សេចក្តីប្រកាសពត៌មាន
សន្និសីទសារព័ត៌មានរបស់លោក William Burns អនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការនយោបាយ
ចេញថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១០
នៅថ្ងៃអាទិត្យ ទី ១៨ ខែកក្កដា លោក William Burns អនុរដ្ឋលេខាធិការក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលកបន្ទុកកិច្ចការនយោបាយ នឹងធ្វើសេចក្តីថ្លែងខ្លីមួយ មុនពេលលោកឆ្លើយសំណួររបស់អ្នកកាសែត នៅសារៈមន្ទីរជាតិកម្ពុជា។ ការជួបជាមួយអ្នកសារព័ត៌មាន នឹងប្រព្រឹត្តធ្វើឡើងបន្ទាប់ពីពិធីប្រគល់ជាផ្លូវការ នូវ វត្ថុបូរាណខ្មែរដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលពិធីនេះនឹងចាប់ផ្តើមនៅវេលាម៉ោង ៨ ព្រឹក។ សូមអញ្ជើញអ្នកសារព័ត៌មានចូលរួមក្នុងពិធីទាំង២នេះ (ពិធីប្រគល់វត្ថុបូរាណ និងសន្និសីទសារព័ត៌មាន)។ សូមអ្នកសារព័ត៌មានបញ្ជាក់ការចូលរួមនៅត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៦ កក្កដា ដោយទាក់ទងមកផ្នែកកិច្ចការសាធារណៈរបស់ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈទូរស័ព្ទលេខ ០២៣ ៧២៨ ២៥៨ ឬអ៊ីម៉េលមកកាន់ ChreaV@state.gov ។
លោក William Burns អនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ
លោក William J. Burns អនុរដ្ឋលេខាធិការ (Under Secretary) ទទួលបន្ទុកកិច្ចការនយោបាយ គឺជាមន្រ្តីដែលមានឋានៈខ្ពស់បំផុតនៅក្នុងកិច្ចការការបរទេស ដោយលោកធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូត និងបានក្លាយជាអនុរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយ នៅខែឧសភា ឆ្នាំ២០០៨។ នៅក្នុងតួនាទីនេះ លោកអនុរដ្ឋលេខាធិការគឺជាអ្នកគ្រប់គ្រងបញ្ហានយោបាយទូទៅ ទាក់ទងទ្វេភាគី និងប្រចាំតំបន់ ហើយទទួលខុសត្រូវលើការិយាល័យសំរាប់ទ្វីបអាហ្រ្វិក តំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក អឺរ៉ុបនិងអាស៊ីអឺរ៉ុប អាស៊ីភាគនិរតី អាស៊ីខាងត្បូងនិង អាស៊ីកណ្តាល អឌ្ឍគោលខាងលិច អង្គការអន្តរជាតិ និងស្ថាប័នប្រតិបត្តិច្បាប់ និងគ្រឿងញៀនអន្តរជាតិផងដែរ។
លោកឯកអគ្គរដ្ឋទូត Burns បានបំរើការងារជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសរុស្សី ពីឆ្នាំ២០០៥ ដល់ឆ្នាំ ២០០៨ ។ លោកឯកអគ្គរដ្ឋទូត Burns បានបំពេញការងារក្នុងតួនាទីជាច្រើនចាប់តាំងពីលោក ចូលបំរើក្នុងក្រសួងការបរទេសពីឆ្នាំ ១៩៨២ មក ដែលក្នុងនោះរួមមានជាលេខាប្រតិបត្តិ និងជាជំនួយការពិសេស អោយរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Christopher និង លោកស្រី Albright ជាអគ្គទីប្រឹក្សាទទួលបន្ទុកកិច្ចការនយោបាយរបស់ស្ថានទូតអាមេរិកប្រចាំក្រុងមូស្គូ ជានាយកស្តីទីនិងនាយករង នៃការិយាល័យ បុគ្គលិកផែនការនយោបាយរបស់ក្រសួងការបរទេស និងជាជំនួយការពិសេសរបស់ប្រធាននិងនាយកជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការអាស៊ីខាងត្បូងនិងភាគនិរតី សំរាប់ការិយាល័យបុគ្គលិកក្រុមប្រឹក្សាសន្តិសុខជាតិ។
លោកឯកអគ្គរដ្ឋទូត Burns បានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រថ្នាក់បរិញ្ញាលើមុខវិជ្ជាផ្នែកប្រវត្តិសាស្រ្តពីសាកលវិទ្យាល័យ LaSalle និងសញ្ញាបត្រថ្នាក់អនុបណ្ឌិតនិងបណ្ឌិតលើមុខវិជ្ជាទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យ Oxford University ដែលនៅទីនោះលោកសិក្សាជាអ្នកជំនាញជាន់ខ្ពស់ខាងផ្នែកយោធា។ លោកបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តយសចំនួន៣។ លោកឯកអគ្គរដ្ឋទូត Burns ក៏ជាអ្នកនិពន្ធសៀវភៅស្តីពីជំនួយសេដ្ឋកិច្ចនិងនយោបាយអាមេរិកឆ្ពោះទៅកាន់ប្រទេសអេហ្សីព ឆ្នាំ១៩៥៥-១៩៨១ (State University of New York Press, l985) ។ លោកឯកអគ្គរដ្ឋទូត Burns និយាយភាសារុស្សី អារ៉ាប់ បារាំង និងជាអ្នកទទួលបាននូវប័ណ្ណសរសើរការងាជាន់ខ្ពស់ចំនួនពីររបស់ប្រធានាធិបតីអាមេរិក និងប័ណ្ណសរសើរជា ច្រើនទៀតរបស់ក្រសួងការបរទេសអាមេរិក។ នៅក្នុងឆ្នាំ១៩៩៤ លោកឯកអគ្គរដ្ឋទូត Burns ត្រូវបានកត់ត្រា ក្នុងបញ្ជីរបស់ទស្សនាវដ្តី TIME Magazine ដែលមានចំណងជើងថា "អ្នកដឹកនាំអាមេរិក៥០រូបដែលមានការប្តេជ្ញាចិត្តខ្ពស់បំផុតដែលមានអាយុក្រោម៤០ ឆ្នាំ" និងត្រូវបានចុះក្នុងបញ្ជីទស្សនាវដ្តីនេះស្តីពី "អ្នកដឹកនាំវ័យក្មេង ១០០ នាក់របស់ពិភពលោក" ៕