សេចក្តីប្រកាសព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ ជួបជាមួយលោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Gates
និងលោកអនុរដ្ឋមន្រ្តីក្រសួងការបរទេស Steinberg
ចេញថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០៩
ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កំពុងស្ថិតនៅក្នុងទីក្រុង វ៉ាស៊ីនតោនសហរដ្ឋអាមេរិក ក្នុងដំណើរទស្សនកិច្ចរយៈពេល ៤ ថ្ងៃ ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះកិច្ចសហប្រតិបតិ្តការផ្នែកសន្តិសុខប្រកបដោយខ្លឹមសារនិងកំណែទំរង់ ។ នៅថ្ងៃទី ២១ ខែកញ្ញា ឯកឧត្តម ទៀ បាញ់បានជួបជាមួយ លោក Robert Gates រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិក និងលោក James Steinberg អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក។
លោករដ្ឋមន្រ្តី Gates បានថ្លែងសង្កត់ទៅលើការប្តេជ្ញាចិត្តរបស់ប្រទេសអាមេរិក ក្នុងការលើកកំពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការថែរក្សាសន្តិភាព សន្តិសុខដែនសមុទ្រ និងការប្រឆាំងភេរវកម្ម។ លោកក៏បានលើកឡើងផងដែរពីការបង្កើតអោយមានការិយាល័យអនុព័ន្ធយោធាកម្ពុជា នៅទីក្រុងវ៉ាស៊ីនតោន និងកម្មវិធី រដ្ឋសម្ព័ន្ធមេត្រី (Sister State) ជាមួយនឹងកងកំលាំងឆ្មាំជាតិ រដ្ឋ Idaho ដែលទើបតែត្រូវបានបង្កើតអោយមានឡើងថ្មីៗនេះ ថាជាការវិវត្តវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី។ លោករដ្ឋមន្ត្រីការពារប្រទេស Gates ថែមទាំងបានផ្តល់ឱកាសអោយលោករដ្ឋមន្រ្តី ទៀ បាញ់ចូលរួមក្នុងការពិភាក្សាស្តីពីគោលនយោបាយការពារប្រទេស នៅពេលអនាគតដ៏ខ្លីខាងមុខនេះទៀតផង។
ក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយទៀត លោកអនុរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក James Steinberg និងឯកឧត្តម ទៀ បាញ់ បានពិភាក្សាគ្នាពីកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ រវាងសហរដ្ឋអាមេរិក និងកម្ពុជា ដោយផ្តោតសំខាន់លើការគាំទ្រជាបន្តរបស់ប្រទេសកម្ពុជា ចំពោះប្រតិបតិ្តការថែរក្សាសន្តិភាពអន្តរជាតិ និងការតាំងចិត្តរបស់ប្រទេសកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះដើម្បីរៀបចំការហ្វឹកហ្វឺន/សមយុទ្ធកំរិតខ្ពស់ថ្នាក់តំបន់ក្នុងឆ្នាំ ២០១០ ស្តីពីគំនិតផ្តួចផ្តើមសំរាប់ប្រតិបតិ្តការសន្តិភាពសាកលលោក (GPOI)។ គំនិតផ្តួចផ្តើម GPOI គឺជាកម្មវិធីរបស់ប្រទេសដែលមានឧស្សាហកម្មលូតលាស់ខ្លាំងជាងគេទាំង ៨ (G8 ) ដែលគាំទ្រថវិកាដោយសហរដ្ឋអាមេរិក ដើម្បីពង្រីកសមត្ថភាពរួមជាសាកល ក្នុងការហ្វឹកហ្វឺននិងធ្វើអោយទាហានថែរក្សាសន្តិភាពចំនួន ៧៥០០០នាក់ មានលក្ខណៈសម្បតិ្តគ្រប់គ្រាន់នៅត្រឹមឆ្នាំ ២០១០ ។ ក្នុងកិច្ចប្រជុំនោះ ក៏មានការពិភាក្សាផងដែរពីបញ្ហាសិទ្ធិមនុស្ស និងបញ្ហាមួយចំនួនទៀតទាក់ទងនឹងតួនាទីរបស់ប្រទេសកម្ពុជា ក្នុងនាមជាសមាជិកសមាគមអាស៊ានផង ដែរ។
ចាប់តាំងពីឆ្នាំ ២០០៤ មក សហរដ្ឋអាមេរិកបានពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ផ្នែកយោធាជាមួយប្រទេសកម្ពុជា។ កិច្ចសហប្រតិបតិ្តការរបស់យើងផ្តោតលើការថែរក្សាសន្តិភាពអន្តរជាតិ ការប្រឆាំងភេរវកម្ម ការប្រឆាំងការជួញដូរគ្រឿងញៀន សន្តិសុខដែនសមុទ្រនិងសន្តិសុខព្រំដែន ជំនួយមនុស្សធម៌ ប្រតិបតិ្តការជួយសង្គ្រោះក្នុងគ្រោះមហន្តរាយ និងកំណែទំរង់ក្នុងវិស័យការពារប្រទេស។ គោលដៅរបស់យើងគឺដើម្បីពង្រឹងសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទកម្ពុជាក្នុងផ្នែកទាំងនេះ ដោយទន្ទឹមនឹងនោះ លើកទឹកចិត្តអោយប្រទេសកម្ពុជា ប្រកាន់យកគោលការណ៍និតិរដ្ឋ តំលាភាពក្នុងអភិបាលកិច្ច ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។
ចាប់តាំងពីឆ្នាំ ២០០៦ មក ប្រទេសកម្ពុជាបានទទួលបរិក្ខានិងជំនួយបច្ចេកទេសដែលមានតំលៃប្រមាណ ៤,៥ លានដុល្លាអាមេរិក តាមរយៈកម្មវិធីហិរញ្ញបទានដល់យោធាបរទេស (FMF) ។ កម្មវិធី FMF ក៏ផ្តល់ជំនួយ ថវិកាផងដែរ សំរាប់ឧបករណ៏ដឹកជញ្ជូនយោធាដែលលើសសេចក្តីត្រូវការ និងជំនួយបច្ចេកទេសដល់ក្រសួងការ ពារជាតិកម្ពុជានិងអគ្គបញ្ជាការ ផ្តល់សំភារៈឯកសារបង្រៀនភាសាអង់គ្លេស និងជំនួយបច្ចេកទេសដល់កម្មវិធីបណ្តុះបណ្តាលភាសាអង់គ្លេសរបស់កងយោធពលខេមរភូមិន្ទកម្ពុជា និងផ្តល់ការហ្វឹកហ្វឺនលើកកំពស់សមត្ថភាពជំនាញនិងសន្តិសុខដែនសមុទ្រ សំរាប់កងទ័ពជើងទឹកកម្ពុជា។ សិក្ខាកាមដែលចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺន និងការបណ្តុះបណ្តាលទាំងអស់ដែលទទួលបានការឧបត្ថម្ភថវិកាពីសហរដ្ឋអាមេរិក ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ ស្របទៅតាមច្បាប់របស់សហរដ្ឋអាមេរិក ។
សហរដ្ឋអាមេរិកធ្វើការដើម្បីសំរេចគោលដៅរបស់ខ្លួន តាមរយៈជំនួយមនុស្សធម៌ផងដែរ។ តាំងពីឆ្នាំ ២០០៥ មក កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទាហានម៉ារីនសហរដ្ឋអាមេរិកបានជួយកសាង និងជួសជុលសាលា និងមណ្ឌលសុខភាព នៅទូទាំងប្រទេសកម្ពុជា។ គ្រូពេទ្យយោធាអាមេរិកផ្នែកជំងឺទូទៅ និងជំងឺមាត់ធ្មេញក៏បានធ្វើការផងដែរ ជាមួយសមភាគីពីកងយោធពលខេមរភូមិន្ទកម្ពូជា ក្នុងការផ្តល់ការថែទាំំសុខភាពចាំបាច់ និងមិនគិតថ្លៃ នៅតាមសហគមន៍ដាច់ស្រយ៉ាល និងក្រីក្រជាងគេ ក្នុងប្រទេសកម្ពុជាផងដែរ ៕
####