សេចក្តីប្រកាសព័ត៌មាន
សហរដ្ឋអាមេរិកបើកសម្ភោធ កម្មវិធីកំណើនសេដ្ឋកិច្ចថ្មី
នៅក្នុងសបា្ដហ៍នេះ សហរដ្ឋអាមេរិកបានបើកសម្ពោធកម្មវិធីរយៈពេលបួនឆ្នាំ ដែលមានថវិកាសរុប ២១ លានដុល្លាអាមេរិក ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តាមរយៈការ លើកកំពស់កំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ ដែលជាកន្លែងប្រជាពលរដ្ឋក្រីក្រចំនួន ៩០% រស់នៅ ។
កម្មវិធីកំណើនសេដ្ឋកិច្ចនេះនឹងធ្វើការជាមួយកសិករ និងអាជីវករខ្នាតតូច ដើម្បីបង្កើននូវចំណូលរបស់ពួកគេ តាមរយៈការលើកស្ទួយជីវភាពរស់នៅគ្រួសាររបស់គេ ។ កម្មវិធីនេះក៏នឹងជួយដល់សហគ្រិនទាំងអស់ក្នុងការបង្កើនប្រយោជន៍របស់ពួកគេជាមួយអាជ្ញាធរថ្នាក់មូលដ្ឋាន និង ថ្នាក់ជាតិ ហើយនឹងធ្វើការងារជាមួយរដ្ឋាភិបាល ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែប្រសើរឡើង។
លោកស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក Carol A. Rodley ក្នុងពិធីសម្ពោធកម្មវិធី នៅថ្ងៃពុធ ទី៤ ខែមីនា បានមានប្រសាសន៍ថា “ កម្មវិធីនេះត្រូវបានបង្កើតឡើង ដោយផ្អែកលើគោលគំនិតថា ប្រសិនបើអ្នកផ្ដល់ឱ្យប្រជាពលរដ្ឋកម្ពុជានូវមធ្យោបាយ ដែលពួកគេត្រូវការដើម្បីសំរេចជោគជ័យ នោះពួកគេនឹងសំរេចបានល្អ។”
ឯកឧត្ដម សុខ អាន ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះពលរដ្ឋអាមេរិកដែលបានផ្តល់ការឧបត្ថម្ភគាំទ្រទាំងនេះ។ ឯកឧត្តមបានមានប្រសាសន៍ថា ” ការខិតខំប្រឹងប្រែងរួមគ្នា និង ការប្ដេជ្ញាដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលសហរដ្ឋអាមេរិកពិតជានឹងជួយលើកកំពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា” ។
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) នឹងប្រើប្រាស់កម្មវិធីថ្មីនេះដើម្បីបង្កើនជោគជ័យថែមទៀតលើកម្មវិធីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលមានពីមុនមក ដែលបានជួយអាជីវកម្មខ្នាតតូចជាង ១៦០០ ក្នុងការបង្កើនការលក់ផលិតផលរបស់គេបានពី ២០០% ទៅ ៥០០% ហើយបានបងើ្កតអោយមានប្រាក់ចំំណូលថ្មីចំនួន ៦.៥ លានដុល្លាអាមេរិក ដែលជាប្រាក់ចំណេញបានពីការវិនិយោគទឹកប្រាក់ចំនួន ១.៥ លានដុល្លាអាមេរិក។
ថ្វីបើចំនួនតួរលេខនេះគួរឱ្យកត់សំគាល់ក្តី តែលទ្ធផលពិតប្រាកដរបស់កម្មវិធីនេះត្រូវបានមើល ឃើញច្បាស់ តាមរយៈជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលបានធ្វើការជាមួយកម្មវិធី នេះ។ តាមរយៈការខិតខំប្រឹងប្រែងនេះ គ្រួសារដែលនៅតាមជនបទបច្ចុប្បន្ននេះ អាចមានលទ្ធភាព បញ្ចូនកូនៗរបស់គេទៅសាលារៀន សាងសង់លំនៅដ្ឋានថ្មីនិងប្រសើរជាងមុន និងមានលទ្ធភាពរ៉ាប់រង ការចំណាយលើការថែទាំសុខភាពចាំបាច់។
ចេញថ្ងៃទី ៥ ខែមិនា ឆ្នាំ ២០០៩
####