ឯកអគ្គរដ្ឋទូតទស្សនាអង្គការប្រឆាំងការជួញដូរ នៅក្រុងព្រះសីហនុ
ក្រុងព្រះសីហនុ
ថ្ងៃទី ២០-២២ កក្កដា ២០០៩
|
ឯកអគ្គរដ្ឋទូត Rodley ស្តាប់ប្រធានអង្គការAPLE និយាយពីសកម្មភាពនៃអង្គការរបស់លោក ជាមួយអ្នកសារព័ត៌មាន ។ រូបពង្រីក |
លោកស្រីឯកអគ្គរដ្ឋទូត Carol A. Rodley បានសំដែងកង្វល់ចំពោះការជួញដូរមនុស្ស ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ខេត្តព្រះសីហនុ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែកក្កដា។ ដោយស្ថិតនៅជាប់ឆ្នេរភាគនិរតីនៃប្រទេសកម្ពុជា វាលខ្សាច់ដ៏ល្អនៃក្រុងព្រះសីហនុបានទាក់ទាញទេសចរជាតិ និងអន្តរជាតិ។ ជាអកុសល ឋានសួគ៌នៅតាមឆ្នេរសមុទ្រកាន់តែមានគ្រោះថ្នាក់ច្រើនឡើងសំរាប់កុមារនិងយុវវ័យក្នុងស្រុក ពីព្រោះពួកគេជាច្រើនហាក់នៅវិលវុលក្នុងស្ថានភាពនៃភាពក្រីក្រ និងការជួញដូរមនុស្ស។
លោកស្រីឯកអគ្គរដ្ឋទូតបានជួបជាមួយលោកស្បោង សារ៉ាត់ អភិបាលខេត្តព្រះសីហនុ ហើយបានទស្សនាអង្គការប្រឆាំងនឹងការជួញដូរ និងមិនស្វែងរកផលចំណេញមួយចំនួន នៅខេត្តព្រះសីហនុ ដើម្បីសំដែងកង្វល់របស់លោកស្រីចំពោះការជួញដូរមនុស្ស និងរបាយការណ៍ដែលថា “ឪពុកម្តាយខ្លះស្ម័គ្រចិត្តលក់កូនរបស់គេ ទៅអោយជនល្មើស ដើម្បីប្រាក់របស់ជនប្រព្រឹត្តអាណាចារលើកុមារ។”
ក្នុងការប្រជុំរបស់លោកស្រីជាមួយលោកអភិបាល លោកស្រីឯកអគ្គរដ្ឋទូត Carol A. Rodley បានសុំអោយអាជ្ញាធរខេត្តបង្កើនសកម្មភាព និង “ការខិតខំការពារការជួញដូរមនុស្សពីគ្រួសារនានា។”
លោកស្រីឯកអគ្គរដ្ឋទូត Carol A. Rodley បានធ្វើការកត់សំគាល់ថា ការខិតខំនៅថ្នាក់លើប្រឆាំងនឹងការជួញដូរមនុស្សមានភាពប្រសើរជាងមុនច្រើន តែនៅខេត្តព្រះសីហនុ មានការចាប់អារម្មណ៍ខ្លាំងលើករណីជនល្មើសមកពីប្រទេសលោកខាងលិច ហើយកាលពីឆ្នាំទៅ តុលាការបានដាក់ទោសដល់ជនបរទេសខ្លះដែលបានប្រព្រឹត្តអំពើអាណាចារលើកុមារ។ រដ្ឋាភិបាលអាមេរិកសូមអបអរសាទរការខិតខំទាំងនេះ ក្នុងការបង្ក្រាបការជួញដូរផ្លូវភេទលើកុមារ។
លោកស្រីឯកអគ្គរដ្ឋទូតបានធានាចំពោះលោកអភិបាលស្បោង សារាតពីឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងការធ្វើជាដៃគូជាមួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាជាសាកលនៃការជួញដូរមនុស្ស។ លោកស្រីបានមានប្រសាសន៍ថា “យើងស្វាគមន៍ឱកាសធ្វើការជាមួយគ្នា និងជួយរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា នឹងបន្តទំនាក់ទំនងវិជ្ជមានមួយ ក្នុងការលុបបំបាត់ការជួញដូរមនុស្សនៅកម្ពុជា។”
ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី លោកស្រីឯកអគ្គរដ្ឋទូត Rodley ក៏បានជួបផងដែរជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាលនានា ដូចជាសមាគមអាដហុក អង្គការសកម្មភាពដើម្បីកុមារ (APLE) និងអង្គការម្លប់តាប៉ាង។
ក្នុងពេលចុះទៅសមាគមអាដហុក ដែលជាអង្គការជួយសាធារណជនទាក់ទងនឹងសិទ្ធិដីធ្លី អំពើហឹង្សាក្នុងគ្រួសារ និងការរំលោភផ្លូវភេទ លោកស្រីឯកអគ្គរដ្ឋទូត Rodley បានជួប លោកស្រីជាប សុធារី អ្នកសំរបសំរួលប្រចាំខេត្ត និងបុគ្គលិកអង្គការ។លោកស្រីបានស្តាប់ការរៀបរាប់ពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងខេត្ត។
ក្រៅពីនេះ លោកស្រីបានត្រូវជំរាបនិងបានណែនាំបង្ហាញពីលោកសិលា សំលៀង ប្រធានអង្គការ APLE និងអ្នកសំរបសំរួលរបស់អង្គការនេះ ស្តីពីការងាររបស់គេដើម្បីការពារកុមារ នៅខេត្តព្រះសីហនុ ពីការរំលោភផ្លូវភេទក្នុងគ្រប់ទំរង់ទាំងអស់។ អង្គការ APLE ផ្តោតការងារទៅលើការរកជនប្រព្រឹត្តអាណាចារបរទេសលើកុមារ និងរារាំងមិនអោយមានការបន្តការរំលោភលើកុមារ តាមរយៈការងារតាមដានដោយលាក់កំបាំង។ ដោយធ្វើការជាមួយសមត្ថកិច្ចមូលដ្ឋាន អង្គការ APLE ជួយដោះលែងកុមារដែលរងការកេងប្រវ័ញ្ចផ្លូវភេទ និងផ្តល់ប្រឹក្សាយោបល់ ការស្តារនិតិសម្បទាសង្គម និងជំនួយផ្លូវច្បាប់ដល់កុមាររងគ្រោះ និងគ្រួសាររបស់គេ។
ក្នុងពេលថ្មីៗនេះ អង្គការម្លប់តាប៉ាងបានទទួលថវិកាចំនួន ៧០ ០០០ ដុល្លាអាមេរិក សំរាប់រយៈពេល ២ ឆ្នាំ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក សំរាប់ជួយដល់ការងាររបស់គេ ក្នុងកម្មវិធីសុវត្ថិភាពកុមារ។ កម្មវិធីសុវត្ថិភាពបណ្តុះបណ្តាលបណ្តាញអ្នកធ្វើការផ្នែករៀបចំដំណើរទេសចរ និងអ្នកធ្វើការព្រមទាំងថៅកែកន្លែងទទួលភ្ញៀវ ពីវិធីរកមើលករណីរំលោភនិងការជួញដូរកុមារ ហើយរាយការណ៍ទៅនគរបាលខេត្ត។ នៅអង្គការម្លប់តាប៉ាង លោកស្រីឯកអគ្គរដ្ឋទូតត្រូវបានទទួលដោយលោកស្រី Margaret Eno អ្នកសំរបសំរួលកម្មវិធី ហើយត្រូវបានរៀបរាប់ប្រាប់ពីសកម្មភាព មជ្ឈមណ្ឌល និងការងាររបស់អង្គការ។ អង្គការបានជួយអ្នកធ្វើការនិងកុមារជាង ១ ០០០ នាក់ ក្នុងមួយសប្តាហ៍ តាមរយៈមជ្ឈមណ្ឌលទាំង ១១ របស់ខ្លួន ដែលមានមជ្ឈមណ្ឌលធំសំរាប់ពេលថ្ងៃ១ មជ្ឈមណ្ឌលសំរាប់សំរាកពេលយប់ ២ សំរាប់កុមារធ្វើចំណាកស្រុក មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ២ កន្លែងសិល្បៈនិងកីឡាដែលមានដំបូលមួយ នៅចំកណ្តាលទីក្រុងព្រះសីហនុ និងមជ្ឈមណ្ឌលសហគមន៍ ២ នៅតំបន់អ្នកក្ររស់នៅ។
កុមារីអាយុ ១៧ ឆ្នាំម្នាក់នៅខេត្តព្រះសីហនុ បាននិយាយថា នាងនិងប្អូនប្រុសរបស់នាងបានមកកាន់មជ្ឈ មណ្ឌលកាលពី ៥ ឆ្នាំមុន។ តាំងពីពេលនោះមក ពួកគេបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីមជ្ឈមណ្ឌល។ នាងបាននិយាយថា “ខ្ញុំស្គាល់មិត្តភក្តិ និងបានរៀនសូត្រច្រើនពីមជ្ឈមណ្ឌល ដែលបានបង្រៀនខ្ញុំច្រើនពីជីវិត។”
សព្វថ្ងៃនេះ នាងកំពុងតែរៀននៅក្នុងសាលា ហើយចង់ធ្វើជាអ្នកបកប្រែភាសាអង់គ្លេស ខ្មែរនៅថ្ងៃណាមួយ។ នាងបាននិយាយថា “ខ្ញុំចង់ធ្វើការនៅក្នុងមជ្ឈមណ្ឌលនេះ ដើម្បីជួយសិស្សនៅទីនេះ។ ខ្ញុំចូលចិត្តលេងជាមួយក្មេងៗនៅទីនេះ ហើយចង់ធ្វើអ្វីៗដែលខ្ញុំអាចធ្វើបាន ដើម្បីជួយពួកគេ។”
នៅពេលត្រូវបានសាកសួរពីពាក្យទូន្មានដល់កុមាររស់នៅតាមផ្លូវនិងកម្មរ នៅជុំវិញពិភពលោក នាងបាននិយាយថា “ចូរធ្វើជាក្មេងល្អ និងពលរដ្ឋល្អ។” នៅពេលសួរពីដំបូន្មានសំរាប់យុវវ័យទូទៅ នាងបានិយាយថា “គេមិនត្រូវរើសអើងនឹងកម្មករនិងក្មេងរស់នៅតាមផ្លូវទេ យើងគួរតែលេងជាមួយគេផងដែរ។”
ក្នុងពេលទស្សនកិច្ចរបស់លោកស្រីឯកអគ្គរដ្ឋទូត អង្គការម្លប់តាប៉ាងក៏បានរៀបចំ “ការសំដែង” ខ្លីមួយ របស់កុមារក្នុងមជ្ឈមណ្ឌល ដែលក្នុងនោះរួមមានរបាំអប្សារា និងកីឡាអាក្រូបាត។
ក្រៅពីចុះមើលសកម្មភាពប្រឆាំងការជួញដូរមនុស្ស លោកស្រីឯកអគ្គរដ្ឋទូត Rodley ថែមទាំងបានទៅទស្សនារោងចក្រផលិតស្រាបៀអង្គរ និងបានជួបមន្រ្តីមកពីកងទ័ពជើងទឹកកម្ពុជានិងកងទ័ពជើងទឹកអាមេរិក នៅពេលលោកស្រីបានទៅមើលនាវាកងទ័ពជើងទឹកអាមេរិក ដែលកំពុងចតនៅមូលដ្ឋានជើងទឹករាម។
បើចង់ដឹងពីរបាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ ២០០៩ សូមចុចត្រង់នេះ http://www.state.gov/g/tip/rls/tiprpt/2009/123135.html