សុន្ទរកថា
- បកប្រែ:
- English
សុន្ទរកថារបស់លោកស្រី Hillary Rodham Clinton រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកស្តីពីគំរោងគោលនិយោបាយសំរាប់តំបន់អាស៊ី
ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១០
សូមអរគុណយ៉ាងខ្លាំង និងសូមអរគុណចំពោះលោក Charles ដែលបានធ្វើសេចក្តីផ្តើមណែនាំយ៉ាងគួរសម។ ខ្ញុំរីករាយដោយមានវត្តមាននៅមជ្ឈមណ្ឌល East-West Center ក្នុងឆ្នាំថ្មី ជាឆ្នាំខួបលើកទី ៥០ នៃមជ្ឈមណ្ឌលនេះ ដែលស្ថិតក្នុងកន្លែងដ៏ពិសេសមួយ។ ខ្ញុំក៏មានសេចក្តីរីករាយជាខ្លាំងផងដែរ ដោយបានឃើញមិត្តភក្តិជាច្រើន ក្នុងចំណោមអ្នកដែលចូលរួម។ ខ្ញុំរីករាយណាស់ចំពោះ វត្តមានរបស់អភិបាល Lingle ចៅហ្វាយក្រុង Hannemann សមាជិកព្រឹទ្ធសភា Akaka ដែលជាសហការីរបស់ខ្ញុំ នៅក្នុងព្រឹទ្ធសភា សមាជិកសភា Abercrobie ប្រធានសមាជិកព្រឹទ្ធសភាក្នុងរដ្ឋហាវ៉ៃ Hanabusa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅសហរដ្ឋអាមេរិក Fujisaki និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសជប៉ុន Roos។ ខ្ញុំក៏មានសេចក្តីរីករាយផងដែរដោយបានឃើញមិត្តភ័ក្តចាស់ៗខ្លះ ដែល Bill និងខ្ញុំបានបំរើការជាមួយ ក្នុងរដ្ឋនេះ ដូចជាអតីតអភិបាល John Waihee និង Lynne និងអតីតអភិបាលរដ្ឋ Ariyoshi និង Jean ។ ខ្ញុំក៏បានដឹងផងដែរថា ក្នុងចំណោមអ្នកចូលរួម ក៏មានអគ្គកុងស៊ុលប្រចាំនៅប្រទេសអូស្រ្តាលី ជប៉ុន ហ្វីលីពីន កោះមីក្រូនេស៊ី និងប្រជុំកោះ Marshall Islands និងលោក Greenwood ប្រធានសាកលវិទ្យាល័យនេះផងដែរ។ សូមអរគុណផងដែរចំពោះអ្នកទាំងអស់ដែលបំរើការក្នុងក្រុមប្រឹក្សានេះ។ ជាការពិតប្រសិនបើអ្នកចង់បាននូវការណែនាំខ្លួនមួយដ៏ល្អ សូមទៅកាន់កន្លែងដែលអ្នកជ្រើសតាំងសមាសភាពក្រុមប្រឹក្សាចំនួន ១ ភាគ ៣ (សំណើច) ។ លោក Charles បានធ្វើការងារនេះ។ ខ្ញុំក៏មានកិត្តិយសផងដែរ ដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបញ្ជាការប្រចាំតំបន់ប៉ាស៊ីហ្វិកមានវត្តមាននៅទីនេះ។ មុននេះ ខ្ញុំមានការជួបប្រជុំជាមួយពួកគេ ប្រកបដោយផ្លែផ្កា។ លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស Kurt Campbell ដែលមានការងារមួយនាំអោយគាត់អរគុណខ្ញុំ ក្នុងការតាមមើលរាល់ថ្ងៃលើទំនាក់ទំនងរបស់យើងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។
មុនពេលខ្ញុំចាប់ផ្តើមនិយាយពីប្រធានបទដ៏មានសារៈសំខាន់ ស្តីពីអនាគតរបស់យើងនៅអាស៊ី ខ្ញំ្ សូមនិយាយបន្តិចពីព្រឹត្តិការណ៍នៅប្រទេសហៃទី។ យើងកំពុងប្រមូលព័ត៌មាននៅឡើយពីការរញ្ជួយដីប្រកបដោយការបំផ្លិចបំផ្លាញនេះ ដែលរួមមានកន្លែងរងការប៉ះពាល់ និងផលប៉ះពាល់ទៅលើប្រជាជនហៃទី។ សហរដ្ឋអាមេរិកកំពុងតែផ្តល់ជំនួយពេញបន្ទុករបស់យើងដល់ប្រទេសហៃទី និងកន្លែងដទៃទៀតក្នុងតំបន់។ យើងនឹងផ្តល់ជំនួយមនុស្សធម៌ និងជំនួយសង្រ្គោះបន្ទាន់ក្នុងគ្រាមានមហន្តរាយ ទាំងពីផ្នែកយោធានិងស៊ីវិល ផងដែរ។ យើងសូមបន់ស្រន់ដល់ប្រជាជនដែលរងគ្រោះ ក្រុមគ្រួសារ និងញ្ញាតិមិត្តរបស់គេ។
វាមានការពិបាកក្នុងការប្រមើល៍មើលពីភាពខុសគ្នារវាងតំបន់ដែលយើងកំពុងតែនិយាយនៅពេលនេះ ជាមួយសម័យឆ្នាំ ១៩៥៩ នៅពេលលោកប្រធានាធិបតី Lyndon Johnson ស្នើអោយបង្កើតស្ថាប័នមួយ សំរាប់ការជួបប្រជុំគ្នារបស់អ្នកជំនាញមកពីមជ្ឈមណ្ឌល East - West Center ។ ក្នុងរយៈពេល ៥ ទសវត្ស តាំងពីមជ្ឃមណ្ឌលនេះបានបើកឡើង មិនទាន់មានតំបន់ណាមួយមានការប្រែប្រួលច្រើនជាងនេះទេ។ ភាពជឿនលឿននេះគឺជាផ្លែផ្កានៃការខិតខំយ៉ាងខ្លាំង និងទេពកោសល្យរបស់មនុស្សរាប់ពាន់លាននាក់ ហើយវាជានិរន្តភាពដែលមានជារហូតមក ដោយសារការចូលរួមផ្នែកសន្តិសុខ និងជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក។
មជ្ឈមណ្ឌល East - West Center មានចំណែកក្នុងការធ្វើអោយមានការប្រែប្រួលដ៏ខ្លាំងក្លានេះ ដោយបានជួយជាគំនិត និងបណ្តុះបណ្តាលអ្នកឯកទេស ក្នុងនោះ មានស្រ្តីវ័យក្មេងម្នាក់ ដែលបានក្លាយទៅជាអ្នកត្រួសត្រាយម្នាក់ផ្នែកមីក្រូហិរញ្ញវត្ថុ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងជាម្តាយនៃប្រធានាធិបតីរបស់យើង។ ខ្ញុំសូមអរគុណអស់លោក អ្នកទាំងអស់គ្នា ដែលបានធ្វើអោយមានការយល់ដឹងកាន់តែច្រើនចំពោះបញ្ហាសន្តិសុខ នយោបាយ និងសេដ្ឋកិច្ច ដែលគ្របដណ្តប់មកលើតំបន់ និងពិភពលោកនាសព្វថ្ងៃនេះ។
គិតមកដល់ពេលនេះ រដ្ឋការថ្មីមានអាយុជិតមួយឆ្នាំហើយ គេគួរយល់អោយច្បាស់ថា ទំនាក់ទំនង រវាងតំបន់អាស៊ី និងប៉ាស៊ីហ្វិកគឺជាអាទិភាពមួយរបស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតីអូបាម៉ាធ្លាប់បានរស់នៅក្នុងរដ្ឋហាវ៉ៃនេះ និងប្រទេសឥណ្តូនេស៊ី កាលពីលោកស្ថិតក្នុងវ័យកុមារ។ ទស្សនៈរបស់លោក ស្តីពីពិភពលោកឆ្លុះបញ្ចាំងអោយឃើញនូវការអោយតំលៃ និងការគោរពចំពោះតំបន់និងប្រជាជនអាស៊ី។ ខ្ញុំមានឆន្ទៈខ្ពស់ក្នុងការពង្រឹងទំនាក់ទំនងរបស់យើង នៅទូទាំងតំបន់ប៉ាស៊ីហ្វិកនិងអាស៊ី។ ខ្ញុំដឹងថា លោកប្រធានាធិបតីទន្ទឹងរង់ចាំចំពោះការដែលទីក្រុងហូណូលូលូ ដែលជាទីក្រុងកំណើតរបស់លោក នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រជុំកំពូលនៃថ្នាក់ដឹកនាំ APEC ក្នុងឆ្នាំ ២០១១ (ស្នូទះដៃ) ។ ពេលនេះ សមាជិកសភាតំណាងរាស្រ្ត លោកអភិបាលរដ្ឋ និងអភិបាលក្រុង និងអ្នកឯទៀតបានប្រាប់ខ្ញុំថា ការសំរេចចិត្តដ៏ពិបាកបំផុតនោះគឺការកាត់អាវ ដែលបញ្ជាក់ពីស្មារតី Aloha សំរាប់មេដឹកនាំ APEC ទាំងអស់នោះ។
តែសំរាប់ហេតុផលនេះ និងហេតុផលដទៃទៀត កាលពីខែមករាមុន យើងបានចាប់ផ្តើមចាក់គ្រឹះសំរាប់ទំនាក់ទំនងរស់រវើកឡើងវិញជាមួយតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក គឺទៅកាន់តំបន់អាស៊ី។ តាមពិតទៅ នេះគឺជាទស្សនកិច្ចលើកទី ៤ របស់ខ្ញុំហើយ មកកាន់តំបន់នេះ ក្នុងពេល ១១ ខែចុងក្រោយនេះ។ លោកប្រធានាធិបតីអូបាម៉ាបានចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសសឹង្ហបូរី ព្រមជាមួយនឹងទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ យើងគាំទ្រការបង្កើតអោយមានកិច្ចប្រជុំកំពូលទៀងទាត់ នៃមេដឹកនាំរបស់ ប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំង ២០ ដោយមានការចូលរួមយ៉ាងច្រើនពីប្រទេសអាស៊ី ដែលជាការឆ្លុះបញ្ចាំងអោយឃើញនូវតល្យភាពថ្មីនៃអំណាចនយោបាយ និងហិរញ្ញវត្ថុសាកលលោក។ យើងបានរៀបចំកិច្ចប្រជុំកំពូលលើកដំបូងដែលមិនធ្លាប់មានពីមុនមក រវាងសហរដ្ឋអាមេរិកនិងសមាគមអាស៊ានផងដែរ។ យើងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអន្តរជាតិនៅកោះ Guam ដែលជួយរក្សាអោយមានជាបន្តនូវ វត្តមានដ៏ខ្លាំងក្លានៃកងទ័ពសហរដ្ឋអាមេរិកនៅក្នុងតំបន់ ។ យើងបានចុះហត្ថលេខាជាមួយសមាគមអាស៊ាន នូវសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ។ វាមិនមែនជាការចៃដន្យទេ ដែលទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង ដែលទទួលដោយលោកប្រធានាធិបតីអូបាម៉ា និងលោកជំទាវ គឺសំរាប់មេដឹកនាំអាស៊ី គឺលោកនាយករដ្ឋមន្រ្តី ឥណ្ឌា Singh ។
ដូច្នេះ យើងកំពុងតែធ្វើការដើម្បីធ្វើអោយទំនាក់ទំនងជាប្រវត្តិសាស្រ្តរបស់យើងមានភាពកាន់តែជ្រាលជ្រៅ កសាងភាពជាដៃគូថ្មី ធ្វើការជាមួយអង្គការពហុភាគីដើម្បីប្រយោជន៍រួម ហើយឈោងហួសពីរដ្ឋាភិបាលទៅដល់ប្រជាជនដោយផ្ទាល់នៅគ្រប់កន្លែងទាំងអស់ ក្នុងតំបន់ដ៏ធំនេះ។
យើងចាប់ផ្តើមនូវគំរោងដ៏សាមញ្ញមួយ ពោលគឺថាអនាគតនៃប្រទេសអាមេរិក មានការទាក់ទងនឹង អនាគតនៃតំបន់អាស៊ីប៉ាស៊ីហ្វិកទាំងមូល ហើយអនាគតនៃតំបន់នេះពឹងផ្អែកលើប្រទេសអាមេរិកផងដែរ។ សហរដ្ឋអាមេរិកមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបន្តប្រពៃណីរបស់ខ្លួន ក្នុងការដឹកនាំផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្រ្ត ហើយទ្វីបអាស៊ីមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលសហរដ្ឋអាមេរិកនៅតែជាដៃគូ សេដ្ឋកិច្ចដ៏ខ្លាំង និងមានឥទ្ធិពលក្នុងការធ្វើអោយមានស្ថេរភាពផ្នែកយោធាផងដែរ។
ក្នុងផ្នែកសេដ្ឋកិច្ច យើងមានទំនាក់ទំនងជាមួយគ្នាមិនអាចកាត់ផ្តាច់បាន។ ក្រុមហ៊ុនអាមេរិកបាននាំទំនិញ និងសេវាដែលមានតំលៃ ៣២០ ពាន់លានដុល្លាអាមេរិក ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជារៀងរាល់ឆ្នាំ ដោយបង្កើតអោយមានការងារដែលមានប្រាក់ខែខ្ពស់រាប់លាន។ បុរស និងស្រ្តីក្នុងកងយោធាអាមេរិករាប់សែននាក់ បានចូលរួមផ្តល់អោយតំបន់នេះនូវសន្តិសុខ ដែលយោធារបស់យើងបានបំពេញនូវ ភារកិច្ចនេះរាប់ជំនាន់មនុស្សមកហើយ។ សមដូចលោករដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិក Robert Gates បានធ្វើការកត់សំគាល់ថា សហរដ្ឋអាមេរិកមិនមែនជាមហាអំណាចដែលមកលងម្តងម្កាលនោះទេ តែជាមហាអំណាចដែលមានវត្តមានជាប្រចាំតែម្តង។
ទន្ទឹមគ្នានេះ អាស៊ីមានវត្តមានយ៉ាងសំខាន់នៅសហរដ្ឋអាមេរិក។ ជនជាតិអាមេរិកចំនួនជាង ១៣ លាននាក់ មានដើមកំណើតពីតំបន់នេះ នៃពិភពលោក។ បណ្តាប្រទេសអាស៊ី ដែលកាលពីមួយជំនាន់មុនមានលក្ខណៈក្រីក្រតោកយ៉ាក ពេលនេះស្ថិតក្នុងចំណោមប្រទេសខ្លះក្នុងពិភពលោក ដែលមានកំរិតជីវភាពរស់នៅខ្ពស់។ តំបន់អាស៊ីខាងកើតបានដើរហួសគោលដៅអភិវឌ្ឍន៍សហសវត្ស ក្នុងការកាត់បន្ថយភាពក្រីក្រខ្លាំងក្នុងឆ្នាំ១៩៩០ អោយបានពាក់កណ្តាលនៃកំរិតភាពក្រីក្រ នៅត្រឹមឆ្នាំ ២០១៥។
ទ្វីបអាស៊ីក៏មានសារៈសំខាន់ចាំបាច់ផងដែរក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខនិងមនុស្សធម៌។ ប្រជាជាតិនៅអាស៊ីកំពុងតែជួយក្នុងការរារាំងការរីកសាយអាវុធនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់ កសាងសាលារៀន និងមណ្ឌលសុខភាពនៅប្រទេសអាហ្កានីស្ថាន ថែរក្សាសន្តិភាពនៅសាធារណរដ្ឋកុងហ្គោ និងប្រយុទ្ធប្រឆាំងនឹងចោរសមុទ្រនៅអាហ្វ្រិកផងដែរ។
តែទន្ទឹមនឹងនោះ ដំណើរជឿនលឿនទៅមុខរបស់អាស៊ីមិនមែនត្រូវបានធានានោះទេ។ នៅអាស៊ីមានប្រទេសមហាអំំណាចដែលកំពុងតែខ្លាំង តែក៏មានផងដែរនូវរបបឯកកោ មិនត្រឹមតែមានបញ្ហាប្រឈមយូរអង្វែងទេ តែក៏មានផងដែរនូវការគំរាមកំហែងដែលមិនដែលមានពីមុនមក។ គ្រោះថ្នាក់នៃការរីកសាយអាវុធនុយក្លេអ៊ែរ ការប្រកួតប្រជែងផ្នែកយោធា មហន្តរាយធម្មជាតិ ភាពជ្រុលនិយមដោយប្រើហឹង្សា វិបត្តិហិរញ្ញវត្ថុ ការប្រែប្រួលអាកាសធាតុ និងជំងឺមានពីប្រទេសមួយទៅប្រទេសមួយ ហើយចោទជាការគំរាមកំហែងរួម។
យើងត្រូវដឹងថា ប្រទេសខុសគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិកមានបញ្ហាប្រឈមរបស់គេខុសគ្នាដែរ។ ប្រទេសខ្លះមានភាពជឿនលឿនទៅមុខផ្នែកនយោបាយច្រើនជាងផ្នែកសេដ្ឋកិច្ច ហើយប្រទេសខ្លះទៀត សំរេចបានជោគជ័យផ្ទុយពីនេះ។ ប្រទេសខ្លះកំពុងតែពង្រឹងកំណែទំរង់ ចំណែកប្រទេសខ្លះទៀតកំពុងតែមាន បញ្ហាអស្ថេរភាពដែលកំពុងមានជាបន្តឬមានជាថ្មី។ កិច្ចសហប្រតិបតិ្តការក្នុងតំបន់ត្រូវគិតពីបញ្ហាប្រឈម ខុសគ្នាទាំងនេះ ហើយត្រូវបង្កើតឱកាសច្រើនសំរាប់អោយមានភាពជឿនលឿនទៅមុខផ្នែកនយោបាយ និងវិបុលភាពដែលមានមូលដ្ឋានទូលំទូលាយ។
ការពិតដែលមានលក្ខណៈជាយុទ្ធសាស្រ្តស្នូលមួយគឺថា តំបន់នេះប្រឈមមុខនឹងបញ្ហា និងឱកាសទាំងនេះ ដោយមានប្រទេសដែលមានឥទ្ធិពលខុសគ្នា រាប់ពីប្រទេសមហាអំណាចដែលកំពុងតែឡើងខ្លាំង ដូចជាប្រទេសចិន និងឥណ្ឌា ដល់ប្រទេសដែលនាំមុខគេជាយូរមកហើយ ដូចជាប្រទេសជប៉ុន កូរេខាងត្បូង និងអូស្រ្តាលី ដល់ប្រទេសដែលមានឥទ្ធិពលកាន់តែច្រើនឡើង នៅតំបន់អាស៊ីអាគ្នេយ៍ ដូចជាប្រទេសឥណ្ដូនេស៊ី។ សហរដ្ឋអាមេរិកមិនគ្រាន់តែបន្តអោយមានទំនាក់ទំនងទ្វេភាគីខ្លាំងក្លានិងយូរអង្វែងប៉ុណ្ណោះទេ តែថែមទាំងដើរតួនាទីស្នួលក្នុងការជួយជំនះការលំបាក ដែលរដ្ឋនិមួយៗនិងតំបន់នេះកំពុងតែប្រឈមមុខជាមួយ។ ទិដ្ឋភាពថ្មីនេះតំរូវអោយយើងកសាងនូវស្ថាប័នស្ថាបត្យកម្មមួយ ដែលទាញយកប្រយោជន៍ច្រើនបំផុតក្នុងកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធិភាព បង្កើនទំនុកចិត្ត និងកាត់បន្ថយការមិនចុះសំរុងគ្នាក្នុងការប្រកួតប្រជែង។
អស់រយៈពេលរាប់ឆ្នាំមកហើយ មេដឹកនាំអាស៊ីបាននិយាយពីការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ហើយស្ថាបត្យកម្មផ្នែកសន្តិសុខ នយោបាយ និងសេដ្ឋកិច្ចរបស់អាស៊ីកំពុងតែមានការវិវត្ត។ ស្ថាប័នតំបន់បានដើរតួនាទីសំខាន់មួយ ក្នុងការវិវត្តរបស់អាស៊ី។ ការប្រមើល៍មើលទៅមុខបង្ហាញអោយយើងឃើញថា គេអាចធ្វើបានប្រសើរជាងនេះ ហើយបើតាមការគិតរបស់ខ្ញុំគឺថា គេពិតជាអាចធ្វើបានប្រសើរជាងនេះ។ នេះគឺជាសាររួមមួយ ដែលខ្ញុំបានស្តាប់លឺក្នុងកិច្ចសន្ទនាជាច្រើនរបស់ខ្ញុំជាមួយមេដឹកនាំ និងពលរដ្ឋអាស៊ី ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ។ ពេលនេះ មានលទ្ធភាពកាន់តែច្រើនសំរាប់ការធ្វើសហប្រតិបត្តិការកាន់តែច្រើនក្នុងតំបន់ ហើយវាក៏មានភាពចាំបាច់កាន់តែច្រើនផងដែរ ក្នុងការធ្វើដូច្នេះ។
ពេលនេះ ក៏ដូចជាស្ថាបត្យកម្មនិមួយៗនៃអាគារនេះនិងនៅកន្លែងដទៃទៀតដែរ ស្ថាបត្យកម្មរវាងប្រទេសទាំងឡាយទាមទារអោយមានគ្រឹះរឹងមាំ។ ថ្ងៃនេះ ខ្ញុំសូមគូសបញ្ជាក់ពីគោលការណ៍ដែលកំណត់ អត្ថន័យនៃការដឹកនាំ និងការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងតំបន់ និងយុទ្ធសាស្រ្តរបស់យើងចំពោះបញ្ហាសហប្រតិបត្តិការពហុភាគី។ ក្នុងការតាក់តែងយុទ្ធសាស្រ្តនេះ យើងបានធ្វើការពិគ្រោះយោបល់យ៉ាងច្រើនជាមួយដៃគូរបស់យើងក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក ហើយខ្ញុំរំពឹងរង់ចាំបន្តការពិភាក្សាទាំងនេះ ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំនាពេលខាងមុខនេះ និងក្នុងពេលប៉ុន្មានខែទៅមុខទៀត។
ទី ១ ទំនាក់ទំនងនៃសម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកគឺជាគ្រឹះនៃការចូលរួមរបស់យើង នៅក្នុងតំបន់។ សម្ព័ន្ធភាពរបស់សហរដ្ឋអាមេរិកជាមួយប្រទេសជប៉ុន កូរេខាងត្បូង អូស្រ្តាលី ថៃ និងហ្វីលីពីនស្ថិតក្នុងចំណោមភាពជាដៃគូទ្វេភាគីដែលមានជោគជ័យបំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើប។ សន្តិសុខ និងស្ថេរភាពដែលកើតមានឡើងតាមរយៈទំនាក់ទំនងនេះ មានសារៈសំខាន់ណាស់សំរាប់ជោគជ័យ និងការអភិវឌ្ឍន៍របស់តំបន់។ គុណតំលៃនិងផលប្រយោជន៍ជាយុទ្ធសាស្រ្តរួមរបស់យើងធ្វើអោយមនុស្សច្រើនជំនាន់អាចចំរើនឡើង និងសំបូរសប្បាយ ក្នុងតំបន់មួយដែលមានសន្តិភាពជាទូទៅ ហើយវានៅតែជាគន្លឹះសំរាប់រក្សាអោយមានសន្តិសុខ និងស្ថេរភាពជាបន្ត។ ការប្តេជ្ញារបស់យើងចំពោះទំនាក់ទំនងទ្វេភាគីស្របតាមស្ថាប័នពហុភាគីនៅអាស៊ី ហើយវានឹងលើកកំពស់ស្ថាប័នទាំងនេះផងដែរ។
ក្រៅពីសម្ព័ន្ធភាពដោយមានចុះសន្ធិសញ្ញាជាមួយគ្នារបស់យើង យើងប្តេជ្ញាពង្រឹងទំនាក់ទំនងជាមួយនឹងអ្នកដើរតួនាទីសំខាន់ៗដទៃទៀត។ យើងចង់ធ្វើការពិភាក្សាជាយុទ្ធសាស្រ្តជាមួយប្រទេសឥណ្ឌា ការពិភាក្សាស្តីពីសេដ្ឋកិច្ច និងយុទ្ធសាស្រ្តជាមួយប្រទេសចិន និងភាពជាដៃគូពេញលេញជាមួយប្រទេសឥណ្តូនេស៊ី។ យើងកំពុងតែខិតខំពង្រឹងភាពជាដៃគូរបស់យើងជាមួយដៃគូថ្មីៗ ដូចជាប្រទេសវៀតណាម និងដៃគូយូរអង្វែងរបស់យើង ដូចប្រទេសសឹង្ហបូរីជាដើម។ កិច្ចសហប្រតិបត្តិការពហុភាគីរឹងមាំគួរតែត្រូវគោរព និងឈរលើមូលដ្ឋាននៃភាពជាដៃគូទ្វេភាគី ដែលមានកន្លងមករបស់យើង។
ទី ២ កិច្ចខិតខំប្រឹងប្រែងនិងស្ថាប័នក្នុងតំបន់ គួរសំដៅលើការលើកកំពស់គោលបំណងរួម និងភាពច្បាស់លាស់របស់យើង។ ការងារទាំងនេះមានដូចជាការលើកកំពស់សន្តិសុខនិងស្ថេរភាព ការពង្រីកឱកាស និងកំណើនសេដ្ឋកិច្ច ការជំរុញលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាដើម។
ដើម្បីជំរុញសន្តិសុខតំបន់ យើងត្រូវដោះស្រាយបញ្ហារីកសាយអាវុធនុយក្លេអ៊ែរ ជំលោះទឹកដី និង ការប្រកួតប្រជែងផ្នែកយោធា។ ទាំងអស់នេះគឺជាការគំរាមកំហែងជាប្រចាំ ក្នុងសតវត្សទី២១ នេះ ។
ដើម្បីធ្វើអោយប្រសើរឡើងនូវឱកាសសេដ្ឋកិច្ច យើងត្រូវផ្តោតលើការបន្ថយរបាំងពាណិជ្ជកម្ម និងវិនិយោគ បង្កើនតំលាភាពទីផ្សា ហើយជំរុញអោយមានបែបផែននៃកំណើនសេដ្ឋកិច្ចដែលមាននិរន្តភាព មិនមានការរើសអើង និងមានតល្យភាពល្អ។ អង្គការក្នុងតំបន់ ដូចជា APEC ជាដើម បានបង្ហាញពីដំណើរការរីកចំរើនយ៉ាងច្រើនក្នុងវិស័យទាំងនេះ។ ក្រៅពីនេះទៀត សហរដ្ឋអាមេរិកកំពុងធ្វើការចចារស្តីពីភាពជាដៃគូពាណិជ្ជកម្មក្នុងតំបន់ប៉ាស៊ីហ្វិកទាំងមូល ដោយយកវាធ្វើជាយន្តការសំរាប់លើកកំពស់ការទាក់ទងក្នុង ចំណោមប្រទេសមានសេដ្ឋកិច្ចធំៗជាច្រើននៅតំបន់អាស៊ី ប៉ាស៊ីហ្វិក។
ដើម្បីបង្កើនជោគជ័យថែមទៀតផ្នែកនយោបាយ យើងត្រូវគាំទ្រការខិតខំក្នុងការការពារសិទ្ធិមនុស្ស និងជំរុញអោយមានសង្គមបើកចំហ។ យើងសូមស្វាគមន៍ការសំរេចចិត្តរបស់សមាគមអាស៊ាន ក្នុងការបង្កើតគណកម្មាការអន្តររដ្ឋាភិបាលថ្មីមួយស្តីពីសិទ្ធិមនុស្ស នៅពេលធម្មនុញ្ញថ្មីរបស់សមាគមនេះចូលជាធរមាន នៅខែធ្នូ ឆ្នាំ ២០០៨។ ទៅអនាគត យើងសង្ឃឹមថា គណកម្មាការនេះ និងគំនិតផ្តួចេផ្តើមដទៃទៀតក្នុងតំបន់នឹងលើកកំពស់ការគោរពចំពោះសេរីភាព និងសេចក្តីថ្លៃថ្នូរជាមូលដ្ឋាន របស់មនុស្ស នៅទូទាំងតំបន់។
ទី ៣ ស្ថាប័នរបស់យើងត្រូវតែមានប្រសិទ្ធិភាព ហើយត្រូវតែផ្តោតលើការចេញជាលទ្ធផល។ នេះគឺជាអាទិភាពសំរាប់លោកប្រធានាធិបតីអូបាម៉ា និងរូបខ្ញុំ តាំងពីថ្ងៃដំបូងមកម្លេះ ពីព្រោះយើងជឿថា ការចំរើនឡើងនៃតំបន់អាស៊ី ក្នុងពេលជាង ២ ទសវត្សកន្លងទៅនេះ បានផ្តល់អោយតំបន់នេះនូវឱកាសទទួលបាននូវដំណើរជឿនលឿនទៅមុខ ដែលមិនដែលមានពីមុនមក។
ការបង្កើតនិងការដំណើរការទៅនៃក្រុមនានាក្នុងតំបន់គួរផ្តើមចេញពីការពិចារណាជាក់ស្តែង និង ច្បាស់លាស់។ ការមានអង្គការដែលធ្វើការចេញជាលទ្ធផល មានសារៈសំខាន់ជាងការបង្កើតអង្គការថ្មីៗ បន្ថែមទៀត។
ការពិភាក្សាមានសារៈសំខាន់ចាំបាច់ក្នុងគ្រប់ស្ថាប័នពហុភាគីទាំងអស់។ តែ ដោយប្រទេសនានានៅអាស៊ីកាន់តែដើរតួច្រើនឡើងក្នុងតំបន់ និងក្នុងសាកលលោក យើងត្រូវផ្តោតការយកចិត្តទុកដាក់អោយបានច្រើនលើសកម្មភាព។ ក្រុមនានាវាយតំលៃជោគជ័យរបស់គេ អោយបានទៀងទាត់ និងដោយស្មោះត្រង់ ហើយសង្កត់ធ្ងន់ថា អ្នកចូលរួមទាំងអស់ត្រូវមានការទទួលខុសត្រូវក្នុងការដើរតួនាទីវិជ្ជមានមួយ។
ឧទាហរណ៍ បន្ទាប់ពីមានគ្រោះស៊ូណាមី កាលពីឆ្នាំ ២០០៤ ដែលបានបង្ករមហន្តរាយយ៉ាងច្រើន នៅអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ពិភពលោកបានមើលឃើញច្បាស់ថា តើសកម្មភាពរួមគ្នាមានភាពជាក់ស្តែងយ៉ាងណា ហើយថា ការផ្តោតការយកចិត្តទុកដាក់បានជាប់លាប់លើលទ្ធផលអាចផ្តល់ក្តីសង្ឃឹម នៅចំពោះមុខនៃសោកនាដកម្ម។ ក្រៅពីការផ្តល់ជំនួយបន្ទាន់ដល់តំបន់រងគ្រោះដោយរលកស៊ូណាមី ការឆ្លើយតបចំពោះគ្រោះមហន្តរាយនេះគឺជាកំលាំងជំរុញអោយមានការសហប្រតិបត្តិការ នៅក្នុងតំបន់ទាំងមូល។ វាបានជួយបង្កើតអោយមានទំនាក់ទំនងស្ថិតស្ថេរផ្នែកនយោបាយ យោធានិងស៊ីវិល ដែលបានលើកកំពស់សមត្ថភាពរបស់យើង ក្នុងការឆើ្លយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយធម្មជាតិ។ យើងគួររៀនសូត្រពី ឧទាហរណ៍នេះ ហើយធ្វើសកម្មភាពអោយបានរហ័សនិងមានប្រសិទ្ធិភាពដូចនេះ ក្នុងការជំនះលើបញ្ហា ប្រឈមនានា ដូចជាការប្រែប្រួលអាកាសធាតុនិងសន្តិសុខស្បៀង។ ខ្ញុំមានមោទនភាពដោយឃើញថា សហរដ្ឋអាមេរិក បាននឹងបន្តដឹកនាំនៅក្នុងរឿងទាំងនេះ។ ក្នុងឆ្នាំកន្លងទៅនេះ យើងបានដើរតួនាទីសំខាន់ក្នុង ការឆ្លើយតបទាំងផ្នែកយោធានិងស៊ីវិល ដោយបាននាំជំនួយសង្រ្គោះបន្ទាន់ដល់តំបន់ដែលរងគ្រោះដោយខ្យល់ព្យុះ ដូចជានៅប្រទេសហ្វីលីពីន និងតំបន់ផ្សេងៗដទៃទៀត។
ដើម្បីធ្វើអោយមានលទ្ធផលជាប់លាប់ ស្ថាប័ននានាត្រូវការអភិបាលកិច្ចដែលមានប្រសិទ្ធិភាពល្អ។ នេះមិនមែនមានន័យថា គ្រប់អង្គការទាំងអស់ប្រើយន្តការតែមួយដូចគ្នា ដើម្បីធ្វើការសំរេចចិត្តនោះទេ។ តែវាមានន័យថា គេត្រូវធ្វើតាមដំណើរការសំរេចចិត្តដែលមានប្រសិទ្ធិភាពល្អ ហើយបែងចែកអោយដាច់ពីគ្នារវាងតួនាទី និងការទទួលខុសត្រូវ តាមភាពសមស្រប។ ទន្ទឹមនឹងនោះ ការកសាងស្ថាប័នពហុភាគីច្បាស់លាស់ទាមទារអោយយើងចែករំលែកបន្ទុក ក្នុងការដំណើរការស្ថាប័ននោះ។ ប្រព័ន្ធដែលផ្តល់រង្វាន់ដល់អ្នកដែលមិនបានធ្វើនិងមិនបានជួយរួមចំណែកអ្វីច្រើន នឹងទទួលការបរាជ័យ។
ដូច្នេះ ស្តីពីបញ្ហាសន្តិសុខ យើងចង់ពង្រឹងវេទិការតំបន់អាស៊ាន។ សហរដ្ឋអាមេរិកនឹងបន្តចូលរួមក្នុងវេទិកានេះ ហើយយើងសង្ឃឹមថា នឹងបង្កើនថែមទៀតលើជោគជ័យខ្លះៗដែលសំរេចបានក្នុងពេលថ្មីៗនេះ ដូចជាការបើកសម្ពោធលំហាត់សមយុទ្ធស្តីពីការផ្តល់ជំនួយសង្រ្គោះបន្ទាន់ ទាំងផ្នែកយោធានិងស៊ីវិល កាលពីខែឧសភាកន្លងទៅនេះ។ វេទិកាតំបន់នៃសមាគមអាស៊ានគួរអនុវត្តចក្ខុវិស័យ ដែលត្រូវបានដាក់ចេញក្នុងការប្រជុំរបស់យើងនៅប្រទេសថៃ កាលពីខែកក្កដាកន្លងទៅ ដែលកំណត់អោយវេទិកានេះទទួលយកការទទួលខុស ត្រូវធំជាងមុនក្នុងប្រតិបត្តិការមនុស្សធម៌ និងសង្រ្គោះបន្ទាន់។ សហរដ្ឋអាមេរិកត្រៀមជានិច្ចក្នុងការជួយសំរួលក្នុងរឿងនេះ។ គេគួរបង្កើនការទទួលស្គាល់របស់វេទិកានេះ ដូចដែលត្រូវបានបង្ហាញមកថា បញ្ហានៅប្រទេសភូមា និងបញ្ហាសិទ្ធិមនុស្សដទៃទៀត ក្នុងតំបន់មានផលវិបាកយ៉ាងច្រើនលើសន្តិសុខ និងសន្តិភាពក្នុងតំបន់។ ហេតុផលមួយដែលខ្ញុំបានបង្កើតអោយមានតំណែងឯកអគ្គរដ្ឋទូតប្រចាំនៅសមាគមអាស៊ាន នៅទីក្រុងហ្សាកាតា គឺដើម្បីពង្រឹងដំណើរការនេះដែលត្រូវអោយមានជារហូត។
ទី៤ យើងត្រូវស្វះស្វែងថែរក្សានិងលើកកំពស់នូវភាពទន់ភ្លន់ ដើម្បីទទួលបាននូវលទ្ធផល ដែលយើងស្វែងរក។ នៅពេលដែលវាមានន័យគ្រប់គ្រាន់ យើងនឹងចូលរួមនៅក្នុងការរៀបចំមិនផ្លូវការ ដើម្បីដោះស្រាយ នូវការប្រឈមជាពិសេសណាមួយ ហើយយើងនឹងគាំទ្រនូវស្ថាប័នអនុតំបន់នានា ដែលលើកកំពស់នូវផលប្រយោជន៍រួម សំរាប់ក្រុមប្រទេសជិតខាង។
ឧទាហរណ៍មួយទៀតគឺការចរចា ៦ភាគី ដែលបង្ហាញពីសក្តានុពលនៃការរៀបចំក្រៅផ្លូវការ ដើម្បីលើកកំពស់ដល់ប្រយោជន៍រួម។ ប្រទេសមានតួនាទីសំខាន់ៗក្នុងតំបន់បានរួមគ្នាដើម្បីអោយប្រទេសកូរេខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលអាចអោយគេធ្វើការត្រួតពិនិត្យផ្ទៀងផ្ទាត់បាន។ យើងដឹងថា ការចំរើនទៅមុខនិងការមិនត្រឡប់ថយក្រោយក្នុងរឿងនេះ នឹងពង្រឹងសន្តិសុខនៅទូទាំងបណ្តាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយយើងកំពុងតែធ្វើការជាមួយដៃគូ ៦ភាគីរបស់យើង ដើម្បីបន្តឡើងវិញនូវការចរចា ៦ភាគី ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
យើងមានទំនាក់ទំនងកាន់តែច្រើនជាមួយប្រទេសក្នុងអនុតំបន់ទន្លេមេគង្គ។ យើងមានកិច្ចពិភាក្សាជាយុទ្ធសាស្រ្តត្រីភាគីជាមួយប្រទេសជប៉ុន និងអូស្រ្តាលី និងជាមួយជប៉ុននិងកូរេ។ យើងមានការព្រមព្រៀងក្រៅផ្លូវការ ដែលកំណត់ការសហប្រតិបតិ្តការនៅច្រកសមុទ្រម៉ាឡាកា។ ទាំងនេះគឺជាឧទាហរណ៍មួយៗនៃការដែលពហុភាគីនិយមបែបនេះអាចផ្តល់លទ្ធផលដ៏មានប្រសិទ្ធិភាព។ ខ្ញុំនឹងធ្វើដំណើរទៅប្រទេសអូស្រ្តាលី ដែលនៅទីនោះ ខ្ញុំនិងលោករដ្ឋមន្រ្តីការពារប្រទេសអាមេរិក Gates នឹងជួបប្រជុំ ២ ទល់ ២ ជាមួយសមភាគី របស់យើង។ ដូច្នេះ យើងចង់បានឱកាសបន្ថែមទៀតសំរាប់ការចូលរួមរបៀបនេះ ដូចជាក្នុងកិច្ចពិភាក្សាត្រី ភាគីជាមួយប្រទេសជប៉ុននិងចិន ហើយនិងជាមួយប្រទេសជប៉ុននិងឥណ្ឌា។
ទាក់ទងនឹងស្ថាប័នក្នុងអនុតំបន់ យើងពិតជាជឿថា សមាគមអាស៊ានមានរឿងជោគជ័យសំខាន់មួយ ដោយបានធ្វើការសំរេចចិត្តយ៉ាងក្លាហាន ក្នុងការធ្វើសមាហរណកម្មផ្នែកសន្តិសុខ នយោបាយ វប្បធម៌ សង្គម និងសេដ្ឋកិច្ចទាំងមូល។ យើងជឿថា សមាគមអាស៊ានដែលខ្លាំង និងមានការធ្វើសមាហរណកម្មនឹងបំរើផលប្រយោជន៍រួមក្នុងតំបន់ ដោយធានាអោយមានស្ថេរភាព និងវិបុលភាព។ ដូច្នេះ យើងនឹងបន្តជួយដល់សមាគមអាស៊ានថែមទៀត ហើយបន្តផ្តោតការយកចិត្តទុកដាក់លើសកម្មភាពកសាងសមត្ថភាព នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌវិនិយោគ និងពាណិជ្ជកម្មអាមេរិក-អាស៊ានដែលផ្តោតសំខាន់លើសេដ្ឋកិច្ច និងភាពជាដៃគូកំរិតខ្ពស់រវាងអាមេរិក-អាស៊ាន។ លោកប្រធានាធិបតីអូបាម៉ា កន្លងមកបានជួបប្រជុំជាលើកដំបូងប្រកបដោយផ្លែផ្កាជាមួយមេដឹកនាំនៃប្រទេសអាស៊ានទាំង ១០ នៅប្រទេសសឹង្ហបូរី។
ខ្ញុំដឹងថា អ្នកខ្លះប្រហែលជាព្រិលភ្នែក នៅពេលគេបានស្តាប់លឺនូវពាក្យកាត់ទាំងអស់នេះ តែយើងត្រូវដឹងថា អង្គការក្នុងតំបន់ទាំងនេះមានសារៈសំខាន់ណាស់ដល់សមាជិកក្នុងអង្គការទាំងនេះ ហើយការដែល សហរដ្ឋអាមេរិកខកខានមិនបានចូលរួម នឹងបង្ហាញពីការខ្វះការគោរពនិងឆន្ទៈក្នុងការចូលរួម។ ដូច្នេះហើយបានជានៅពេលខ្ញុំឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ខ្ញុំបានបញ្ជាក់ច្បាស់ថា សហរដ្ឋអាមេរិកនឹងមានវត្តមាន។ ខ្ញុំមិនដឹងច្បាស់ថា តើពាក់កណ្តាលនៃជីវិតគឺការមានវត្តមានទេ តែខ្ញុំគិតថា ពាក់កណ្តាលនៃផ្លូវការទូតគឺការមានវត្តមាន។
ក្នុងពេលដែលយើងឃើញមានអង្គការថ្មីៗ ដូចជាវេទិកាតំបន់របស់អាស៊ាន អាស៊ានបូក ៣ និងអង្គការសហប្រតិបត្តិការ Shanghai (Shanghai Cooperation Organization) យើងសង្ឃឹមថា យើងនឹងអាចចូលរួមបានយ៉ាងសកម្ម ក្នុងអង្គការទាំងនេះភាគច្រើន។
ទី ៥ យើងត្រូវសំរេចចិត្ត ដូចប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលជាស្ថាប័នតំបន់មានអត្ថន័យច្បាស់លាស់។ ដូច្នេះ ទោះបីជាយើងគោរព ហើយធ្វើការជាមួយបណ្តាអង្គការ ដែលប្រទេសទាំងនោះបានបង្កើតក្តី ដែលមានខ្លះទើបតែត្រូវបានបង្កើតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះក្តី វាមានសារសំខាន់ដែលយើងត្រូវកំណត់ថា តើអង្គការមួយណាដែលការពារនិងជំរុញបានល្អជាងគេដល់អនាគតរួមគ្នារបស់យើង។
អ្វីៗតែងតែមានទីតាំងនិងបំណងរបស់វា តែអ្វីដែលត្រូវយល់អោយច្បាស់នោះ គឺការចូលរួមនៃអ្នក ពាក់ព័ន្ធសំខាន់ៗទាំងអស់ ហើយមានភាពរឹងមាំយូរមកហើយ ដូចជាអង្គការ APEC ឬអង្គការ ដែលទើបតែ ត្រូវបានបង្កើតឡើងថ្មីៗ ដូចជាកិច្ចប្រជុំកំពូលនៅតំបន់អាស៊ីខាងកើត ឬអង្គការដែលមានភាពរឹងមាំយូរមកហើយផង និងថ្មីផង។ នេះជាសំណួរមានសារៈសំខាន់បំផុត ដែលយើងត្រូវតែឆ្លើយរួមគ្នា តាមរយៈការពិគ្រោះយោបល់ និងការសំរបសំរួលគ្នា។
ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតូក្យូកាលពីឆ្នាំទៅលោកប្រធានាធិបតីអូបាម៉ាបានបង្ហាញបំណងរបស់សហរដ្ឋអាមេរិក ក្នុងការចូលរួមពេញលេញជាមួយនឹងអង្គការថ្មីៗទាំងនេះ។ ជាផ្នែកមួយនៃយុទ្ធសាស្រ្តនេះ យើងស្នើអោយមានការចាប់ផ្តើមពិគ្រោះយោបល់គ្នាជាមួយដៃគូនិងមិត្តភក្តិនៅអាស៊ី ស្តីពីថា តើសហរដ្ឋអាមេរិកអាចដើរតួនាទីយ៉ាងដូចម្តេចក្នុងកិច្ចប្រជុំកំពូលនៅអាស៊ីខាងកើត ថាតើកិច្ចប្រជុំកំពូលនៅអាស៊ីខាងកើតមានលក្ខណៈស្របគ្នាយ៉ាងដូចម្តេចខ្លះទៅនឹងទិដ្ឋភាពរួមផ្នែកស្ថាប័ន និងថាតើកិច្ចប្រជុំធំៗក្នុងតំបន់អាចកំណត់តាមពេលវេលាយ៉ាងដូចម្តេច ដើម្បីអោយត្រូវតាមពេលល្អសំរាប់ភាគីទាំងអស់។
គេនៅត្រូវការជាបន្តនូវស្ថាប័នដែលមានបំណងទ្រទ្រង់សមាហរណកម្មសេដ្ឋកិច្ចអោយបានជាប់លាប់ក្នុងតំបន់ ដោយឈរលើមូលដ្ឋាននៃគោលបំណង និងគោលការណ៍រួម។ ខ្ញុំគិតថា APEC គឺជាអង្គការដែលយើងនិងដៃគូរបស់យើងត្រូវតែចូលរួម ដោយធ្វើយ៉ាងណាអោយអង្គការនេះដើរឆ្ពោះទៅរកការបំពេញនូវទទួលខុសត្រូវរបស់ខ្លួន។
ការចូលរួម និងការដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងស្ថាប័ននៅតំបន់អាស៊ី ប៉ាស៊ីហ្វិក រាប់ពីការគាំទ្រនិងការរួមចំណែករបស់យើងចំពោះអង្គការ APEC ដល់ការឆ្លើយតបរបស់យើងចំពោះគ្រោះមហន្តរាយរលកយក្សស៊ូណាមី នៅមហាសមុទ្រឥណ្ឌា អាចផ្តល់ប្រយោជន៍ដល់គ្រប់ភាគីទាំងអស់។ យើងអាចផ្តល់ធនធាននិងការសំរបសំរួលកិច្ចសហប្រតិបត្តិការ ក្នុងលក្ខណៈដែលអ្នកដទៃទៀតក្នុងតំបន់មិនអាចធ្វើបានដូច ឬ ក្នុងករណីមួយចំនួនមិនត្រូវបានទុកចិត្តអោយធ្វើ។ យ៉ាងណាក្តី គ្មានប្រទេសណាមួយ រាប់ទាំងប្រទេសរបស់ យើងផង គួរចង់ក្តោបក្តាប់លើស្ថាប័នទាំងនេះទេ។ តែការចូលរួមយ៉ាងសកម្មរបស់សហរដ្ឋអាមេរិកមានសារៈសំខាន់ចាំបាច់ក្នុងការធានានូវជោគជ័យសំរាប់ស្ថាប័នទាំងនេះ។
ក្នុងពេលដែលយើងពិនិត្យមើលម្តងទៀតលើរចនាសម្ព័ន្ធនៃកិច្ចសហប្រតិបត្តិការរបស់យើង យើងគួរចងចាំថា អំណាចមិនមែនប្រមូលផ្តុំតែលើរដ្ឋាភិបាលនោះទេ។ យើងគួរបង្កើតនិងពង្រឹងអង្គការនានា ដែលប្រើប្រាស់តួនាទីវិជ្ជមាននៃក្រុមមិនមែនជាស្ថាប័នរបស់រដ្ឋ ដូចជាចលនាសង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការងារអភិវឌ្ឍន៍ និងក្រុមហ៊ុនដែលដើរតួនាទីសំខាន់និងតួនាទីស្ថាបនា ក្នុងការអភិវឌ្ឍន៍។ យើងគួរកមើលវិធីច្រើនទៀតដើម្បីលើកកំពស់កិច្ចសហប្រតិបត្តិការរវាងយោធានិងយោធា ហើយកាត់បន្ថយការមិនទុកចិត្តគ្នា និងការមិនយោគយល់គ្នា។
នៅថ្ងៃស្អែក ពេលខ្ញុំចាកចេញទៅកាន់ប្រទេសអូស្រ្តាលី ខ្ញុំរំពឹងដោយរីករាយដល់ការពិភាក្សាជាមួយលោកនាយករដ្ឋមន្រ្តី Rudd ដែលជាអ្នកនាំមុខគេ ក្នុងការជំរុញការពិភាក្សាក្នុងតំបន់នេះ។ យើងសូមវាយតំលៃខ្ពស់ចំពោះការរួមចំណែករបស់លោក។ ខ្ញុំនឹងឆ្លៀតឳកាសក្នុងដំណើរនេះ រួមជាមួយនឹងការឈប់សំចតនៅប្រទេសណូវែលសេឡង់ និងបណ្តាកោះនៅសមុទ្រប៉ាស៊ីហ្វិក ដើម្បីបន្តការពិគ្រោះយោបល់របស់យើង។
ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានទ្រាំទ្រនឹងស្ថានភាពក្រឡាប់ចាក់អស់ពេលរាប់សតវត្សមកហើយ។ គោលបំណងចុងក្រោយនៃកិច្ចសហប្រតិបត្តិការរបស់យើង គួលុបបំបាត់ការមន្ទិលសង្ស័យ ដែលមានជាយូរមកហើយ ស្តីពីការរំជើបរំជួលក្នុងតំបន់នេះកាលពីអតីតកាល ហើយកសាងជំនួសមកវិញនូវ អនាគតមួយដែលមានការបើកចំហ ភាពស្មោះត្រង់និងភាពជឿនលឿន សំរាប់ប្រជាជនទាំងអស់របស់យើង។
ខ្ញុំបានទៅទស្សនានាវា USS Arizona ដែលធ្វើអោយខ្ញុំក៏ដូចជាអ្នកដទៃទាំងអស់ដែរ មានការរំជួលចិត្ត។ នៅពេលដែលយើងបានចាកចេញពីវិមានរំលឹកនោះ លោកឧត្តមសេនីយឯក Darnell បានប្រាប់ខ្ញុំថា ក្នុងពេលថ្មីៗនេះ លោកបានទទួលមន្រ្តីមកពីប្រទេសវៀតណាម ហើយនៅពេលគេចេញមកពីវិមានរំលឹកនេះ កងនាវឹកបានដោតទង់ជាតិវៀតណាមនៅលើទូកដែលកំពុងតែរង់ចាំ។ វាជាខណៈមួយដែលធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំង សំរាប់ភាគីទាំងសងខាង គឺទាំងភ្ញៀវវៀតណាម និងទាំងសហរដ្ឋអាមេរិក។ តើមានប្រទេសណាផ្សេងទៀតទេដែលធ្វើដូច្នេះ? តើមានប្រទេសណាផ្សេងទេ ដែលអបអរសាទរជោគជ័យ វិបុលភាពនិងការអភិវឌ្ឍន៍របស់អតីតគូសត្រូវ គូប្រជែង និងរបស់អ្នកដែលមានប្រព័ន្ធគ្រប់គ្រង វប្បធម៌ និង ទស្សនៈផ្សេងគ្នា?
ដូច្នេះ ខ្ញុំគិតថា មិនមានអ្វីសង្ស័យទេថា សហរដ្ឋអាមេរិកត្រឡប់មកកាន់តំបន់អាស៊ីវិញហើយ ។ ខ្ញុំសូមបញ្ជាក់ថា យើងវិលត្រលប់មកវិញនិងស្នាក់នៅរហូត (ស្នូរទះដៃ)។
ក្នុងរយៈពេល ២ ជំនាន់មនុស្ស អាស៊ីបានក្លាយជាតំបន់ ដែលគេធ្វើការប្រៀបធៀបគ្នារវាងអ្វីដែលចាស់និងអ្វីដែលថ្មី ជាតំបន់មួយដែលមានការប្រែប្រួលពីតំបន់សណ្តែងសៀងទៅរកតំបន់ផ្កាយរណប ពីភូមិដាច់ស្រយ៉ាលក្នុងតំបន់ជនបទ ទៅជាទីក្រុងធំដែលមានពន្លឺចែងចាំង ពីអក្សរផ្ចង់តាមទំលាប់ប្រពៃណីទៅជាសារអេឡិចត្រូនិចដែលផ្ញើភ្លាមដល់ភ្លាម ហើយសំខាន់បំផុតនោះ គឺពីសេចក្តីស្អប់ដែលមានជាយូរយារមកហើយ ទៅរកភាពជាដៃគូថ្មី។
កិច្ចសហប្រតិបត្តិការក្នុងតំបន់ របស់យើងត្រូវតែឆ្លុះបញ្ចាំងការពិតថ្មីៗទាំងនេះ និងសក្តានុពលដ៏ ខ្លាំងក្លាដែលមាននៅក្នុងនោះ។ សហរដ្ឋអាមេរិកទន្ទឹងរង់ចាំដោយរីករាយ នឹងបង្កើនការចូលរួមរបស់ខ្លូន ក្នុង ការធ្វើការជាមួយដៃគូរបស់យើង ដើម្បីអោយខ្លួនយើងនិងតំបន់នេះ ទទួលស្គាល់នូវការសន្យាដ៏ម៉ើងមាត់របស់យើង។
សូមអរគុណច្រើន (ស្នូរទះដៃ)។