jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សេចក្តីប្រកាសព័ត៌មាន

ការចេញ​ផ្សាយ​​របាយ​ការណ៍​សិទ្ធិ​មនុស្ស ឆ្នាំ ២០០៨ របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេ​រិក

ចេញថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ ២០០៩

ក្រសួងការបរទេស​សហរដ្ឋអាមេ​រិកបាន​ចេញរបាយការណ៍​សិទិ្ធ​មនុស្ស​ឆ្នាំ ២០០៨ របស់ខ្លួន នៅ​ថ្ងៃពុធ ទី ២៥ ខែ​កុម្ភៈ។ របាយ​ការណ៍នេះ ដែល​តាមច្បាប់​កំណត់​របស់សហរដ្ឋ​អាមេ​រិក ត្រូវ​ផ្ញើជា​រៀងរាល់​ឆ្នាំទៅ​អោយ សភា​អាមេរិក​នោះ ពិនិត្យ​មើលនូវ​ស្ថានភាព​សិទិ្ធ​មនុស្ស​នៅក្នុង​ប្រទេស​និងស្ថាប័ន​ចំនួន ១៩៦ ក្នុង​ឆ្នាំ ២០០៨។ របាយការណ៍​នេះរៀប​រាប់ទង្វើ​របស់រដ្ឋាភិ​បាល ក្នុង​ការ​អនុវត្ត​ការប្តេជ្ញា​ជាអន្តរជាតិ​របស់ខ្លួន ស្តីពី​សិទិ្ធ​មនុស្ស។ របាយ​ការណ៍ប្រចាំ​ឆ្នាំសំរាប់​ប្រទេស​មួយៗស្តីពី​ការប្រតិបតិ្ត​ផ្នែក​សិទិ្ធ​មនុស្ស គឺជា​យន្តការ​របាយ​ការណ៍​ស្តីពី​សិទិ្ធ ​មនុស្ស ដែល​មានការ​ទទួលស្គាល់ជា​ទូទៅ ហើយ​បានក្លាយ​ជាម​ធ្យោបាយ​មួយ​ក្នុងចំណោម​មធ្យោបាយ​សំខាន់ៗ បំផុត​របស់​រដ្ឋាភិ​បាលសហ​រដ្ឋអាមេរិក ដើម្បី​ជួយកំណត់​យុទ្ធសាស្រ្ត​នៃគោល​នយោ​បាយ​ការបរ​ទេស ដែល​លើក ស្ទួយ​ការពង្រឹង​ប្រព័ន្ធ​និងគោលការណ៍​លទិ្ធ​ប្រជាធិបតេយ្យ ហើយ​កែតំរូវ​ការ​រំលោភ និង​ការមិន​អើពើចំពោះ​ បញ្ហា​សិទ្ធិមនុស្ស ។

ចំពោះ​ប្រទេស​កម្ពុជា របាយការណ៍​នេះបានលើក​ឡើង​ថា ប្រវត្តិសិទិ្ធ​មនុស្សរបស់​ប្រទេស​នេះ “នៅមិន​ទាន់ល្អនៅ​ឡើយ” តែ​របាយ​ការណ៍​បាន​កត់សំគាល់​ថា ក្នុង​ចំណោម​ហេតុផល​ដែលត្រូវ​បានលើក​ឡើង​ចំពោះ​ការ វាយតំលៃថានៅមិនទាន់ល្អ គឺថាកំលាំងសន្តិសុខ​ប្រព្រឹត្ត​ដោយនិទណ្ឌភាព​ ការរំលោភលើជនស្ថិតក្នុងការឃុំឃាំង កង្វល់​ទាក់ទង​នឹងជំលោះ​ដីធ្លី ការ​បណ្តេញ​មនុស្ស​ចេញ​​ដោយ​បង្ខំ អំពើ​ពុករលួយ​ដែលមាន​ជាទូទៅ ប្រព័ន្ធ​តុលា ការ​នៅតែ​ខ្សោយនៅ​ឡើយ និង​ការបដិសេធ​មិនផ្តល់​សិទិ្ធអោយ​ទទួល​បានការ​កាត់ក្តី​ដោយ​យុត្តិធម៌។

យ៉ាង​ណាក្តីរបាយ​ការណ៍បាន​កត់សំគាល់​ឃើញ​ការវិវត្តជា​វិជ្ជមាន​ត្រង់ថា រដ្ឋាភិ​បាលបាន​អនុម័តនិង​ប្រកាស​អោយ​ប្រើនូវ​ច្បាប់​ពេញ​លេញមួយ ស្តីពី​ការ​បង្រ្កាបការ​ជួញដូរ​មនុស្ស ​និងការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ ដែល​មានការ​ដាក់​ទោស ព្រហ្មទណ្ឌ​លើគ្រប់​ទំរង់នៃ​ការជួញ​ដូរមនុស្ស ។ ការអនុម័ត​ច្បាប់​នេះ​បាន​នាំដល់​ការចាប់​ខ្លួននៅត្រឹម​ដំណាច់​ឆ្នាំនេះ នូវ​បុគ្គល​ពាក់ព័ន្ធក្នុង​ករណី​ទាក់ទង​នឹងការ​ជួញដូរ​មនុស្ស​ចំនួន ៤៨ ករណី។

របាយការណ៍បានកត់សំគាល់​ឃើញថា កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​នៅក្នុង​តំបន់ ដែល​ត្រូវ​ទទួល​ដោះ​ស្រាយ​បញ្ហា​ស្តីពីអំពើ​រំលោភ​ពីអតីត​កាល ដោយ​មាន​តុលា​ការកាត់​ទោស​ខ្មែរក្រហម និង​កែលំអ​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ខ្លួន ដើម្បី​កាត់​ទោស​អោយ​បានឆាប់​នូវបទ​ឧក្រិដ្ឋដ៏​អាក្រក់​បំផុត ដែល​ប្រព្រឹត្ត​ដោយ​របបខែ្មរ​ក្រហម​ក្នុង​ចន្លោះពេល​ពី ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩។ ករណី​ដំបូងនៃ​ដំណើរ​ការកាត់​ទោស របស់​សាលា​ក្តីខ្មែរ​ក្រហម​នឹង​ចាប់ផ្តើម​​នៅខែ​មិនា ឆ្នាំ ២០០៩ ខាង​មុខ​នេះ ។

របាយការណ៍បានលើកឡើងថា អ្នកសង្កេត​ការបាន​យល់​ស្រប​ថា ការបោះ​ឆ្នោត​ជាតិឆ្នាំ ២០០៨ ជា​ទូ​ទៅ​បាន​ប្រព្រឹត្ត​ទៅដោយ​ស្ងប់​ស្ងាត់ ដោយ​ដំណើរការ​ជា​ទូទៅ មាន​ភាពប្រសើរ​ជាងពេល​បោះឆ្នោត​លើក​មុនៗ។ ទោះ បីជា​​នៅតែ​មាន​ភាព​មិន​ប្រក្រតី​ខ្លះនៅ​ថ្ងៃបោះ​ឆ្នោត​ក្តី តែ​ភាពមិន​ប្រក្រតី​ទាំងនោះ​មាន​ចំនួន​តិច ហើយ​ហាក់​មិន ប៉ះពាល់​ដល់លទ្ធផលឆ្នោត ឬបំភ្លៃឆន្ទៈពលរដ្ឋនោះទេ។ យ៉ាងណាក្តី បើយោងតាមរបាយការណ៍នេះ អ្នក​សង្កេត​ការ​បានកត់​សំគាល់​ឃើញ​ថា ការ​បោះឆ្នោត​នោះ នៅមិន​ទាន់​គោរព​បាន​តាមបទ​ដ្ឋាន​អន្តរ​ជាតិ​ពេញ​លេញ​នៅ ឡើយទេ។

អត្ថបទជាផ្លូវ​ការនៃរបាយ​ការណ៍ទាំង​មូលមាន​នៅលើ​គេហទំព័រ របស់​ក្រសួង​ការបរទេស​សហ​រដ្ឋ អាមេរិក តាមរយៈអាស័យដ្ឋាន  www.state.gov ​ ។ សេចក្តី​បកប្រែជា​ភាសាខ្មែរ​នៃអារម្ភក​ថា របស់​របាយ ការណ៍​សិទ្ធិ​មនុស្ស និង​របាយ​ការណ៍​សំរាប់​ប្រទេស​កម្ពុជា នឹងមាន​ចុះផ្សាយ​ក្នុងគេហទំព័រ​របស់ស្ថាន​ទូតអាមេ​រិក នៅ​ភ្នំពេញ ដែល​មាន​អាស័យ​ដ្ឋាន cambodia.usembassy.gov  ចាប់ពី​ថ្ងៃ ២៥ ខែ​មិនានេះ​តទៅ។

សហរដ្ឋអាមេ​រិកលើក​ស្ទួយយ៉ាង​ខ្លាំងក្លា​នូវបុព្វហេតុ​សិទិ្ធ​មនុស្ស ដោយ​យកវា​ធ្វើជា​សមាស​ភាគ​ស្នូល នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន។ លទិ្ធ​ប្រជាធិប​តេយ្យ ដែល​ធានា​បានយ៉ាង​ល្អបំផុត​ ចំពោះ​សិទិ្ធ​មនុស្ស ​ដែលបន្ថែម​លើការបោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌នោះ គឺជា​ការបញ្ចូល​គ្នានៃ​សេរីភាព​និងការ​ទទួល​ខុសត្រូវ ដូច​ជានិតិរដ្ឋ គណ​នេយ្យភាព ការចូល​រួម សង្គម​ស៊ីវិល​ដែល មាន​ការដុះ​ដាល​ល្អ ការ​ការ​ពារក្រុម​មនុស្ស​ភាគ​តិច​និងស្រ្តី សេរីភាព​ក្នុងការ​បញ្ចេញ​មតិ សេរីភាព​ផ្នែក​សារ​ព័ត៌មាន សេរីភាព​ក្នុងការជួប​ប្រជុំ​គ្នា និង​សេរី​ភាព គោរព​ប្រតិបត្តិ​សាសនា ជាដើម​។​ នៅពេល​យើងគាំ​ទ្រសិទិ្ធ​មនុស្ស បុគ្គល​ដែលធ្វើការ​ក្នុង​សង្គម​ស៊ីវិល និង អង្គការ​ដែលគាំ​ទ្របុព្វ​ហេតុរបស់​គេនោះ គឺមាន​ន័យថា យើង​កំពុងតែ​ជួយលើក​ស្ទួយ​ដល់ បុរស ស្រ្តី នៅ​ជុំវិញ ពិភព​លោក ក្នុង​ការកំណត់​នូវជោគ​វាសនា​របស់គេ។

####

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក