សេចក្តីប្រកាសព័ត៌មាន
សហរដ្ឋអាមេរិកផ្ដល់ថវិកាសរុបចំនួន ៧,៧៩ លានដុល្លាសហរដ្ឋអាមេរិក សំរាប់គំរោងកំនើនសេដ្ឋកិច្ចនៅកម្ពុជា
ចេញថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០០៩
រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នឹងចុះហត្ថលេខាលើវិសោធកម្មនៃកិច្ចព្រមព្រៀងទ្វេភាគី នៅថ្ងៃទី២៣ ខែកញ្ញានេះ ដែលនឹងផ្ដល់ថវិកាសរុប ៧,៧៩ លានដុល្លាសហរដ្ឋអាមេរិក សំរាប់ឆ្នាំ ២០០៩ ពីទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (USAID) ដើម្បីគាំទ្រដល់គំរោងកំនើនសេដ្ឋកិច្ចជាអាទិភានៅកម្ពុជា។ នៅក្រោមវិសោធនកម្មនៃកិច្ចព្រមព្រៀងទ្វេភាគីនេះ រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រជាសំភារៈ/សេវាកម្ម ដែលគិតជាទឹកប្រាក់មានតំលៃ ៤២៥ ០០០ ដុល្លាសហរដ្ឋអាមេរិក។
លោកជំទាវ Carol A. Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នឹងអញ្ជើញចូលរួម នៅក្នុងពិធីនេះ និងចុះហត្ថលេខាជាសាក្សី។ ឯកឧត្ដម សុខ អាន ឧបកនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី និងលោក Flynn Fuller នាយកបេសកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍ អន្ដរជាតិ (USAID) នឹងចុះហត្ថលេខាក្នុងនាមរដ្ឋាភិបាលរបស់ខ្លួន។ ជំនួយថវិកានេះនឹងត្រូវប្រើសំរាប់ពង្រីកសកម្មភាពរបស់ទីភ្នាក់ងារ (USAID) ក្នុងគំរោងអភិវឌ្ឍន៍សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម គំរោងទី២ និងក្នុងកម្មវិធីធ្វើឱ្យប្រសើរឡើងនូវបរិយាកាសមុខរបរ ដែលកំពុងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាជនតាមជនបទ តាមរយៈការបង្កើនផលិតភាពនៃមុខរបរលក្ខណៈគ្រួសារ។ មកដល់សព្វថ្ងៃនេះ គំរោង កម្មវិធីបានជួយដល់កសិករចំនួន ៣ ០០០ នាក់ហើយ ក្នុងការបង្កើនបរិមាណផលិតផលលក់របស់ពួកគេពី ១០០% ទៅ ៣៤០% ដែលបានធ្វើឱ្យពួកគេមានលទ្ធភាពទទួលបានសេវាសុខភាព ការសិក្សាអប់រំសំរាប់កូនៗរបស់គេ និងផ្តល់ឱកាសដល់ការពង្រីកមុខរបររបស់ពួកគេ បានប្រសើរជាងមុនទៀតផង។ គំរោងនេះត្រូវអនុវត្ដ ដោយអង្គការ ឌី អេ អាយ (DAI)។
ដោយបន្ថែមទៅលើកម្មវិធីកំនើនសេដ្ឋកិច្ច សហរដ្ឋអាមេរិកក៏បានជួយដល់កម្មវិធីមួយចំនួនទៀតសំរាប់ ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាកម្មវិធីសុខភាព អប់រំ សិទ្ធិមនុស្ស នីតិរដ្ឋ អភិបាលកិច្ចមូល ដ្ឋាននិងវិមជ្ឍការ ការប្រឆាំងអំពើពុករលួយ និងកម្មវិធីប្រឆាំងការជួញដូរមនុស្សជាដើម។ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ USAID រំពឹងថានឹងផ្ដល់ថវិកាសរុបចំនួន ៦១,៨ លានដុល្លាសហរដ្ឋអាមេរិក សំរាប់ជំនួយ ឧបត្ថម្ភដល់ប្រទេសកម្ពុជា ក្នុងឆ្នាំ ២០០៩។
ពិធីចុះហត្ថលេខានឹងប្រព្រឹត្ដទៅ នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០០៩ វេលាម៉ោង ៩:៣០ នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។ សូមអញ្ជើញសមាជិកសារព័ត៌មានចូលរួមក្នុងពិធីចុះហត្ថលេខានេះ ៕