សេចក្តីប្រកាសពត៌មាន
ក្រុមនិសិ្សតកម្ពុជាបានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តសំរាប់ការប្រកួតប្រជែងផ្នែកច្បាប់ជាអន្ដរជាតិ
ចេញនៅភ្នំពេញ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០០៩
ក្រុមនិសិ្សតដែលមកពីសកលវិទ្យាល័យភូមិន្ទនិតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ចបានប្រកួតឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តសំរាប់ការប្រកួតប្រជែងស្តីពីការផ្ដល់ប្រឹក្សាដល់កូនក្ដីអន្ដរជាតិ ដែលនេះជាការប្រលងជាអន្ដរជាតិ ផ្នែកច្បាប់ដ៏ល្បីឈ្មោះ ដែលប្រព្រឹត្ដទៅនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី ១-៤ ខែមេសាកន្លងទៅនេះ។
ក្រុមដែលឧបត្ដម្ភគាំទ្រដោយសហរដ្ឋអាមេរិកនេះ គឺជាក្រុមទី២ហើយដែលបានចូលរួមប្រកួតប្រជែងផ្នែកផ្ដល់ប្រឹក្សាដល់កូនក្ដីអន្ដរជាតិ បានបញ្ចប់ដោយទទួលលទ្ធផលល្អជាងក្រុមនិសិ្សតមកពីប្រទេសកាណាដា ញ៉ូហ្សេលេន ស្កត់លេន និង ប្រទេសផ្សេងៗទៀតជាច្រើន ក្នុងការប្រលងផ្នែកភាសាអង់គ្លេស។
ការឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត ក្រុមដែលមានកញ្ញា តាន់ ទេពី កណ្ណិកា អាយុ២០ ឆ្នាំ និងកញ្ញា ថេង ទិត្យ ម៉ារីយា អាយុ១៩ឆ្នាំ មានការរីកចំរើនជាងក្រុមតំណាងឱ្យកម្ពុជា កាលពីឆ្នាំមុន ដែលត្រូវបានកាត់ចេញពីការប្រលងតាំងពីវគ្គដំបូងមកម្លេះ ទោះបីជាមានការចាប់អារម្មណ៍ពីសំណាក់គណៈវិនិច្ឆ័យយ៉ាងណាក៏ដោយ។
កញ្ញា ថេង ទិត្យ ម៉ារីយាដែលទើបតែវិលត្រឡប់មកដល់ភ្នំពេញកាលពីថ្ងៃទី៩ ខែមេសា បានប្រាប់ឱ្យដឹងថា “នេះគឺជាឱកាសដ៏ល្អបំផុតដែលបានជួបក្រុមនិស្សិតមកពីប្រទេសជាច្រើន នៅលើពិភពលោក និងបានផ្លាស់ប្តូនូវគំនិតយោបល់ស្ដីពីបទពិសោធន៍និងការសិក្សាផែ្នកច្បាប់ដល់ពួកគេ”។
ការប្រកួតប្រជែងរយៈពេល៤ថ្ងៃបានរៀបចំដាក់ក្រុមនិស្សិតទាំងអស់នៅក្នុងការិយាល័យច្បាប់ដែលបានរៀបចំឱ្យដូចការិយាល័យពិតៗ ដោយមានតួសំដែងរង់ចាំជាអតិថិជន និងមានក្រុមអ្នក ជំនាញផ្នែកច្បាប់ធ្វើជាគណៈវិនិច្ឆ័យទៅលើការសំដែងប្រលងរបស់ពួកគេផងដែរ។ មានប្រទេសចំនួន ១៩ បានចូលរួមប្រលងនៅក្នុងការប្រកួតប្រជែងនេះ ដែលប្រព្រឹត្ដទៅនៅឯសកលវិទ្យាល័យណេវាដា ក្នុងទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។
តាន់ ទេពី កណ្ណិកា និង ថេង ទិត្យ ម៉ារីយា បានឈ្នះការប្រកួតប្រជែងផ្ដល់ប្រឹក្សាដល់កូនក្ដីកម្ពុជា កាលពីខែមករា ដើម្បីតំណាងឱ្យប្រទេសកម្ពុជាក្នុងការប្រកួតប្រជែងនេះ។ សហរដ្ឋអាមេរិកតាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) បានឧបត្ថម្ភគាំទ្រដល់ការប្រកួតប្រជែងថ្នាក់ជាតិ និងក្រុមដែលឈ្នះធ្វើដំណើរទៅកាន់ទីក្រុងឡាសវេហ្គាស ដើម្បីបង្រៀនពួកគេនូវការអនុវត្ដ ផ្ទាល់ដែលអាចជួយពួកគេទៅអនាគតអោយមានជំនាញវិជ្ជាជីវៈផ្នែកច្បាប់។ តាន់ ទេពី កណ្ណិកា បានប្រាប់ឱ្យដឹងថា “នេះគឺជាបទពិសោធន៍ដ៏អស្ចារ្យមួយ។ ខ្ញុំសង្ឃឹមថានឹងបានចូលរួមនៅក្នុងការប្រកួតប្រជែងជាអន្ដរជាតិដូចនេះទៀតក្នុងពេលអនាគត”។
ការផ្ដល់ជំនួយនេះគឺជាផ្នែកមួយនៃកម្មវិធីសិទ្ធិ និងយុត្ដិធម៌របស់ USAID ដែលមានរយៈពេល ៥ឆ្នាំ ហើយមានថវិកាសរុបចំនួន ២០លានដុល្លារអាមេរិក។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីពង្រឹង នីតិរដ្ឋ និងលើកកំពស់វិស័យសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។