ក្រុមទី ៣ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជាធ្វើសច្ចាប្រណិធាន
ភ្នំពេញ
ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០៩
|
ឯកអគ្គរដ្ឋទូត Rodley នាំអ្នកស្ម័គ្រចិត្ត ធ្វើសច្ចាប្រណិធាន ។ រូបពង្រីក |
ក្នុងពិធីមួយកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០០៩ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ហើយនិងលោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា ក្រុមទី ៣ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជាបានធ្វើសច្ចាប្រណិធានចូលបំពេញការងារ។
អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នឹងបង្រៀនគ្រូ និងបង្រៀនភាសាអង់គ្លេសតាមសាលាវិទ្យាល័យកំរិតទុទិយភូមិ និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ នៅតាមខេត្តចំនួន ១១ ទូទាំងប្រទេស។ ពួកគេក៏នឹងធ្វើការផងដែរជាមួយអ្នកនៅតាមសហគមន៍ រួមទាំងអង្គការមិនមែនរដ្ឋាភិបាលផង ដើម្បីជួយដោះស្រាយសេចក្តីត្រូវការក្នុងសហគមន៍របស់គេ។ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps រស់នៅជាមួយគ្រួសារខ្មែរ ក្នុងអំឡុងបំពេញការងាររបស់គេនៅកម្ពុជា រយៈពេល ២ ឆ្នាំ។ លោកស្រីឯកអគ្គរដ្ឋទូត Rodley បានមានប្រសាសន៍ក្នុងសុន្ទរកថារបស់លោកស្រីថា “ទីភ្នាក់ងារ Peace Corps បញ្ចូលគ្នានូវលក្ខណៈជាមូលដ្ឋានមួយចំនួនរបស់សង្គមអាមេរិក នោះគឺ ឆន្ទៈស្ម័គ្រចិត្ត ឆន្ទៈរៀនសូត្រ ឆន្ឨៈចែករំលែក ជំនឿលើការផ្លាស់ប្តូរ និងភាពសោមនស្សក្នុងការផ្តោតទៅលើភារកិច្ចចំពោះមុខ។”
ទីភ្នាក់ងារ Peace Corps មានគោលបំណងធំបី គឺជួយប្រជាជនក្នុងប្រទេសដទៃៗទៀតដើម្បីបំពេញសេចក្តីត្រូវការរបស់គេលើធនធានមនុស្សដែលមានជំនាញ ជំរុញការយល់ដឹងអោយបានច្បាស់របស់ប្រជាជនដែលពួកគេបានជួយ ទៅលើប្រជាជនអាមេរិក និងជំរុញការយល់ដឹងអោយបានច្បាស់របស់ប្រជាជនអាមេរិកទៅលើប្រជាជនដទៃទៀត។ តាំងពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០០៩ មានអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ចំនួន ៧២ នាក់ហើយ ដែលបានមកបំពេញការងារនៅប្រទេសកម្ពុជា ដោយមាន ៥៥ នាក់ទៀតនឹងមកដល់នៅឆ្នាំក្រោយ។
ប្រទេសកម្ពុជាបានស្នើសុំអោយទីភ្នាក់ងារ Peace Corps ផ្តល់គ្រូបង្រៀនភាសាអង់គ្លេស នៅថ្នាក់វិទ្យាល័យ និងនៅតាមមជ្ឈមណ្ឌលគរុកោសល្យ នៅទូទាំងប្រទេស។ អ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps ក៏អាចរៀនសូត្រផងដែរពីគ្រួសារដែលពួកគេកំពុងរស់នៅជាមួយ ហើយអាចស្វែងយល់បានស៊ីជំរៅទៅលើប្រទេសនិងប្រជាជនកម្ពុជា។
ក្នុងសុន្ទរកថាបិទ លោកស្រីឯកអគ្គរដ្ឋទូត Rodley បានសង្កត់ធ្ងន់ទៅលើចំណុចនេះ ហើយបានមានប្រសាសន៍ថា “ខ្ញុំសូមសរសើរក្រុមអ្នកស្ម័គ្រចិត្តក្នុងឆ្នាំនេះ ដែលបានបំពេញការហាត់រៀនរបស់គេ។ផ្លូវដើរទៅមុខទៀតមិនស្រួលទេ តែបើវាស្រួល ប្រហែលគេមិនគួរនឹងធ្វើទេ។ ខ្ញុំជឿថា អ្នកតំណាងអ្វីដែលល្អបំផុតដែលប្រទេសរបស់យើងត្រូវផ្តល់អោយគេ ហើយអ្នកនឹងការធ្វើដំណើរមួយដែលនាំអោយមានការផ្លាស់ប្តូរជីវិត ដែលក្នុងនោះ អ្នកនឹងរៀនបានច្រើនជាងអ្វីដែលអ្នកអាចបង្រៀន។ សូមអោយអ្នកជួបសំណាងល្អ ក្នុងពេល ២ ឆ្នាំខាងមុខនេះ ហើយសូមកុំមានការភ្ញាក់ផ្អើលបើសិនជាខ្ញុំចុះមកសាលារបស់អ្នក ទោះបីសាលានោះស្ថិតនៅដាច់ស្រយ៉ាលយ៉ាងណាក៏ដោយ។”