jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ថ្ងៃឈប់សំរាក រើសអ្នកធ្វើការ ការិយាល័យ ដំណឹង​ថ្មី

ការិយាល័យទទួលបន្ទុកកិច្ចការស្តីពីលទ្ធិប្រជាធិបតេយ្យ សិទិ្ធមនុស្ស និងការងារ

ប្រទេសកម្ពុជា

របាយការណ៍ ឆ្នាំ ២០០៩ ស្តីពីសេរីភាពសាសនាអន្តរជាតិ

ថ្ងៃទី  ២៦ ខែតុលា ឆ្នាំ ២០០៩

     រដ្ឋធម្មនុញ្ញចែង​ពីសេរីភា​ពសាសនា ហើយ​គោល​នយោ​បាយ និងច្បាប់​ដទៃ​ទៀត​បាន​រួម​ចំណែក​ដល់ការ​ប្រតិបត្តិ​​សាសនា​ ដែល​ជា​​ទូទៅ​មាន​លក្ខណៈ​សេរី។​ ពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ។

     ជាទូទៅនិងជាក់ស្តែង រដ្ឋាភិ​បាល​គោរព​សេរី​ភាព​សាសនា។ ស្ថាន​ភាព​សេរី​ភាព​សាសនា​មិន​មាន​ការ​ប្រែ​​ប្រួល​ទេ នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​របាយ​ការណ៍​នេះ។

     មានករណីតិចតួចត្រូវស្តីពី​ការ​បំពាន​ឬការ​រើស​អើង​ពីសង្គម ដោយ​សារ​រឿង​សាសនា ជំនឿ ឬការ​ប្រតិ​បតិ្តសាសនា។

     រដ្ឋាភិបាលអាមេរិកពិភាក្សាពីសេរីភាព​សាសនា​ជាមួយ​រដ្ឋា​ភិបាល​ ជា​ផ្នែក​មួយនៃ​នយោ​បាយ​រួម​របស់​ខ្លួន​ដើម្បី​លើក​កំពស់​សិទិ្ធ​មនុស្ស។

ផ្នែក ១៖ ប្រជាសាស្រ្តទាក់ទងនឹងសាសនា

     ប្រទេសកម្ពុជាមានផ្ទៃដីចំនួន ៦៧​ ០០០ ម៉ៃល៍ការេ ហើយ​មាន​ប្រជាជន​ចំនួន ១៤,១ លាន​នាក់។ ប្រជា​ជន​ចំនួន ៩៣% កាន់​ពុទ្ធសាស​នា​ហិនយាន ដែល​មាន​កាន់​ជាទូទៅ​និងយ៉ាង​រឹងមាំ ក្នុង​ខេត្ត ក្រុង​ទាំង​អស់ ដោយ​មាន​​វត្ត​ចំនួន​ប្រហែល ៤ ៣៣០ នៅ​ទូទាំង​ប្រទេស។ ជនជាតិ​​ខ្មែរ​ភាគ​ច្រើនលើស​លុប​ជាពុទ្ធ​សាស​និក​ ។ ​មាន​​ទំនាក់​ទំនង​គ្នា​យ៉ាងជិត​ស្និទ្ធរ​វាង​ពុទ្ធសាសនា ប្រពៃ​ណីវប្ប​ធម៌​ខ្មែរ និងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ។ ការ​ប្រតិបត្តិ​​តាម​ព្រះពុទ្ធ​សាសនាត្រូវ​បាន​ចាត់​ទុក​ជាទូ​ទៅថា ចាំ​បាច់នៅ​ក្នុង​អត្ត​សញ្ញាណ​វប្បធម៌ និង​ជាតិ​សាសន៍​នៅ​​ប្រទេស​កម្ពុជា។ សាលា​ពុទ្ធិក​មហា​យាន​មាន​អ្នក​ប្រតិ​បត្តិ​តាមចំនួន ៣១​ ៦៣៩ នាក់ ហើយ​មាន​​វត្ត​ចំនួន ៨៨ នៅ​ទូទាំង​ប្រទេស។

     មានអ្នកកាន់សាសនាឥស្លាមប្រមាណពី ៥០០ ០០០ ទៅ ៧០០ ០០០ នាក់ (គឺ​ចន្លោះពី ៣,៥% ទៅ ៥% នៃប្រជាជន) ដែលភាគ​ច្រើនលើស​លុប​គឺចាម ដែល​ច្រើនរស់នៅ​តាមទីក្រុង​និងភូមិ​នេសាទ​តាមជន​បទ  តាម​មាត់ទន្លេសាប​និងទន្លេ​មេគង្គ និងនៅក្នុង​ខេត្ដកំពត ។ អង្គការ​ខ្លះធ្វើការ​ប៉ាន់ប្រមាណ​ថា ប្រទេសកម្ពុជា​មានប្រជា​ជនចាម​តិចជាង​នេះទេ ។ នៅកម្ពុជា ​សាសនា​ឥស្លាម​មាន​បួនសាខា គឺសាខា​ស៊ីអា​  ដែលទទួល​ឥទ្ធិពល​ពីម៉ាឡេ ហើយ​ដែល​ប្រតិបត្ដិ​ដោយអ្នក​កាន់សាសនា​ឥស្លាម​ចំនួន ៨៨% ។ សាខា Salafi ដែល​ទទួលឥទ្ធិ​ពល​ពីប្រទេសគុយវេត​និងអារ៉ាប៊ីសា​អ៊ូឌីត (ពេលខ្លះ គេ​ហៅ​ថា "Wahhabi") ដែល​មាន​អ្នក​ជឿប្រមាណ ៦% នៃអ្នក​កាន់សាសនា​ឥស្លាម តែចំនួន​នេះចេះ​តែមាន​ការកើន​ឡើង ។ សាខា​ដើម ដែល​មាន ឈ្មោះថា Iman-San ដែល​ប្រតិបត្ដិ​ដោយអ្នក​ជឿចំនួន ៣% និង​សាខា Kadiani ដែល​មាន​អ្នក​ជឿ ៣% ដែរ ។ ​មានវិហារ​ឥស្លាមចំនួន​ពី ២៤៤ និងមានវិហារ​ឥស្លាម Surav តូចៗ៣៣៣ ដែល​ដែលជាកន្លែងប្រជុំមានអ្នកចូលរួមរហូតដល់ ៤០ នាក់ ហើយ​មិន​មាន​​កន្លែង​​សំរាប់​គ្រូប្រដៅសាសនា​ឈរធ្វើ​ធម្មទេសនា​នៅថ្ងៃ​សុក្រទេ ។​ សាខាងទាំង ៤ មានSurav ហើយខុសពីវិហារឥស្លាមធំតែត្រង់សំណង់ស្ថាបត្យកម្ម​តែ​ប៉ុណ្ណោះ ដោយ​វាច្រើនតូច ហើយសង់​នៅតាម​តំបន់ជនបទ។

     អ្នកកាន់សាសនា​គ្រឹះ​ដែលមាន​ចំនួន​តិចតួច តែកំពុង​តែមានកំនើនឡើង ត្រូវ​ជា​ប្រមាណ ២% នៃប្រជា​ជន​ទាំងមូល ។ មាននិកាយ​ឬ​អង្គការ​សាសនា​គ្រឹះ​ប្រមាណ ១០០ ដែល​ធ្វើសកម្មភាព​ដោយសេរី​នៅទូទាំង​ប្រទេស ហើយមាន​វិហារគ្រឹះ​ចំនួន ១ ៦០៩​ (១ ៥៤៤ ជា​វិហារ​ប្រូតេ​ស្តង់ និង ៦៥ ជា​វិហារ​រ៉ូម៉ង់កាតូលិក)​ នៅ​​កម្ពុជា ។ តែ​ក្នុង​ចំណោម​នេះ មាន​តែ​វិហារ​ចំនួន​ប្រហែល ៩០០ ប៉ុណ្ណោះ​ដែលបាន​​ចុះបញ្ជី​ការជា​ផ្លូវការ ។ អង្គការ​សាសនា​ដទៃទៀត​ដែល​មាន​អ្នកជឿ​មិនច្រើន មាន​សាសនា Baha'i Faith និង Cao Dai របស់​វៀតណាម ដោយ​មួយៗមាន​អ្នក​ប្រតិបត្ដិ​តាម​​ប្រហែល ២០០០ នាក់​តែប៉ុណ្ណោះ ។

ផ្នែកទី ២. ស្ថានភាពនៃសេរីភាពសាសនា

ក្របខ័ណ្ឌច្បាប់និងគោលនយោបាយ

     រដ្ឋធម្មនុញ្ញចែងពីសេរីភាពសាសនា ហើយ​​ជា​ទូទៅ​ ច្បាប់​និងគោល​​នយោ​បាយ​​ផ្សេង​​ទៀតបាន​រួម​ចំណែក​ដល់​ការ​ប្រតិបត្តិ​សាសនា​ដោយ​សេ​រី ។រដ្ឋធម្មនុញ្ញហាមប្រាម​ការរើសអើង​ដោយសារសាសនា ហើយ​រដ្ឋា​ភិបាល​មិន​អត់ឱន​ចំពោះ​ការ​រំលោភ​សេរី​ភាព​សាសនា​ឡើយ​ ទោះដោយ​មនុស្សក្នុង​ជួរ​រដ្ឋាភិបាល ឬ​ក្នុងវិស័យឯកជនក៏ដោយ។ ពុទ្ធ​សាសនា​គឺ​ជាសាសនា​របស់​រដ្ឋ ហើយ​រដ្ឋា​ភិបាល​ជំរុញ​អោយមាន​ថ្ងៃ​បុណ្យ​តាម​ព្រះ​ពុទ្ធ​សាសនា ផ្តល់​ការ​បណ្តុះ​បណ្តាល​ និងការអប់​រំ​ដល់​ព្រះសង្ឃ និង​អ្នក​ដទៃ​ទៀត​នៅ​តាមវត្ត ហើយ​ជួយ​មួយផ្នែក​តូចដល់​វិទ្យា​ស្ថាន​មួយ​​ ដែល​ធ្វើការ​ស្រាវ​ជ្រាវ​ និង​បោះ​ពុម្ពឯកសារ​វប្ប​ធម៌​ខ្មែរ និងប្រពៃណីតាម​ព្រះ​ពុទ្ធសាសនា។

     ច្បាប់តំរូវអោយក្រុមអ្នកកាន់សាសនា​ទាំង​អស់ រួម​ទាំងក្រុម​ពុទ្ធ​សាសនិក​ផង អោយ​ដាក់​ពាក្យ​សុំ​ទៅក្រសួង​ធម្មការ​និងសាសនា បើគេ​ចង់កសាង​កន្លែង​គោរព​បូជា ឬធ្វើ​សកម្ម​ភាព​ផ្សេងៗ​ផ្នែក​សាសនា ។ នៅ​ក្នុង​ពាក្យសុំ​របស់គេ គេ​ត្រូវបញ្ជាក់​អោយ​ច្បាស់ពី​បំណង​និងសកម្ម​ភាពផ្នែក​សាសនា​​របស់គេ ដែល​ត្រូវ​តែ​គោរព​តាម​បញ្ញតិ ដែល​ហាមប្រាម​ក្រុម​សាស​នានានា​មិនអោយ​ប្រមាថ​ក្រុម​សាសនា​ដទៃទៀត បង្កើត​អោយ​មាន​ជំលោះ ឬ ប៉ះ​ពាល់ដល់​សន្ដិសុខ​ជាតិ ។ មិន​មាន​ការដាក់​ពិន័យ​ចំពោះ​ការមិន​ចុះបញ្ជី​ការទេ ហើយ​ជាក់ស្ដែង​មានក្រុម​ខ្លះមិន​បានចុះ​បញ្ជី​ការ​ទេ ។ទោះបីជាក្រសួង​ធម្មការ​និងសាសនាចង់អនុវត្តបទបញ្ជាកឆ្នាំ ២០០៧ ដែលតំរូវអោយវិហារទាំង​អស់​ចុះបញ្ជីការសារជាថ្មី ទើបអាចទទួលបានការអនុញ្ញាតិអោយ​ដំណើរការ​ជាបន្តក្តី ក៏នៅ​តែមិនមាន​វិហារណា​មួយ​បាន​គោរពតាម​​ទេ នៅ​ក្នុង​អំឡុងពេល​​នៃការ​រៀបចំ​របាយ​ការណ៍នេះ។

     បទ​បញ្ជាស្ដីពី​ការគ្រប់គ្រង​សាសនា​ពីខាងក្រៅ​តំរូវអោយ​មានការ​ចុះបញ្ជី​កន្លែង​គោរព​បូជានិង​សា​លា​សាសនា ជាបន្ថែម​លើការ​យល់​ព្រម​របស់​រដ្ឋាភិ​បាល មុនពេល​ធ្វើការ​សាង​សង់កន្លែង​គោរព​បូជា​ថ្មីៗ ។ កន្លែង​គោរព​បូជា​ត្រូវស្ថិត​នៅឆ្ងាយ​ពីគ្នាយ៉ាង​តិច ២ គម ហើយ​មិនអាច​ប្រើ​ប្រាស់​​ដើម្បីបំរើ​បំណងផ្នែក​នយោ​បាយ ទទួល​ឧក្រិដ្ឋ​ជនអោយ​ស្នាក់​នៅ​ ឬជន​គេច​ខ្លួនពីច្បាប់​ឡើយ ។ ការកំណត់​ព្រំដែន​​​ពីគ្នានេះ​ត្រូវបាន​អនុវត្ដ​ទាក់​ទងតែ​នឹងការ​កសាង​កន្លែង​គោរព​បូជា​ថ្មីៗតែ​ប៉ុណ្ណោះ ហើយមិន​ទាក់ទង​នឹងការិយា​ល័យ​របស់​អង្គការ​សាសនា​ទេ ។ មិន​មានសេចក្ដី​រាយការណ៍​ដែលនិយាយ​ថាបទបញ្ជានេះ​ត្រូវ​បានប្រើដើម្បី​រា​រាំងវិហារ​សាសនា​មិនអោយ​កសាង​ទីតាំង​ថ្មីទេ។បទ​បញ្ជានេះ​ក៏​បានតំរូវផងដែរថា​មិនអោយក្រុមសាសនា​ធ្វើការ​រិះ​គន់​ដោយ​ចំហ​លើ​ក្រុម​ដទៃ​ទៀត។ ក្នុង​អំឡុងពេលនៃ​ការ​រៀប​ចំ​របាយការណ៍​​នេះ មិនមាន​ក្រុមសាសនា​ជួបប្រទះ​នឹងឧបសគ្គ​​ជាដុំ​កំភួន ក្នុងការ​ទទួលបាន​ការយល់​ព្រមលើ​ការកសាង​កន្លែង​គោរព​បូជា​ទេ ។

     រដ្ឋាភិបាល​​អនុញ្ញាតិ​អោយមាន​ការ​បង្រៀន​ពីពុទ្ធសាសនា​នៅតាម​សាលារដ្ឋនានា ។ ​ការ​បង្រៀន​ពីសាសនា​ដទៃ​ទៀត ​នៅ​តាម​សាលា​រដ្ឋ​ត្រូវ​បាន​ហាម​ឃាត់ តែការបង្រៀន​ពី​សាសនា​ដែលមិន​មែន​ជាសាសនា​ព្រះ​ពុទ្ធនៅ​តាម​សាលា​ឯក​ជន​អាច​ធ្វើ​ទៅ​បាន។ រដ្ឋាភិ​បាល​បាន​ចេញ​បទ​បញ្ជាថា​ សិស្ស​និង​បុគ្គលិករដ្ឋ​ទាំង​អស់​ដែល​កាន់សាសនា​ឥស្លាម​ ត្រូវ​បាន​អនុញ្ញាតិ​អោយស្លៀក​ពាក់​សំលៀក​បំពាក់​តាម​សាសនា​របស់​គេ នៅ​ក្នុង​ថ្នាក់ និងការិយាល័យ។​​ការសំរេចនេះឆ្លុះបញ្ចាំង​ពីការ​គោ​រព​ចំពោះជំនឿ​របស់​អ្នកដទៃ​ទៀត ក្រៅពីពុទ្ធសាសនិក​ដែលជា​ក្រុម​ភាគច្រើន។
រដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​បុណ្យ​ធំៗ​តាម​ពុទ្ធសាសនា​មហា​យាន​ ជា​ថ្ងៃ​ឈប់​សំរាក​ទូ​ទាំង​ប្រទេស។

ការរិត​ត្បិត​លើសេរីភាពសាសនា

     ជា​ទូ​ទៅ រដ្ឋា​ភិបាល​​គោ​រព​សេរី​ភាព​សាសនា​។​ មិនមាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ស្ថាន​ភាព​នៃ​ការ​គោ​រព​​សេ​រី​ភាព​​សាសនា ដោយ​រដ្ឋា​ភិ​បាល​​ទេ​  នៅ​ក្នុង​អំឡុង​ពេល​នៃ​ការ​ធ្វើ​របាយ​ការណ៍​នេះ។
មិនដូចក្នុងឆ្នាំមុនៗទេ រដ្ឋាភិបាលមិនបានបិទសាលា​ឥស្លាម​ណាមួយ​ ហើយ​បាន​អនុញ្ញាតិ​អោយ​មានការ​សង់​វិទ្យាល័យ​ឥស្លាម​ថ្មី​មួយ​ សំរាប់​ផ្តល់​ការអប់រំ​ទូទៅ និង​ផ្តល់​ជំនាញ សំរាប់​ឥស្លាម​សាសនិក និង​មិនមែន​ឥស្លាម​សាសនិក។
មិនមានលឺពីការចាប់ឃុំ​មនុស្ស​ដោយសារសាសនា​ទេ នៅក្នុង​ប្រទេស។

ការបង្ខំអោយប្ដូរសាសនា

     មិនមានសេចក្ដីរាយការណ៍​ពីការ​បង្ខំ​អោយ​​ប្ដូរ​សាសនា​​ទេ ដោយ​រួមទាំង​សេច​​ក្តី​រាយ​​ការណ៍​ស្តីពី​​កុ​មារ​សញ្ជាតិ​​អា​មេរិក​​ត្រូវបាន​​ចាប់​​ពង្រាត់​ឬនាំ​យក​ចេញពី​សហ​រ​ដ្ឋអាមេ​រិក​ដោយ​​ខុស​ច្បាប់ ឬក៏​របាយ​ការណ៍​​ពីការ​​ជំទាស់​​មិន​អនុញ្ញាតិ​​អោយ​​ពល​រដ្ឋ​ទាំង​នេះ​ត្រឡប់​​ទៅកាន់​​សហ​រដ្ឋ​អាមេ​រិក​វិញទេ ។

     ភាព​បានប្រសើរឡើង​ និងការ​វិវត្តជា​វិជ្ជមាន​ក្នុង​ការគោរព​សេរី​ភាព​សាសនា
មន្ត្រីរដ្ឋាភិបាលបានបន្តធ្វើការ​ប្រជុំ​តំណាង​ក្រុម​សាសនា​ផ្សេងៗ ដើម្បី​ធ្វើ​ការ​ពិភាក្សាពី​ព្រឹត្តិការណ៍​វិវត្តន៍​ផ្នែក​សាសនា និងដោះ​ស្រាយ​បញ្ហា​កង្វល់​ផ្សេងៗ។​ ក្រសួង​ធម្មការ​និងសាសនា​បាន​ធ្វើការ​ប្រជុំ​អន្តរ​សាសនា​ចំនួន ២ រាល់​ឆ្នាំ​ ត្រៀមសំរាប់​កិច្ច​ប្រជុំ​ពិភាក្សា​អន្តរ​សាសនា​ប្រចាំ​តំបន់​អាស៊ី​ ប៉ាស៊ីហ្វិក។ តែក្នុង​អំឡុង​ពេលនៃ​ការធ្វើ​របាយ​ការណ៍​នេះ មិន​មានការ​ប្រជុំ​ត្រូវ​បាន​ធ្វើឡើងទេ ម្យ៉ាងដោយសារ​មានការ​បោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០០៨ ដែលនៅពេលនោះ មានការជ្រើសរើស​រដ្ឋ​មន្រ្តី​ក្រសួងធម្ម​ការ និង​សាសនាថ្មី។

ផ្នែកទី ៣. ការរើសអើងនិងការរំលោភពី​សង្គម

     ពុំមានសេចក្ដីរាយការណ៍ពីការរំលោភឬការ​រើសអើង​ពី​សង្គម​ច្រើន​ទេ ទាក់ទង​នឹងការចូល ការ​ប្រតិបត្ដិ ឬជំនឿ​សាសនា ។

     ក្រុមសាសនាភាគតិចជួបប្រទះ​តិច​តួចឬគ្មាន​តែម្ដង នូវ​ការរើស​អើង​ពីសង្គម​ក្នុងអំឡុង​ពេល​នៃ​របាយការណ៍នេះ តែ​អ្នកកាន់​សាសនាគ្រឹះ​និងអ្នក​កាន់សាសនា​ឥស្លាម​មាន​ការប៉ះ​ទង្គិចគ្នា​តិច​តួច​ ជាលក្ខណៈបុគ្គល ។

     ពុទ្ធសាសនិក​ខ្លះបាន​សំដែង​កង្វល់ពីការ​ដែលសហគមន៍​ចាមទទួល​ជំនួយ​​ថវិកា​ពីប្រទេស​ក្រៅ ។ តែ​ជាទូទៅ ប្រជា​ជនចាមរស់​នៅដោយ​ចុះសំរុង​ល្អនៅ​ក្នុង​សង្គម មាន​ទទួល​មុខនាទី​ធំៗក្នុង​ផ្នែក​ជំនួញ​និងក្នុង​រដ្ឋា​ភិបាល ហើយមិន​មាន​ប្រឈម​នឹងការរើស​អើងឬការរំ​លោភ​បំពាន​ទេ ក្នុង​អំឡុង​ពេល​នៃការ​ធ្វើ​របាយ​ការណ៍​នេះ ។

     មានអង្គការរបស់អ្នកកាន់សាសនាគ្រឹះនិងអង្គការ​របស់អ្នក​កាន់សាសនា​ចំរុះ​ផ្សេងៗ ដែល​ច្រើន​តែទទួល​ថវិកា​ទ្រទ្រង់​ពីផ្នែក​ឯកជនឬផ្នែក​សាធារណៈ​នៅបរទេស ។

ផ្នែកទី ៤. គោលនយោបាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក

     រដ្ឋាភិបាលសហរដ្ឋអាមេរិក​ពិភាក្សា​បញ្ហា​សេរីភាព​សាសនាជាមួយ​រដ្ឋាភិ​បាល​កម្ពុជា ជាផ្នែក​មួយ​នៃ​គោល​នយោបាយ​រួមរបស់​ខ្លួនក្នុង​ការលើក​កំពស់​សិទ្ធិមនុស្ស ។ តំណាង​របស់មន្រ្តី​​ស្ថានទូត​​អាមេរិក​បាន​ជួបជា​មួយ​មេដឹក​នាំសាសនា ដើម្បី​ពិភាក្សា​ពីបញ្ហា​ទាំងនេះ ហើយ​បានទាក់​ទងជា​មួយតំណាង​អង្គការ​សាសនា អង្គការ​មិនមែន​រដ្ឋាភិបាល​និងក្រុម​ផ្សេងៗ​ទៀត ដែល​តំណាងអោយ​ក្រុមអ្នក​កាន់សាសនា​គ្រឹះ  សាសនា​ឥស្លាម និង ពុទ្ធ​សាសនា ។

     ស្ថានទូតអាមេរិកបានបន្ដសកម្មភាព​​ជាមួយ​អ្នកកាន់​សាសនា​ឥស្លាម ។ ការងារនេះ​បានផ្ដល់​ព័ត៌មាន​បន្ថែម​ស្ដីពី​ស្ថាន​ភាព​សេរីភាព​សាសនា នៅ​កម្ពុជា ក្នុងចំណោម​ប្រជា​ជនចាម ហើយក៏បា​នផ្ដល់ជំនួយ​ផ្នែក​សំភារៈ​ដល់ពួក​គេផង​ដែរ ។ ស្ថានទូត​បាន​បន្ដផ្ដល់​ជំនួយថវិកា​ដល់វិទ្យុសំលេង​ភាសា​ចាម ដែល​ផ្ដល់ជាវេ​ទិកាសំរាប់​ពិភាក្សា​បញ្ហាសាសនា​និងបញ្ហា​ដទៃៗ​ទៀត ។ នេះជា​កម្មវិធី​វិទ្យុផ្សាយ​សំលេងតែ​មួយគត់​នៅកម្ពុជា​ដែលមាន​ផ្សាយជា​ភាសា​ចាម ។ស្ថាន​ទូត​បាន​រៀប​ចំ​ពិធី​រ៉ាម៉ាដាន​ ដែលមានការ​ចូលរួម​របស់​ភ្ញៀវ​ចាម​ចំនួនជាង ១៥០ នាក់  និងបានរៀបចំ​ទទួលអាហារស្រាយ​បួស​សំរាប់​សហគមន៍​ចាម នៅខេត្តកំពត ក្នុងតំបន់​​មួយនៅភាគខាងត្បូងប្រទេស​ដែលត្រូវធ្វើ​ដំណើររយៈ​ពេល ៣ ម៉ោង​តាម​រថយន្ត។ ពិធីនេះមានការចូលរួម​របស់​អ្នកដឹកនាំ​សហគមន៍​ចំនួនជាង ១០០ នាក់ រួមទាំងអ៊ីម៉ាម នាយក​សាលា madrassahs និងគ្រូប្រដៅសាសនា។

     ស្ថាន​ទូតអា​មេរិក​បាន​ធ្វើ​ការ​ដើម្បី​រក្សាអោយ​មានទំនាក់​ទំនងជិត​ស្និទ្ធជា​មួយសហគមន៍​អ្នកកាន់​សាសនា​គ្រឹះ និងអ្នក​កាន់ពុទ្ធ​សាសនា តាម​​រយៈការ​ចុះដល់​វត្ដនិងព្រះ​វិហារគ្រឹះ និង​តាមរយៈ​កម្មវិធីរួម​គ្នា ។ ស្ថាន​ទូតអាមេរិក​បានរៀបចំ​សិក្ខាសាលា​ជា​បន្ត​បន្ទាប់​មួយ​ចំនួន​ ដើម្បី​ជំរុញអោយ​មានទំនាក់​ទំនង​ជិតស្និទ្ធ​ រវាង​សហគមន៍​ចាម និងមន្រ្តី​​អនុវត្តច្បាប់ ដើម្បី​ពង្រីក​ការពិភាក្សា និងលើកកំពស់​ការងារ​គ្រប់គ្រង​របស់កំលាំងនគរបាល។

     ទីភ្នាក់ងារសហរដ្ឋអាមេរិក​សំរាប់ការអភិវឌ្ឍន៍​អន្តរជាតិ (USAID) បានបន្តធ្វើការជាមួយ​វត្តជាច្រើនផ្អែកតាមព្រះ​ពុទ្ធសាសនា​ ដើម្បី​ជួយ​ជំងឺ​អេដស៍ ។ គំរោង​ជា​មួយ​ក្រុម​គ្រឹះសាស​និករួមមាន​ពិធី​ដែល​រៀប​ចំ​ឡើង​ដោយ​ស្ថាន​ទូត​ សំរាប់ “ពន្លកកុមារ” ដែល​ជា​កម្ម​វិធីសំរាប់​ក្មេងរង​គ្រោះ​ដោយ​ជំងឺ​អេដស៍ ដឹក​នាំ​ដោយអង្គការ​កាតូលិក Maryknoll និងការ​សំដែង​តុក្កតា​របស់អង្គ​ការ Church of Jesus Christ of Latter-day Saints ក្នុង​អំឡុងពេល​បេសកកម្ម​ផ្នែក​ពេទ្យ​របស់​យោ​ធា​សហ​រដ្ឋអាមេ​រិក ។​ កម្ម​វិធីទាំង​នេះបាន​ធ្វើ​អោយ​មន្រ្តី​ស្ថាន​ទូត​អាមេរិក​មាន​ឱកាសជួបជាមួយ​អ្នក​ដឹក​នាំ​សាសនា​គ្រឹះ​និងព្រះពុទ្ធសាសនា​ជា​ច្រើន​​ដង​និងវាយ​​តំលៃ​​ពីបរិយា​កាស​ការងារ សំរាប់​ក្រុម​សាសនា​ទាំង​នេះ នៅ​ក្នុង​​ប្រទេស។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក