jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  លោកស្រី​ភារធារី អំពី​ស្ថានទូត ដំណឹង​ថ្មី សុន្ទរកថា សេចក្តី​ប្រកាស​ពត៌មាន

សេចក្តី​ប្រកាស​ពត៌មាន

ការ​ត្រឡប់​មក​ពិនិត្យ​សំរេច​ទិដ្ឋាការ​អន្ដោប្រវេសន៍​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក នៅ​ទីក្រុង​ភ្នំពេញ​វិញ​នៅ​ពេល​នេះ​មាន​លក្ខណៈ​ជា​ផ្លូវការ​ហើយ​ ។

ការពិនិត្យ​សំរេច​លើ​ទិដ្ឋាការ​អន្ដោប្រវេសន៍​ទៅ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​បែរ​មក​ធ្វើ​នៅ​កម្ពុជា​វិញ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ​ឆ្នាំ​២០០៧​នេះ​ដោយ​មាន​ការ​ចេញ​ទិដ្ឋាការ​បែប​នេះ​ជា​លើក​ដំបូង​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​ភ្នំពេញ ក្នុង​រយៈពេល​ជាង​៥​ឆ្នាំ​កន្លង​មក​នេះ ។ អ្នក​ទទួល​ទិដ្ឋាការ​ដំបូង​នេះ គឺ​កញ្ញា​ស៊ុន ដាលីស ដោយ​កញ្ញា​មាន​លក្ខណៈ​សម្បត្ដិ​គ្រប់គ្រាន់​ក្នុង​ការទទួល​បាន​ថានៈ​ជា​ជនអន្ដោប្រវេសន៍​តាមរយៈ​ពាក្យសុំ​របស់​ គូដណ្ដឹង​នាង​ដែល​ជា​ពលរដ្ឋ​អាមេរិក ។ លោក Joseph A. Mussomeli ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ប្រគល់​ទិដ្ឋាការ​នោះ​ដោយ​ផ្ទាល់​ដៃ​ដល់​កញ្ញា​ស៊ុន​ដាលីស ។


ការពិនិត្យ​សំរេច​ទិដ្ឋាការ​អន្ដោប្រវេសន៍​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក​សំរាប់​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ផ្ទេរ​ទៅ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​បាងកក​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០១ ដោយសារ​មាន​បន្ទុក​ការងារ​ច្រើន​ពេក ។ នៅពេល​នោះ​ការខ្វះខាត​ធនធាន​ធ្វើ​អោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្រុង​ភ្នំពេញ​មិន​អាច​មាន​លទ្ធភាព​ទទួល​ពិនិត្យ​សំរេច​ករណី​ពាក្យ​សុំ​ទិដ្ឋាការ​អន្ដោប្រវេសន៍​ដែល​ចេះ​តែ​មាន​ចំនួន​កើន​ឡើង​នោះ​បាន​ទេ ។ ដោយ​សហរដ្ឋ​អាមេរិក​បាន​បើក​ស្ថានទូត​ថ្មី​របស់​ខ្លួន​នៅ​ ភ្នំពេញ​កាល​ពី​ខែ​មករា ឆ្នាំ​២០០៦ ស្ថានទូត​អាច​ធ្វើ​ការពិនិត្យ​សំរេច​ពាក្យ​សុំ​ទិដ្ឋាការ​នេះ​នៅ​ក្រុង​ភ្នំពេញ​វិញ​បាន ដែល​ជា​ការបង្ក​អោយ​មាន​លក្ខណៈ​ងាយស្រួល និង​ធ្វើអោយ​សេវា​កាន់​តែ​ប្រសើរ​ឡើង​សំរាប់​ជនជាតិ​ខ្មែរ​ដែល​ដាក់ពាក្យ​សុំ ។ មាន​ឧបសគ្គ​ផ្នែក​ភស្ដុភា​ជាច្រើន​ដែល​ត្រូវ​ជំនះ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​ដល់​ការចាប់ផ្ដើម​ឡើង​វិញ​នូវ​ការពិនិត្យ​សំរេច​ទិដ្ឋាការ​អន្ដោប្រវេសន៍​នៅ​ក្រុង​ភ្នំពេញ ។ ការងារ​នោះ​រួម​មាន​ការជ្រើសរើស​និង​បង្រៀន​បុគ្គលិក​ខ្មែរ​ថ្មី​ៗ និង​ការផ្ទេរ​ការងារ​ក្រដាស​ស្នាម​ចំនួន​ជាង​៦​ពាន់​ករណី​ពី​ទីក្រុង​បាងកក​មក​ក្រុង​ភ្នំពេញ​វិញ ។


ដូច​ពេល​មុន​ដែរ​ការសំភាសន៍​ជាមួយ​អ្នក​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​គូដណ្ដឹង ទិដ្ឋាការ​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក និង​ទិដ្ឋាការ​អន្ដោប្រវេសន៍​ថ្មី​ៗ​ទាំងអស់​នឹង​បន្ដ​ធ្វើ​តែ​តាម​ការណាត់​តែ​ប៉ុណ្ណោះ ។ អ្នក​ដាក់ពាក្យ​សុំ​ម្នាក់​ៗ​នឹង​ត្រូវ​បាន​ជំរាប​អោយ​ដឹង​ពី​ពេលវេលា​នៃ​ការពិនិត្យ​សំរេច​លើ​ករណី​របស់​គេ ។ ចូរ​ចាំ​ថា ផ្នែក​កុងស៊ុល​របស់​ស្ថានទូត​មិន​អាច​ទទួល​ឆ្លើយតប​នឹង​ការសួរនាំ​នានា​របស់​អ្នក ដែល​មក​សួរ​នាំ​បាន​ទេ ទាក់ទង​នឹង​ទិដ្ឋាការ​គូដណ្ដឹង ទិដ្ឋាការ​ឆ្នោត​ផ្សង​សំណាង​ទៅ​រស់នៅ​សហរដ្ឋ​អាមេរិក និង​ទិដ្ឋាការ​អន្ដោប្រវេសន៍ ដែល​កំពុង​ស្ថិតនៅ​ក្នុង​ការរង់ចាំ​ការពិនិត្យ​សំរេច​នោះ ។


ពត៌មាន​ដែល​មាន​នៅក្នុង​គេហទំព័រ​របស់​យើងៈ http://cambodia.usembassy.gov អាច​ឆ្លើយ​បាន​ដោយ​ងាយ​ទៅ​ នឹង​សំណួរ​ភាគ​ច្រើន​របស់​លោក​អ្នក​ហើយ ។ ពាក្យ​សួរ​នាំ​ក៏​អាច​ផ្ញើ​ផង​ដែរ​ទៅ​កាន់​អ៊ីម៉េល​ថ្មី​របស់​យើង​តាម​អាស័យដ្ឋាន  visasphp@state.gov  ។


អ្នក​ដាក់ពាក្យ​សុំ​ទិដ្ឋាការ​អន្ដោប្រវេសន៍ ដែល​បង្ហាញ​ឯកសារ​មិន​ពិត​ឬ​ក្លែងបន្លំ​ក្នុង​ដំណើរ​ពិនិត្យ​សំរេច​ទិដ្ឋាការ​អន្ដោប្រវេសន៍ អាច​ប្រឈម​នឹង​ការចាប់ខ្លួន​និង​ការកាត់ទោស​ព្រហ្មទណ្ឌ ។ ករណី​ដែល​ការរៀប​អាពាហ៍ពិពាហ៍​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​គ្រាន់តែ​មាន​បំណង​ធ្វើ​អន្ដោប្រវេសន៍​នឹង​ត្រូវ​បាន​ស៊ើបអង្កេត​ស្រាវជ្រាវ​យ៉ាង​ដិត​ដល់ ។ អ្នក​ទាក់ទង​យក​កំរ៉ៃ​ជើងសារ​ឬ​ឈ្មួញ​កណ្ដាល​រត់ការ​សុំ​ទិដ្ឋាការ ដែល​ទារ​លុយ​ថ្លៃ​ធ្វើ​ការណាត់​សំភាសន៍ ឯកសារ​ផ្សេង​ៗ ការពិនិត្យ​សំរេច​ទិដ្ឋាការ ឬ​ការចេញ​ទិដ្ឋាការ មិន​ត្រូវ​បាន​អនុញ្ញាតិ​ឡើយ​ដោយ​ស្ថានទូត​អាមេរិក ។ ស្ថានទូត​អាមេរិក​ធ្វើ​ការពិចារណា​ការចោទ​ប្រកាន់​ស្ដីពី​ការបន្លំ ឬ​ការធ្វើ​មិន​ត្រឹមត្រូវ​ក្នុង​ការពិនិត្យ​សំរេច​ទិដ្ឋាការ​​យ៉ាង​ហ្មត់ចត់​បំផុត ។


សូម​កត់សំគាល់​ថា ការត្រឡប់​មក​ធ្វើ​ការពិនិត្យ​សំរេច​លើ​ពាក្យ​សុំ​ទិដ្ឋាការ​អន្ដោប្រវេសន៍ នៅ​ស្ថានទូត​អាមេរិក​នៅ​ក្រុង​ភ្នំពេញ​មិន​ប៉ះពាល់​ដល់​ការផ្អាក​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​លើ​ការពិនិត្យ​សំរេច​ស្ដីពី​ទិដ្ឋាការ​អន្ដោប្រវេសន៍​សំរាប់​សុំ​កូន​កំព្រា (IR3 និង IR4) ទេ ។ ផ្នែក​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ក្រុង​ភ្នំពេញ​មិន​អាច​ពិនិត្យ​សំរេច​ពាក្យ​សុំ​ទិដ្ឋាការ​អន្ដោប្រវេសន៍​សំរាប់​សុំ​កូន​កំព្រា​ទេ រហូត​ទាល់​តែ​ការផ្អាក​នេះ​ត្រូវ​បាន​លុប​ចោល ។​


ចេញ​ផ្សាយ​ថ្ងៃ​ទី​៦ កុម្ភៈ ឆ្នាំ​២០០៧

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក