ពិពណ៌រូបថតស្ដីពី "កេរ្ដិ៍ដំណែលពិសិដ្ឋ" ត្រូវបានតាំងនៅកម្ពុជា
ផ្សារទំនើបសុវណ្ណា ភ្នំពេញ
ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០៨
|
លោកឯកអគ្គរដ្ឋទូត Mussomeli និងឧបនាយករដ្ឋមន្ដ្រី សុខ អាន ដើរមើលពិពណ៌ "កេរ្ដិ៍ដំណែលដ៏ពិសិដ្ឋ"។ រូបពង្រីក |
ការតាំងពិពណ៌រូបថត "កេរ្ដិ៍ដំណែលពិសិដ្ឋរបស់លោក Edward Curtis និងជនជាតិដើមនៅអាមេរិក ខាងជើង" (Sacred Legacy: Edward Curtis and the North American Indian) ត្រូវបានបើកជាផ្លូវការដោយលោក Joseph A. Mussomeli ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក និងឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អាន ។ ពិពណ៌រូបថតដែលបង្ហាញពីលក្ខណៈចំរុះនិងប្លែកៗជាច្រើនក្នុងចំណោមជនជាតិដើមនៅទ្វីបអាមេរិកខាងជើងមានដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០០៨ នៅជាន់ទី ៥ នៃផ្សារទំនើបសុវណ្ណា ក្នុងក្រុងភ្នំពេញ។
ពិពណ៌ "កេរដំណែលពិសិដ្ឋនេះ" មានរូបថតចំនួន ៦០ ដែលអបអរពីជនជាតិដើមនៅទ្វីបអាមេរិកខាងជើង ប្រវត្ដិសាស្ដ្រ និងវប្បធម៌របស់គេ ។ ដោយត្រូវបានថតនៅចុងសតវត្សទី ១៩ រហូតដល់ឆ្នាំ ១៩៣០ រូបភាពដ៏ល្អអស្ចារ្យនេះបង្ហាញពីជីវិតរស់នៅ និងវប្បធម៌របស់ជនជាតិដើមនៅតំបន់វាលទំនាបស្មៅធំល្វឹងល្វើយ នៅទ្វីបអាមេរិកខាងជើងក្នុងភាគនិរតី នៅឆ្នេរភាគពាយព្យ និងនៅរដ្ឋអាឡាស្កា ។
ពិពណ៌រូបថតដ៏គួរអោយចាប់អារម្មណ៍នេះក៏បានមកពីស្នាដៃរបស់អ្នកថតរូបដ៏មានឈ្មោះល្បីនិងជាអ្នកជាតិពិន្ធុសាស្ដ្រឈ្មោះ Edward Curtis និងស្នាដៃក្នុងជីវិតរបស់លោកផងដែរ ។ រូបថតចំនួន ៤៥ ០០០ សន្លឹកនៃជនជាតិដើមនៅទ្វីបអាមេរិក ដែលលោកបានថត គឺជាកំណត់ត្រារូបថតនិងជាតិពិន្ធុសាស្ដ្រពេញលេញជាងគេ ស្ដីពីជនជាតិដើមនៅទ្វីបអាមេរិកខាងជើង ។ រូបរបស់លោកមានលក្ខណៈច្បាស់ ហើយស្អាត ដែលធ្វើអោយគេមានអារម្មណ៍ដិតជាប់ ។ មនុស្សប្រុស ស្រីដែលកំពុងធ្វើការងារប្រចាំថ្ងៃរបស់គេ នៅជាមួយសត្វរបស់គេ ក្លាយជាមនុស្សម្នាក់ក្នុងរូបជាមួយនឹងបរិយាកាសជុំវិញខ្លួនរបស់គេ និងធម្មជាតិ ។ ក្នុងសម័យកាលមួយដែលការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិកត្រូវការពេលរាប់សប្ដាហ៍ មិនមែនរាប់ម៉ោងទេនោះ លោក Curtis បានធ្វើដំណើរយ៉ាងឆ្ងាយដោយចំណាយពេល ៣០ ឆ្នាំដើម្បីធ្វើការចងក្រងឯកសារពីជីវិតរស់នៅ និងប្រពៃណីរបស់កុលសម្ព័ន្ធនៅទ្វីបអាមេរិកខាងជើង ។
ក្នុងសុន្ទរកថារបស់លោក លោកឯកអគ្គរដ្ឋទូត Mussomeli បានមានប្រសាសន៍ថា "កេរ្ដិ៍ដំណែលពិសិដ្ឋ គឺជាការបង្ហាញយ៉ាងសមបំផុតនៃសោភ័ណ អត្ថន័យ និងភាពស៊ីជំរៅយ៉ាងជ្រាលជ្រៅនៃជីវិតរស់នៅរបស់ជនជាតិដើមអាមេរិក និងស្នាដៃរបស់លោក Edward Curtis ។ ចំណែកឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី សុខ អានបានហៅពិពណ៌នេះថាជា "ជំហានទៅមុខយ៉ាងសំខាន់" ក្នុងការពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ។
រូបថតចំនួន ៦០ ក្នុងពិពណ៌នេះ ដែលជារូបថតមានគុណភាពជាវត្ថុវិចិត្រសិល្បៈនៅក្នុងសារៈមន្ទីរ គឺជាស្នាដៃធ្វើឡើងវិញនៃវិធីធ្វើដ៏កំរខ្លាំងរបស់លោក Curtis ក្នុងពេលលោកបង្កើតរូបដ៏មានតំលៃបំផុតរបស់លោក ដោយប្រើក្រដាស និងវិធីផ្សេងៗ ដូចជាប្រើប្រាក់ ប្លាទីន ជាតិព៌ណ ការផ្ដិតរូបចេញពីពុម្ព គឺរូបដែលមាន ឈ្មោះថា Goldtone ដែលផ្ដិតមកយ៉ាងល្អ។
អ្នកទស្សនាពិពណ៌រូបថត "កេរ្ដិ៍ដំណែលដ៏ពិសិដ្ឋ" អាចចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងយកសៀវភៅរូបថត និងឱកាសបានចូលរួមក្នុងពិធីជប់លៀងនៅនិវេសនដ្ឋានរបស់លោកឯកអគ្គរដ្ឋទូតអាមេរិកដើម្បីមើលរបស់សិល្បៈនៃជនជាតិដើមអាមេរិក ដែលជាផ្នែកមួយនៃ "កម្មវិធីសិល្បៈក្នុងស្ថានទូត" ។ ដើម្បីចូលរួមក្នុងការចាប់ឆ្នោតនេះ គ្រាន់តែអស់លោកទៅទស្សនាពិពណ៌ ហើយសរសេរឈ្មោះ លេខទូរស័ព្ទ និងមុខរបររបស់លោកអ្នកនៅលើសន្លឹកក្រដាសមួយ ហើយដាក់វាចូលក្នុងប្រអប់នៅទីនោះ ។