ពិធីបញ្ជូនត្រឡប់វិញនូវវត្ថុបូរាណខ្មែរដែលចាប់បាននៅសហរដ្ឋអាមេរិក
សារៈមន្ទីរជាតិកម្ពុជា ភ្នំពេញ
ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០០៧
 |
| ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រគល់រូបចំលាក់របស់ខែ្មរទៅឯកឧត្តម ហ៊ឹម ឆែម រូបពង្រីក |
ក្នុងពិធីមួយដែលធ្វើឡើងនៅសារមន្ទីរជាតិនៅក្រុងភ្នំពេញ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនត្រឡប់អោយកម្ពុជាវិញនូវរូបចំលាក់អប្សរាមួយធ្វើពីថ្មភក់ដែលបានធ្វើឡើងនៅ ប្រហែលឆ្នាំ ១២០០ ហើយត្រូវបានលួចរត់ពន្ធចេញពីកម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ដោយរំលោភលើកិច្ចព្រមព្រៀងឆ្នាំ ២០០៣ រវាងប្រទេសទាំងពីរ ដែលមានបំណងការពារបេតិកភណ្ឌវប្បធម៌ខ្មែរ ។ អញ្ជើញជាគណអធិបតីក្នុងពិធីនោះរួមមានឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្រី្តសី្តទីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា និងលោក Joseph A. Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ។
នៅពេលពិធីនោះចប់ លោកឯកអគ្គរដ្ឋទូត Mussomeli បានមានប្រសាសន៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមានការតាំងចិត្តជួយប្រទេសកម្ពុជាក្នុងការការពារនិងអភិរក្សបេតិកភណ្ឌរបស់ខ្លួន ។ យើងសូមសំដែងអំណរគុណនិងរីករាយដែលនគរបាលនិងទីភ្នាក់ងារពង្រឹងច្បាប់ដទៃទៀតរបស់យើងផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហ៊ឹម ឆែម បានមានប្រសាសន៌ថា ខ្ញុំសូមសំដែងនូវអំណរគុណអស់ពីដួងចិត្តដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកនិងប្រជាជនអាមេរិកចំពោះការជួយប្រទេសកម្ពុជាក្នុងការអភិរក្សនិងការពារបេតិកភណ្ឌវប្បធម៌ខ្មែរនិងក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធវត្ថុបូរាណរបស់ខ្លួន ។
រូបចំលាក់នេះត្រូវបានរឹបអូសបាននៅសហរដ្ឋអាមេរិកនៅដើមឆ្នាំ ២០០៧ ដោយភ្នាក់ងារពង្រឹងច្បាប់គយនិងអន្តោប្រវេសន៌អាមេរិក (ICE) ជាផ្នែកមួយនៃការស៊ើបអង្កេតដែលត្រូវបានធ្វើជាមួយនគរបាលថៃ ដែលនាំដល់ការចាប់ខ្លួននិងកាត់ទោសជនជាតិថៃម្នាក់ ពីបទលក់ផូស៊ីលសត្វឌីណូស័រនិងវត្ថូបូរាណខ្មែរនិងថៃនៅទូទាំងពិភពលោក តាមប្រព័ន្ធអ៊ិនធ័រនែត ។ ថ្លែងក្នុងពិធីនោះ លោកស្រី Ann Hurst អនុព័ន្ធរបស់ ICE ប្រចាំនៅទីក្រុងបាងកក បានសំដែងនូវការតាំងចិត្តនៃទីភ្នាក់ងាររបស់លោកស្រីក្នុងការប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធវត្ថុបូរាណខ្មែរខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក និងបានប្រាប់អោយដឹងថា ICE នឹងបញ្ជូនត្រឡប់វិញនូវវត្ថុបូរាណខ្មែរចំនួនពីរទៀតមកកាន់កម្ពុជានៅឆ្នាំក្រោយ ។
កិច្ចព្រមព្រៀងនេះចាត់ទុកថាខុសច្បាប់នូវការនាំចូលសហរដ្ឋអាមេរិកនូវវត្ថុបូរាណខ្មែរដែលធ្វើពីថ្ម លោហៈធាតុនិងសេរ៉ាមិច លើកលែងតែមានការអនុញ្ញាតិអោយនាំចេញពីប្រទេសកម្ពុជាឬមានឯកសារដែលអាចបញ្ជាក់បានថារបស់នោះត្រូវបានយកចេញពីប្រទេសកម្ពុជាមុនថ្ងៃខែចូលជាធរមាន គឺ ថ្ងៃទី ២ ធ្នូ ឆ្នាំ ១៩៩៩ ចំពោះវត្ថុធ្វើពីថ្មដូចជារូបចំលាក់នេះជាដើម ។
កិច្ចព្រមព្រៀងនេះ និងការហាមប្រាមការនាំចូលជាបន្ទាន់ ដែលមានមកមុននោះ គឺជាជាការឆ្លើយតបនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចង់ការពារបេតិកភណ្ឌវប្បធម៌ជាតិ ក្រោមមាត្រាទី ៩ នៃអនុសញ្ញាឆ្នាំ ១៩៧០ របស់អង្គការយូណេស្កូ ស្តីពីមធ្យោបាយហាមឃាត់និងការពារការនាំចេញ នាំចូលនិងការផ្ទេរកម្មសិទ្ធិដោយខុសច្បាប់នូវទ្រព្យសម្បតិ្តវប្បធម៌ ។ កម្ពុជាគឺជាប្រទេសដំបូងគេនៅអាស៊ីខាងកើតដែលទទួលបានការជួយពីសហរដ្ឋអាមេរិកក្នុងការការពារសម្បតិ្តវប្បធម៌របស់ខ្លួនតាមលក្ខណៈនេះ ។
មជ្ឈមណ្ឌលបេតិកភណ្ឌវប្បធម៌(CHC)របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលខុសត្រូវលើការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ ២០០៣ ព្រមទាំងគ្រប់គ្រងមូលនិធិឯកអគ្គរដ្ឋទូតសំរាប់អភិរក្សវប្បធម៌ ដែលបានជួយថវិកាដល់គំរោងជាច្រើននៅកម្ពុជាក្នុងពេលប៉ុន្មានឆ្នាំថី្មៗនេះ ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ។ បណ្ឌិត Andrew Cohen ដែលតំណាងអោយ CHC បានមានប្រសាសន៌ក្នុងពិធីនោះថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាគួរទទួលបានការកោតសរសើរចំពោះការយកចិត្តទុកដាក់ក្នុងការអភិរក្សប្រាសាទនិងទីតាំងបូរាណខ្មែរ ។ ការងាររបស់គយនិងរដ្ឋករក្នុងការគ្រប់គ្រងការនាំចេញតាមព្រលានយន្តហោះនិងច្រកព្រំដែនអន្តរជាតិនានា និងការងាររបស់នាយកដ្ឋានគរបាលការពារបេតិកភណ្ឌដែលទើបបង្កើតថី្ម មានតំលៃខ្លាំងណាស់ក្នុងការងារដ៏មានសារៈសំខាន់ដើម្បីការពារកុំអោយមានសកម្មភាពខុសច្បាប់កើតឡើងទាន់ ។ យើងរីករាយនឹងបន្តធ្វើការជាមួយព្រះរាជាណាចក្រកម្ពុជា ដើម្បីការពារទ្រព្យសម្បតិ្តវប្បធម៌ជាតិដ៏មានតំលៃរបស់ប្រទេសនេះ ។