បណ្ណាល័យអាមេរិកនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តនឹងបន្តមានវត្តមាន ៥ឆ្នាំបន្តទៀត
សាកលវិទ្យាល័យបញ្ញាសាស្រ្ត ភ្នំពេញ
ថ្ងៃទី ២៥ មិនា ឆ្នាំ ២០០៩
|
ឯកអគ្គរដ្ឋទូត Rodleyចាប់ដៃជាមួយបណ្ឌិត ជា សាន់ចាន់ថន នាយក សាកលវិទ្យាល័យ បញ្ញា សាស្រ្ត ។ រូបពង្រីក |
នៅថ្ងៃទី ២៥ ខែមិនា លោកស្រីឯកអគ្គរដ្ឋទូត Rodley បានចុះហត្ថលេខាជាមួយបណ្ឌិត ជា សាន់ចាន់ថន នាយកសាកលវិទ្យាល័យបញ្ញាសាស្រ្ត លើអនុស្សរណៈយោគយល់គ្នាថ្មីមួយក្នុងការបន្តវត្តមានបណ្ណាល័យអាមេរិកនៅក្នុងបណ្ណាល័យរបស់សាកលវិទ្យាល័យ ដែលជាបណ្ណាល័យធំជាងគេទី ៣ នៅកម្ពុជា។ អនុស្សរណៈថ្មីនេះនឹងបន្តអនុស្សរណៈចាស់ ដែលត្រូវបានចុះកិច្ចព្រមព្រៀងជាមួយគ្នាកាលពីជិត ៥ ឆ្នាំមុន ដោយឯកអគ្គរដ្ឋទូត Charles Ray ។ បណ្ណាល័យអាមេរិកមានសេវាអ៊ិនធ័រនែត សៀវភៅអង់គ្លេស ទស្សនាវដ្តី ឯកសាររៀនភាសាអង់គ្លេសជាភាសាទី ២ សំរាប់អោយនិស្សិតនិងសាធារណៈជនទូទៅនៅក្រុងភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបាត់ដំបងចូលមើល។ បណ្ណាល័យអាមេរិកនៅក្រុងភ្នំពេញស្ថិតក្នុងចំណោមបណ្ណាល័យដែលមានជោគជ័យច្រើនជាងគេរបស់យើង ហើយទទួលសិស្សបានចំនួនជាង ១០០ នាក់ក្នុងមួយថ្ងៃ។
ក្នុងសុន្ទរកថារបស់លោកស្រី លោកស្រីឯកអគ្គរដ្ឋទូតបានសំដែងអំណរគុណចំពោះសាកលវិទ្យាល័យនិងបុគ្គលិក ដែលបានផ្តល់ការគាំទ្រក្នុងពេល ៥ ឆ្នាំកន្លងទៅ ហើយបានសំដែងជំនឿថា ស្ថានទូតអាមេរិកនិងសាកលវិទ្យាល័យបញ្ញាសាស្រ្តគឺជាដៃគូដ៏ល្អ ក្នុងការខិតខំជួយនិស្សិតកម្ពុជាក្នុងការរៀនសូត្រនិងបង្កើនសមត្ថភាពរបស់គេ។បន្ទាប់ពីពិធីចុះហត្ថលេខា លោកស្រីឯកអគ្គរដ្ឋទូតបានថ្លែងទៅកាន់និស្សិតជិត ៥០០ នាក់ អំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល។ លោកស្រីបានមានប្រសាសន៍ផ្តោតទៅលើកិច្ចសហប្រតិបត្តិការរឹងមាំរវាងយោធានិងយោធានៃប្រទេសទាំងពីរ ព្រមទាំងទំនាក់ទំនងក្នុងវិស័យសេដ្ឋកិច្ចនិងវប្បធម៌ ដែលចេះតែមានការរីកចំរើនឡើងរបស់យើង។ លោកស្រីបានធ្វើការកត់សំគាល់ ដោយរំពឹងថា គោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជានឹងមិនមានការប្រែប្រួលច្រើនទេក្នុងរដ្ឋាភិបាលថ្មី ហើយថាភាពជ្រាលជ្រៅនិងទំហំនៃការទាក់ទងរបស់យើងនឹងធានាអោយមានការបន្តទំនាក់ទំនងរបស់យើងក្នុងឆ្នាំខាងមុខៗទៀត។