ្ឋាភិបាលក្នុងការសំរេចថា គួរដល់ការអនុញ្ញាតអោយអង្គការណាមួយ ឬក៏មិនគួរ។ នៅតាមរដ្ឋមួយចំនួន NGO ខ្លះដែលត្រូវបានបង្កើតឡើងសំរាប់បំរើបំណងសាសនា អប់រំ និងបំណងសប្បុរសដទៃទៀត ក៏ត្រូវចុះបញ្ជីការផងដែរជាមួយមន្រ្តីទទួលផ្នែកសប្បុរសធម៌របស់រដ្ឋ ដែលទទួលបន្ទុកការពារទ្រព្បសម្បតិ្តសប្បុរស និងគ្រប់គ្រងច្បាប់ទំលាប់លើការដើររៃអង្គាសថវិកាសប្បុរសធម៌ពីសាធារណជន។
ឋានៈបានរួចពន្ធ
NGO ជាច្រើននៅសហរដ្ឋអាមេរិកទទួលបានការលើកលែងពន្ធរបស់រដ្ឋាភិបាលតាមរដ្ឋ និងពន្ធរបស់រដ្ឋាភិបាលសហព័ន្ធ។ ឋានៈនេះធ្វើអោយ NGO មានភាពងាយស្រួលក្នុងការបំពេញការងារក្នុងនាមជាអង្គការមិនស្វែងរកកំរៃ ពីព្រោះគេមិនចាំបាច់បង់ពន្ធលើប្រាក់ចំណូល (ថវិកា) ដែលអង្គការទទួលបានទេ។ បើ NGO មួយចង់បានការលើកលែងពន្ធលើប្រាក់ចំណូល ពីរដ្ឋាភិបាលសហព័ន្ធ អង្គការនេះត្រូវដាក់ពាក្យទៅផ្នែកប្រមូលប្រាក់ចំណូលក្នុងស្រុក (Internal Revenue Service)។ មាន NGO ច្រើនប្រភេទចុះនៅក្នុងលេខកូដរបស់ផ្នែកប្រមូលពន្ធនេះ ដែលអាចទទួលបានឋានៈលើកលែងពន្ធ ហើយប្រភេទនៃប្រាក់ឧបត្ថម្ភដែលត្រូវបានផ្តល់គឺអាស្រ័យលើប្រភេទ NGO និងប្រភេទនៃសកម្មភាពដែលត្រូវបានធ្វើ។ ជាទូទៅ NGO ដែលត្រូវបានបង្កើតឡើងសំរាប់តែបំណងផ្នែកសាសនា អប់រំ សប្បុរសធម៌ វិទ្យាសាស្រ្ត ការតេស្តសាកល្បងសំរាប់សុវត្ថិភាពសាធារណៈ បំណងផ្នែកអក្សរសាស្រ្ត និងកីឡាខ្លះ ដែលមិនស្វែងរកកំរៃ ហើយគ្មានតួនាទីលំអៀងផ្នែកនយោបាយទៅខាងណាមួយ (ឧទាហរណ៍ ដោយគាំទ្របេក្ខជនម្នាក់សំរាប់ការបោះឆ្នោត ឬចង់ប្រើឥទ្ធិពលទៅលើអង្គនិតិបញ្ញាតិ) អាចដាក់ពាក្យសុំការលើកលែងពន្ធចំណូលរបស់សហព័ន្ធ ចំពោះចំណូលទាំងអស់ដែលទាក់ទងនឹងបំណងទាំងនេះ។
NGO ដែលត្រូវបានបង្កើតឡើងសំរាប់បំណងនយោបាយអាចទទួលបានការលើកលែងពន្ធមានកំរិត សំរាប់តែចំពោះចំណូលដែលបានមកពីវិភាគទានដែលសុំបានពីសាធារណជនទូទៅ ថ្លៃសមាជិកភាព ឬការរៃអង្គាសប្រាក់។ រដ្ឋាភិបាលតាមរដ្ឋនានាច្រើនប្រើបទដ្ឋានដដែលនេះក្នុងការអនុវត្តច្បាប់ស្តីពីពន្ធលើប្រាក់ចំណូល។ អង្គការដែលស្វែងរកការលើកលែងពន្ធតាមរដ្ឋ តាមធម្មតា ត្រូវតែដាក់ពាក្យសុំការលើកលែងទៅអាជ្ញាធរពន្ធដារបស់រដ្ឋ។
លក្ខណៈមួយទៀតនៃឋានៈបានការលើកលែងពន្ធគឺថាការវិភាគទានដល់អង្គការខ្លះនៃអង្គការទាំងនេះត្រូវអាចដកថ្លៃពន្ធចេញសំរាប់អ្នកធ្វើអំណោយ។ ការធ្វើបែបនេះផ្តល់ការលើកទឹកចិត្តដ៏សំខាន់អោយពលរដ្ឋ និងសាជីវកម្មនានាធ្វើអំណោយថវិកាដល់ក្រុមទាំងនេះ។
គេត្រូវធ្វើការកត់សំគាល់ផងដែរថា រដ្ឋាភិបាលសហព័ន្ធ និងរដ្ឋាភិបាលតាមរដ្ឋនានាមិនវិនិច្ឆ័យលើតំលៃនៃសកម្មភាពណាមួយរបស់អង្គការ ឬបេសកកម្មណាមួយ នៅពេលគេកំណត់ថាតើអង្គការទាំងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សំរាប់ទទួលបានឋានៈលើកលែងពន្ធ។ ជាទូទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនប្រើឥទ្ធិពលទៅលើបេសកកម្មរបស់អង្គការ មិនកំណត់រចនាសម្ព័ន្ធរបស់ NGO មិនមែនជាអ្នកផ្តល់ការយល់ព្រមលើការដំណើរការ ឬការបំពេញការងារក្នុងក្រុមប្រឹក្សាភិបាលរបស់ NGO ឬការគ្រប់គ្រងហិរញ្ញវត្ថុដោយផ្ទាល់របស់ NGO ឡើយ។ ផ្ទុយទៅវិញ ច្បាប់របស់សហរដ្ឋអាមេរិកគ្រប់គ្រងអង្គការដោយតំរូវអោយមានការបើកបង្ហាញជាសាធារណៈអោយបានទៀងទាត់ តាមរយៈការបង្ហាញរបាយការណ៍ស្តីពីថវិកា សកម្មភាព និងការដឹកនាំរបស់អង្គការ។ បញ្ញាតិទាំងនេះមិនអនុញ្ញាតអោយមន្រ្តីរដ្ឋាភិបាលដកការអនុញ្ញាតលែងអោយធ្វើសកម្មភាព ឬឋានៈបានការលើកលែងពន្ធ ដោយផ្អែកលើការវិនិច្ឆ័យលើបេសកកម្ម សកម្មភាព ថវិកា ឬការដឹកនាំឡើយ។
សេរីភាពក្នុងការបញ្ចេញមតិ និងការចងក្រងជាសមាគម នៅសហរដ្ឋអាមេរិក
ជាទូទៅ មានការរឹតត្បិតតិចតួចណាស់លើសេរីភាពក្នុងការបញ្ចេញមតិ និងចងក្រងជាសមាគមសំរាប់ NGO នៅក្រោមច្បាប់របស់សហរដ្ឋអាមេរិក។ ថ្វីបើ NGO ដែលធ្វើសកម្មភាពនយោបាយអាចមិនទទួលបានឋានៈរួចពន្ធក្តី តែរដ្ឋាភិបាលសហរដ្ឋអាមេរិកមិនរារាំង NGO ពីការតស៊ូមតិសំរាប់បញ្ហានយោបាយ ឬមិនអោយរិះគន់រដ្ឋាភិបាលឡើយ។ រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចែងពីការការពារយ៉ាងខ្លាំងក្លាចំពោះសេរីភាពក្នុងការបញ្ចេញមតិ ហើយបើកឱកាសអោយមានការពិភាក្សាដេញដោលដែលមានសារៈសំខាន់ នៅក្នុងសង្គមប្រជាធិបតេយ្យ រួមទាំងការការពារគំនិតយោបល់ដែលនាំអោយមានការខឹង ការភ្ញាក់ផ្អើល ឬការរំខានចិត្តផងដែរ។
សហរដ្ឋអាមេរិកមានច្បាប់ និងបញ្ញាតិជាច្រើនលើបញ្ហានានា រួមទាំងបញ្ហាអន្តោប្រវេសន៍និងទិដ្ឋាការ ការធ្វើឡប់ប៊ី និងផ្តល់ថវិកាសំរាប់យុទ្ធនាការ ការផ្តល់ថវិកាសំរាប់ភេរវកម្ម និងការលាងលុយកខ្វក់ ដែលអាចមានការប៉ះពាល់ដល់ NGO ។ តែ ច្បាប់នេះអនុវត្តទៅលើមនុស្សគ្រប់គ្នា និងអង្គការទាំងអស់ មិនមែនតែចំពោះ NGO ទេ។
ចំណាំៈ NGO ខ្លះ ពិសេសអង្គការមនុស្សធម៌ មានរងការត្បិតត្បៀតខ្លះក្នុងសកម្មភាពរួមទាំងក្នុងច្បាប់របស់ផ្នែកប្រមូលចំណូលក្នុងស្រុករបស់សហរដ្ឋអាមេរិក ដែលហាមឃាត់លើការជួញដូរក្នុងរង្វង់ខ្លួនឯង (សកម្មភាពជួញដូរជាមួយមនុស្សក្នុងអង្គការ) និងការទូតទាត់ច្រើនពេក ដោយដាក់កំរិតព្រំដែនលើការធ្វើ ឡប់ប៊ី និងសកម្មភាពនយោបាយ តំរូវអោយមានរបាយអប្បរិមាក្នុងកំរិតកំណត់សំរាប់សកម្មភាព ហើយដាក់កំហិតលើសកម្មភាពវិនិយោគ ឬពាណិជ្ជកម្មប្រភេទខ្លះ។ លើសពីនេះទៀត ច្បាប់តាមរដ្ឋអាចដាក់កំហិតផ្នែកអភិបាលកិច្ច ដូចជាការតំរូវអោយមានចំនួនតិចបំផុតប៉ុន្មានក្នុងចំនួនសមាជិកគណអភិបាល ឬការកំរិតព្រំដែនលើចំនួនសមាជិកគណអភិបាលដែលអាចទទួលប្រាក់បៀវត្ស។
អង្គការមិនមែនរដ្ឋាភិបាលបរទេសនៅសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកមានអង្គការមិនមែនរដ្ឋាភិបាលបរទេសជាច្រើន ដែលធ្វើការសំខាន់ៗ និងមានតំលៃ នៅក្នុងប្រទេសរបស់យើង។ NGO បរទេសអាចចុះបញ្ជីការនៅសហរដ្ឋអាមេរិកដោយបំពេញសំណុំឯកសារធម្មតាជាអង្គការមិនស្វែងរកកំរ៉ៃ។ អង្គការខ្លះដំណើរការជាមូលនិធិមិនកាន់ខាងណាមួយ ចំណែកខ្លះទៀតមានការទាក់ទងជាមួយគណបក្សនយោបាយបរទេស ហើយធ្វើសកម្មភាពក្នុងនាមជាក្រុមផ្តល់ប្រឹក្សា និងជាស្ពានទាក់ទងជាមួយអង្គការអាមេរិក ដែលមានសកម្មភាពទាក់ទងនឹងនយោបាយការបរទេស។ មូលនិធិទាំងនេះរៀបចំកម្មវិធីសំរាប់អ្នកនយោបាយរបស់គេ នៅពេលពួកគេមកសហរដ្ឋអាមេរិក ហើយរៀបចំសន្និសីទ ការផ្លាស់ប្តូររបស់យុវជន និងអាហារូបករណ៍។ ពួកគេថែមទាំងផ្តល់ថវិកាដល់ NGO អាមេរិក ហើយមានគំរោងរួមគ្នាជាមួយ NGO អាមេរិក។ ដោយទទួលថវិកាទាំងស្រុងពីរដ្ឋាភិបាលបរទេស វិទ្យាស្ថានគណបក្សបរទេសទាំងនេះគ្មានទទួលការដាក់កំហិតពិសេសលើសកម្មភាពរបស់ពួកគេនៅសហរដ្ឋអាមេរិកទេ អាចធ្វើការប្រជុំ និងបោះពុម្ពផ្សាយឯកសារដោយសេរី ហើយមិនចាំបាច់ផ្តល់របាយការណ៍ទៅទីភ្នាក់ងារដទៃរបស់រដ្ឋាភិបាលសហព័ន្ធឡើយ ដរាបណាអង្គការទាំងនោះចុះបញ្ជីការ និងបង់ពន្ធ ស្របតាមលក្ខខ័ណ្ឌទាមទារ ដូចខាងក្រោមនេះ។
ដូចលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានមានប្រសាសន៍នៅទីក្រុង Krakow កាលពីខែកក្កដា ឆ្នាំ ២០១០ មកថា “យើងស្វាគមន៍អង្គការបរទេស ដោយជឿថា អង្គការទាំងនេះធ្វើអោយប្រជាជាតិរបស់យើងរឹងមាំ ហើយធ្វើអោយទំនាក់ទំនងរបស់យើងកាន់តែមានភាពជ្រាលជ្រៅ រវាងប្រទេសអាមេរិក និងប្រទេសដទៃទៀតក្នុងពិភពលោក។ ក្នុងស្មារតីនេះ សហរដ្ឋអាមេរិកផ្តល់ថវិកាដល់អង្គការសង្គមស៊ីវិលបរទេស ដែលកំពុងធ្វើការសំខាន់ៗក្នុងប្រទេសរបស់គេ។ យើងនឹងបន្តការធ្វើបែបនេះ ហើយយើងចង់ធ្វើអោយបានច្រើនថែមទៀតក្នុងភាពជាដៃគូជាមួយប្រទេសកាន់លទ្ធិប្រជាធិបតេយ្យដទៃទៀត”។
ច្បាប់ទំលាប់គ្រប់គ្រងលើការផ្តល់ថវិកាពីបរទេសដល់ NGO អាមេរិក និង NGO បរទេស
ការផ្តល់ថវិកាពីបរទេសដល់ NGO អាមេរិក
ដូចលោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកបានមានប្រសាសន៍មកហើយថា “នៅសហរដ្ឋអាមេរិក ក៏ដូចជានៅតាមប្រទេសកាន់លទ្ធិប្រជាធិបតេយ្យជាច្រើនទៀតដែរ វាជាការស្របច្បាប់ និងអាចទទួលយកបាន ដែលអង្គការឯកជនរៃអង្គាសប្រាក់នៅបរទេស និងទទួលអំណោយថវិកាពីរដ្ឋាភិបាលបរទេស ដរាបណាសកម្មភាពគ្មានការពាក់ព័ន្ធជាមួយប្រភពដែលត្រូវបានហាមប្រាម ដូចជាក្រុមភេរវកម្ម”។ ជាទូទៅ ច្បាប់នៅសហរដ្ឋអាមេរិកគ្មានកំរិតព្រំដែន ឬកំហិតលើការទទួលថវិកាពីបរទេសដោយ NGO ដែលធ្វើសកម្មភាពនៅសហរដ្ឋអាមេរិកទេ។ ពិតមែនហើយថា ច្បាប់ដែលអនុវត្តជាទូទៅចំពោះជនជាតិអាមេរិកទាំងអស់ អាចអនុវត្តចំពោះ NGO ដូចជាកំហិតហាមប្រាមលើការទទួលវិភាគទានពីអង្គការភេរវករ។ មានកំហិតហាមប្រាមផងដែរលើ់ការជួយថវិកាដោយផ្ទាល់ដោយបុគ្គលបរទេស ដល់បេក្ខជននយោបាយ។
NGO បរទេសដែលធ្វើសកម្មភាពក្នុងសហរដ្ឋអាមេរិក
មុនពេលអង្គការបរទេសអាចធ្វើសកម្មភាពនៅក្នុងរដ្ឋណាមួយរបស់សហរដ្ឋអាមេរិកបាន គេត្រូវដាក់ពាក្យសុំអាជ្ញាប័ណ្ណដើម្បីធ្វើសកម្មភាពក្នុងរដ្ឋនោះ។ ដំណើរការនេះដូចនឹងដំណើរការចុះបញ្ជីការដែរ សំរាប់ NGO អាមេរិក ដូចរៀបរាប់ខាងលើ។ ដូច NGO ក្នុងស្រុកដែរ អង្គការបរទេសអាចដាក់ពាក្យសុំទៅផ្នែកសេវាប្រមូលចំណូលក្នុងស្រុក (IRS) ដើម្បីសុំការទទួលស្គាល់ជាអង្គការមនុស្សធម៌ ឬអង្គការសុខមាលភាពសង្គម ក្រោមច្បាប់របស់ IRS ។ ថ្វីបើអង្គការទាំងនេះទទួលបានការលើកលែងពន្ធលើចំណូលរបស់គេក្តី តែវិភាគទានចំពោះអង្គការបរទេសគឺត្រូវជាប់ពន្ធ (Tax-deductible) (ក្នុងករណីគ្មានសន្ធិសញ្ញាពិសេស ដែលចែងផ្សេងពីនេះ ជាមួយប្រទេសដើមរបស់ NGO នោះ)។
ច្បាប់ស្តីពីការចុះបញ្ជីភ្នាក់ងារបរទេស (Foreign Agents Registration Act ឬ FARA)
ច្បាប់នេះតំរូវអោយមនុស្សឬអង្គការ (អាមេរិក ឬបរទេស) ដែលជា “ភ្នាក់ងារនៃសាម៉ីជន ឬអង្គការសាម៉ីបរទេស” ចុះបញ្ជីការជាមួយក្រសួងយុត្តិធម៌ និងបង្ហាញមនុស្សឬអង្គការសាម៉ីដែលភ្នាក់ងារនោះធ្វើការអោយ។ សាម៉ីបរទេសអាចមានរដ្ឋាភិបាល គណបក្សនយោបាយ មនុស្សម្នាក់ ឬអង្គការមួយ នៅក្រៅសហរដ្ឋអាមេរិក (លើកលែងពលរដ្ឋអាមេរិក) ឬនិតិបុគ្គលណាមួយដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃប្រទេសនោះ ឬដែលមានកន្លែងធ្វើសកម្មភាពសំខាន់ នៅក្នុងទឹកដីបរទេសណាមួយ។ FARA តំរូវអោយអ្នកដែលធ្វើជាភ្នាក់ងាររបស់សាម៉ីបរទេសក្រោមកាលៈទេសៈណាមួយធ្វើការបង្ហាញជាសាធារណៈ តាមពេលវេលាកំណត់នូវទំនាក់ទំនងរបស់គេជាមួយសាម៉ីបរទេស ព្រមទាំងបង្ហាញសកម្មភាព ចំណូល និងចំណាយសំរាប់សកម្មភាពទាំងនោះ។
រដ្ឋាភិបាលខ្លះបានបកស្រាយដោយខុសថា FARA រឹតត្បិតមិនអោយសង្គមស៊ីវិលអាចចុះបញ្ជីការ និងធ្វើសកម្មភាពបានទេ។ ផ្ទុយទៅវិញ FARA មិនកំណត់ពន្ធ ឬកំរិតចំនួនទឹកប្រាក់បរទេសដែលអង្គការមួយអាចទទួលបាននោះទេ។ FARA និយាយដល់គ្រប់ “បុគ្គល” ទាំងអស់ រួមទាំងសាជីវកម្មនិមួយៗ និងសមាគម។ FARA ក៏មាននិយាយផងដែរពីចំនួនលើកលែង រួមទាំងសំរាប់បុគ្គលដែលសកម្មភាពរបស់គេ “ជំរុញដល់បំណងពិតប្រាកដផ្នែកសាសនា ការសិក្សាសា្រវជ្រាវ ឬវិទ្យាសាស្រ្ត ឬបំណងផ្នែកវិចិត្រសិល្បៈ”។ FARA ថែមទាំងលើកលែងការចុះបញ្ជីនូវសកម្មភាពដទៃទៀតរបស់ NGO ដូចជាការដើររៃអង្គាសថវិកាសំរាប់យកទៅជួយផ្នែកពេទ្យ ឬសំរាប់ “អាហារនិងសំលៀកបំពាក់ដើម្បីបន្ថយទុក្ខលំបាករបស់មនុស្ស”។
ទំនាក់ទំនងរបស់ NGO តាមលំដាប់ថ្នាក់ក្នុងស្រុក និងលំដាប់ថ្នាក់អន្តរជាតិ
នៅពេលដែល NGO មួយបានចុះបញ្ជីការស្របតាមលក្ខខ័ណ្ឌទាមទារ ដូចមានសង្ខេបមកខាងលើហើយ រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនជ្រៀតជ្រែកក្នុងការងាររបស់ NGO ដែលធ្វើការដើម្បីសំរេចបំណងខ្លួននោះទេ។ NGO មានសិទ្ធិដោយសេរីក្នុងការជ្រើសរើសអ្នកចូលរួមជាមួយខ្លួនតាមចិត្តចង់ ហើយមិនចាំបាច់ប្រាប់ទៅទីភ្នាក់ងារដ្ឋាភិបាលណាមួយស្តីពីសមាជិកភាព ឬសកម្មភាពរបស់ខ្លួនឡើយ។ ដូចក្រុមហ៊ុន និងអង្គការដទៃទៀតរបស់អាមេរិកដែរ NGO អាមេរិកមិនត្រូវធ្វើការជាមួយរដ្ឋាភិបាល ឬបុគ្គលដែលស្ថិតនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ក៏ដូចជាជាមួយក្រុមមនុស្សដែលត្រូវបានចាត់ទុកថាជាអង្គការភេរវកម្មបរទេសឡើយ តែបើក្រៅពីនេះ គេអាចធ្វើសហការដោយសេរីជាមួយ NGO ឬរដ្ឋាភិបាលបរទេស ដើម្បីសំរេចបំណងរបស់គេ។ គ្មានបទបញ្ជាការដែលរឹតត្បិត NGO អាមេរិកមិនអោយចូលរួមក្នុងសន្និសីទនៅបរទេស ស្វែងរកម្ចាស់អំណោយនៅបរទេស ឬបំពេញការងារជាអន្តរជាតិឡើយ។
- Share
- Delicious
- Digg
- StumbleUpon

