សេចក្តីប្រកាសព័ត៌មាន
សហរដ្ឋអាមេរិកកត់សំគាល់ទិវាជំងឺរបេងពិភពលោក
ចេញថ្ងៃទី ២៤ ខែមិនា ឆ្នាំ ២០០៩
នៅថ្ងៃនេះសហរដ្ឋអាមេរិកបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូររបស់ខ្លួនក្នុងពិធី រំលឹកដល់ទិវាជំងឺរបេងពិភពលោក។ ទោះបីជាការស្លាប់ដោយសារជំងឺរបេងនៅទូទាំងពិភពលោកបានធ្លាក់ចុះតាំងពីឆ្នាំ ១៩៩០ ក៏ដោយ ក៏ជំងឺនេះនៅតែបន្ដសំលាប់មនុស្សច្រើនជាង ១,៦ លាននាក់ នៅរៀងរាល់ឆ្នាំ ដែលធ្វើ់អោយជំងឺនេះស្ថិតក្នុងចំណោមបុព្វហេតុធំជាងគេចំនួនបីនៃការស្លាប់របស់មនុស្ស នៅក្នុងពិភពលោក។
ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំង២២ដែលមានបញ្ហាជំងឺរបេងធ្ងន់ធ្ងរ។ តាមការប៉ាន់ស្មាន បានបង្ហាញឱ្យឃើញថា ៦៤%នៃប្រជាជនកម្ពុជាបានឆ្លងមេរោគរបេង ដែលភាគច្រើនពួគ គេនៅមិនដឹងខ្លួនផង។ ប្រជាជនកម្ពុជាប្រមាណ ១៣,០០០ នាក់បានស្លាប់ជារៀងរាល់ឆ្នាំដោយសាជំងឺនេះឬ ប្រជាជន ៣៥ នាក់បានស្លាប់ជារៀងរាល់ថ្ងៃ ខណៈពេលដែលមាន ៧០,០០០ ករណីថ្មីៗ បានឆ្លងមេរោគនេះជារៀងរាល់ឆ្នាំ។
លោលស្រីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Carol A. Rodley បានមានប្រសាសន៍ថា“ទោះបីជាមានការព្យាបាលដែលបានរកឃើញជាងកន្លះសតវត្ស៍មកហើយក៏ដោយ ក៏ជំងឺរបេងនៅតែជាបញ្ហាសុខភាពធំមួយនៃបញ្ហាសុខភាពចម្បងៗបំផុតលើកពិភពលោក” ។ យើងត្រូវតែធ្វើការរួមគ្នាដើម្បីកំចាត់ជំងឺដ៏សាហាវនេះអោយមានប្រសិទ្ធិភាព នៅកម្ពុជា និង ទូទាំងពិភពលោក។ សហរដ្ឋអាមេរិកធ្វើការតាំងចិត្ដយ៉ាងមុតមាំចូលរួមចំណែកក្នុងការខិតខំប្រឹងប្រែងនេះ” ។
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) គឺជាអ្នកផ្ដល់ជំនួយធំបំផុត សំរាប់កម្មវិធីជំងឺរបេងនៅកម្ពុជា ជាមួយការផ្ដល់ជំនួយសរុបប្រមាណ ៣ លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០០៨។ គំរោងកម្មវិធីរបស់សហរដ្ឋអាមេរិកគ្របដណ្ដប់លើជាងមួយភាគបីនៃមណ្ទលសុខភាពទាំងអស់នៅកម្ពុជា និងដោយបានជួយមណ្ឌលសុខភាពទាំងនេះក្នុងការព្យាបាលជាង ៩០% នៃអ្នកផ្ទុកមេរោគ។
USAID បានផ្តួចផ្តើមអោយមានឡើងក្នុងប្រទេសកម្ពុជា នូវកម្មវិធីដែលបញ្ចូលនូវរបៀបថ្មី C-DOTS ដែលបានប្រើប្រាស់អ្នកស្ម័គ្រចិត្ដតាមសហគមន៍ឱ្យធ្វើការតាមដានអ្នកជំងឺរបេង និងអោយពួកគេលេបថ្នាំព្យាបាលរាល់ថ្ងៃជាប្រចាំសំរាប់រយៈពេល៦ខែ ដើម្បីអោយជាជំងឺរបេង។ ភាគច្រើនអ្នកស្ម័គ្រចិត្ដទាំងនេះមិនមានប្រាក់ឧបត្ថម្ភទេ ពួកគេបានចូលរួមជាមួយកម្មវិធី ដើម្បីជួយបងប្អូនដែលមានជំងឺនេះ ឬប្រជាជននៅតាមសហគមន៍ដែលមានជំងឺនេះ ប៉ុន្ដែពួកគេនៅតែបន្ដការងារនេះបន្ទាប់ពីអ្នកទាំងនោះ ត្រូវបានព្យាបាលជាហើយ ដោយសារតែកិត្ដិនាមដែលពួកគេទទួលបាននៅក្នុងសហគមន៍។
ចន្លោះឆ្នាំ ២០០០ និង ២០០៨ សហរដ្ឋអាមេរិកបានផ្ដល់ថវិកាសរុប ៧៧៧ លានដុល្លារសហរដ្ឋអាមេរិក សំរាប់គំរោងកម្មវិធីរបេងនៅទូទាំងពិភពលោក។