សេចក្តីប្រកាសពត៌មាន
សហរដ្ឋអាមេរិកផ្តល់ជំនួយសំរាប់ការធ្វើកំណែទំរង់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
ចេញនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៩
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសបំណងរបស់ខ្លួនក្នុងការផ្តល់ជំនួយបច្ចេកទេសដល់រាជរដ្ឋាភិបាលកម្ពុជា សំរាប់កម្មវិធីកំណែទំរង់ការគ្រប់គ្រងសាធារណៈនៅកម្ពុជា និងការងារលើកកំពស់ការគ្រប់គ្រងសារពើពន្ធហើយនិងជំរុញអោយមានតំលាភាពកាន់តែច្រើនឡើងក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។
នៅក្នុងការប្រជុំមួយកាលពីថ្ងៃទី ៦ ខែកក្កដា រវាងឯកឧត្តម គាត ឈន់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូតអាមេរិក លោក Michael Ruffner មកពីការិយាល័យជំនួយបច្ចេកទេសនៃក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសការសំរេចចិត្តរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងការផ្តល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យកំណែទំរង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ជំនួយនេះមានបំណងជួយប្រទេសកម្ពុជា ក្នុងការពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង ទាក់ទងនឹងការរៀបចំថវិកា និងគណនេយ្យហិរញ្ញវត្ថុ សេវាហិរញ្ញវត្ថុនិងធនាគារ ឧស្សាហកម្មហិរញ្ញវត្ថុនិងការធានារ៉ាប់រង ការប្រមូលនិងគ្រប់គ្រងពន្ធ។
កម្មវិធីជំនួយផ្នែកគណនេយ្យនិងការគ្រប់គ្រងហិរញ្ញវត្ថុត្រូវបានរំពឹងថា នឹងចាប់ផ្តើមក្នុងពេលប៉ុន្មានខែខាងមុខនេះ។ បេសកកម្មនៃកម្មវិធីជំនួយបច្ចេកទេសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកគឺដើម្បីជួយទ្រទ្រង់ដល់ការពង្រឹងវិស័យហិរញ្ញវត្ថុអោយបានខ្លាំងក្លា និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈអោយបានត្រឹមត្រូវ នៅតាមបណ្តាប្រទេសដែលត្រូវការជំនួយនេះ និងមានឆន្ទៈខ្លាំងក្លាក្នុងការធ្វើកំណែទំរង់។