សេចក្តីប្រកាសព័ត៌មាន
បុរស ៣ នាក់ដែលរងការចោទប្រកាន់ថា បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីរួមភេទជាមួយកុមារត្រូវបានបញ្ជូនទៅកាត់ទោសនៅសហរដ្ឋអាមេរិក
ចេញនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៩
ចុងចោទ ៣ នាក់ដំបូង ដែលត្រូវប្រឈមនឹងការចោទប្រកាន់របស់រដ្ឋាភិបាលសហព័ន្ធ តាមគំនិតផ្តួចផ្តើមជាអន្តរជាតិមួយ សំដៅលើជនជាតិអាមេរិកដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ត្រូវបានឃុំខ្លួននៅសហរដ្ឋអាមេរិក កាលពីព្រឹកថ្ងៃចន្ទ បន្ទាប់ពីបានទៅដល់ទីក្រុង Los Angeles ក្នុងដំណើរត្រឡប់ពីទីក្រុងភ្នំពេញវិញ។
ការចោទប្រកាន់នេះគឺជាលទ្ធផលនៃប្រតិបត្តិការអ្នកធ្វើដំណើរខុសធម្មតា (Operation Twisted Traveler) ដែលជាការប្រឹងប្រែងរបស់សមត្ថកិច្ចគយនិងអន្តោប្រវេសន៍អាមេរិក(ICE) និងក្រសួងយុត្តិធម៌ អាមេរិកក្នុងការកំណត់ និងដាក់ទោសអ្នក “ទេសចរផ្លូវភេទ” ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីរួម ភេទដោយខុសច្បាប់ជាមួយកុមារ។
ការចាប់ខ្លួនទាំងនេះគឺជាលទ្ធផលដោយផ្ទាល់នៃការសហប្រតិបត្តិការគ្នា ដែលមិនធ្លាប់មានពីមុនមក រវាងរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអាជ្ញាធរសហរដ្ឋអាមេរិក ដូចជាសមត្ថកិច្ចគយ និងអន្តោប្រវេសន៍អាមេរិក ការិយាល័យស៊ើបអង្កេត FBI និងស្ថានទូតអាមេរិកនៅក្រុងភ្នំពេញជាដើម។
លោកស្រី Carol Rodley ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានមានប្រសាសន៍ថា “ការចោទប្រកាន់ថ្មីៗទាំងនេះបង្ហាញយ៉ាងច្បាស់ដល់ប្រជាជនកម្ពុជាថា សហរដ្ឋអាមេរិកមិនអត់ឱនដល់បទល្មើសប្រភេទនេះទេ។ ករណីទាំងនេះមិនមែនគ្រាន់តែជាសញ្ញាមួយប្រាប់ទៅជនរងគ្រោះកម្ពុជា នូវការប្តេជ្ញាចិត្តរបស់យើងដើម្បីយុត្តិធម៌តែប៉ុណ្ណោះទេ តែវាថែមទាំងធ្វើអោយមាការខ្លាចញញើតយ៉ាងខ្លាំងដល់បុគ្គលដែលមានគំនិតធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីធ្វើសកម្មភាពរួមភេទដោយខុសច្បាប់ ជាមួយកុមារមិនទាន់គ្រប់អាយុទៀតផង។”
ករណីទាំងនេះនៃអ្នកធ្វើដំណើរខុសធម្មតាគឺជាលទ្ធផលនៃព័ត៌មាន ដែលត្រូវបានផ្តល់អោយសមត្ថកិច្ចផ្នែកគយ និងអន្តោប្រវេសន៍អាមេរិក ដោយអ្នកស៊ើបអង្កេតអោយអង្គការសកម្មភាពដើម្បីកុមារ (Action Pour Les Enfants ឬ APLE) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ និងដោយអង្គការបេសកកម្មយុត្តិធម៌អន្តរជាតិ (IJM) ដែលជាទីភ្នាក់ងារសិទ្ធិមនុស្សស្វែង រកយុត្តិធម៌អោយជនរងគ្រោះដោយទាសភាព ការកេងប្រវ័ញ្ចផ្លូវភេទ និងទំរង់ដទៃទៀតនៃការគាបសង្កត់ដោយ អំពើហឹង្សា។
មនុស្សទាំង ៣ នាក់ ដែលកំពុងត្រូវបានឃុំខ្លួននៅទីក្រុង Los Angeles គឺ៖
Ronald Gerard Boyajian អាយុ ៤៩ ឆ្នាំ មកពី Menlo Park រដ្ឋ California ត្រូវបានចាប់ខ្លួនដោយនគរបាលជាតិកម្ពុជា កាលពីខែកុម្ភៈ។ បើយោងតាមសំបុត្រភស្តុតាងរបស់ភ្នាក់ងារសមត្ថកិច្ចគយនិងអន្តោប្រវេសន៍អាមេរិក ឈ្មោះ Boyajian ក្នុងពេលថ្មីៗបំផុតនេះ បានធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ ២០០៨ ហើយត្រូវបានចោទប្រកាន់ថា បានរួមភេទជាមួយកុមារីវៀតណាមអាយុ ១០ ឆ្នាំម្នាក់ នៅក្រៅក្រុងភ្នំពេញ ត្រង់គីឡូម៉ែត្រលេខ ១១ ដែលអ្នកទេសចរបរទេសតែងទៅរកការរួមភេទជាមួយកុមារនៅទីនោះ។
Erik Leonardus Peeters អាយុ ៤១ ឆ្នាំ មកពី Norwalk រដ្ឋ California ត្រូវបានឃុំខ្លួនដោយនគរបាលជាតិកម្ពុជា តាំងពីចុងខែកុម្ភៈ។ បណ្តឹងព្រហ្មទណ្ឌចោទប្រកាន់ឈ្មោះ Peeters ថាបានប្រព្រឹត្តការរួមភេទជាមួយក្មេងប្រុសកម្ពុជាយ៉ាងហោចណាស់ចំនួន ៣ នាក់។ សំបុត្រភស្តុតាងក្នុងករណីនេះបញ្ចាក់ថា ឈ្មោះ Peeters ដែលបានមកដល់ប្រទេសកម្ពុជា នៅខែឧសភា ឆ្នាំ ២០០៨ បានអោយលុយទៅកុមារចំនួនពី ៥ ទៅ ១០ ដុល្លា ដើម្បីការរួមភេទ។
Jack Louis Sporich អាយុ ៧៥ ឆ្នាំ អតីតអ្នករស់នៅ Santa Monica រដ្ឋ California ដោយនៅពេលបច្ចុប្បន្ន រស់នៅ Sedona រដ្ឋ Arizona ត្រូវបានចាប់ខ្លួនដោយនគរបាលជាតិកម្ពុជា នៅខែកុម្ភៈ។ យោងតាមបណ្តឹងព្រហ្មទណ្ឌ ឈ្មោះ Sporich បានរំលោភផ្លូវភេទលើកុមារាកម្ពុជាមិនទាន់គ្រប់អាយុ យ៉ាងហោចណាស់ម្នាក់ បន្ទាប់ពីខ្លួនបានមកដល់កម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ ២០០៨។ យោងតាមសំបុត្រភស្តុតាងរបស់ភ្នាក់ងារសមត្ថកិច្ចគយ និងអន្តោប្រវេសន៍អាមេរិក សាក្សីដែលត្រូវបានសំភាសន៍ដោយអង្គការ APLE បាននិយាយថា ឈ្មោះ Sporich ច្រើនបើកម៉ូតូតាមផ្លូវក្នុងទីក្រុងសៀមរាប ដោយទំលាក់លុយខ្មែរ ដើម្បីទាក់ទាញកុមារ។
បុរសទាំង ៣ នាក់នេះ ដែលកំពុងស្ថិតនៅក្នុងការឃុំខ្លួន ជាលទ្ធផលនៃប្រតិបត្តិការអ្នកធ្វើដំណើរខុសធម្មតា ត្រូវបានចោទប្រកាន់ក្រោមច្បាប់ការពាររបស់អាមេរិក (US PROTECT ACT) ដែលបានចូលជាធរមានកាលពី ៦ ឆ្នាំមុន ហើយដែលបានពង្រឹងយ៉ាងខ្លាំងដល់ច្បាប់អាមេរិក ទាក់ទងនឹងបទឧក្រិដ្ឋពាក់ព័ន្ធ នឹងកុមារនៅក្រៅសហរដ្ឋអាមេរិក ដោយបន្ថែមបទឧក្រិដ្ឋថ្មីៗនិងការបង្កើនទោសផងដែរ។