សេចក្តីប្រកាសពត៌មាន
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចឈ្នះការប្រកួតជំនាញផ្នែកច្បាប់ ដែលឧបត្ថម្ភគាំទ្រដោយសហរដ្ឋអាមេរិក
ចេញថ្ងៃទី២៣ ខែមករា ឆ្នាំ២០០៩
ក្រុមដែលមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រនិងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបានឈ្នះការប្រកួតប្រជែងផ្នែកប្រឹក្សាយោបល់ជាមួយកូនក្ដីលើកទីពីរ នៅថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ ២០០៩ នេះ។
ក្នុងនាមជាជើងឯកថ្នាក់ជាតិ ក្រុមឈ្នះការប្រកួតប្រជែង ដែលមាន កញ្ញា តាន់ ទេពីកណ្ណិកា និង កញ្ញា ថេង ទិត្យម៉ារីយា នឹងធ្វើដំណើរទៅកាន់សាកលវិទ្យាល័យ ណេវាដា ឡាសវេហ្គាស សហរដ្ឋអាមេរិក ដោយធ្វើជាតំណាងឱ្យប្រទេសកម្ពុជា ក្នុងការប្រកួតជាលក្ខណៈអន្ដរជាតិ ដែលនឹងទាក់ទាញនិស្សិតច្បាប់ពូកែៗមួយចំនួនពីប្រទេសនានាជុំវិញពិភពលោកចូលរួមផងដែរ។
ការប្រកួតប្រជែងថ្នាក់ជាតិនេះមានរយៈពេលពីរថ្ងៃ បានទទួលការឧបត្ថម្ភគាំទ្រពីសហរដ្ឋអាមេរិក និង មានការចូលរួមពីនិស្សិតចំនួន១២ក្រុម មកពីសាកលវិទ្យាល័យច្បាប់ចំនួន៦។ ការប្រកួតប្រជែងបានរៀបចំនៅក្នុងបន្ទប់ដែលមានបរិយាកាសដូចការិយាល័យច្បាប់ ដោយមានអ្នកសំដែងរង់ចាំធ្វើដូចជាអតិថិជនផងដែរ។
ការប្រកួតប្រជែងនេះបានបង្កើតឡើងដើម្បីបង្ហាត់ប្រងៀននិស្សិតនូវជំនាញអនុវត្ដ ដែលមិនធ្លាប់មាន ពីមុនមកនៅក្នុងសាកលវិទ្យាល័យច្បាប់នានានៅក្នុងប្រទេសកម្ពុជា ដោយផ្ដោតជាពិសេសទៅលើជំនាញ របៀប ធ្វើការសំភាសន៍កូនក្ដី និង ផ្ដល់ដំបូន្មានដែលមានប្រសិទ្ធភាព។ គណៈវិនិច្ឆ័យនៅក្នុងការប្រកួតប្រជែងរួមមានអ្នកជំនាញផ្នែកច្បាប់ដែលមានបទពិសោធន៍ បានធ្វើការសង្កេត និងដាក់ពិន្ទុលើការសំដែងរបស់ក្រុមនិមួយៗ ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោកស្រី Carol A. Rodley បានចូលរួមសំដែងសេចក្ដីកោតសរសើរចំពោះអ្នកចូលរួមទាំងអស់នៅក្នុងពិធីប្រគល់ពានរង្វាន់ នៅសណ្ឋាគា សាន់វេ ក្នុងរាជធានីភ្នំពេញ។ លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា “ជំនាញដែលអ្នកបានរៀននៅក្នុងការប្រកួតប្រជែងនេះនឹងជួយអ្នកអោយក្លាយជាមេធាវី ចៅក្រម និងព្រះរាជអាជ្ញានៅក្នុងប្រទេសកម្ពុជា នាថ្ងៃអនាគត នឹងផ្ដល់សេវាដល់កូនក្ដីកាន់តែមានប្រសិទ្ធភាព និងចុងក្រោយបំផុត គឺការបំរើនូវយុត្ដិធម៌”។
សហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) បានតាំងចិត្ដឧបត្ថម្ភគាំទ្រដល់គំរោងផ្នែកច្បាប់នៅកម្ពុជា។ ជាចុងក្រោយ (USAID) បានផ្ដល់មូលនិធិចំនួន ១២ លានដុល្លាសហរដ្ឋអាមេរិកសំរាប់រយៈពេលប្រាំឆ្នាំខាងមុខ ដើម្បីបណ្ដុះបណ្ដាលនិស្សិតច្បាប់ ចៅក្រម និង មេធាវី និង ផ្ដល់លទ្ធភាពដល់សាធារណជនអោយទទួលបាននូវព័ត៌មានស្ដីពីប្រព័ន្ធច្បាប់ផងដែរ។
ការប្រកួតប្រជែងថ្នាក់ជាតិនេះ ត្រូវបានរៀបចំដោយកម្មវិធីរបស់វិទ្យាស្ថានគ្រប់គ្រងបូព៌ា-បច្ចឹម ស្ដីពីសិទ្ធិនិងយុត្ដិធម៌ និងគណៈមេធាវីសហរដ្ឋអាមេរិក (ABA) ។