សេចក្តីប្រកាសពត៌មាន
ការឡើងថ្លៃសំរាប់ការដាក់ពាក្យសុំទិដ្ឋាការចូលសហរដ្ឋអាមេរិក
ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៨ តទៅ ថ្លៃសំរាប់ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្ដោប្រវេសន៍ចូលសហរដ្ឋអាមេរិកនឹងឡើងថ្លៃពី ១០០ ដុល្លាទៅ ១៣១ ដុល្លា។ ថ្លៃសំរាប់ទិដ្ឋាការអន្ដោប្រវេសន៍ (ទៅរស់នៅ) នឹងឡើង២០ដុល្លាបន្ថៃមទៀត គឺចំនួន ៣៥៥ ដុល្លា។ ការឡើងថ្លៃនេះនឹងធ្វើអោយក្រសួងការបរទេសសហរដ្ឋអាមេរិកអាចទូទាត់មកវិញនូវការចំណាយទៅលើកិច្ចការសន្ដិសុខ និងការកែលំអផ្សេងៗទៀតចំពោះដំណើរការនៃការដាក់ពាក្យសុំទិដ្ឋាការសហរដ្ឋអាមេរិក ។
ច្បាប់តំរូវអោយក្រសួងការបរទេសអាមេរិកទូទាត់មកវិញនូវការចំណាយលើការពិនិត្យសំរេចទិដ្ឋាការតាមរយៈថ្លៃដាក់ពាក្យសុំទិដ្ឋាការ ។ ដោយសារការចំណាយថ្មីទាក់ទងនឹងសន្ដិសុខ ប្រព័ន្ធបច្ចេកទេសព័ត៌មានថ្មីៗ និងអតិផរណានោះ ថ្លៃដាក់ពាក្យសុំទិដ្ឋាការនៅពេលបច្ចុប្បន្ននៅទាបជាងសោហ៊ុយចំណាយលើដំណើរការពិនិត្យសំរេចទិដ្ឋាការនៅឡើយ។ ជាការពិត ថ្លៃទិដ្ឋាការមិនមែនអន្ដោប្រវេសន៍នៅមានកំរិតទាបជាងការចំណាយលើការពិនិត្យនិងសំរេចទិដ្ឋាការរួចស្រេចទៅហើយ នៅពេលថ្លៃទិដ្ឋាការត្រូវបានពិនិត្យមើលឡើងវិញក្នុងការសិក្សាមួយកាលពីឆ្នាំ ២០០៤ នោះ។ ក្រសួងការបរទេសអាមេរិកបានចេញថ្លៃរ៉ាប់រងចំពោះការចំណាយបន្ថែមនេះ។ នៅពេលនេះ មន្ដ្រីកុងស៊ុលតំរូវអោយអ្នកដាក់ពាក្យសុំម្នាក់ៗផ្ដិតស្នាមក្រយ៉ៅដៃគ្រប់ម្រាមទាំង១០ ហើយការចំណាយក្នុងការត្រួតពិនិត្យមើលស្នាមក្រយ៉ៅដៃទាំងនោះ របស់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) មិនអាចអោយក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលរ៉ាប់រងលើការចំណាយបន្ថែមទាំងនេះតទៅទៀតបានទេ ។
ចេញថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០០៧