ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន នៅក្នុងរបាយការណ៍ស្តីពីការជួញដូរមនុស្ស ឆ្នាំ ២០០៩ របស់សហរដ្ឋអាមេរិក
ចេញថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០០៩
នៅថ្ងៃអង្គារទី ១៦ ខែមិថុនា លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Hillary Clinton បានប្រកាសចេញ ផ្សាយ របាយការណ៍ឆ្នាំ ២០០៩ ស្តីពីការជួញដូរមនុស្ស របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។ ឆ្នាំនេះ ប្រទេសកម្ពុជាស្ថិតនៅក្នុងលំដាប់ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន ដែលជាការថយក្រោយមួយកំរិតសំរាប់លំដាប់ថ្នាក់លេខ ២ ដែលកម្ពុជាទទួលបានកាលពីឆ្នាំទៅ។ ថ្វីបើជារួម រដ្ឋាភិបាលកម្ពុជាមានភាពជឿនលឿនក្នុងការឆ្លើយតបនឹងការជួញដូរក្តី តែក្នុងឆ្នាំកន្លងទៅនេះ មានការធ្លាក់ចុះក្នុងការខិតខំប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ពិសេសចំពោះការកាត់ទោសបទល្មើសទាក់ទងនឹងការជួញដូរ។
កម្ពុជាគឺជាប្រទេស ប្រភព ប្រទេសឆ្លង កាត់ និងជា ប្រទេសគោលដៅសំរាប់បុរស ស្រ្តី និងកុមារ ដែលរងគ្រោះដោយការជួញដូរ ដើម្បីបំណងកេងប្រវ័ញ្ជផ្លូវភេទ និងការចាប់បង្ខំអោយធ្វើពលកម្ម។ ស្ដ្រីនិងកុមារត្រូវបានគេជួញដូរ ទៅប្រទេសថៃនិងប្រទេសម៉ាឡេស៊ី ដើម្បីអោយធ្វើពលកម្មក្រោមការកេងប្រវ័ញ្ច និងអោយធ្វើពេស្យាចារដោយបង្ខំ។ ចំណែកបុរសកម្ពុជាខ្លះ ដែលធ្វើចំណាកស្រុកដោយចិត្ដឯងទៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ីដើម្បីស្វែងរកការងារធ្វើ បានធ្លាក់ក្នុងស្ថានភាពត្រូវបានគេបង្ខំអោយធ្វើពលកម្មធ្ងន់ធ្ងរក្នុងទូកនេសាទ សំណង់ និងកសិឧស្សាហកម្ម ។ស្ដ្រី និងបុរសកម្ពុជាដែលត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញ បាននិយាយពីការត្រូវបានគេបង្ខំអោយធ្វើការធ្ងន់នៅទីនោះ បន្ទាប់ពីបានចេញទៅធ្វើការនៅទីនោះ តាមរយៈក្រុមហ៊ុនជ្រើសរើសពលករកម្ពុជា។ កុមារកម្ពុជាត្រូវបានជួញដូរទៅប្រទេសថៃ និងប្រទេសវៀតណាមអោយដើរសុំទាន លក់ស្ករគ្រាប់ឬផ្កា ឬខាត់ស្បែកជើងអោយគេជា ដើម ។ ឳពុកម្តាយពេលខ្លះលក់កូនរបស់គេអោយធ្វើខ្ញុំបំរើគេ អោយដើរសុំទាន លក់អោយផ្ទះបនសំរាប់ ការកេងប្រវ័ញ្ចផ្លូវភេទ ឬបង្ខំអោយធ្វើខ្ញុំបំរើតាមផ្ទះ។ នៅប្រទេសកម្ពុជា កុមារត្រូវបានគេជួញដូរអោយដើរសុំទានគេ ដើររើសរបស់តាមគំនរសំរាម ធ្វើការនៅតាមស្រែអំបិល តាមកន្លែងផលិតឥដ្ឋ ក្បឿង និង កន្លែងយកថ្ម។
រដ្ឋាភិបាល កម្ពុជាមិន គោរពបាន ពេញ លេញតាមបទដ្ឋានអប្បបរិមា សំរាប់ការបំបាត់ការជួញដូរទេ ។ ទោះជាយ៉ាងណាក្ដី ក៏រដ្ឋាភិបាលកំពុងតែខិតខំច្រើនគួរអោយកត់សំគាល់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរនេះ ។ ទោះបីជារួម មានការខិតខំយ៉ា ងនេះ ក្តី ក៏រ ដ្ឋាភិបាល មិនបានបង្ហាញអោយឃើញនូវភស្តុតាងនៃភាពជឿនលឿនក្នុងការកាត់ទោស និងដាក់ទោស ហើយនិងដាក់ ទណ្ឌកម្ម លើជនល្មើសដែលប្រព្រឹត្តអំពើជួញដូរមនុស្ស រួមទាំងមន្រ្តីសាធារណៈដែលឃុបឃិតជាមួយ ឬក្នុងការការពារជនរងគ្រោះដោយសារការជួញដូរឡើយ។ ដូច្នេះ ប្រទេសកម្ពុជាត្រូវបានដាក់ ក្នុងលំដាប់ ថ្នាក់លេខ ២ ក្នុងបញ្ជីងតាមដាន។
ដើម្បីធ្វើអោយលំដាប់ ថ្នាក់នេះ មាន ភាព ប្រសើរ ឡើង ប្រទេស កម្ពុជាគួរធ្វើការខិតខំច្រើនថែមទៀតក្នុងការនាំខ្លួនជនល្មើសក្នុងការជួញ ដូរមកកាត់ទោស ដាក់ទោសនិងដាក់ទណ្ទកម្ម ហើយខិត ខំច្រើនថែមទៀតក្នុងការកាត់ទោស ដាក់ទោស និងដាក់ទណ្ឌកម្មព្រហ្មទណ្ឌលើមន្ដ្រីសាធារណៈ ដែលមានការពាក់ព័ន្ធក្នុងការជួញដូរមនុស្សនេះ ។
តាមរយៈការអនុម័តច្បាប់ឆ្នាំ ២០០០ ស្តីពីការការពារជនរងគ្រោះដោយការជួញដូរ (TVPA) ហើយដែលត្រូវបានធ្វើវិសោធនកម្ម សភាសហរដ្ឋអាមេរិកតំរូវអោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ផ្ញើរបាយការណ៍នេះរាល់ឆ្នាំទៅសភាសហរដ្ឋអាមេរិក។ របាយការណ៍ទាក់ទងនឹងប្រទេសចំនួន ១៦៤ នេះ គឺជារបាយការណ៍ពេញលេញបំផុត ទូទាំងសាកលលោកស្តីពីការខិតខំរបស់បណ្តារដ្ឋាភិបាលនានាក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។ បំណងនៃរបាយការណ៍គឺដើម្បីជំរុញសកម្មភាព និងបង្កើតភាពជាដៃគូនៅជុំវិញពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងទាសភាពសម័យទំនើប។ ប្រទេសដែលត្រូវបានកំណត់ថា មានជនរងគ្រោះដោយការជួញដូរច្រើនគួរអោយកត់ សំគាល់ ត្រូវបាន ដាក់ អោយ ស្ថិតក្នុង លំដាប់ថ្នាក់ណា មួយ ក្នុង ចំណោមលំដាប់ថ្នាក់ទាំងបី។ ប្រទេសដែលត្រូវបាយវាយតំលៃថា បំពេញបានតាម “បទដ្ឋានអប្បរិមាសំរាប់ការបំបាត់ទំរង់ធ្ងន់ធ្ងរនៃការជួញដូរ” ដូចមានចែងក្នុង TVPA ត្រូវបានដាក់អោយស្ថិតក្នុងលំដាប់ថ្នាក់លេខ ១។ ប្រទេសដែលត្រូវបាយវាយតំលៃថា មិនបានបំពេញបានពេញលេញតាមបទដ្ឋានអប្បរិមា តែកំពុងតែខិតខំច្រើនគួរអោយកត់សំគាល់ ត្រូវបានដាក់អោយស្ថិតក្នុងលំដាប់ថ្នាក់លេខ ២។ ប្រទេសដែលត្រូវបាយវាយតំលៃថា មិនបានគោរពបានតាម បទដ្ឋានអប្បរិមា ហើយក៏មិនបានធ្វើការខិតខំគួរអោយកត់សំគាល់ ត្រូវបានដាក់អោយស្ថិតក្នុងលំដាប់ថ្នាក់លេខ ៣។
ច្បាប់ TVPA ថែមទាំងតំរូវអោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកផ្តល់បញ្ជីតាមដានពិសេស (Special Watch List) លើប្រទេសដែលត្រូវវាយតំលៃម្តងទៀត ក្នុងការវាយតំលៃបណ្តោះអាសន្ន ដែលរដ្ឋមន្រ្តីក្រសួងការបរទេសត្រូវតែផ្តល់អោយសភា នៅត្រឹមថ្ងៃទី ១ ខែកុម្ភៈជារៀងរាល់ឆ្នាំ។ បន្ថែមលើការតាមដានប្រទេសនានា ដែលមានកំណែលំអលើលំដាប់ថ្នាក់ ពី ៣ ទី ២ ឬពី ២ ទៅ ១ បញ្ជីតាមដានពិសេសនេះថែមទាំងបង្កើតលំដាប់ថ្នាក់ទី ៤ ថ្មីមួយទៀត គឺលំដាប់ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន។ លំដាប់ថ្នាក់នេះរួមមានប្រទេសស្ថិតក្នុងលំដាប់ថ្នាក់លេខ ២ ដែលត្រូវបានកំណត់ថា (១) មិនបាន “បង្កើនការប្រឹងប្រែង” ក្នុងពេលមួយឆ្នាំកន្លងទៅ (២) បានជៀសផុតពីលំដាប់ថ្នាក់លេខ ៣ ដោយសារការប្តេជ្ញាលើកំណែទំរង់ប្រឆាំងនឹងការជួញដូរ សំរាប់ឆ្នាំខាងមុខ ឬ (៣) មានចំនួនជនរងគ្រោះដោយការជួញដូរច្រើនគួរសម ឬមានកំណើននៃជនរងគ្រោះដោយការជួញដូរក្នុងកំរិតច្រើនគួរសម។
ស្ថានទូតអាមេរិកទន្ទឹង រង់ចាំធ្វើ ការថែម ទៀតជាមួយ រាជរដ្ឋាភិ បាល កម្ពុជា ក្នុងឆ្នាំ ខាងមុខ នេះ ដើម្បី សំរេចបានជោគ ជ័យលើ ជំហាន ចាំបាច់ ក្នុងការនាំប្រទេស កម្ពុជា វិលមកកាន់ លំដាប់ ថ្នាក់លេខ ២ វិញ និង លំដាប់ថ្នាក់លេខ ១ នៅទី បំផុត។
បើចង់មើល របាយការណ៍ ទាំងមូលស្តី ពីការជួញ ដូរមនុស្ស នេះ ព្រមជា មួយនឹង ច្បាប់ TVPA ទាំង មូល ហើយ និងវិសោធន កម្មច្បាប់ សូម ចូលមើល គេហទំព័រ www.state.gov/g/tip ។
ចំពោះច្បាប់របស់សហរដ្ឋអាមេ រិកស្តីពីការ ជួញដូរ មនុស្ស សូមចូល មើលគេ ហទំព័រ http://www.state.gov/g/tip/laws/ ។