jump over navigation bar
Embassy Sealក្រសួងការបរទេសសហរដ្ឋអាមេរិក
ស្វែងរកពត៌មាន flag graphic
ពត៌មានដែលទាក់ទងនឹងស្ថានទូតអាមេរិក
 
  ឯកអគ្គរដ្ឋទូត អំពី​ស្ថានទូត ដំណឹង​ថ្មី សេចក្តី​ប្រកាស​ពត៌មាន សុន្ទរកថា

សុន្ទរកថា

សុន្ទរកថារបស់ភា​រធារី Piper Wind Campbell ស្តីពីតួ​នាទី​របស់ប្រទេស​អាមេ​រិកនៅ​អាស៊ី
ក្នុងពិធីមួយ​ដែល​រៀប​ចំដោយ​មូលនិធិ​អាស៊ី និងវិទ្យា​ស្ថាន​កម្ពុជា ដើម្បី​កិច្ច​សហប្រតិបត្តិ​ការ និងសន្តិភាព (CICP)

ថ្ងៃទី ១២ ខែម​ករា ឆ្នាំ ២០០៩

នៅក្នុងសន្និសីទកាសែត​មួយ​ចុង​ក្រោយ​របស់​លោក នៅ​ភ្នំពេញ លោក​ឯកអគ្គ​រដ្ឋទូត​ចុងក្រោយ​របស់​យើង​បាន​មាន​ប្រសាសន៍​ថា ទំនាក់​ទំនងទ្វេភា​គីរវាង​សហ​រដ្ឋអាមេ​រិកនិង​កម្ពុជា​គឺល្អជាង​ពេល​ណាៗ​ទាំង​អស់។ យើងនៅ​តែជឿ​ថា​ប្រសាសន៍​នេះមាន​ភាព​ពិត តែយើង​មិន​យល់​ថា វាជា​ចំណុច​ចុងបញ្ចប់​ទេ ផ្ទុយ​ទៅ​វិញ វាគឺ​​ជាចំណុច​ចាប់់ផ្តើម​មួយ ពិសេស​ក្នុង​ពេល​នេះ ដែល​យើង​ត្រៀម​ស្វាគមន៍​ប្រធា​នាធិបតី​ថ្មី ដែល​ត្រូវចូល​កាន់​សេត​វិមាន​ និង​ឯកអគ្គ​រដ្ឋទូត​ថ្មី គឺ​លោក​ស្រី Carol Rodley នៅ​ទីក្រុង​ភ្នំ​ពេញ។

នៅពេលលោកស្រីបាន​មកដល់​ស្ថាន​ទូតជា​លើក​ដំបូង​កាលពី​ខែ​វិច្ឆិកា លោក​ស្រីឯក​អគ្គ​រដ្ឋទូត​តែង​តាំង​ថ្មី Rodley បាន​បញ្ជាក់​ច្បាស់​ថា គោល​ដៅមួយ​ក្នុង​ចំណោម​គោល​ដៅទាំង​ឡាយ​របស់​លោក​ស្រីគឺ​បង្វែរ​ការ​យក​ចិត្តទុក​ដាក់​របស់​យើង​នៅប្រទេស​កម្ពុជា​ពីការ​ជំនះ​អតីត​កាល ហើយ​បែរមក​កសាង​អនាគត​កាល ពិសេស​​ផ្តោត​លើ​មេដឹក​នាំជំនាន់​ថ្មី និង​មាគ៌ា​ប្រទេស​កម្ពុជា​ឆ្ពោះ​ទៅរក​កំណើន​ស្ថេរភាព សន្តិ​ភាព និង​វិបុលភាព។ ខ្ញុំ​ជឿថា​ អ្នក​បោះ​ឆ្នោត​ជនជាតិ​អាមេ​រិកបាន​សំដែង​បំណង​របស់គេ​ដូចគ្នា​នេះក្នុង​ការ​បង្វែរ​ចំណុច​ផ្តោត​ការ​យក​ចិត្តទុក​ដាក់ ក្នុង​ការបោះ​ឆ្នោត​ក្នុងពេល​ថ្មីៗនេះ​របស់​យើង ហើយ​ខ្ញុំជឿ​ថា ការដឹក​នាំរួមគ្នា​របស់​យើង​​នៅក្នុង​ស្ថាន​ទូត​ និងក្នុង​ក្រសួង​ការបរទេស​អាមេរិក​គឺជាកំលាំង​ដ៏ខ្លាំង​សំរាប់​ការ​ផ្លាស់​ប្តូរ ទាំង​នៅ​ប្រទេស​​កម្ពុជា​ ទាំង​នៅជុំ​វិញ​ពិភព​លោក។

និយាយយ៉ាងដូច្នេះ យើង​មាន​ទំនាក់​ទំនង​យ៉ាង​ច្រើន​ជាមួយ​ប្រទេស​កម្ពុជា តាម​លំដាប់​ថ្នាក់​មួយ​ចំនួន ក្នុង​វិស័យ​សុខា​ភិបាល រដ្ឋបាល​មូលដ្ឋាន ប្រព័ន្ធ​អប់រំ​និង​យុត្តិធម៌។ល។ ខ្ញុំសូម​និយាយ​ខ្លីៗពីវិស័យ​មួយៗ​ក្នុង​ចំណោម​វិស័យ​ទាំងនេះ ហើយ​និងបញ្ហា​ដែលយើង​ប្រឈម នៅ​លើផ្លូវ​ដើរទៅ​មុខ​របស់​យើង។ ដូច​យើង​ឃើញ​ស្រាប់​ហើយ ទំហំ​និងជំរៅ​នៃការ​ពាក់ព័ន្ធ​របស់យើង​នៅ​ប្រទេស​កម្ពុជា​នឹងធានា​ថា ថ្វីត្បិត​តែ​ចំណុច​យក​ចិត្តទុក​ដាក់របស់​យើងអាច​មាន​ការ​ផ្លាស់​ប្តូរ​មែន តែ​ឆន្ទៈរបស់​យើង​ដើម្បី​ការ​អភិវឌ្ឍន៍​យូរ​អង្វែង​ទៅ​មុខ​នៃ​ប្រទេស​កម្ពុជា​នឹងមិន​មាន​ការផ្លាស់​ប្តូរទេ។

ជារៀងរាល់ឆ្នាំ ប្រធាន​នៃផ្នែក​និងទីភ្នាក់​ងារ​មួយៗនៅ​ក្នុង​ស្ថាន​ទូត អង្គុយ​ជាមួយ​ឯក​អគ្គ​រដ្ឋទូត​ដើម្បី​​គ្រោង​ផែន​ការទៅ​មុខ មិន​មែន​សំរាប់​តែឆ្នាំ​បន្ទាប់​តែប៉ុណ្ណោះ​ទេ តែថែម​ទាំង​សំរាប់​រយៈ​ពេល ៣ - ៤​ ឆ្នាំ​ទៅមុខ​ទៀត ដើម្បី​រៀប​ចំបេសក​កម្មរបស់​យើង​អោយ​បានសម​ស្រប ដើម្បី​ដោះ​ស្រាយ​បញ្ហានៅ​ពេល​ខាង​មុខ។ នេះគឺ​ជាអ្វី​ដែល​យើង​បានធ្វើ​មក ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមក​នេះ ដែល​គួរតែ​ជាពេល​វិស្សម​កាល​ដ៏ស្ងប់​ស្ងាត់​មួយ។ អាទិភាព​របស់​យើងសំរាប់​ពេល​ប៉ុន្មាន​ឆ្នាំខាង​មុខនេះ​មានត​ពីអ្វីដែល​យើង​បាន​កំណត់​យក​ជា​គោល​ដៅរបស់​យើងក្នុង​ពេល​កន្លង​មក។ថ្វីត្បិត​តែមាន​ភាព​ប្រសើរ​ឡើង​នៅក្នុង​វិស័យ​ខ្លះ ដែល​យើង​បាន​ផ្តោត​ទៅលើ​ក្តី តែ​ក៏នៅ​មានបញ្ហា​ប្រឈម​ជាច្រើន​ដែល​ខ្ញុំរំពឹង​ថានឹង​បន្តកំណត់​រូបរាង​នៃការ​យក​ចិត្តទុក​ដាក់​ជា​យុទ្ធ​សាស្រ្ត​របស់​យើង។
ដោយឡែក វិស័យសុខាភិបាលនៅ​តែជា​បញ្ហា​ធ្ងន់ធ្ងរ​មួយនៅ​ឡើយ ហើយ​យើង​បានខិត​ខំដោះ​ស្រាយ​បញ្ហា​ស្មុគ​ស្មាញ​នេះ ដោយ​លៃថវិកា​ជំនួយ​របស់​យើង​ប្រហែល​មួយភាគ​បី សំរាប់​ការកាត់​បន្ថយ​អត្រា​ស្លាប់​របស់​មាតា​និង​ទារក អត្រា​ប្រេវ៉ា​ឡង់នៃ​ជំងឺ​ឆ្លងនិង​ជំងឺ​អេដស៍ គុណ​ភាព​និងការ​មាន​សេវា​ថែ​ទាំសុខ​ភាព សំរាប់​ប្រជា​ជន​កម្ពុជា​ដែល​ស្ថិត​ក្នុងស្រទាប់​ក្រីក្រ​ជាង​គេ។ យើង​គឺជាអ្នក​ផ្តល់​ជំនួយដ៏​ធំជាងគេ​បំផុត​ដល់​កម្ម​វិធី​សុខា​ភិបាល​នៅ​កម្ពុជា ហើយ​យើង​បានផ្តល់​ថវិកា​ជំនួយ​ជាង ២៧០​ លាន​ដុល្លាអាមេ​រិក គិត​តាំងពី​ឆ្នាំ ១៩៩៣​ មក។

វិស័យអប់រំគឺជាអាទិភាព​គន្លឹះមួយ​ទៀត សំរាប់​ប្រទេស​កម្ពុជា ហើយ​នៅក្នុងផែន​ការ​ប្រចាំឆ្នាំ​របស់​យើង វិស័យ​នេះស្ថិត​នៅក្រោម​គំនិត “វិនិយោគ​ទៅលើ​មនុស្ស” គឺដូច​ផែនការ​ថែទាំ​សុខ​ភាព​របស់​យើង​ដែរ។ របប​ខ្មែរ​ក្រហម​បាន​បំផ្លាញ​ខ្ទេចនូវ​ស្រទាប់​អ្នកចេះ​ដឹង ហើយ​ការខំ​ប្រឹង​វិលទៅ​រកការ​មាន​ស្រទាប់​នេះឡើង​វិញ ត្រូវ​ការពេល​វេលា​យូរនិង​ការខិត​ខំប្រឹង​ប្រែង​ខ្លាំង។ តែយើង​ជឿថា ជោគ​ជ័យសំខាន់ៗ​ត្រូវបាន​សំរេច​បាន​ហើយ នៅក្នុង​វិស័យ​ខ្លះ ហើយ​យើង​ជឿថា មនុស្ស​ជំនាន់​ក្រោយ ពិសេស​អ្នកដែល​កំពុង​សិក្សា​នៅមហា​វិទ្យា​ល័យ​មាន​ចំណេះ បទ​ពិសោធន៍ និង​សមត្ថ​ភាព​ផ្នែក​ភាសា​បរទេស សំរាប់​អនាគត​ល្អនៃប្រទេស​​កម្ពុជា។​ដោយ​យោង​ទៅលើ​ប្រការ​នេះ យើង​បានបង្កើត​អោយ​មាន​កម្មវិធី​ផ្លាស់​ប្តូរផ្នែក​សិក្សា​អប់រំ ដោយ​រួមមាន​ទាំង​កម្មវិធី​អាហារូករណ៍ Fulbright និង Humphrey រួម​ទាំងគំនិត​ផ្តួច​ផ្តើម​ថ្មីៗមួយ​ចំនួន​ទៀត ដែល​ផ្តោត​ទៅ​លើ​និស្សិត​និងអ្នក​ដឹកនាំ​ក្មេងៗ។ គ្រាន់​តែនៅ​ក្នុង​ឆ្នាំនេះ យើង​នឹងបញ្ជូន​មនុស្ស​ជិត​ ៣០ នាក់​ទៅ​សហ​រដ្ឋអា​មេរិក ដើម្បី​សិក្សា​នៅតាម​ស្ថាប័ន​អប់រំ​កំពូលៗ សំរាប់​រយៈ​ពេល​ខ្លី ចូលរួម​ក្នុង​សិក្ខា​សាលានិងកម្មវិធី​សិក្សា​អង្កេតផ្នែកពលរដ្ឋវិទ្យា សិល្បៈ និងវិទ្យាសាស្រ្ត។ តាមរយៈទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សំរាប់ការ​អភិវឌ្ឍន៍​អន្តរជាតិ យើងថែម​ទាំង​កំពុងតែធ្វើការ​ដើម្បី​បង្កើន​លទ្ធភាពនៃការ​បានចូល​រៀនក្នុង​សាលា​បឋម​សិក្សា នៅតាម​ខេត្តនា​នា។ យោល​តាមស្ថិតិ​ក្នុងពេល​ថ្មីៗនះ លទ្ធភាព​ក្នុងការ​ទទួល​បានការ​សិក្សា​អប់រំមាន​កាន់តែ​ច្រើន​ហើយ តែដើម្បី​ឈានដល់​កំរិតមួយ​ដែលអាច​ទទួលយក​បាន ត្រូវ​មានការ​ខិតខំប្រឹង​ប្រែង​ថែម​ទៀត។ នេះគ្រាន់​តែជា​វិស័យ​តែ ២ ប៉ុណ្ណោះ​ដែលយើង​ធ្វើច្រើន​ជាមួយ​រាជរដ្ឋា​ភិបាល​កម្ពុជា​និងសហគមន៍​អ្នក​ផ្តល់​ជំនួយ។​ ក្រៅពី​នេះ យើងមាន​ទំនាក់ទំនង​រវាងយោធា​និងយោធា​យ៉ាង​សកម្មជា​មួយគ្នា ដែល​ចេះតែ​រីកធំ​ជា​លំដាប់ ទាំង​ក្នុងការ​ហ្វឹក​ហ្វឺន​ ទាំងក្នុង​ការផ្តល់​ជំនួយ​ថវិកាដោយ​ផ្ទាល់ តាមរយៈ​មូលនិធិ​ហិរញ្ញប្បទាន​ដល់​យោធា​បរទេស ដែលធ្វើ​អោយរ​ដ្ឋាភិបាល​អាចរក​បាននិង​ដឹកមក​កម្ពុជានូវ​បរិក្ខារជា​គ្រឿង​បន្លាស់។ កាលពី​ឆ្នាំទៅ យើង​បានផ្តល់​ថវិកា​ចំនួន ៤ លានដុល្លា​អាមេរិក សំរាប់​ប្រតិបតិ្ត​ការដោះ​មីន ហើយ​យើង​បាន​ធ្វើការ​បង្កើន​សមត្ថភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​ការថែ​រក្សាសន្តិភាព តាម​រយៈ​កម្ចីនិង​ការ​ហ្វឹក​ហ្វឺន ដែល​ធ្វើ​អោយ​គេអាច​ចូលរួម​ក្នុង​ប្រតិបតិ្ត​ការ​ថែរក្សា​សន្តិភាព​របស់​សហ​ប្រជា​ជាតិ។ នេះគឺជា​ជំហាន​មួយដ៏​អស្ចារ្យ​សំរាប់​ប្រទេស​មួយដែល​គ្រាន់តែ​ក្នុងពេល​ប៉ុន្មានឆ្នាំ​មុននេះ​តែ​ប៉ុណ្ណោះ គឺជា​ប្រទេស​ដែលទទួល​ការ​ជួយ​ពី​អន្តរាគមន៍​នេះ ហើយ​មិនមែន​ជាដៃគូមួយ​សោះក្នុង​ប្រតិបតិ្តការ​បែបនេះ។ ទាហាន​កម្ពុជាដទៃ​ទៀតបាន​ចូល​រួមក្នុង​ការហ្វឹក​ហ្វឺនពហុ​ជាតិ ហើយ​ក្នុងឆ្នាំ ២០១០ ប្រទេស​កម្ពុជានឹង​ធ្វើជាម្ចាស់​ផ្ទះក្នុង​ការរៀប​ចំការ​ហ្វឹក​ហ្វឺនបែប​នេះ។

វិស័យដែលខ្ញុំបានលើក​ឡើងមក​នេះគឺជា​ទំនាក់ទំនង​ដៃគូនិង​គំនិត​ផ្តួចផ្តើម​ប្រកប​ដោយ​ជោគ​ជ័យមួយ​ចំនួន ដែល​យើង​មានមក ក្នុង​ពេល​ប៉ុន្មាន​ឆ្មាំកន្លង​មកនេះ។ ក្នុង​ពេលដែល​យើង​រីករាយ​នឹងជោគ​ជ័យដែល​មាន​កន្លង​មកនះ យើង​ក៏នៅ​មើលឃើញ​ផងដែរ​នូវបញ្ហា​ប្រឈម​ជាច្រើន ដែល​ប្រទេស​កម្ពុជា​ត្រូវប្រឈម​មុខ​ជាមួយ លើ​មាគ៌ាទៅ​អនាគត។ ឧបសគ្គមួយ​ក្នុងចំណោម​ឧបសគ្គធំៗ​គឺនិតិរដ្ឋ​នៅ​ខ្សោយ ដោយ​មាន​អំពើពុក​រលួយ​ចេញ​មក​ជា​មួយ ទាំង​នៅក្នុង​វិស័យ​ឯកជន​ ទាំង​ក្នុង​វិស័យ​សា​ធារណៈ។ ក្នុង​ពេល​ថ្មីៗ​នេះ​ យើង​សូម​ស្វាគមន៍​ការ​សំរេច​របស់​តុលា​ការ​កំពូល ក្នុង​ការដោះ​លែង​បុរស ២ នាក់ ដែល​ត្រូវបាន​គេដាក់​ពន្ធនា​គារ ចំពោះ​ការ​ធ្វើ​ឃាត​លោក​ជា វិជ្ជា។ នេះគឺ​ជាការ​សំរេច​ចិត្តនៅ​ពេល​ចូល​ឆ្នាំ​ថ្មី ដែល​យើង​បានចាត់​ទុក​ថា​ ជា​ការ​ចាប់ផ្តើម​មួយ​យ៉ាង​ល្អនៃ​ឆ្នាំ ២០០៩។ តុលា​ការកាត់​ទោស​ខ្មែរក្រហម​បន្តមាន​ភាព​ជឿន​លឿន​និង​លើក​កំពស់​ការ​រំពឹង​ថា យុត្តិធម៌​នឹងត្រូវ​បាន​ផ្តល់់​អោយ​ចំពោះ​បទឧក្រិដ្ឋ​កាលពី​ជិត ៣០ ឆ្នាំ​មុន។​ ក្នុង​អំឡុង​ទស្សន​កិច្ច​របស់​លោក​កាលពី​ខែកញ្ញា លោក​អនុរដ្ឋ​មន្រ្តី​ការបរទេស​អាមេ​រិក John Negroponte បាន​ប្រកាស​ពី​ការ​សន្យាជួ​យក្នុង​ដំណាក់​កាលដំបូង​របស់​សហរដ្ឋ​អាមេរិក​ដល់​តុលាការ​នេះ។ ទស្សន​កិច្ចនេះ​ក៏បង្ហាញ​អោយ​ឃើញផង​ដែរនូវ​ការចាប់​អារម្មណ៍​ដោយផ្ទាល់​របស់ទី​ក្រុងវ៉ាស៊ីន​តោនលើ​ការទាក់​ទងជា​មួយមេ​ដឹកនាំ​និង​សង្គម​ស៊ីវិល​នៅ​កម្ពុជា។

ក្រៅពីចំណុចល្អទាំងនេះ យើង​មើល​ឃើញ​ចំណុច​មិនសូវ​ល្អ​នៅ​ត្រង់​ផ្នែក​និតិរដ្ឋ។ យើង​បន្ត​លើក​ទឹក​ចិត្ត​អោយ​រាជ​រដ្ឋាភិ​បាល​កម្ពុជា​​ធ្វើ​អោយ​ហើយ​និង​អនុម័ត​ច្បាប់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​បំពេញ​បាន​តាម​ស្តង់ដា​អន្តរ​ជាតិ។ ទោះ​បីកម្ពុជា​បាន​បង្ហាញ​ឆន្ទៈជាថ្មី​ក្នុងការ​ធ្វើការ​លើរឿង​នេះ នៅ​ក្នុងអាណត្តិ​នេះ​ក្តី តែ​ដំណើរ​ទៅមុខ​ដែលបាន​សន្យាមក មិន​ទាន់ត្រូវ​បាន​ធ្វើតាម​ទេ។បើមិន​មានការ​អនុម័ត​ច្បាប់នេះ​អោយ​ចេញ​ទេ នោះ​រដ្ឋាភិបាល​នៅតែ​មានការ​ពិបាក​ក្នុងការ​ធ្វើអោយ​សហគមន៍​អន្តរ​ជាតិ​ជឿ​ថា ខ្លួនមាន​ការតាំង​ចិត្ត​ក្នុង​ការ​ព្យបាល​ជំងឺមហា​រីកដ៏គួរ​អោយ​ខ្លាចនេះ ដែល​ធ្វើអោយ​ប្រជា​ជនកម្ពុជា​បាត់បង់​ថវិកា​រាប់ពាន់​លាន​​ដុល្លា​រាល់​ឆ្នាំ ហើយ​លុយដែល​បាត់នេះ​គេអាច​យកទៅ​ចំណាយ​លើការ​កែលំអ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និងជីវ​ភាព​រស់​នៅ​របស់គេ​បាន។

ក្នុងពេលប៉ុន្មាននាទី​កន្លង​ទៅនេះ ខ្ញុំបាន​កត់​សំគាល់​ឃើញ​ថា យើងកំ​ពុងតែ​ស្ថិតនៅ​ក្នុងពេល​ដែលមាន​ការ​ប្រែ​ប្រួល ទាំង​ក្នុងជួរ​ដឹកនាំ​របស់​ស្ថាន​ទូត ទាំង​នៅក្នុងរ​ដ្ឋាភិបាល​សហ​រដ្ឋអាមេ​រិក។យើង​មិនអាច​ដឹងច្បាស់​ទេ​ថា តើ​រដ្ឋបាល​លោកអូ​បាម៉ា​នឹងនាំ​មកនូវ​ការ​ផ្លាស់​ប្តូរអ្វី​ខ្លះ​ ដល់​ក្រសួង​ការបរទេស​អាមេ​រិក ទំនាក់​ទំនង​ទ្វេ​ភាគរបស់​យើង​ជាមួយ​ប្រទេស​កម្ពុជា។ តែខ្ញុំ​មាន​ការ​ប្រាកដ​ក្នុង​ចិត្តថា ជំរៅ​នៃទំនាក់​ទំនង​របស់​យើង​ជា​មួយ​រាជរដ្ឋា​ភិបាល និង​ភាពធំ​ធេងនៃ​បញ្ហា​ដែល​កម្ពុជា​ប្រឈម​មុខជា​មួយ នឹងនាំ​យើងអោយ​ដើរតាម​ទិស​​តែ​មួយ​ដូចគ្នា ដូច​ដែលយើង​បានដើរ​កន្លង​មក​។ និតិរ​ដ្ឋខ្សោយ ភាព​ក្រីក្រ សុខភាព​មិនល្អ​និងអំពើ​ពុក​រលួយ សុទ្ធតែ​ជាបញ្ហា​ដែលទាម​ទារអោយ​មានការ​តាំងចិត្ត​ដោយគ្មាន​ងាករេ​ និងដំណោះ​ស្រាយយូរ​អង្វែង។ យើង​មាន​ការរំភើប​ចំពោះ​អនាគត​នៃប្រទេស​កម្ពុជា ហើយ​ដឹង​ថា យើង​ធ្វើការ​វិនិយោគ​លើរយៈ​ពេល​យូរ ហើយ​ចង់​ឃើញ​សម្មទ្ធិ​ផលនះ នៅទី​បញ្ចប់។ គោល​ដៅរបស់​សហ​រដ្ឋអាមេរិក​គឺចង់ឃើញ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយដែល​មាន​ស្ថេរភាព​ផ្ទៃក្នុង អាច​ធានា​ព្រំដែន​របស់​ខ្លួនបាន មាន​រដ្ឋាភិ​បាល​ប្រជា​ធិបតេយ្យ​និង​ត្រឹម​ត្រូវ​ រដ្ឋាភិ​បាល​ចូលរួម​សំរប​សំរួល​ជាមួយ​អ្នកផ្តល់​ជំនួយ​ក្នុងការ​ធ្វើវិនិយោគ​ទៅលើ​ប្រជា​ជន​កម្ពុជា ដើម្បី​លើក​កំពស់​កំរិត​សុខភាព​និងអប់រំ សេដ្ឋកិច្ច​រឹងមាំ​ល្អដែល​ធ្វើអោយ​ប្រជា​ជនចាក​ផុតពី​ភាព​ក្រីក្រ​និង​​ផ្តល់​ឱកាស​សំរាប់​ការប្រកប​មុខ​ជំនួញ។ ខ្ញុំមាន​ការ​ជឿ​ជាក់ថា ទាំង​នេះគឺជា​ទិសដៅ​ត្រឹម​ត្រូវ ដែល​ផ្តល់​អោយ​សហ​រដ្ឋអាមេ​រិកនូវ​ដៃគូ​ដែលគួរ​អោយ​ទុកចិត្ត​បាន​មួយ នៅតំបន់​អាស៊ី។ នៅទី​បញ្ចប់ ខ្ញុំសូម​និយាយ​ថា រូប​ខ្ញុំផ្ទាល់​យល់​ស្របតាម​ការ​សង្ឃឹម​ទុករបស់​មូលនិធិ​អាស៊ី ដែល​ថារដ្ឋ​បាលថ្មី​របស់​សហ​រដ្ឋអាមេ​រិក​នឹង​ផ្តល់​សារៈ​សំខាន់​ដល់ទ្វីប​អាស៊ី​ចំពោះ​តំរូវ​ការរបស់​ខ្លួន ហើយ​ខ្ញុំសូម​អរគុណ​អស់​លោក លោក​ស្រីទាំង​អស់ ដែល​បាន​អញ្ចើញ​រូបខ្ញុំ​មកចូល​រួមក្នុង​កម្មវិធី​ដ៏សំខាន់​នេះ ដើម្បី​ធ្វើ​សេចក្តី​ថ្លែង​ត្រួសៗស្តីពី​ចំណុច​យក​ចិត្ត​ទុក​ដាក់​របស់​ស្ថាន​ទូតអាមេ​រិកនៅ​ពេល​នេះ និងអាច​នៅពេល​អនាគត។

ត្រឡប់ទៅទំព័រដើមវិញ ^

ឧបករណ៍ (បោះពុម្ព):

Printer_icon.gif ព្រីនអត្ថបទនេះ

- ភាសា -
គេហទំព័រ​នេះ​មាន​ជា​ភាសា​អង់គ្លេស​។ សូម​ចុច​ត្រង់​នេះ​។



 

    គេហទំព័រនេះគ្រប់គ្រងដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។អត្ថបទផ្សេងៗទៀតភ្ជាប់ទៅនឹងគេហទំព័រដទៃទៀតមិនគួរត្រូវ
    បកស្រាយថាជាការយល់ព្រមទៅនឹងទស្សនៈឬគោលនយោបាយស្ដីពីភាពជាឯកជននេះទេ។


ស្ថានទូតសហរដ្ឋអាមេរិក