សេចក្តីប្រកាសព័ត៌មាន
សន្និសីទស្តីពីការអភិវឌ្ឍន៍ថាមពល នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ
ចេញថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០០៩
ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញមានសេចក្តីរីករាយសូមប្រកាសពីការទទួលបានអំណោយថវិកា ពីក្រសួងការបរទេសអាមេរិក សំរាប់រៀបចំសន្និសីទមួយស្តីពីការអភិវឌ្ឍថាមពល ក្នុងមហាអនុតំបន់ទន្លេ មេគង្គ ដែលនឹងប្រព្រឹត្តធ្វើនៅសណ្ឋាគារ Intercontinental Hotel នៅថ្ងៃទី ២៩ និង ៣០ ខែកញ្ញាខាងមុខ នេះ។
សហរដ្ឋអាមេរិកសូមស្វាគមន៍ និងសូមលើកទឹកចិត្តដល់ការរីកចំរើន និងការអភិវឌ្ឍន៍ ក្នុងវិស័យ ថាមពល ក្នុងតំបន់ដ៏មានសារៈសំខាន់នេះ នៃពិភពលោក។ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ស្ថានទូត អាមេរិកនៅទីក្រុងភ្នំពេញ ដោយសហការជាមួយស្ថានទូតអាមេរិកដទៃទៀត នៅក្នុងតំបន់ សេវាពាណិជ្ចកម្មក្រៅប្រទេស និងក្រុមប្រឹក្សាពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹងរៀបចំសន្និសីទស្តីពីថាមពលនៅក្នុងមហា អនុតំបន់ទន្លេមេគង្គ (GMS) នៅថ្ងៃទី ២៩ និង ៣០ ខែកញ្ញា ឆ្នាំ ២០០៩។ សន្និសីទរយៈពេល២ថ្ងៃនេះ រួម មានវាគ្មិនមកពីវិស័យសាធារណៈនិងវិស័យឯកជន ពីសហរដ្ឋអាមេរិក កម្ពុជា ចិន ឡាវ ថៃ និងប្រទេស វៀតណាមចូលរួម។ ប្រធានបទនៃសន្និសីទ រួមមានការស្វែងយល់ពីឱកាសនិងគោលនយោបាយថាមពល នៅក្នុងប្រទេសសមាជិក និងករណីសិក្សាស្រាវជ្រាវ នៃពាណិជ្ជកម្មថាមពល ក្នុងទំនាក់ទំនងទៅនឹងទីផ្សាក្នុង GMS ដែលកំពុងរីកកាន់តែធំ ។
កម្មវិធីស្តីពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចក្នុងមហាអនុតំបន់ទន្លមេគង្គ (GMS-EC) គឺជាកិច្ចប្រឹង ប្រែងមួយក្នុងតំបន់ ក្នុងចំណោមប្រទេសក្នុងតំបន់អាងទន្លេមេគង្គ ដែលរួមមានប្រទេសកម្ពុជា ចិន ឡាវ ថៃ និងវៀតណាម សំរាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយមានគោលដៅពង្រីកពាណិជ្ជកម្ម និងការចំរើនលូតលាស់ នៅក្នុងតំបន់។
ការផ្គត់ផ្គង់ថាមពលបានជាប់លាប់ល្អគឺជាប្រការមានសារៈសំខាន់ចាំបាច់នៃការលូតលាស់ និង ពាណិជ្ជកម្មក្នុង GMS ទៅអនាគត។ កម្មវិធី GMS-EC សំលឹងទៅរកផលិតកម្ម និងការចែកចាយថាមពល ក្នុងតំបន់ ដោយបង្កើតឱកាសថ្មីៗសំរាប់អ្នកធ្វើពាណិជ្ជកម្ម អ្នកចែកចាយ និងអ្នកបង្កើតបច្ចេកទេសទាក់ទង នឹងថាមពល។ អាទិភាពនៃកម្មវិធី GMS-EC នេះរួមមានការសហប្រតិបត្តិការគ្នាលើការអភិវឌ្ឍន៏ថាមពល ការដឹកជញ្ជូន ទូរគមនាគមន៍ ទេសចរណ៍ បរិស្ថាន និងធនធានមនុស្ស ដើម្បីពង្រីកឱកាសផ្នែកពាណិជ្ជកម្ម អោយមានកាន់តែច្រើន។ ការវាយតំលៃមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ីទៅលើកម្មវិធីថាមពលក្នុង GMS បានរកឃើញថា ទំនុកចិត្តរបស់វិនិយោគិនក្នុងការដំណើរការគំរោងនាំចេញថាមពលនៅក្នុងតំបន់ មានការ កើនឡើង ដោយសារមានសមាហរណកម្មតំបន់កាន់តែច្រើន។
ចំពោះព័ត៌មានបន្ថែមស្តីពីសន្និសីទនេះ របៀបវារៈនៃសន្និសីទ និងរបៀបរបបចុះឈ្មោះចូលរួម សូម បើកមើលគេហទំព័ររបស់ស្ថានទូតអាមេរិក នៅភ្នំពេញ តាមអាស្រ័យដ្ឋានគេហទំព័រ http://www.cambodia.usembassy.gov/gms_conference.html ។
####