ឯកអគ្គរដ្ឋទូតចុះជួបសិស្សទទួលបានអាហារូបករណ៍ និងសិល្បករនៅខេត្តបាត់ដំបង
បាត់តំបង
ថ្ងៃទី៨ - ១០ ខែកក្កដា ឆ្នាំ២០០៩
 |
លោកស្រីឯកអគ្គរដ្ឋទូត Rodley បាននិយាយ ជាមួយសិស្សដែលទទួលអាហារូបករណ៍ខ្នាតតូច ផ្នែកភាសាអង់គ្លេស ពីស្ថានទូតចំនួន ១៣ នាក់ និងបានជួបអ្នកដឹកនាំសហគមន៍ នៅឯអង្គការ អភិវឌ្ឍន៍មូលដ្ឋានឥស្លាម (ILDO)។ រូបពង្រីក |
ពីថ្ងៃទី ៨ កក្កដាដល់ថ្ងៃទី ១០ កក្កដា ឯកអគ្គរដ្ឋទូត Carol A. Rodley បានជួបជាមួយសិស្សនិងអង្គការមិនស្វែងរកកំរៃចំណេញមួយចំនួន ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់ខេត្តបាត់ដំបង និងប៉ៃលិន ក្នុងនាមជាឯកអគ្គរដ្ឋទូតអាមេរិក។ នៅថ្ងៃទី ១ ក្នុងខេត្តបាត់ដំបង លោកស្រីបានជួបជាមួយសិស្សទទួលអាហារូបករណ៍ សិល្បករ និងអ្នកដឹកនាំសហគមន៍។
លោកស្រីឯកអគ្គរដ្ឋទូត Rodley បាននិយាយជាមួយសិស្សដែលទទួលអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស (English Access Microshlarship) ពីស្ថានទូតចំនួន ១៣ នាក់ និងបានជួបអ្នកដឹកនាំសហគមន៍ នៅឯអង្គការអភិវឌ្ឍន៍មូលដ្ឋានឥស្លាម (ILDO) នៅថ្ងៃដំបូងរបស់លោកស្រីនៅខេត្តបាត់ដំបង។ លោកស្រីបានលើកទឹកចិត្តអោយសិស្សអាហារូបករណ៍ទាំងនោះ “ខំប្រឹងបន្តការសិក្សា” ដោយលោកស្រីបានមានប្រសាសន៍ថា “លោកស្រីមានការចាប់អារម្មណ៍ខ្លាំងលើជំនាញខ្ពស់ក្នុងការនិយាយភាសាអង់គ្លេសរបស់សិស្សវិទ្យាល័យ។”
ដើម្បីលើកទឹកចិត្តបន្ថែមទៀតអោយសិស្សខំរៀន លោកស្រីឯកអគ្គរដ្ឋទូតបានចែកអំណោយដល់សិស្ស ដោយម្នាក់ៗទទួលបានកញ្ចប់សារថ្មីមួយ ជាមួយនឹងសៀវភៅស្តីពីសកម្មភាពរៀនភាសាអង់គ្លេស។
អាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសផ្តល់នូវមូលដ្ឋានមួយនៃជំនាញភាសាអង់គ្លេស សំរាប់សិស្សស្ថិតក្នុងស្ថានភាពខ្សត់ខ្សោយ មានអាយុពី ១៤ ឆ្នាំដល់ ១៨ ឆ្នាំ នៅទូទាំងពិភពលោក តាមរយៈការសិក្សានៅក្រៅម៉ោងសាលា និងសកម្មភាពរៀនសូត្របែបសំរុក នៅរដូវក្តៅ។ សិស្សទទួលអាហារូបករណ៍នេះនៅខេត្តបាត់ដំបងមានឱកាសរៀនភាសាអង់គ្លេសបែបសំរុក នៅក្រៅម៉ោងសាលា នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍អូស្រ្តាលី។
សិស្សអាហារូបករណ៍បីនាក់មានការយល់ដឹងច្បាស់ពីគុណធម៌ប្រជាធិបតេយ្យនិងវប្បធម៌អាមេរិក បង្កើនសមត្ថភាពរបស់គេក្នុងការចូលរួមបានល្អក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសរបស់គេ មានសមត្ថភាពអាចប្រកួតប្រជែង និងចូលរួមក្នុងកម្មវិធីសិក្សានិងផ្លាស់ប្តូររបស់អាមេរិក ទៅអនាគត។ តាំងពីឆ្នាំ ២០០៤ មក ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជាបានផ្តល់អាហារូបករណ៍ដល់សិស្សចំនួនជាង ៣០០ នាក់ នៅតាមខេត្តចំនួន ១០ ដែលមានតំលៃជាទឹកប្រាក់ចំនួនជាង ១៧៧ ០០០ ដុល្លាអាមេរិក។
ក្នុងពេលនៅឯអង្គការ ILDO លោកស្រីឯកអគ្គរដ្ឋទូតអាចដើរមើលជោគជ័យនៃកន្លែងបង្រៀនកាត់ដេររបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការ ដែលនៅពេលនេះមានម៉ាស៊ីនកាត់ដេរចំនួន ៤០ គ្រឿង ជាអំណោយផ្តល់អោយកាលពីឆ្នាំ ២០០៥ ដោយកម្មវិធី “អនាគតរួមគ្នា” របស់ក្រសួងការបរទេសអាមេរិក។
មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈកាត់ដេរផ្តល់ដល់យុវវ័យនូវឱកាសរៀនធ្វើជាជាងកាត់ដេរ។ កម្មវិធីរយៈពេល ៦ ខែនៅពេលនេះទទួលអ្នកមករៀនចំនួន ៣០ នាក់។ យោងតាមគ្រូបង្រៀនកាត់ដេររបស់គេ ជាងកាត់ដេរដែលមានជំនាញហើយ អាចរកចំណូលថេរបានពី ៥ ទៅ ៦ ដុល្លាក្នុងមួយថ្ងៃ សំរាប់ជួយទ្រទ្រង់គ្រួសាររបស់គេ។
ថ្ងៃដំបូងរបស់លោកស្រីឯកអគ្គរដ្ឋទូត Rodley នៅខេត្តបាត់ដំបងបញ្ចប់ដោយការទៅទស្សនាអង្គការពន្លឺសិល្បៈ PHARE ដែលជាអង្គការមិនស្វែងរកកំរ៉ៃចំណេញ ហើយធ្វើការដើម្បីលើកកំពស់កំរិតជីវភាពរស់នៅរបស់សហគមន៍នៅបាត់ដំបង ពិសេសតាមរយៈកម្មវិធីអប់រំដោយមិនយកថ្លៃ តាមប្រព័ន្ធនិងក្រៅប្រព័ន្ធ ខាងផ្នែកសិល្បៈ និងវប្បធម៌។
ជាបន្ថែមលើការបំរើដល់កុមារបានជាង ១ ០០០ នាក់ក្នុងមួយថ្ងៃ តាមរយៈកម្មវិធីរបស់ខ្លួនផ្នែកសិល្បៈ អង្គការ PHARE ថែមទាំងនៅផ្តល់សេវាសង្គមដល់គ្រួសារក្រីក្រ មណ្ឌលកំសាន្តសំរាប់កុមារស្ថិតក្នុងអាយុចូលរៀនសាលាមត្តេយ្យ និងមជ្ឈមណ្ឌលមើលក្មេងដែលផ្តល់អោយក្មេងដែលមានកង្វះលើសេចក្តីត្រូវការជាមូលដ្ឋាន នូវទីជំរក អាហារ និងការថែទាំំសមរម្យ ដើម្បីជួយអោយគេវិលទៅរស់នៅក្នុងសង្គមរបស់គេវិញ។ លោកស្រីឯកអគ្គរដ្ឋទូតបានសរសើរអង្គការ PHARE ដែលមានជោគជ័យក្នុងការបំផុសលើកទឹកចិត្តអោយកុមារនិងយុវវ័យចាប់យកសិល្បៈធ្វើជាមធ្យោបាយក្នុ្ងងការសំដែងមតិ និងធ្វើជាពលរដ្ឋសកម្ម។ ការបានឃើញយុវវ័យកំពុងរៀនលេងសៀក និងសិល្បៈគំនូរ ចំលាក់ ដោយប្រើគូល័រទឹក ស្ថិតក្នុងចំណោមចំណុចល្អៗគួរអោយចាប់អារម្មណ៍ជាងគេ ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់អង្គការ PHARE ។