ពិធីកាត់ខ្សែបូរសម្ពោធវិទ្យាល័យពោធិសាត់ ដែលកសាងដោយសហរដ្ឋអាមេរិក
ខេត្តពោធិសាត់
ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០០៩
|
ឯកអគ្គរដ្ឋទូត Rodley កំពុងកាត់ខ្សែបូរសម្ធោធ សាលារៀន ។ រូបពង្រីក |
នៅថ្ងៃទី ២៨ ខែកញ្ញា លោកស្រី Carol A. Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធវិទ្យាល័យពោធិសាត់ ដែលទើបជួសជុលហើយថ្មី។ ក្នុងសុន្ទរកថាទៅកាន់សិស្សនិងគ្រូជាង ៥០០០ នាក់ នៅក្នុងខេត្ត លោកស្រីឯកអគ្គរដ្ឋទូត Rodley បានមានប្រសាសន៍ថា “ស្ថានទូតអាមេរិកមានក្តីរំភើប ដែលបានដើរតួនាទីមួយក្នុងការកសាងវិទ្យាល័យពោធិសាត់នេះឡើងវិញ។ ដូចអស់លោក លោកស្រីប្រហែលជាបានដឹងមកហើយថា វិទ្យាល័យពោធិសាត់ត្រូវបានកសាងពីដើមមកដោយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ ១៩៦២។ ការដែលយើងត្រឡប់មកវិញនៅពេលនេះ ៤៧ ឆ្នាំក្រោយមក បញ្ជាក់ពីជំរៅនិងភាពយូរអង្វែងនៃការទាក់ទងរបស់យើងជាមួយប្រទេសកម្ពុជា និងការយកចិត្តទុកដាក់របស់យើង ក្នុងការជួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកំពស់ប្រព័ន្ធអប់រំ ទាំងផ្នែកសមត្ថភាពមនុស្ស និងទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។”
តាមរយៈកម្មវិធីសកម្មភាពបំរើពលរដ្ឋមនុស្សធម៌ និងជំនួយមនុស្សធម៌របស់បញ្ជាការដ្ឋាននៃកងកំលាំងយោធាសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក រដ្ឋាភិបាលអាមេរិកបានចំណាយថវិកាជិតមួយលានដុល្លា លើគំរោងជំនួយនៅខេត្តពោធិសាត់។ គំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិកមិនត្រឹមតែជួយថវិកាដល់ការជួសជុលវិទ្យាល័យពោធិសាត់តែប៉ុណ្ណោះទេ តែថែមទាំងដល់ការជួសជុលអាគារចំនួន ៤ ទៀត នៅក្នុងតំបន់ ដែលរួមមានមណ្ឌលសុខភាពតាសាស់ សាលាបឋមសិក្សាពង្រិល អនុវិទ្យាល័យកែវ សុវណ្ណ និងសាលាបឋមសិក្សាសុភី។ ក្រៅពីគំរោងជួសជុលទាំងនេះ លំហាត់ហ្វឹកហ្វឺនសមត្ថភាពផ្នែកពេទ្យរបស់កងទាហានម៉ារីនអាមេរិកត្រូវបានរៀបចំឡើងនៅស្រុកបាកាន ដោយបានជួយដល់អ្នកស្រុកចំនួនជាង ២០០០ នាក់ ដែលមានជំងឺ។
ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី អ៊ឹម សិទ្ធីបានសំដែងអំណរគុណដោយស្មោះចំពោះរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់វិស័យអប់រំ នៅកម្ពុជា។ លោកបានមានប្រសាសន៍ថា “ការលើកកំពស់វិស័យអប់រំគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ របស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រសួងរបស់ខ្ញុំរីករាយក្នុងការបន្តធ្វើការជាមួយដៃគូអភិវឌ្ឍន៍ ដូចជាសហរដ្ឋអាមេរិក ដើម្បីកែលំអប្រព័ន្ធអប់រំនៅកម្ពុជា។”